អន្តរជាតិ៖ កាសែត The Nation របស់ថៃបញ្ជាក់នៅថ្ងៃនេះថា លោកស្រីនាយករដ្ឋមន្រ្តី ផៃថងផាន មិនបានលាលែងពីតំណាងអ្វីនោះទេ ដែលការបញ្ជាក់នេះបន្ទាប់ពីមានព័ត៌មានចចាមអារ៉ាមជាច្រើនបានអះអាងថាលោកស្រីសម្រេចចិត្តលាចេញពីតំណាង ក្រោយសាធារណជនខឹងសម្បារឿងសន្ទនាជាមួយប្រធានព្រឹទ្ធសភាកម្ពុជាដោយរិះគន់ពួកយោធាន។ មិនបានលាលែងពីតំណាងទេ តែលោកស្រីនាយករដ្ឋមន្រ្តីថៃថែមទាំងបានប្រើវោហាស័ព្ទពង្រឹងសម្ព័ន្ធភាពជាមួយយោធាថៃថែមទៀតផង ក្នុងវិមានរដ្ឋាភិបាលថៃ។
ប៉ុន្មានថ្ងៃនេះមានការលេចឮព័ត៌មានជុំវិញការលាលែងតំណែងរបស់លោកស្រី Paetongtarn Shinawatra ក្នុងនាមជានាយករដ្ឋមន្រ្តីថៃថ្មីថ្មោង ក្រោយពីកិច្ចសន្ទនាតាមទូរសព្ទរវាងលោកស្រីនិងសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានបែកធ្លាយនៅតាមបណ្តាញសង្គមនានាកាលពីថ្ងៃទី១៥ ខែមិថុនាកន្លងទៅ។
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥ នេះ លោកស្រី Paetongtarn មិនបានអះអាងត្រង់ៗជុំវិញមន្ទិលនេះនៅក្នុងការថ្លែងព័ត៌មាននៅខាងមុខវិមានរដ្ឋាភិបាលថៃនោះទេ ក៏ប៉ុន្តែលោកស្រីលើកឡើងពីជំហររួមគ្នារវាងរដ្ឋាភិបាលថៃនិងក្រុមយោធា ក្នុងការបេ្តជ្ញាដោះស្រាយបញ្ហាសន្តិសុខជាតិ។ នេះបើយោងតាមសារព័ត៌មានថៃ The Nation ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥។
ស្របពេលគ្នានេះដែរ លោកស្រីបានចេញមុខសុំទោសជាសាធារណៈនៅខាងមុខវិមានរដ្ឋាភិបាលថៃ ក្រោយពេលលោកស្រីបញ្ចប់ការប្រជុំជាមួយមន្រ្តីយោធានិងមន្រ្តីជាន់ខ្ពស់។ នាយករដ្ឋមន្រ្តីថៃរូបនេះបានសុំការអធ្យាស្រ័យពីពលរដ្ឋថៃ ដែលកំពុងសម្តែងការខឹងសម្បារមកលើខ្លួន ដោយបានប្រើប្រាស់ពាក្យពេចន៍មិនផ្លូវការ និងរិះគន់មេបញ្ជាការតំបន់កងទ័ពទី២ ក្នុងពេលសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំកម្ពុជា សម្តេច ហ៊ុន សែន ដែលត្រូវបានថតដោយសម្ងាត់ និងបែកធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ។
ខ្លឹមសារនៃការសន្ទនានោះមានរយៈពេល ១៧នាទី ដែលខាងក្នុងនោះបង្ហាញពីភាពតានតឹងដែលរដ្ឋាភិបាលថៃកំពុងប្រឈមជាមួយយោធាថៃ ដោយលោកស្រី Paetongtarn បានរិះគន់ឧត្តមសេនីយ៍ឯក Boonsin Padklang ដែលជាមេបញ្ជាការថៃ ត្រួតពិនិត្យតំបន់ជម្លោះរវាងថៃ-កម្ពុជា។ ក្រោយមក លោកស្រី Paetongtarn បានបំភ្លឺថា ការលើកឡើងបែបនេះគឺជាផ្នែកមួយនៃបច្ចេកទេសចរចាប៉ុណ្ណោះ ហើយបានវាយបកចោទប្រកាន់សម្តេច ហ៊ុន សែន ទៅលើការថតសំឡេងនិងធ្វើឱ្យបែកធ្លាយកិច្ចសន្ទនាឯកជនជាសាធារណៈ។
ចំពោះលោក Kevin Hewison សាស្ត្រាចារ្យទទួលបន្ទុកផ្នែកសិក្សាអាស៊ីនៅសាកលវិទ្យាល័យ North Carolina នៅ Chapel Hill បានវិភាគថា គណបក្សភឿថៃនឹងកើតមានបញ្ហាធ្ងន់ធ្ងរ ដ្បិតការផ្តាច់សម្ព័ន្ធមិត្តរបស់គណបក្ស Bhumjaithai កាលពីថ្ងៃទី១៨ ខែមិថុនានេះ បានធ្វើឱ្យភាគីគណបក្សភឿថៃមានសំឡេងស្តួចស្តើង។ នេះបើតាមសារព័ត៌មានបាំងកកប៉ុស្តិ៍ចេញផ្សាយថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥។ គណបក្ស Bhumjaithai គឺជាគណបក្សសម្ព័ន្ធមិត្តធំជាងគេទីពីរ ដែលមានអាសនៈសភាចំនួន ៦៩ និងជាគណបក្សដែលអាចនឹងគំរាមកំហែងដល់ស្ថិរភាពរបស់រដ្ឋាភិបាលថៃបច្ចុប្បន្ន។ សាស្រ្តាចារ្យរូបនេះយល់ថា ការបាត់បង់គណបក្សទំហំមធ្យមផ្សេងទៀត ដូចជា United Thai Nation ឬគណបក្សប្រជាធិបតេយ្យ នឹងធ្វើឱ្យលោកស្រី Paetongtarn ស្ថិតក្នុងជួររដ្ឋាភិបាលដែលមានសំឡេងស្តួចស្តើង ដែលអាចបង្ខំឱ្យលោកស្រីលាលែងពីតំណែង ឬបើកការបោះឆ្នោតសាជាថ្មី៕