ភ្នំពេញ៖ រយៈពេលពីរបីថ្ងៃចុងក្រោយនេះ ប្រជាពលរដ្ឋខ្មែរជាច្រើនបានបង្ហោះសារព្រោងព្រាតជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ដែលក្នុងនោះមានទាំងការសាទរចំពោះរដ្ឋាភិបាលកម្ពុជាសម្រេចដាក់តំបន់ជម្លោះទៅតុលាការអន្តរជាតិ(ICJ) ការលើកទឹកចិត្តទាហានកម្ពុជាដែលកំពុងការពារនៅតាមបណ្តោយព្រំដែន និងព័ត៌មានពីការធ្វើទុកបុកម្នេញរបស់ភាគីថៃទៅលើម៉ោងថេរវេលានៃការបើកច្រកព្រំដែនជាដើម។ អ្វីជាការកត់សម្គាល់នោះ គឺការផ្សព្វផ្សាយមិនច្បាស់ការណ៍ថា កងទ័ពទាំងសងខាងបានសម្រេចដកទ័ពចេញពីតំបន់ជម្លោះ ដើម្បីបញ្ចៀសការប៉ះទង្គិចគ្នា។ តែយ៉ាងណា មន្រ្តីពាក់ព័ន្ធថា គ្មានឡើយការដកទ័ពចេញពីតំបន់ជម្លោះ តែគ្រាន់តែជាការសម្រួលទ័ពតែប៉ុណ្ណោះ ហើយកងទ័ពកម្ពុជានៅតែឈរជើងក្នុងដែនអធិបតេយ្យរបស់ខ្លួនដដែល។
ជុំវិញការផ្សព្វផ្សាយដំណឹងមិនច្បាស់ការណ៍នេះ អ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជាបានចែករំលែកវិធីសាស្រ្តមួយចំនួន ដែលពលរដ្ឋខ្មែរអាចផ្ទៀងផ្ទាត់ព័ត៌មាន និងអាចជឿទុកចិត្តបាន។
(កញ្ញា កែវ សុជាតា រាយការណ៍)
រយៈពេលចុងក្រោយនេះមានការផ្សព្វផ្សាយព័ត៌មានជាច្រើនអំឡុងពេលកម្ពុជាមានជម្លោះព្រំដែនជាមួយភាគីថៃ។ លោក ទេព អាស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន មើលឃើញថា បច្ចុប្បន្នព័ត៌មានមួយចំនួនហាក់មានប្រភពមិនច្បាស់លាស់ និងមានចេតនាបំភ្លៃការពិត ដែលធ្វើឱ្យស្ថានភាពកាន់តែច្របូកច្របល់ បង្កឱ្យមានការរើសអើងជាតិសាសន៍តាមរយៈរូបភាពនិងខ្លឹមសារផ្សព្វផ្សាយជាដើម។ លោកប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីយ៉ាងដូច្នេះនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោយពីព័ត៌មានទាក់ទងនឹងទាហានខ្មែរដកទ័ពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គមហ្វេសប៊ុក។
ជុំវិញករណីនេះដែរ លោកអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគប្បីផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយជាមុនសិន សឹមសន្និដ្ឋានថាជាការពិតនិងបន្តចែកចាយបន្ត ដ្បិតព័ត៌មានខ្លះមានចេតនានយោបាយទុច្ចរិត និងបំពុលសង្គមសុទ្ធសាធ។ដើម្បីទទួលបានព័ត៌មានពិតនិងជាក់ស្តែង លោកផ្តល់អនុសាសន៍ឱ្យពលរដ្ឋត្រូវតាមដានព័ត៌មានដែលមានប្រភពចេញពីរាជរដ្ឋាភិបាលកម្ពុជា ដូចជាតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួង ឬស្ថាប័នពាក់ព័ន្ធ អ្នកនាំពាក្យតាមអង្គភាពនានា និងអ្នកជំនាញនៅក្នុងស្រុកជាដើម។ ជាការឆ្លើយតបនឹងព័ត៌មានបំភ្លៃ អ្នកនាំពាក្យរូបនេះលើកទឹកចិត្តឱ្យពលរដ្ឋខ្មែរកុំទាន់ជឿស្លបនឹងព័ត៌មានដែលមិនមានយោងប្រភពព័ត៌មានច្បាស់លាស់។
