ភ្នំពេញ៖ ប្រជាពលរដ្ឋ មន្រ្តីរាជការ វិស័យឯកជន និងគណបក្សប្រឆាំង បានចេញសារគាំទ្រយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ដែលសម្រេចលើកយកករណីជម្លោះព្រំដែនរវាង កម្ពុជា-ថៃ ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ ទាក់ ទងរឿងនេះលោក សម រង្ស៊ី ជំរុញឱ្យរដ្ឋាភិបាលប្តឹងទៅតុលាការអន្តរជាតិដែល ដោយលោកបានផ្តល់ជាយុទ្ធសាស្រ្តបីចំណុចដើម្បីទប់ទល់នឹងថៃនៅពេលប្តឹងទៅតុលាការ។
លោក រឿន សុភាន់ ជូនសេចក្តីរាយការណ៍
បន្ទាប់ពីការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការសម្រេចនាំយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)មក គេសង្កេតឃើញ ប្រជាពលរដ្ឋជាច្រើនក្នុងនោះមានទាំងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ វិស័យឯកជន និងបក្សនយោបាយក្រៅរដ្ឋាភិបាលផង បានគាំទ្រយុទ្ធសាស្រ្តនេះ ដោយរំពឹងថា កម្ពុជានឹងមានប្រៀបឈ្នះលើភាគីថៃ។
ប្រជាពលរដ្ឋមួយរូបគឺលោក សែ សម ប្រធានយុវជនភូមិប្អៀរបានលើកឡើង ដោយគាំទ្រយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដែលយកបញ្ហាព្រំដែនទៅដោះស្រានៅតុលាការអន្តរជាតិទីក្រុងឡាអេ។ លោកយល់ថា ជម្រើសរបស់កម្ពុជាដែលដាក់ប្តឹងទៅតុលាការអន្តរជាតិ គឺអាចជាមធ្យោបាយមួយបញ្ចៀសបាននូវសង្គ្រាមប្រដាប់អាវុធរវាងកម្ពុជានិងថៃ ដែលភាគីថៃតែងតែព្យាយាមលុកលុយឬក៏ចង់បានប្រាសាទរបស់ខ្មែរ។
លោក សែ សម ៖«ខ្ញុំសង្ឃឹមថា កម្ពុជានិងឈ្នះក្តីទៅលើភាគីថៃដោយសារតែយើងមានអំណេះអំណាងផែនទីច្បាស់លាស់ហើយខ្ញុំពឹរំងទុកថាថៃនិងឈប់ចិញ្ចឹមចិត្តចង់បានទឹកដីរបស់ខ្មែរជាបន្តទៀត»។
ចំណែកកញ្ញា ឆេន លក្ខណា លើកឡើងជុំវិញរឿងនេះដែរថា កម្ពុជានឹងអាចមានប្រៀបឈ្នះលើភាគីថៃប្រសិនណាកម្ពុជាបានយកករណីនេះទៅរកតុលាការអន្តរជាតិជួយកាត់ក្តីរកយុត្តិធម៌។
កញ្ញា ឆេន លក្ខណា ៖«និយាយទៅវាអាចថាជាសមិទ្ធផលក៏ដូជាសំបុត្រញ្ជាក់កំណើតឬក៏ជាភស្តុតាងមួយដែលយើងគិតថាវាទៅជាមូលហេតុមួយដែលអាចនិយាយបាថាថៃឈប់មកទាមទារយកទឹកដៃយើងទៀត។ បើសម្រាប់បងវិញរំពឹងថាទាហានថៃនិងដកចេញពីទឹកដីរបស់មានមខ្មែរនិងមានមោទនភាពសម្រាប់ទឹកដីរបស់យើងផ្ទាល់»។
នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះដែរ លោក សម រង្ស៊ី អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយគាំទ្រ និងជំរុញឱ្យរដ្ឋាភិបាលលើកយកជម្លោះព្រំដែនប្តឹងទៅតុលាការអន្តរជាតិ(ICJ)។
លោក សម រង្ស៊ី ថែមទាំងផ្តល់គន្លឹះចំនួន ៣ ដែលលោកចាត់ទុកដូចជាអាវុធសម្រាប់ទប់ទល់ជាមួយភាគីថៃនៅតុលាការយុត្តិធម៌អន្តរជាតិ។
លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង។រូបភាពលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី។
ក្នុងនោះគឺមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ សម្រាប់មេដឹកនាំបក្សប្រឆាំងក្រៅប្រទេសរូបនេះ ចាត់ទុកសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសប្រៀបដូចជា អាវក្រោះការពារបូរណភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ដែលមិនអាចរំលោភបានជាដាច់ខាត។ ជាងនេះសន្ធិសញ្ញានេះក៏មានអំណាចចាប់បង្ខំឱ្យប្រទេសហត្ថលេខីទាំង១៨ ក្នុងនោះរួមមានប្រទេសថៃ និងវៀតណាមផង ត្រូវតែគោរពបូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមលោក សម រង្ស៊ី ដដែល។
