ភ្នំពេញ៖ ជារៀងរាល់ឆ្នាំនៅថ្ងៃទី២០ ខែមីនា គ្រឹះស្ថានសិក្សាដែលប្រើប្រាស់ភាសាបារាំង មានដូចជាវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) វិទ្យាស្ថានភាសាបរទេស (IFL) សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ជាដើម តែងតែប្រារព្ធ “ទិវាបុណ្យប្រទេសប្រើប្រាស់ភាសាបារាំង” មានការចួលរួមសម្តែងជាទស្សនីយភាពសិល្បៈយ៉ាងសម្បូរណ៍បែបដោយក្រុមនិស្សិត ។
ប្រធានផ្នែកសម្របសម្រួលផ្នែកភាសាបារាំងនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោក នូ សំរេច មានប្រសាសន៍ថា ការប្រារព្ធទិវាបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៦ ខាងមុខនេះ។ ទិវានេះធ្វើឡើងក្នុងគោលបំណងរំឭកដល់ការប្រើប្រាស់ភាសាបារាំង និងបង្ហាញទស្សនីយភាពសិល្បៈយ៉ាងសម្បូរបែបនិយាយជាភាសាបារាំង សម្តែងដោយក្រុមនិស្សិតមកពីបណ្តាស្ថាប័នសិក្សា ព្រមទាំងបើកទូលាយដល់សាធារណជនឱ្យចូលមកទស្សនាដោយសេរី ។
លោក នូ សំរេច បានឱ្យដឹងទៀតថា ការប្រារព្ធទិវាបុណ្យប្រទេសនិយាយភាសាបារាំងក្នុងឆ្នាំនេះ មានការរៀបចំស្តង់តាំងពិព័រណ៍ច្រើនជាងឆ្នាំមុនៗ ហើយក៏ជាឱកាសមួយអនុញ្ញាតឱ្យសាស្ត្រាចារ្យ និស្សិត ក៏ដូចជាគ្រឹះស្ថានសិក្សា ព្រមទាំងម្ចាស់សហគ្រាសនានាមានឱកាសបង្ហាញស្នាដៃ បច្ចេកទេស ផលិតផល និងសេវាកម្មនានារបស់ពួកគេផងដែរ ។
សូមជម្រាបថា ក្រៅពីការរៀបតាំងពិព័រណ៍នេះ ក៏នឹងមានសម្តែងទស្សនីយភាពសិល្បៈជូនចូលរួមទស្សនា ដូចជា ការច្រៀងចម្រៀងជាភាសាបារាំង រាំរបាំប្រពៃណីខ្មែរ ការសម្តែងរឿងកំប្លែង ការបង្ហាញម៉ូតសម្លៀកបំពាក់ខ្មែរតាមសម័យកាលនីមួយៗ ចាប់តាំងពីម៉ោង ២ រសៀលតទៅ ។ កម្មវិធីនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងតំណាងមកពីក្រសួងអប់រំ យុវជន និង កីឡា។
សូមរំឭកដែរថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) គឺជាគ្រឹះស្ថានឧត្តមសិក្សាល្បីមួយនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៦៤ ក្រោមជំនួយរបស់អតីតសហភាពសូវៀត។ នៅឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយប្រទេសបារាំង ដើម្បីដាក់ឱ្យដំណើរការឡើងវិញ និងធានារ៉ាប់រងដំណើរប្រព្រឹត្តទៅផ្នែកគរុកោសល្យ ព្រមទាំងហិរញ្ញរវត្ថុដល់វិទ្យាស្ថាននេះ៕