ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសថា ជំងឺគ្រុនឈាម កំពុងតែគំរាមកំហែងដល់កុមារកម្ពុជាជាង១ពាន់ករណីក្នុងរយៈពេល ០៥ ខែ ដើមឆ្នាំ ២០១៦ នេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៥ កើនឡើងទ្វេដង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជ (AKP) ។
លោកវេជ្ជបណ្ឌិតលាង រិទ្ធា ប្រធានផ្នែកកម្មវិធីគ្រប់គ្រងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល បានឱ្យដឹងនាព្រឹកថ្ងៃទី ១០ ខែមិថុនា ថាការកើនឡើងនៃជំងឺគ្រុនឈាមនេះ ដោយសាររដូវវស្សាចូលមកដល់មានរដូវភ្លៀងធ្លាក់ ធ្វើឱ្យមានទឹកដក់បង្កការងាយស្រួលឱ្យមូសចាប់ផ្ដើមពង ឬញាស់ ហើយជំងឺនេះអាចប្រែប្រួលទៅតាមរដូវ។
លោកវេជ្ជបណ្ឌិតបានអះអាងថា មូលហេតុចម្បងនៃការកើនឡើងជំងឺគ្រុនឈាម ដោយសារតក្នុងឆ្នាំនេះមានកម្ដៅខុសប្លែកពីបណ្ដាឆ្នាំមុនៗ បណ្ដាលមកពីឥទ្ធិពលអ៊ែលនីណូ ហើយឥទ្ធិពលនេះ គឺកើតឡើងក្នុងរយៈពេល ១០ ឆ្នាំម្ដង ដែលបង្កលក្ខណៈងាយស្រួលឱ្យសត្វមូសញាស់លឿននិងកកើតមានច្រើន។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា សម្រាប់ឆ្នាំ ២០១៦ នេះ តំបន់ដែលមានអត្រាឆ្លងជំងឺគ្រុនឈាមខ្ពស់ជាងគេនៅក្នុងឆ្នាំនេះ រួមមានរាជធានីភ្នំពេញ ខេត្ដកំពង់ធំ សៀមរាប កណ្តាល កំពង់ឆ្នាំង បន្ទាយមានជ័យ និងខេត្ដព្រះវិហារ។
លោកវេជ្ជបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ត្រូវតែចាត់វិធានការការពារដល់កុមារ ដោយ សម្អាតទីធ្លានៅជុំវិញផ្ទះឱ្យបានស្អាត ប្រមូលវត្ថុដែលនៅកន្លែងមានទឹកដក់ឬដុតចោល។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថាប្រទេសកម្ពុជាក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀត ដែលស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នឹងត្រូវទទួលរងនូវឥទ្ធិពលវដ្ដនៃការ ផ្លាស់ប្ដូរអាកាសធាតុអ៊ែលនីណូ ពិសេសការកើនឡើងខ្លាំងចំលងវីរុសនៅក្នុងឆ្នាំនេះ បណ្តាលមកពីកត្តាអាកាសធាតុរលកកម្តៅនិងការរាតត្បាតជំងឺពិសេសជំងឺគ្រុនឈាម ដែលនាំឱ្យមានការឆ្លងរីករាលដាលរៀងរាល់ ០៣ ទៅ ០៥ ឆ្នាំ ឬ រហូតដល់ ១០ ឆ្នាំម្តង៕