ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ២ រូប ត្រូវបាននាំខ្លួនមកសាកសួរនៅសាលាដំបូងនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ស្របពេលជាមួយគ្នានេះ នាង ខុម ចាន់តារាទី ហៅស្រីមុំ ក៏ត្រូវហៅចូលខ្លួនមកកាន់តុលាការផងដែរ។

តាមអ្នករាយការណ៍ព័ត៌មាននៃមណ្ឌលព័ត៌មានស្ត្រីកម្ពុជាបានឱ្យដឹងថា លោកស្រី លឹម មុនី ត្រូវបាននាំខ្លួនចូលសវនាការនៅម៉ោង ៨ ព្រឹក ហើយលោក យី សុខសាន និងត្រូវខ្លួននៅម៉ោងបន្តទៀត។
ប្រភពដដែលបានបញ្ជាក់ថា មន្ត្រីសមាគមនអាដហុកទាំងពីរនាក់នេះ ត្រូវចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញហៅមកសាកសួរ ក្នុងសំនុំរឿងរបស់នាង ខុម ចាន់តារាទី ពីបទសូកប៉ាន់សាក្សី ហើយជាមួយគ្នានេះ នាងស្រី មុំ ក៏ត្រូវចូលខ្លួនផងដែរនៅម៉ោង៩ព្រឹក។
កាលពីថ្ងៃម្សិលមិញ ចៅក្រមស៊ើបសួរនៃតុលាការដដែរនេះ ក៏បានកោះហៅលោក នី ចរិយា អគ្គលេខា ធិការរងគ.ជ.ប ចូលខ្លួនបំភ្លឺករណីដូចមន្ត្រីសមាគមនអាដហុកផងដែរ។ ប៉ុន្តែលោក នី ចរិយា បដិសេធមិនឆ្លើយនឹងសំណួររបស់ចៅក្រមស៊ើបសួរ ព្រោះតែអវត្តមានមេធាវី។
សូមជំរាបថា លោក នី សុខា និងណៃ វង់ដា មន្ត្រីជាន់ខ្ពស់សមាគមអាដហុក ក៏ស្ថិតនៅក្នុងបទចោទដូចអ្នកស្រី លឹម មុនី និងលោក យី សុខសានផងដែរ។ តាមបទចោទនេះ បើរកកំហុសឃើញគឺមន្ត្រីសមាគមអាដហុក ៤រូប និងលោក នី ចរិយា អាចនឹងមានទោសពីជាប់ពន្ធនាគារពី ៥ ទៅ ១០ ឆ្នាំ ក្រោមមាត្រា ២៩ និង ៥៤៨ នៃក្រមព្រហ្មទណ្ឌ។
ទោះយ៉ាងនេះក្តី អ្នកសង្កេតការណ៍មួយចំនួនយលឃើញថា សំណុំរឿងនេះជារឿងនយោបាយ។