បន្ទាប់ពីអង្គការសុខភាពពិភពលោកបានរកឃើញអ្នកកើតជំងឺគ្រុនលឿង ៣ ករណីនៅប្រទេសចិនរួចមក ក្រសួងសុខាភិបាលកម្ពុជា បានបញ្ជាក់ថា កម្ពុជា មិនទាន់មានវត្តមានជំងឺគ្រុនលឿងនេះនៅឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់របស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ មីនា ឆ្នាំ២០១៦ ម្សិលមិញនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបាលបានឱ្យដឹងថា រោគសញ្ញារបស់ជំងឺគ្រុនលឿងមានដូចជា គ្រុនក្តៅ ឈឺសាច់ដុំផ្នែកខាងក្រោយ ឈឺក្បាល ព្រឺរងារញាក់ មិនឃ្លានអាហារ ចង្អោរ និងក្អួត ជាដើម។ អ្នកជំងឺភាគច្រើននឹងអាចជាដោយឯងៗ ក្នុងកំលុង ៣ ទៅ ៤ ថ្ងៃ បន្ទាប់ពីមានអាការបែបនេះ។
ក្នុងលិខិតប្រកាសព័ត៌មានបញ្ជាក់បន្ថេមថា ១៥% នៃអ្នកជំងឺនេះ អាចវិវត្តចូលទៅក្នុងដំណាក់កាលពីទី២ ដែលអាចនឹងមានរោគសញ្ញាធ្ងន់ធ្ងរដូចជា ខាន់លឿង ឈឺពោះ និងក្អួតផងដែរ។ បន្ទាប់មកអាចមាន ឈាមចេញពីក្នុងមាត់ ច្រមុះ និងភ្នែក ឬក្រពះ។
ជំងឺគ្រុនលឿងនេះ គ្មានថ្នាំព្យាបាលជាក់លាក់សម្រាប់សម្លាប់វីរុសនេះទេ។ វិធីបង្ការជំងឺឱ្យមានប្រសិទ្ធភាព គឺត្រូវចាក់វ៉ាក់សាំងនេះ ដែលមាននៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងត្រូវបង្ការកុំឱ្យមូសខ្លាខាំ ដោយបំបាត់ជម្រកមូសខ្លា តាមរយៈដាក់អាប៉ែត លាងពាង សម្អាតលំនៅដ្ឋានកុំឱ្យមានព្រៃស្តុក និងប្រើថ្នាំលាបកុំឱ្យមូសខ្លាមកជិតបាន ជាដើម។
ក្រសួងសុខាភិបាលនឹងបន្តតាមដានស្ថានភាពជំងឺនេះនៅក្នុងប្រទេសកម្ពុជាបន្តទៀត។ ក្រសួងបានស្នើឱ្យអ្នកធ្វើដំណើរចេញទៅក្រៅប្រទេស ជាពិសេសចេញទៅតំបន់ដែលមានជំងឺគ្រុនលឿង ត្រូវចាក់វ៉ាក់សាំងឱ្យបាន ១ ខែមុនពេលធ្វើដំណើរ។ ប្រសិនបើអ្នកបានធ្វើដំណើរទៅប្រទេសរងផលប៉ះពាល់ដោយជំងឺគ្រុនលឿង ពេលត្រឡប់មកវិញ បើឃើញមានរោគសញ្ញាដូចខាងលើ ត្រូវទូរស័ព្ទទៅលេខ ១១៥ ភ្លាម។
ជំងឺគ្រុនលឿង គឺជាជំងឺគ្រុនឈាម បង្កឡើងដោយវីរុស ឆ្លងមកមនុស្សតាមរយៈមូសខ្លាខាំ។ ការដាក់ឈ្មោះគ្រុនលឿង ដោយអ្នកជំងឺខ្លះអាចវិវត្តទៅជាមានរោគសញ្ញាខាន់លឿង។ សូមបញ្ជាក់ថា ជំងឺនេះ បានផ្ទុះឡើងនៅប្រទេសអង់ហ្គោឡា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១៥ មក។ ការរាតត្បាតជំងឺ ជាលើកដំបូង កើតមាននៅខេត្តលូអង់ដា និងបន្ទាប់មកបានរីករាលដាលទៅកាន់ខេត្តផ្សេងៗទៀតនៅក្នុងប្រទេសនេះ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៥ វីរុសជំងឺគ្រុនលឿង បានចរាចរណ៍ និងបានរាយការណ៍ថា មាននៅក្នុងប្រទេសម៉ាលី និងប្រទេសហ្គាណា៕