យុវជនដែលសកម្មការងារបរិស្ថាន និងស្រលាញ់ព្រៃឈើ ចេញសារ និងវីដេអូ អំពាវនាវឱ្យរដ្ឋាភិបាល លុបចោលគម្រោងផ្ដល់ដីសម្បទាន ៩៩ហិកតា ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ខេត្តក្រចេះ ទៅឱ្យក្រុមហ៊ុន ខេ ភីស៊ីមេន វិនិយោគជារោងចក្រផលិតស៊ីម៉ងត៍។ យ៉ាងណាមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថា ការដឹកនាំរដ្ឋាភិបាល គោលដៅដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ មិនមែនដឹកនាំបំផ្លាញព្រៃឈើនោះឡើយ។ កញ្ញា យឿន ស្រីមុំ រាយការណ៍
ការអំពាវនាវបែបនេះ ក្រោយពីពួកគេបានផ្សព្វផ្សាយអនុក្រឹត្យមួយចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដែលមានហត្ថលេខាសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងមានហត្ថលេខាលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ក្នុងអនុក្រឹត្យនោះ កំណត់ថា តំបន់ប្រើប្រាស់ដោយចីរភាព មានផ្ទៃដីទំហំ ៩៩ហិកតា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលមានភូមិសាស្ដ្រឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នឹងធ្វើអនុប្បយោគមកជា ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ក្រោមលក្ខខណ្ឌជួល ក្នុងរយៈពេលមិនលើសពី ៥០ឆ្នាំ ឱ្យក្រុមហ៊ុន ខេ.ភី ស៊ីមេន អ៊ិនដាសស្ទ្រី ឯ.ក (K.P Cement Industry Co.,Ltd.) សម្រាប់វិនិយោគលើគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍។
កញ្ញា ស៊ុន រដ្ឋា ជាសកម្មជនបរិស្ថាន ដែលធ្លាប់ជាប់ពន្ធនាគារដោយសារនិយាយរិះគន់ពីវិបត្តិប្លាស្ទិក ថ្មីៗនេះកញ្ញាបានចេញវីដេអូលើទំព័រហ្វេសប៊ុកខ្លួន ដោយមិនគាំទ្រចំពោះការផ្ដល់ដីសម្បទាន ៩៩ហិកតាក្នុងតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ឱ្យទៅក្រុមហ៊ុនឯកជនបង្កើតរោងចក្រផលិតស៊ីម៉ងត៍នោះឡើយ ហើយកញ្ញាក៏ស្នើដល់រដ្ឋាភិបាល មេត្តាពិចារណាបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់នោះទៅឱ្យក្រុមហ៊ុនឯកជន។ ការស្នើឱ្យបញ្ឈប់ផ្ដល់ដីសម្បទាននេះ សកម្មជនបរិស្ថានរូបនេះ យល់ថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ជាដែនជម្រកសត្វព្រៃដ៏ធំនៅក្នុងប្រទេសកម្ពុជា និងបានផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ជនជាតិដើមភាគតិចដែលអាស្រ័យផលធនធានធម្មជាតិនៅតំបន់នោះ។
កញ្ញា ស៊ុន រដ្ឋា៖ «យើងសូមអំពាវនាវទៅដល់រដ្ឋាភិបាលសម្រេចលុបចោលគម្រោងផ្ដល់ដីសម្បទានទៅឱ្យក្រុមហ៊ុនឯកជននេះ ហើយងាកមកថែរក្សា និងអភិរក្សដែនជម្រកសត្វព្រៃ ដើម្បីជាប្រយោជន៍របស់មនុស្សជាតិ»។
