en     km
en     km

មន្ត្រីពន្ធនាគារ៖ សុខភាពកញ្ញា សេង ធារី ធម្មតា តែស្រកគីឡូក្នុងពេលកូដកម្មបង្អត់អាហារ៩ថ្ងៃ

Share

កញ្ញា សេង ធារី ដែលគេស្គាល់ជាមេធាវីសិទ្ធិមនុស្សមានសញ្ជាតិខ្មែរ-អាមេរិកាំង ចាប់ផ្ដើមបរិភោគអាហារឡើងវិញ ក្រោយពីធ្វើកូដកម្មបង្អត់អាហារអស់រយៈពេល ៩ថ្ងៃ។ យ៉ាងណាមន្ត្រីពន្ធនាគារ បញ្ជាក់ថា សុខភាពមេធាវីរូបនេះ មានភាពប្រក្រតីធម្មតា តែស្រកគីឡូ ក្នុងរយៈពេលធ្វើកូដកម្មបង្អត់អាហារ។ កញ្ញា យឿន ស្រីមុំ រាយការណ៍

 

 

កូដកម្មបង្អត់អាហារនេះ ធ្វើឡើងជាលើកទី៤ ចាប់តាំងពីកញ្ញាជាប់ឃុំក្នុងពន្ធនាគារកាលពីខែមិថុនា ឆ្នាំ២០២២កន្លងមក។ មេធាវីសញ្ជាតិខ្មែរ​-អាមេរិកាំងរូបនេះ ត្រូវសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​​សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល​ ៦​ឆ្នាំ ពី​បទ «​រួម​គំនិត​ក្បត់​» និង​បទ «​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​ក្នុងសំណុំរឿងដ៏ធំមួយ ជាមួយនឹងសកម្មជនគណបក្សជំទាស់ជាច្រើននាក់ផ្សេងទៀត ទាក់​ទង​នឹង​ផែន​ការ​មាតុភូមិ​និវត្តន៍​មិន​ជោគ​ជ័យ​របស់​លោក ​សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ កាលពី​ចុង​ឆ្នាំ២០១៩។

ជុំវិញរឿងនេះ លោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១២ ខែមិថុនានេះថា កញ្ញា សេង ធារី គ្រោងធ្វើកូដកម្មរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ខែមិថុនានេះ ប៉ុន្តែមិនទាន់ដល់ថ្ងៃទី១៤ផង កញ្ញា ធារី សម្រេចបញ្ចប់ការធ្វើកូដកម្មបង្អត់អាហារកាលពីថ្ងៃទី៩ ខែមិថុនា។ ក្នុងអំឡុងពេលធ្វើកូដកម្មបង្អត់អាហារ លោកថា មន្ត្រីពន្ធនាគារ បានយកចិត្តទុកដាក់លើសុខភាពកញ្ញា ធារី ដោយដាក់ពេទ្យប្រចាំការ ដើម្បីឃ្លាំមើលសុខភាពមេធាវីរូបនេះ។

 

លោក ឃៀង សុណាឌីន៖ «ការអត់អាហារប្រាកដជាមានការស្រកគីឡូ ប៉ុន្តែពេទ្យយើងតាមដានសុខភាពគាត់ទៅដូចជាមិនមានបញ្ហាអីធ្ងន់ធ្ងរទេ ពាក់ព័ន្ធនឹងការស្រកគីឡូទេដោយសារគាត់អត់ញ៉ាំអី គាត់អត់ញ៉ាំអាហារប៉ុន្តែគាត់ញ៉ាំទឹកក្នុងអំឡុងពេលគាត់បង្អត់ហ្នឹង ហើយការងារហ្នឹងមិនមែនគាត់ទើបតែធ្វើលើកទីមួយទេ តាមខ្ញុំដឹងគាត់ធ្វើជាច្រើនលើកមកហើយពីការតបអាហារហ្នឹង»។

រូបភាពពីហ្វេសប៊ុកកញ្ញា សេង ធារី។ 

ប៉ុន្តែលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ បញ្ជាក់ដែរថា មកដល់ពេលនេះអង្គការលីកាដូ មិនទាន់បានចូលសួរសុខទុក្ខ និងដឹងពីស្ថានភាពសុខភាពកញ្ញា សេង ធារី នៅឡើយ តែកូដកម្មបង្អត់អាហារនេះ ជាក្ដីបារម្ភមួយសម្រាប់អង្គការលីកាដូ និងអង្គការសិទ្ធិមនុស្សផ្សេងទៀត ចំពោះសុខភាពកញ្ញា ធារី។

