en     km
en     km

កងទ័ពជើងទឹកសមុទ្ររាមប្រកាសបាញ់គ្រាប់ពិតអំឡុងពេលហ្វឹកហ្វឺនលើផ្ទៃសមុទ្រខាងមុខនេះ

Share

ភ្នំពេញ៖ កងទ័ពជើងទឹកសមុទ្ររាមកាលពីថ្ងៃទី០៣ ខែមិថុនា ម្សិលមិញបានប្រកាសជូនដំណឹងពីការហ្វឹកហាត់បាញ់គ្រាប់ពិត អំឡុងពេលហ្វឹកហ្វឺនរបស់កងទឹកនៅលើដែនសមុទ្រកម្ពុជា ដែលគ្រោងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។ ការជូនដំណឹងនេះ កងទ័ពជើងទឹកសមុទ្ររាម ក៏ស្នើឱ្យសាធារណជនកុំមានការភាន់ច្រឡំ និងសូមបញ្ជៀសការធ្វើដំណើរឆ្លងកាត់ទីតាំងហ្វឹកហាត់។

កញ្ញា ឡុង សំនៀង ជូនសេចក្តីរាយការណ៍

បន្ទាប់ពីបិទបញ្ចប់សមយុទ្ធនាគមាសឆ្នាំ ២០២៥ រវាងកងទ័ព កម្ពុជានិងចិន កាលពីថ្ងៃទី២៨ ខែឧសភា រួចមក ឥឡូវនេះកងទ័ពជើងទឹកសមុទ្ររាមបានជូនដំណឹងថ្មីមួយទៀតដល់សាធារណជន ពីកម្មវិធីហ្វឹកហាត់បាញ់គ្រាប់ពិតនៅដែនសមុទ្រកម្ពុជា ដែលត្រូវប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។

​សេចក្តីជូនដំណឹងរបស់កងទ័ពជើងទឹកកាលពីថ្ងៃទី០៣ ខែមិថុនា ម្សិលមិញ បានបញ្ជាក់ពីទីតាំងហ្វឹកហ្វឺន ដែលនឹងប្រព្រឹត្តិទៅនៅចន្លោះកោះពូលូវ៉ៃ និង កោះតាង ភូមិសាស្ត្រខេត្តព្រះសីហនុ។

សមយុទ្ធលើផ្ទៃសមុទ្រកាលពីពេលកន្លងទៅ។រូបភាពកងទ័ពជើងទឹក។

អាស្រ័យហេតុនេះ កងទ័ពជើងទឹក រំលឹកដល់បណ្តាស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ប្រជានេសាទ សូមកុំមានការភាន់ច្រឡំដោយប្រការណាមួយ ពេលមានលឺសម្លេងកាំភ្លើងរួមជាមួយការចល័តកងទ័ព នាវាចម្បាំងនៅលើផ្ទៃសមុទ្រ។ ជាងនេះទៀត ស្ថាប័នកងទ័ពខាងលើសូមឱ្យបញ្ជៀសរាល់ការធ្វើដំណើរឆ្លងកាត់នៅតំបន់ហ្វឹកហ្វឺនខាងលើ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ ឬហានីភ័យណាមួយជាយថាហេតុ។

តាមរយៈសេចក្តីជូនដំណឹងខាងលើ កងទ័ពជើងទឹកនៃមូលដ្ឋានសមុទ្ររាម អំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងកម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត សូមជួយផ្សព្វផ្សាយដល់សាធារណជន ជាពិសេសប្រជានេសាទ ឲ្យបានជ្រាបយ៉ាងទូលំទូលាយ និងសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបជូនថា កម្ពុជានិងចិន ទើបតែបានបិទបញ្ចប់សមយុទ្ធរួមគ្នាមិត្តភាពកម្ពុជា-ចិន «នាគមាស-២០២៥» ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដែលបានប្រព្រឹត្តិទៅនៅខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ខណៈសមយុទ្ធនេះដើម្បីបង្កើនសមត្ថភាពប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ការសង្គ្រោះមនុស្សធម៌ និងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរួម កម្ពុជា-ចិន។

សម្រាប់ក្រសួងការពារជាតិកម្ពុជា ការធ្វើសមយុទ្ធយោធាណាមួយ ឬការហ្វឹកហាត់បាញ់គ្រាប់ពិត គឺរៀបចំឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្មតែប៉ុណ្ណោះ ហើយកម្ពុជាមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ៕

អត្ថបទ៖ ឡុង សំនៀង

Share

ព័ត៌មានទាក់ទង