ចំណុចមួយទៀតនោះ គឺសន្ធិសញ្ញាបារាំង-សៀម ១៩០៥-១៩០៧។ សន្ធិសញ្ញាបារាំង-សៀម នេះលោក សម រង្ស៊ី បញ្ជាក់ថា បារាំងធ្លាប់ជាអាណាព្យាបាលរបស់កម្ពុជា Protectorate បានបោះបង្គោលព្រំដែនខ្មែរ-ថៃ ចំនួន ៧៣បង្គោល និងរក្សាផែនទីដើម NGI ១/១00,000 ( National Geography institute) ដែលបារាំងបានផ្តល់ច្បាប់ចម្លងផែនទីដើមជូនអតីតនាយករដ្ឋមន្រ្តី(លោក ហ៊ុន សែន) កាលឆ្នាំ ២០១៥ តាមរយៈស្ថានទូតបារាំងនៅភ្នំពេញ ដោយសន្យាថានឹងបញ្ជូនក្រុមអ្នកជំនាញមកវាស់វែង និងបោះបង្គោលព្រំដែនដោយផ្ទាល់ប្រសិនបើខ្មែរស្នើសុំ។ ជាងនេះលោកថា ខ្មែរធ្លាប់ប្តឹងប្រទេសថៃចំនួនពីរលើកគឺនៅឆ្នាំ ១៩៦២និងឆ្នាំ ២០១៣ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀមនេះ។
និងគន្លឹះចុងក្រោយ គឺច្បាប់សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) ដែលជាសន្ធិសញ្ញាអន្តរជាតិបានអនុម័តនៅឆ្នាំ១៩៨២ និងចូលជាធរមាននៅឆ្នាំ១៩៩៤។ លោក សម រង្ស៊ី សង្កត់ធ្ងរថា សន្ធិសញ្ញានេះ មានការកំណត់ច្បាប់ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់បណ្តាប្រទេសក្នុងការប្រើប្រាស់សមុទ្រ រួមទាំងការកំណត់ព្រំដែនសមុទ្រ សិទ្ធិសេដ្ឋកិច្ច ការការពារបរិស្ថានសមុទ្រ និងការដោះស្រាយជម្លោះដែនសមុទ្រ។
តាមរយៈអាវុធទប់ទល់ជាមួយភាគីថៃទាំងបីខាងលើនេះ លោក សម រង្ស៊ី ដែលតែងមានប្រតិកម្មប្រឆាំងការដឹកនាំរបស់រដ្ឋភិបាលជានិច្ចមកនោះ ហាក់បានសម្តែងការគាំទ្រស្របនឹងជំហររបស់រដ្ឋាភិបាលដែលសម្រេចលើកយកករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ប្តឹងទៅតុលាការអន្តរជាតិ (ICJ)ផងដែរ។ តែលោក សម រង្ស៊ី ជំរុញឱ្យបន្ថែមករណីកោះគុត/គជ់ និងដែនសមុទ្រត្រួតស៊ីគ្នាដែលកំពុងមានបញ្ហារសើបដែលនោះប្តឹងទៅតុលាការអន្តរជាតិខាងលើដែរ។
សូមជម្រាបជូនថា កាលពីថ្ងៃទី០២ ខែមិថុនា ម្សិលមិញក្នុងអង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើកទី១ ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន ម៉ាណែត និងសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសឱ្យមានការចេញសេចក្តីថ្លែងការណ៍គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជា យកបញ្ហាព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ។
អង្គសមាជរដ្ឋសភា-ព្រឹទ្ធសភា លើកទី១កាលពីថ្ងៃទី០២ ខែមិថុនាម្សិលមិញ។
សម្តេចទាំងពីរសង្កត់ធ្ងរថា ទោះបីជាភាគីថៃមិនឯកភាពលើកបញ្ហាតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែប្តឹងទៅតុលាការ ICJ តតែបាន។
សម្តេច ហ៊ុន សែន បញ្ជាក់ថា មានតែយន្តការដោះស្រាយរបស់តុលាការទីក្រុងឡាអេតែប៉ុណ្ណោះ ទើបអាចឱ្យប្រជាជននិងរដ្ឋាភិបាលប្រទេសនីមួយៗស្ងប់ចិត្ត លើការបញ្ចប់បញ្ហារសើបនៅតាមព្រំដែនបាន៕
អត្ថបទដោយ៖ រឿន សុភាន់