ភ្នំពេញ៖ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កំពុងជាប់ឃុំករណីព្រំដែនជាមួយប្រទេសវៀតណាម បានបដិសេធមិនព្រមឆ្លើយសំនួរ ដែលចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចោទសួរអ្វីទាំងអស់ ព្រោះលោកសំអាងលើអភ័យឯកសិទ្ធិតំណាងរាស្ត្រ ។ ជុំវិញបញ្ហានេះ អ្នកច្បាប់លើកឡើងថា ជាទូទៅជនជាប់ចោទអាចមានសិទ្ធិបដិសេធ មិនឆ្លើយទៅនិងសំនួរចៅក្រមស៊ើបសួរ ដោយគ្មានទោសអ្វីឡើយ។

សាលាដំបូងរាជធានីភ្នំពេញបានកោះហៅលោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មកសាកសួរបន្ថែមទាក់ទិនបទចោទមួយចំនួន រួមមានករណីផែនទីនិងបទចោទញុះញុងបង្កអន្តិសុខ និងរើសអើង បង្កឱ្យមានជម្លោះជាមួយប្រទេសជិតខាង នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ។
មេធាវីការពារក្តីលោកអ៊ុំ សំអាន គឺលោកសំ សុគង់ ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីបន្ទប់សាកសាសួរថា កូនក្តីរបស់លោកសុំរក្សាសិទ្ធិមិនឆ្លើយសំនួរបស់ចៅក្រមស៊ើបសួរនៅព្រឹកមិញនេះ ដោយហេតុផលថានៅមានអភ័យឯកសិទ្ធិធានាដោយរដ្ឋធម្មនុញ្ញត្រង់មាត្រា ៨០ ដោយមេធាវីបញ្ជាក់ថា កូនក្តីលោកគឺលោកអ៊ុំ សំអាន នឹងឆ្លើយរាល់សំនួរចៅក្រមសាកសួរនៅពេលណាដែលរដ្ឋសភាសម្រេចព្យួរឬដកអភ័យឯកសិទ្ធិកូនក្តីរបស់លោកដោយសំឡេង ២/៣ ជាមុនសិន។
លោកមេធាវីសំ សុគង់ បន្ថែមថា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានចោទសួរលោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលសៀមរាប ចំនួន ០៦ សំនួរ ដែលលោកថាសុទ្ធតែសំណួរសំខាន់ៗពាក់ព័ន្ធរឿងបង្ហោះឯកសារផែនទី និង រូបភាពផែនទីកម្ពុជានៅលើហ្វេសប៊ុករបស់លោកអ៊ុំ សុំអាន។
ជុំវិញបញ្ហានេះ WMC មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកលី សុផាណា បានទេនៅរសៀលថ្ងៃពុធនេះ ។
ជុំវិញបញ្ហានេះ អ្នកជំនាញច្បាប់លោកសុខ សំអឿន បានមានប្រសាសន៍ថា ជាទូទៅជនជាប់ចោទទាំងអស់អាចមានសិទ្ធិបដិសេធមិនឆ្លើយសំនួររបស់ចៅក្រមស៊ើបសួរបានដោយគ្មានទោសទាន់អ្វីទាំងអស់។
លោកសុខ សំអឿន ថ្លែងថា ៖ «ធម្មតាជនជាប់ចោទមានសិទ្ធិមិនឆ្លើយ ហើយការមិនឆ្លើយរបស់គេមិនមែនមានន័យថាមានទោសទេ។ ដូច្នេះអ្វីដែលគាត់លើកឡើងមិនមែនដោយសារមានអភ័យឯកសិទ្ធិ ឬគ្មានអភ័យឯកសិទ្ធិ មិនពាក់ព័ន្ធអភ័យឯកសិទ្ធិទេ ទស្សនៈរបស់ខ្ញុំជនជាប់ចោទគ្រប់រូបមានសិទ្ធិមិនឆ្លើយ»។
កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០១៦ នេះ សាលាឧទ្ធរណ៍បានសម្រេចទាត់ចោលសំណើសុំនៅក្រៅឃុំរបស់លោកអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដោយហេតុផលថា សំណុំរឿងរបស់លោក មិនទាន់បញ្ចប់នីតិវិធីស៊ើបអង្កេតនៅសាលាដំបូងនិងខ្លាចលោកអ៊ុំ សំអាន បង្កភាពវឹកវរក្នុងសង្គមជាតិពេលនៅក្រៅឃុំ។
ទោះជាយ៉ាងណា មេធាវីលោកអ៊ុំ សំអាន អះអាងថា តុលាការកំពូលបានទទួលលិខិតប្តឹងសារទុក្ខសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ រួចរាល់ហើយ កលពីថ្មីនេះៗដើម្បីស្នើសុំនៅក្រៅឃុំបន្តទៀត។
សូមបញ្ជាក់ថា លោកអ៊ុំ សំអាន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ១០ មេសា គឺនៅកណ្ដាលយប់នៅខេត្តសៀមរាប ភ្លាមៗបន្ទាប់ពីលោកចុះពីយន្តហោះមកពីអាមេរិក៕