en     km
en     km

បាតុករថៃឈរតវ៉ានៅមុខស្ថានទូតកម្ពុជាជុំវិញជម្លោះអធិបតេយ្យភាពព្រំដែន

Share

នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែមិថុនា ឆ្នាំ២០២៥នេះ និស្សិត និងប្រជាជនថៃជាច្រើននាក់បានឈរតវ៉ានៅខាងក្រៅស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកកប្រទេសថៃ ទាមទារប្រឆាំងនឹងនាយករដ្ឋមន្រ្តីកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងលើយោធាថៃក្នុងការការពារទឹកដី។ នេះបើយោងតាមសារព័ត៌មាន The Nation Thailand។ ក្នុងហេតុការណ៍នេះដែរ នាយករដ្ឋមន្រ្តីថៃថា យោធាថៃបានត្រៀមខ្លួនជាស្រេចសម្រាប់ប្រតិបត្តិការ​យោធាកម្រិត​ខ្ពស់ ​ក្នុងករណីដែលចាំបាច់ត្រូវតតាំងប្រឆាំងនឹងការរំលោភលើអធិបតេយ្យភាពនៅច្រកព្រំដែនថៃ-កម្ពុជា។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

យោងតាមការចុះផ្សាយរបស់ The Nation Thailand អ្នកដឹកនាំបាតុកម្មនៅក្នុងជំនួបមុនស្ថានទូតកម្ពុជាប្រចាំទីក្រុងបាំងកកនាព្រឹកថ្ងៃទី៦ ខែមិថុនានេះ គឺលោក Phichit Chaimongkol និង លោក Nasser Yeema បានអានសេចក្តីថ្លែងការណ៍តវ៉ាប្រឆាំងនឹងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដោយ​ចោទ​ប្រកាន់សម្តេចថា​មាន​ចេតនា​បង្ក​ភាព​តានតឹង និង​រឹត​បន្តឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ បាតុករទាំងនេះ​បាន​ថ្កោលទោស​យ៉ាងខ្លាំង​​ចំពោះ​ជំហរ​របស់សម្តេច ហ៊ុន ម៉ាណែត ក្នុងការស្នើឱ្យមានកិច្ចចរចានៅថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ និងការទាមទារឱ្យភាគីថៃដាក់តំបន់ជម្លោះព្រំដែនឡើងទៅតុលាការអន្តរជាតិដើម្បីដោះស្រាយតាមសន្តិវិធី។

តាមប្រភពព័ត៌មាន The Nation Thailand ដដែល បាតុករថៃដែលឈរតវ៉ានៅខាងមុខស្ថានទូត ព្យាយាមយកសេចក្តីថ្លែងការណ៍រួមនេះយកឱ្យភាគីកម្ពុជាពិចារណា ក៏ប៉ុន្តែពុំមានតំណាង​ណាម្នាក់ចេញ​មក​ទទួល​លិខិត​នោះឡើយ។ តែដោយសារក្តីខឹងសម្បារនិងចង់ឱ្យកម្ពុជាបានឃើញ ក្រុមនេះបានបិទ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅនឹង​របាំងការពារ​សុវត្ថិភាព​របស់​ស្ថានទូត។ ជាមួយគ្នានេះដែរ តំណាងបាតុករថៃបានសង្កត់ធ្ងន់ថា ពួកគេនឹងមិនអនុញ្ញាតឱ្យអធិបតេយ្យភាពរបស់ប្រទេសថៃត្រូវបានសម្របសម្រួលដោយភាគីកម្ពុជាក្នុងកាលៈទេសៈណាឡើយ ហើយពួកគេប្តេជ្ញាគាំទ្រយោធាថៃយ៉ាងពេញទំហឹងក្នុងការការពារប្រទេសជាតិ ពិសេសនៅតាមបណ្តោយច្រកព្រំដែនកម្ពុជា-ថៃ។

 

ជុំវិញករណីជម្លោះព្រំដែនកម្ពុជា-ថៃនេះ នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានលើកឡើងថា ទាំងភាគីថៃនិងកម្ពុជាបានពិភាក្សាគ្នារួចរាល់ហើយទៅលើបញ្ហាព្រំដែន និងស្ថានភាពទាំងមូលកំពុងមានស្ថេរភាព។ ក៏ប៉ុន្តែចំពោះបញ្ហារសើបមួយចំនួន លោកស្រីសុំមិននិយាយលម្អិត ដ្បិតការចរចាកំពុងតែបន្តធ្វើឡើងដូចជាករណីដែលរាយការណ៍ថាកម្ពុជាបានលុកលុយចូលទឹកដីថៃចម្ងាយ ២០០ម៉ែត្រជាដើម។ លោកស្រីថ្លែងបែបនេះបន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥។

យ៉ាងណា លោកស្រីបញ្ជាក់ថា យោធាថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស។ បើយោងតាមកាសែតបាំងកកប៉ុស្តិ៍ចុះផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃបានរាយការណ៍ថា ប្រតិបត្តិការរបស់អង្គភាពនៅតាមព្រំដែនបានធ្វើឡើងយ៉ាងប្រុងប្រយ័ត្ន ស្ងប់ស្ងាត់ មានស្ថេរភាពធម្មតា និងផ្អែកលើការយល់ដឹងអំពីស្ថានភាព ដើម្បីការពារទុកជាមុន ប៉ុន្តែទន្ទឹមនឹងនោះ ពួកគេក៏កំពុងត្រៀមខ្លួនការពារអធិបតេយ្យភាពរបស់ប្រទេសឱ្យអស់ពីលទ្ធភាព ប្រសិនបើស្ថានការណ៍ផ្ទុះឡើងជាភាពអវិជ្ជមានភ្លាមៗ។ ភាគីពាក់ព័ន្ធទាំងអស់ មិនថាទាំងយោធា និងរដ្ឋាភិបាលថៃនោះទេ កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដោយលោកស្រីនាយករដ្ឋមន្រ្តីថៃអះអាងថា ភាគីទាំងពីរមិនមានជម្លោះជាមួយគ្នាដូចការដែលប្រជាជនថៃយល់ច្រឡំនោះទេ។ លោកស្រីថា ខាងយោធានិងរដ្ឋាភិបាលដឹងពីទំនួលខុសត្រូវរៀងៗខ្លួន និងរក្សាការសម្របសម្រួលដ៏ល្អ។ ជាងនេះ លោកស្រីបានមានប្រសាសន៍ថា យោធាក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកំណត់ការប្រើប្រាស់កម្លាំង និងជៀសវាងការប៉ះទង្គិចគ្នាដោយហិង្សា ដែលជាជំហរដែលរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹង។

 

ដោយឡែក រាជរដ្ឋាភិបាលកម្ពុជា​បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា ខ្លួន​ប្តេជ្ញា​ចំពោះ​សន្តិភាព និង​មាន​ផែនការ​ដោះស្រាយ​បញ្ហាព្រំដែនកម្ពុជា-ថៃ ​ដោយ​បញ្ជូន​វិវាទ​នៅតំបន់​បួនទីតាំង​​ទៅ​តុលាការអន្តជាតិទីក្រុងឡាអេ ICJ និង​បាន​ស្នើ​ឱ្យ​ប្រទេស​ថៃ​សហការ។ ចំពោះប្រទេស​ថៃវិញ ​​ថា​ខ្លួន​មិន​ទទួល​ស្គាល់​យុត្តាធិការ​របស់​តុលាការ​នោះទេ៕

Share

ព័ត៌មានទាក់ទង