ភ្នំពេញ៖ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានជីវភាពពឹងអាស្រ័យលលើរបរអូសទំនិញនាំចេញពីថៃ បាត់បង់ចំណូលប្រចាំថ្ងៃ ក្រោយភាគីថៃ សម្រេចបិទ និងបើកច្រកព្រំដែនជាឯកតោភាគី។ ការធ្វើឡើងដោយឯកតោភាគីនេះ ធ្វើឱ្យច្រកព្រំដែនខ្លះបិទ និងច្រកព្រំដែនខ្លះទៀត កាត់បន្ថយពេលវេលាចេញ-ចូល។ កញ្ញា យឿន ស្រីមុំ រាយការណ៍
មុនឈានដល់មានការបិទច្រកព្រំដែនក្នុងខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យនេះ កម្ពុជា និងថៃ ប្រឈមមុខដាក់គ្នាផ្ដើមចេញពីការផ្ទុះអាវុធរវាងកងទ័ពប្រទេសទាំងពីរ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ការប៉ះទង្គិចគ្នានេះ បណ្តាលឱ្យទាហានខ្មែរម្នាក់ស្លាប់ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ។
គិតចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតមកដល់ពេលនេះក្នុងខេត្តបន្ទាយមានជ័យ មានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបឹងត្រកួន ផ្លាស់ប្ដូរម៉ោងចេញ-ចូល។ ចំណែកខេត្តឧត្តរមានជ័យ មានច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ស្ថិតក្នុងក្រុងសំរោង និងច្រកទ្វារព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងស្រុកអន្លង់វែង ក៏បានផ្លាស់ប្ដូរម៉ោងចេញ-ចូលទាំងពីរច្រកនេះផងដែរ។
ដោយឡែកកាលពីថ្ងៃទី៧ ខែមិថុនា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានចេញលិខិតជូនដំណឹងថាចាប់ពីថ្ងៃទី៧ ខែមិថុនានេះតទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា។
ស្ថានភាពនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ នាព្រឹកថ្ងៃទី៩ ខែមិថុនានេះ។
ជុំវិញបញ្ហានេះអ្នកស្រី ផៃ សម័យ ជាកម្មករអូសរទេះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ប្រាប់វិទ្យស្ដ្រីនៅថ្ងៃទី៩ ខែមិថុនាថា ជីវភាពគ្រួសារអ្នកស្រីអាស្រ័យលើច្រកព្រំដែននេះ ដើម្បីអូសទំនិញបន្តិចបន្តួចពីថៃយកមកលក់ដូរខ្លួនឯងខ្លះ និងស៊ីឈ្នួលអូសឱ្យភ្ញៀវផងដែរ។ ស្រ្តីដែលមានចៅតូចៗ ៣នាក់ក្នុងបន្ទុករូបនេះ ត្អូញត្អែរបន្តទៀតថា កាលពីមុនអ្នកអូសរទេះត្រូវប្រឈមការរឹតបណ្តឹង ពីមន្ត្រីគយចាប់ទាំងទំនិញ ហើយឥលូវកាន់តែពិបាកជាងមុនបន្ថែមទៀត ព្រោះត្រូវអាជ្ញាធរថៃបិទច្រកចេញ-ចូល។ អ្នកស្រីថា អាជ្ញាធរខ្មែរក៏ផ្លាស់ប្ដូរម៉ោងចេញ-ចូលក្នុងច្រកនេះទៀតដូចគ្នា ដែលបង្កជាបញ្ហាប្រឈមជីវភាពធ្ងន់ធ្ងរសម្រាប់គ្រួសារអ្នកស្រី។
លោក ផៃ សម័យ៖ «ប៉ះពាល់ខ្លាំងណាស់យើងរកទៅ បើគេបិទខ្លាចតែគេបិទរហូតទីមួយ ខំប្រញាប់មកអាអត់ឥវ៉ាន់មានឥវ៉ាន់អូសក៏មកដែរ អត់ក៏មកមានក៏មកខ្លាចគេបិទនៅក្នុង វាភ័យរកស៊ីហ្នឹង ឥលូវហ្នឹងវាភ័យជាងគយចាប់ទៅទៀត»។