លោក ទេព អាស្នារិទ្ធ៖«ហើយខ្ញុំសុំឆ្លៀតឱកាសនេះ គឺសូមអំពាវនាវសាជាថ្មី សុំប្រជាពលរដ្ឋនិងសាធារណជនយើង សូមបោះបង់ទម្លាប់ ដែលចែកចាយព័ត៌មានបន្តលឿនពេក ឬក៏ចែកចាយទាំងខ្លួនមិនទាន់អានស្រួលបួល និងមិនទាន់បានផ្ទៀងផ្ទាត់ព័ត៌មាននោះជាមុនសិន មុននឹងចែកចាយនោះផង។ កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុង ពោលគឺត្រូវអាន ឬត្រូវបង្កើតទម្លាប់ផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការ មានប្រភពព័ត៌មានរបស់រាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួងស្ថាប័នក្នុងវិស័យពាក់ព័ន្ធ ប្រភពពីសមត្ថកិច្ច និងភាគីពាក់ព័ន្ធដែលមានជំនាញដែលទទួលបន្ទុកលើប្រធានបទឬក៏សាច់រឿងហ្នឹងពីប្រភពសារព័ត៌មានក្នុងស្រុកដែលមានវិជ្ជាជីវៈ និងក្រមសីលធម៌ពិតប្រាកដ។»។
លោក ទេព អាស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន
ក្នុងនោះដែរ ក្រសួងព័ត៌មាននឹងបន្តចេញសេចក្តីណែនាំទៅដល់ប្រជាពលរដ្ឋ ឱ្យរក្សាភាពនឹងនរ ដើម្បីកុំឱ្យព័ត៌មានទាំងនោះប៉ះពាល់ទៅដល់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងសម្រាប់ទាហានដែលកំពុងការពារបូរណភាព អធិបតេយ្យភាពនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃដែលកំពុងមានភាពចម្រូងចម្រាស់។ ចំពោះបណ្តាសារព័ត៌មានទាំងមានអាជីពក្តី មិនមិនមានអាជីពក្តី លោកស្នើឱ្យនាំគ្នាទប់ស្កាត់ការផ្សព្វផ្សាយក្នុងលក្ខខណ្ឌបំពុលសង្គម ដែលបំបាក់ការសាមគ្គីគ្នា។
លោក ទេព អាស្នារិទ្ធ៖«ហើយជាងនេះទៀត អ្នកសារព័ត៌មានត្រូវចូលរួមបង្ការទប់ស្កាត់ការផលិត ការផ្សព្វផ្សាយព័ត៌មានដែលមានចរិតបំពុលសង្គម ហើយត្រូវចូលរួមតម្កល់ឧត្តមប្រយោជន៍នៃវិជ្ជាជីវៈសារព័ត៌មានជាស្នូលក្នុងការអនុវត្តការងាររបស់ខ្លួន ព្រមទាំងមានកាតព្វកិច្ចចូលរួមលើកតម្លៃគុណភាពវិជ្ជាជីវៈដើម្បីធ្វើយ៉ាងណាធានាទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើកម្ពុជា។»។
ជាមួយគ្នានេះដែរ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអំពាវនាវដល់បណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យរក្សាភាពស្ងៀមស្ងាត់ និងផ្តល់ការជឿទុកចិត្តទៅលើរាជរដ្ឋាភិបាលនិងកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងឧត្តមប្រយោជន៍ជាតិខ្មែរ។ ជាពិសេស សម្តេចផ្តល់អនុសាសន៍ឱ្យពលរដ្ឋជៀសវាងការបង្កើត ឬចែករំលែកពត៌មានមិនច្បាស់លាស់ណាមួយ ដែលនាំឱ្យមានការយល់ច្រឡំ និងនាំឱ្យបំប៉ោងសភាពការណ៍លើសពីការពិត ដែលអាចពង្រីកបញ្ហាទៅជាជម្លោះរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមប្រសាសន៍របស់សម្តេចដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ពីទីក្រុងនីស ប្រទេសបារាំង៕