កាលពីសប្ដាហ៍មុន ក្រុមយុវជន និងសមាគម ដែលធ្វើការលើបញ្ហាបរិស្ថាន និងធនធានធម្មជាតិ ពួកគេបានធ្វើយុទ្ធនាការលើបណ្ដាញសង្គមហ្វេសប៊ុក ដោយប្រកាសមិនគាំទ្រការផ្ដល់ដីសម្បទានក្នុងតំបន់ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ឱ្យក្រុមហ៊ុនឯកជនវិនិយោគឡើយ។ ពួកគេយល់ថា រដ្ឋាភិបាលគួរតែផ្ដល់ដីសម្បទាននៅតំបន់ផ្សេងឱ្យក្រុមហ៊ុនឯកជន ក្រៅពីតំបន់ការពារធម្មជាតិ ដើម្បីចៀសវាងការបំផ្លិចបំផ្លាញព្រៃឈើ និងដើម្បីរួមចំណែកថែរក្សាគម្របព្រៃឈើឱ្យបាន ៦០ភាគរយត្រឹមឆ្នាំ២០៥០។
ក្រៅពីនេះ ពួកគេក៏បានភ្ជាប់នឹងការបង្ហោះសារ «សង្គ្រោះព្រៃឡង់» និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ មេត្តាពិនិត្យឡើងវិញ និងបញ្ឈប់ការផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់។
លោក ស្វាយ សុង សមាជិកបណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តក្រចេះ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៣ ខែឧសភានេះថា តាមការចុះល្បាត ស្ថានភាពផ្ទៃដី ៩៩ហិកតាដែលរដ្ឋាភិបាលសម្បទានឱ្យក្រុមហ៊ុនឯកជន មិនមែនជាដីសឹករេចរឹលឡើយ តែជាដីព្រៃដែលហ៊ុមព័ន្ធដោយដើមឈើធំៗ និងមានសត្វព្រៃរស់នៅផងដែរ។ មកដល់ពេលនេះ លោកថា ឃើញក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនេះ ហ៊ុមព័ន្ធផ្ទៃដីព្រៃទាំងនោះ តែមិនទាន់ឃើញមានសកម្មភាពក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយនៅឡើយទេ ហើយក្រុមហ៊ុននៅមិនទាន់ធ្វើសកម្មភាព លោកសន្និដ្ឋានថា ដោយសារមានយុវជន និងសាធារណជន ដែលស្រលាញ់ព្រៃឈើ ពួកគាត់បានដឹង និងចូលរួមឈឺឆ្អាលការពារព្រៃឡង់នេះ។
លោក ស្វាយ សុង៖ «តំបន់ហ្នឹងគឺជាតំបន់ព្រៃឡង់ដែលពួកខ្ញុំឧស្សាហ៍ចុះល្បាតហ្នឹងឯង មានដើមឈើតូចដើមឈើធំ ដើមឈើគ្រប់មុខ ហើយវាជាទីកន្លែងសត្វព្រៃផង និងជាទីជម្រកសត្វព្រៃគ្រប់ប្រភេទ ដែលព្រៃហ្នឹងបានន័យថាគួរឱ្យស្រលាញ់ គួរឱ្យទាក់ទាញ ព្រោះថាព្រៃឡង់កន្លែងហ្នឹងគឺជាកន្លែងល្អមែនទែន។ ចំពោះខ្ញុំបណ្ដាញសហគមន៍ទាំងអស់មានការព្រួយបារម្ភ មិនថាសហគមន៍ទេ ប្រជាពលរដ្ឋយើងទាំងអស់ដែលគាត់ស្រលាញ់ព្រៃ ស្រលាញ់ធនធានធម្មជាតិ ហើយវាមិនមែនជាដីរេចរឹល ដីក្នុងតំបន់ព្រៃឡង់វាជាដីល្អ អ៊ីចឹងយើងមានការព្រួយបារម្ភខ្លាចចេះតែបាត់បង់បាត់បង់ទៅ»។
ជុំវិញរឿងនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ថ្លែងថា លោកអរគុណដល់យុវជនដែលមានការស្រលាញ់ ព្រួយបារម្ភ និងឈឺឆ្អាលពីបញ្ហាព្រៃឈើ និងធនធានធម្មជាតិ ហើយបញ្ហាព្រៃឈើនេះ រដ្ឋាភិបាល ក៏មិនមែនព្រងើយកន្ដើយដែរ ដោយបានធ្វើការងារជាច្រើន ដើម្បីអភិរក្សធនធានធម្មជាតិដែលនៅសេសសល់។ ដូច្នេះហើយលោកថា រាល់ការអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគ គោលដៅសំខាន់មិនមែនដឹកនាំបំផ្លាញព្រៃឈើ បំផ្លាញប្រទេសឡើយ តែដើម្បីបង្កើនចំណូលសេដ្ឋកិច្ចជាតិ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
លោក ប៉ែន បូណា៖ «រដ្ឋាភិបាលដែលដឹកនាំប្រទេស គឺមានគោលនយោបាយច្បាស់លាស់ក្នុងការអភិវឌ្ឍប្រទេស ខិតខំកៀរគរអ្នកវិនិយោគទុនអីទាំងឡាយទាំងពួងទាំងក្នុងស្រុក ក្រៅស្រុក ដើម្បីមកធ្វើការអភិវឌ្ឍប្រទេស អភិវឌ្ឍដើម្បីអី? ដើម្បីបង្កើនសេដ្ឋកិច្ចជាតិ ដើម្បីជីវភាពប្រជាជនលើគ្រប់វិស័យ អត់មានរដ្ឋាភិបាលណាមកដឹកនាំប្រទេសហើយបំផ្លាញប្រទេសទេណា លើកលែងតែជំនាន់ប៉ុល ពត ទេ ដែលបំផ្លាញខ្ទេចខ្ទី។ អ៊ីចឹងបច្ចុប្បន្ននេះ ដោយសារស្នាដៃអភិវឌ្ឍរបស់រដ្ឋាភិបាល អ៊ីចឹងអត់មានរដ្ឋាភិបាលណាមកបំផ្លាញព្រៃឈើ បំផ្លាញប្រទេសទេ»។
ងាកមកលោក ស្វាយ សុង និយាយថា ថ្វីត្បិតតែឥលូវនេះក្រុមហ៊ុន មិនទាន់ឈូសឆាយដីព្រៃទាំងនោះ តែថ្ងៃណាមួយដែលសាធារណជន និងយុវជន ពួកគេលែងចាប់អារម្មណ៍ នោះក្រុមហ៊ុននឹងចាប់ផ្ដើមធ្វើសកម្មភាពឈូសឆាយដីព្រៃក្នុងតំបន់ព្រៃឡង់ជាក់ជាមិនខាន។
លោក ស្វាយ សុង៖ «ប៉ះពាល់វាប៉ះពាល់បាត់ទៅហើយ ចង់និយាយថាធនធានធម្មជាតិ វាមានច្រើន គាត់ទៅរកវល្លិ ដងជ័រច្បោះ ឬក៏បន្លែផ្លែឈើផ្សេងៗ ដែលជាតំបន់មួយមានន័យថា វាអាចមានធនធានច្រើន ហើយបងប្អូនប្រជាពលរដ្ឋគាត់អាចដើរទៅរកដូចជា ផ្សិត បន្លែព្រៃណា»។
វិទ្យុស្ដ្រីព្យាយាមសុំការឆ្លើយពីលោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ពាក់ព័ន្ធនឹងការផ្ដល់ដីសម្បទានឱ្យក្រុមហ៊ុនវិនិយោគ ប៉ុន្តែមកដល់រសៀលថ្ងៃទី១៣ ខែឧសភានេះ មិនមានការឆ្លើយតបពីលោកនៅឡើយ។
កាលពីឆ្នាំ២០១៦ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ចេញអនុក្រឹត្យបង្កើតដែនជម្រកសត្វព្រៃ «ព្រៃឡង់» ដែលមានផ្ទៃដីសរុប ៤៣១,៦៨៣ហិចតា ស្ថិតក្នុងភូមិសាស្រ្ត ខេត្តក្រចេះ ខេត្តកំពង់ធំ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ត្រូវស្ថិតក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថាន។ តំបន់នេះ បង្កើតឡើងក្នុងគោលបំណង អភិរក្សទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ហើយនិងលើកកម្ពស់ការចូលរួមសហគមន៍ ដើម្បីរួមចំណែកដល់ការគ្រប់គ្រង ការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់នោះ៕
អត្ថបទដោយ ជា សុខនី