លោក អំ សំអាត៖ «នេះជាសិទ្ធិសេរីភាពរបស់បុគ្គលមួយៗដែលគាត់យល់ឃើញហ្នឹងណា ដែលការតស៊ូមតិរបស់គាត់ម្នាក់ៗវាជាសិទ្ធិរបស់គាត់ ក៏ប៉ុន្តែយើងឃើញថា ការធ្វើកូដកម្មតមអាហារនេះវាដូចជាបួនលើកហើយទាក់ទងកញ្ញា សេង ធារី។ ខ្ញុំមិនហ៊ានសន្និដ្ឋានថាម៉េចទេរឿងសមីខ្លួនជាសិទ្ធិរបស់គាត់ យើងគ្មានសិទ្ធិអីទៅហាមឃាត់គាត់ទេ»។

ងាកមកលោក ឃៀង សុណាឌីន បញ្ជាក់ថា ក្រោយពីបញ្ចប់កូដកម្មបង្អត់អាហារនេះ មកដល់ឥលូវកញ្ញា សេង ធារី បានបរិភោគអាហារឡើងវិញ ហើយមន្ត្រីពន្ធនាគារក៏បានផ្ដល់អាហារជូនកញ្ញា ធារី ដូចអ្នកជាប់ឃុំផ្សេងទៀតដែរ។ យ៉ាងណាមន្ត្រីពន្ធនាគារ​ មិនលើកទឹកចិត្តឱ្យកញ្ញា ធារី ធ្វើកូដកម្មបង្អត់អាហារខ្លួនឯងបែបនេះឡើយ ប៉ុន្តែនេះជាសិទ្ធិសេរីភាពរបស់កញ្ញា ដូច្នេះពន្ធនាគារគ្មានសិទ្ធិហាមឃាត់នោះឡើយ។

លោក ឃៀង សុណាឌីន៖ «ត្រង់ណាថាយើងប៉ះពាល់សិទ្ធិទីមួយតួនាទីយើងមិនលើកទឹកចិត្តធ្វើការបង្អត់អាហារឱ្យខ្លួនឯងអ៊‌ីចឹងទេ ប៉ុន្តែយើងក៏មិនអាចទៅហាមឃាត់គាត់ដែរព្រោះសកម្មភាពដែលគាត់សម្រេចហ្នឹងគឺអត់មានហាមក្នុងបទបញ្ជាផ្ទៃក្នុងពន្ធនាគារទេ អ៊‌ីចឹងហើយបានកន្លមកមន្ត្រិពន្ធនាគារខ្ញុំតែងតែលួងលោមគាត់កុំឱ្យគាត់ធ្វើអ៊‌ីចឹង។ ជាចុងក្រោយវាជម្រើសរបស់គាត់ទេប្រសិនជាពួកខ្ញុំហាមគាត់ វាបែរជាខ្ញុំរំលោភសិទ្ធិគាត់ទេ ប៉ុន្តែក្នុងរយៈពេលបង្អត់អាហារប៉ុន្មានថ្ងៃនេះមន្ត្រីពន្ធនាគារយើងនៅតែផ្ដល់អាហារឱ្យគាត់ អ៊‌ីចឹងរូបភាពហ្នឹងមិនមែនជាការរំលោភសិទ្ធិ តែការគោរពនៃជម្រើសរបស់គាត់»។

កាលពីថ្ងៃទី១១ ខែមិថុនា អង្គការសិទ្ធិមនុស្សចំនួន ៦ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍ស្នើសុំឱ្យរដ្ឋាភិបាលបញ្ឈប់ការរឹតត្បិតសេរីភាពរបស់កញ្ញា ធារី និងសូមដោះលែងកញ្ញា ធារី ជាបន្ទាន់ និងឥតលក្ខខណ្ឌ ហើយពួកគេនៅបន្តគាំទ្រ និងឈរជាមួយនឹងកញ្ញា សេង ធារី ដោយសង្ឃឹមសកម្មភាពនេះ នឹងនាំមកនូវយុត្តិធម៌ចំពោះសកម្មជននយោបាយ និងអ្នកការពារសិទ្ធិមនុស្សគ្រប់រូបទាំងអស់ ដែលត្រូវបានជាប់ឃុំយ៉ាងអយុត្តិធម៌ក្នុងពន្ធនាគារ។

ឆ្លើយតបនឹងសំណើរបស់ក្រុមអង្គការសិទ្ធិមនុស្សទាំងនោះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធតេលេក្រាមថា កូដកម្មបង្អត់អាហារនេះ ជាសិទ្ធិរបស់កញ្ញា សេង ធារី ហើយកូដកម្មនេះក៏គ្មានឥទ្ធិពលអ្វីធ្វើឱ្យរដ្ឋាភិបាលមានសិទ្ធិទៅជ្រៀតជ្រែកអំណាចតុលាការបានឡើយ៕

អត្ថបទដោយ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង