
ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ករណីនៃការធ្វើទុក្ខបុកម្នេញទៅលើពួកសហគមន៍ជនជាតិដើមភាគតិចរ៉ូហីងយ៉ា នៅរដ្ឋរ៉ាឃីនភាគខាងលិចប្រទេសភូមា គឺជាអំពើហិង្សារើសអើង តែមិនមែនជាអំពើប្រល័យពូជសាសន៍នោះទេ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក John Kirby បានប្រាប់អ្នកសារព័ត៌មានថាការធ្វើទុក្ខបុកម្នេញទៅលើសហគមន៍រ៉ូហីងយ៉ា ដែលនៅតែបន្ដនេះគឺជាអំពើមួយរំលោភបំពានដ៏ធ្ងន់ធ្ងរលើសិទ្ធិមនុស្ស ហើយថាអំពើនេះសហរដ្ឋអាមេរិកប្រឆាំងដាច់ខាត។ ប៉ុន្ដែនៅពេលដែលអ្នកសារព័ត៌មានសួរថា តើវាស្ថិតនៅផ្នែកមួយនៃអំពើប្រល័យពូជសាសន៍ដែរឬទេ? អ្នកនាំពាក្យរូបនេះនិយាយថាគេពុំទាន់កំណត់ថា វាជាអំពើប្រល័យពូជសាសន៍ទាំងស្រុងនោះទេ ប៉ុន្ដែវាជារូបភាពនៃការសម្លាប់រង្គៀលមួយ។
កាលពីឆ្នាំ២០១២ មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងអ្នកកាន់សាសនាព្រះពុទ្ធ និងអ្នកកាន់សាសនាម៉ូស្លីម គឺសហគមន៍រ៉ូហីងយ៉ាដែលនៅពេលនោះ វាបានផ្ទុះឡើងនៅរដ្ឋរ៉ាឃីនដោយសម្លាប់មនុស្សប្រមាណជា ២០០ នាក់ និងលំនៅដ្ឋានអ្នកស្រុករាប់រយខ្នងត្រូវបានដុតបំផ្លាញបណ្ដាលឱ្យប្រជាជនបាត់បង់ទីជំរក ១៤០ ០០០ នាក់។
ទាំងអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបនិយាយថាក្រោមការដឹកនាំរបស់រដ្ឋាភីបាលថ្មីរបស់លោកស្រី អ៊ុងសាន ស៊ូជី គឺអំពើហិង្សាជាតិសាសន៍នឹងមិនអាចកើតមានទៀតឡើយ៕
ប្រភព៖ IRRAWADDY