ភ្នំពេញ៖ ស្របពេលដែលអាកាសធាតុក្ដៅខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាលោក George Edgar បានថ្លែងព្រួយបារម្ភ អំពីការឡើងកម្ដៅនៅកម្ពុជា ខណៈទឹកទន្លេមេគង្គចាប់ផ្ដើមរីងស្ងួត ។

នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃម្សិលម៉ិញ បន្ទាប់ដំណើរទស្សនកិច្ចរបស់លោកនៅខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី លោក George Edgar បានថ្លែងថា លោកកំពុងព្រួយបារម្ភអំពីស្ថានភាពអាកាសធាតុនៅកម្ពុជានិងកម្រិតទឹកចុះទាបនៃអាងទឹកទន្លេមេគង្គ ។
លោក George Edgar ថ្លែងតាមរយៈអ្នកបកប្រែថា៖ «ការពិតដែលយើងធ្វើការប្រៀបធៀបពីឆ្នាំមុន និងឆ្នាំនេះ គឺយើងឃើញថា ស្ថានភាពអាកាសធាតុមានការរាំងស្ងួត ក៏ដូចជាក្ដៅជាងមុនច្រើន ហើយយើងក៏បានចុះពិនិត្យនៅតាមតំបន់ព្រៃនៅខេត្តមណ្ឌលគិរីផងដែរ… យើងព្រួយបារម្ភទាក់ទងនឹងកម្រិតទឹកទន្លេមេគង្គគឺវាហាក់ដូចជានៅក្នុងកម្រិតទាប»។
លោក George Edgar មានប្រសាសន៍បន្តទៀតថា ស្ថានភាពនៃការកើនឡើងកម្ដៅនេះ គឺ ជាបញ្ហាដែលតែងតែកើតមាននៅក្នុងប្រទេសជាច្រើនទៀត ហើយក៏ជាបញ្ហាដែលលំបាកនៅក្នុងការរកដំណោះស្រាយផងដែរ។
« ចំណុចទាំងអស់នេះ គឺជាកត្តាទាំងឡាយដែលរាជរដ្ឋាភិបាល កម្ពុជាយកចិត្តទុកដាក់ ហើយត្រូវរកដំណោះស្រាយដើម្បីធ្វើយ៉ាងណាអាចទប់ទល់នឹងបញ្ហាប្រឈមទាំងអស់នេះបាន»។
តាមលោក George Edgar អ្វីដែលសហភាពអឺរ៉ុប បានលើកឡើងមកនេះ គឺគ្រាន់តែជាមួយផ្នែកនៃការជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុប៉ុណ្ណោះ ប៉ុន្ដែមួយផ្នែកទៀតត្រូវធ្វើ គឺធ្វើការសម្របសម្រួលទៅនឹងការប្រែប្រួលអាកាសធាតុ ព្រោះថា នៅក្នុងប៉ុន្មានឆ្នាំបន្ទាប់ទៅទៀតនេះ គេជឿជាក់ថា នៅនឹងតែបន្ដមាន កើនឡើងនៃសីតុណ្ហភាពនៅក្នុងពិភពលោក ក៏ដូចជាបន្ដកើតមានភាពរាំងស្ងួត ៕