ភ្នំពេញ៖ អតីតថ្នាក់ដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសលោក សម រង្ស៊ី នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយគាំទ្រ និងជំរុញឱ្យរដ្ឋាភិបាលលើកយកជម្លោះព្រំដែនប្តឹងទៅតុលាការអន្តរជាតិ(ICJ)។
លោក សម រង្ស៊ី ថែមទាំងផ្តល់គន្លឹះចំនួន ៣ ដែលលោកចាត់ទុកដូចជាអាវុធសម្រាប់ទប់ទល់ជាមួយភាគីថៃនៅតុលាការយុត្តិធម៌អន្តរជាតិ។
ក្នុងនោះមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១។ សម្រាប់មេដឹកនាំបក្សប្រឆាំងក្រៅប្រទេសរូបនេះ ចាត់ទុកសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសប្រៀបដូចជា អាវក្រោះការពារបូរណភាព អធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា ដែលមិនអាចរំលោភបានជាដាច់ខាត។ ជាងនេះសន្ធិសញ្ញានេះក៏មានអំណាចចាប់បង្ខំឱ្យប្រទេសហត្ថលេខីទាំង១៨ ក្នុងនោះរួមមានប្រទេសថៃ និងវៀតណាមផង ត្រូវតែគោរពបូរណភាព និងអធិបតេយ្យភាពរបស់កម្ពុជា។ នេះបើតាមលោក សម រង្ស៊ី ដដែល។
ចំណុចទាំង៣របស់លោក សម រង្ស៊ី លើហ្វេសប៊ុក។
ចំណុចមួយទៀតនោះ គឺសន្ធិសញ្ញាបារាំង-សៀម ១៩០៥-១៩០៧។ សន្ធិសញ្ញាបារាំង-សៀម នេះលោក សម រង្ស៊ី បញ្ជាក់ថា បារាំងធ្លាប់ជាអាណាព្យាបាលរបស់កម្ពុជា Protectorate បានបោះបង្គោលព្រំដែនខ្មែរ-ថៃ ចំនួន ៧៣បង្គោល និងរក្សាផែនទីដើម NGI ១/១00,000 ( National Geography institute) ដែលបារាំងបានផ្តល់ច្បាប់ចម្លងផែនទីដើមជូនអតីតនាយករដ្ឋមន្រ្តី(លោក ហ៊ុន សែន) កាលឆ្នាំ ២០១៥ តាមរយៈស្ថានទូតបារាំងនៅភ្នំពេញ ដោយសន្យាថានឹងបញ្ជូនក្រុមអ្នកជំនាញមកវាស់វែង និងបោះបង្គោលព្រំដែនដោយផ្ទាល់ប្រសិនបើខ្មែរស្នើសុំ។ ជាងនេះលោកថា ខ្មែរធ្លាប់ប្តឹងប្រទេសថៃចំនួនពីរលើកគឺនៅឆ្នាំ ១៩៦២និងឆ្នាំ ២០១៣ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀមនេះ។
និងគន្លឹះចុងក្រោយ គឺច្បាប់សមុទ្រ UNCLOS (United Nations Convention on the Law of the Sea) ដែលជាសន្ធិសញ្ញាអន្តរជាតិបានអនុម័តនៅឆ្នាំ១៩៨២ និងចូលជាធរមាននៅឆ្នាំ១៩៩៤។ លោក សម រង្ស៊ី សង្កត់ធ្ងរថា សន្ធិសញ្ញានេះ មានការកំណត់ច្បាប់ស្តីពីសិទ្ធិ និងកាតព្វកិច្ចរបស់បណ្តាប្រទេសក្នុងការប្រើប្រាស់សមុទ្រ រួមទាំងការកំណត់ព្រំដែនសមុទ្រ សិទ្ធិសេដ្ឋកិច្ច ការការពារបរិស្ថានសមុទ្រ និងការដោះស្រាយជម្លោះដែនសមុទ្រ។
តាមរយៈអាវុធទប់ទល់ជាមួយភាគីថៃទាំងបីខាងលើនេះ លោក សម រង្ស៊ី ដែលតែងមានប្រតិកម្មប្រឆាំងការដឹកនាំរបស់រដ្ឋភិបាលជានិច្ចមកនោះ ហាក់បានសម្តែងការគាំទ្រស្របនឹងជំហររបស់រដ្ឋាភិបាលដែលសម្រេចលើកយកករណីប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ ប្តឹងទៅតុលាការអន្តរជាតិ (ICJ)ផងដែរ។ តែលោក សម រង្ស៊ី ជំរុញឱ្យបន្ថែមករណីកោះគុត/គជ់ និងដែនសមុទ្រត្រួតស៊ីគ្នាដែលកំពុងមានបញ្ហារសើបដែលនោះប្តឹងទៅតុលាការអន្តរជាតិខាងលើដែរ។
ជាការកត់សម្គាល់ ចាប់តាំងពីប្រមុខដឹកនាំរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា បានសម្រេចលើកយកករណីជម្លោះព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ (ICJ) គេសង្កេតឃើញថា មានថ្នាក់ដឹកនាំមន្រ្តីគ្រប់ជាន់ថ្នាក់ វិស័យឯកជន និងបក្សជំទាស់ក្រៅរដ្ឋាភិបាលផងដែរ ចូលរួមគាំទ្រយុទ្ធសាស្រ្តនេះ។ កម្ពុជាចាត់ទុកការកាត់ក្តីរបស់តុលាការអន្តរជាតិ ជាយន្តការដ៏ល្អមួយដែលភាគីទាំងសងខាងនឹងអាចទទួលយកបាន៕