បើតាមស្ដ្រីរូបនេះ អាជ្ញាធរខ្មែរ អនុញ្ញាតឱ្យចេញ-ចូលម៉ោង ៨ព្រឹក ខណៈអាជ្ញាធរថៃអនុញ្ញាតឱ្យចេញ-ចូលម៉ោង ៩ព្រឹក ដែលការផ្លាស់ប្ដូរម៉ោងពេលនេះមិនស្របគ្នា បង្កការលំបាកឱ្យអ្នកស្រីរកចំណូលពីរបរអូសរទេះ។
អ្នកស្រី ផៃ សម័យ៖ «មកដល់អ៊ីចឹងទៅគៀកម៉ោងគ្មានឡានទេមានឥវ៉ាន់ច្រើន អ៊ីចឹងទាល់តែអូសមកទាំងអស់ អូសមកទាំងអស់ ដល់ពេលអូសមកទាំងអស់អ៊ីចឹងទៅគយខ្មែរ យើងវាខ្លាចគយខ្មែរ ពិបាកណាស់។ ឥលូវថាបានរើសអេតចាយ កំប៉ុងអេតចាយក៏គេបិទទៀត»។
ដោយឡែកលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ថ្លែងប្រាប់វិទ្យុស្ដ្រីដែរថា បញ្ហាច្រកព្រំដែននេះ ភាគីថៃធ្វើការបិទដោយឯកតោភាគី ដោយច្រកព្រំដែនខ្លះបិទទាំងស្រុង និងច្រកខ្លះទៀតផ្លាស់ប្ដូរម៉ោងចេញ-ចូល។លោកប្រាប់ថា កាលពីមុននៅតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ចាប់ផ្ដើមបើកពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១០យប់ តែឥលូវអាជ្ញាធរផ្លាស់មកម៉ោង ៨ព្រឹក ដល់ម៉ោង ៤រសៀល។ លោកថា នៅពេលមានការផ្លាស់ប្ដូរបែបនេះ ធ្វើឱ្យច្រកព្រំដែនមានការកក់ស្ទះយ៉ាងខ្លាំងទាំងប្រជាពលលរដ្ឋ និងទំនិញនាំចូល ហើយក្រៅពីនេះអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានដូចជាកម្មករអូសរទេះ អ្នករត់ម៉ូតូឌុប និងពលរដ្ឋក្រីក្រផ្សេងទៀត សុទ្ធតែទទួលរងផលប៉ះពាល់លើជីវភាព។
លោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា។ រូបភាពពីហ្វេសប៊ុកលោក។
លោក ឌិន ពុទ្ធី៖ «ផលប៉ះពាល់យើងដឹងហើយពេលធ្វើដំណើរទៅរកទទួលទានអ្នកដែលនៅជាយដែន គឺចំណាយពេលវេលាច្រើនក្នុងចូលធ្វើដំណើរទៅដោយសារតែមានការកក់ស្ទះអ៊ីចឹងទៅ ទាំងអ្នកជាកម្មករអូសរទេះ ទាំងអ្នកចូលទៅដោយជិះម៉ូតូ ជិះរថយន្ត និងអ្នកខ្លះមួយចំនួនទៀតដោយថ្មើរជើង។ អ៊ីចឹងយើងសង្កេតឃើញថាមានការកក់ស្ទះ ដែលធ្វើឱ្យប្រជាពលរដ្ឋខាតបង់ពេលវេលាក្នុងការរកទទួលទានហ្នឹងណា អ្នកលក់ដូរនៅផ្សារថៃ កម្មករអូសរទេះ អ្នកធ្វើការឱ្យថៅកែនៅភាគីថៃ ហើយមួយទៀតផលប៉ះពាល់ចំពោះកម្មករក្រៅប្រព័ន្ធផងដែរពាក់ព័ន្ធនឹងមុខរបរអ្នកនៅច្រកហ្នឹងតែម្ដង ដោយសារតែពេលមុនមានរយៈពេលរកស៊ីយូរ តែឥលូវមានរយៈពេលវាឆាប់ពេល»។
ជុំវិញរឿងនេះ លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា នៅច្រកព្រំដែនមានការដំណើរការបើកធម្មតាទេ គ្រាន់តែអាជ្ញាធរផ្លាស់ប្ដូរម៉ោងចេញ-ចូល ដោយភាគីថៃបើកច្រកព្រំដែនម៉ោង ៩ព្រឹក កម្ពុជាបើកម៉ោង ៨ព្រឹក។
លោក លី សុវណ្ណារិទ្ធ៖ «ខ្ញុំអត់គិតដល់ហ្នឹងទេ ខ្ញុំគ្រាន់តែថាដឹងពីការត្អូនត្អែររបស់គាត់ ប៉ុន្តែធ្វើម៉េចអាហ្នឹងថ្នាក់លើគាត់ដាក់មកអ៊ីចឹង»។
យ៉ាងណាអភិបាលរងរូបនេះ ក៏មិនដឹងថាបញ្ហាបិទព្រំដែននេះ ប្រសើរឡើងវិញនៅពេលណាដែរ ព្រោះការបិទច្រកនេះធ្វើឡើងដោយឯកតោភាគីថៃ ហើយផលប៉ះពាល់ក៏មិនមែនតែពលរដ្ឋខ្មែរឡើយ ពលរដ្ឋថៃក៏ទទួលរងផលប៉ះពាល់នេះដែរ៕
អត្ថបទដោយ កញ្ញា ជា សុខនី