ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជាកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានអំពាវនាវទៅកាន់ប្រជាពលរដ្ឋបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ខណៈកូវីដ-១៩បំប្លែងថ្មីប្រភេទជេអ៊ិន១ (JN.1) ខណៈប្រទេសថៃមានអ្នកស្លាប់បាត់បង់ជីវិតដោយសារវីរុសបំប្លែងថ្មីនេះ រហូតដល់ចំនួន៦នាក់ត្រឹមរយៈតែមួយសប្តាហ៍។
លោក កែវ សុខា ជូនសេចក្តីថ្លែងការណ៍
ស្របពេលដែលកម្ពុជាទើបរកឃើញករណីឆ្លងថ្មីកូវីដ-១៩ចំនួនបីករណី កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ និងស្របពេលដែលសេចក្តីរាយការណ៍ពីកាសែតថៃថ្មីៗនេះបានឱ្យថា ប្រជាជនថៃបានស្លាប់៦នាក់ដោយសារវីរុសកូវីដ-១៩បំប្លែងថ្មី JN.1 គឺនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មាន បង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ ដែលជាវីរុសបំប្លែងថ្មីប្រភេទជេអ៊ុន១។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជាលម្អិតថា ពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ បានវិវត្តខ្លួនរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។
ផ្អែកតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកបង្ហាញថា ជេអ៊ុន១ (JN.1) មានលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចជ្រៀតចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង ដោយសារការផ្លាស់ប្តូរនៅក្នុងប្រូតេអ៊ីន បង្គោលរបស់វីរុស (mutations in the spike protein)។ តែយ៉ាងណា ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអិន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងដែលធ្លាប់មានពីមុននោះទេ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
ទោះបីជា ជេអ៊ិន១ (JN.1) មានហានិភ័យសុខភាពសាធារណៈជាសកលនៅមានកម្រិតទាបនៅឡើយក៏ពិតមែន តែក្រសួងស្នើឱ្យបន្តការប្រុងប្រយ័ត្នជាចាំបាច់ ជាពិសេសចំពោះបុគ្គលដែលមានប្រព័ន្ធការពាររាងកាយខ្សោយ មានជំងឺរ៉ាំរ៉ៃប្រចាំកាយ ជំងឺទឹកនោមផ្អែម លើសឈាម ជនចាស់ជរា ស្ត្រីមានផ្ទៃពោះ ជាដើម។ អ្វីដែលគួរបង្កើនការប្រុងប្រយ័ត្នខ្ពស់ទៅទៀតនោះ ដោយសារតែនៅកម្ពុជានាប៉ុន្មានខែចុងក្រោយនេះ មានការចម្លងវីរុសកូវីដ-១៩ នៅតែបន្តកើតមាននៅឡើយ ដូច្នេះក្រសួងស្នើឱ្យប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការយកចិត្តទុកដាក់ការពារខ្លួនឱ្យបានហ្មត់ចត់ជាប់ជានិច្ច ជាពិសេសនារដូវវស្សាខាងមុខនេះ។
គួរជម្រាបជូនថា ប្រទេសថៃបានរាយការណ៍ពីករណីមនុស្ស៦នាក់បានស្លាប់ដោយសារកូវីដ-១៩ ខណៈត្រឹមតែពេលមួយសប្តាហ៍កាលពីអាទិត្យមុនប៉ុណ្ណោះ ពលរដ្ឋថៃមានអ្នកឆ្លងរហូតដល់ទៅជាង១ម៉ឺន៦ពាន់ករណី(១៦ ៦០៧) ដែលភាគច្រើនជាប្រភេទអូមីក្រុងបំប្លែងថ្មី JN.1។ នេះបើតាមកាសែតបាងកកប៉ុស្តិ៍ប្រទេសថៃ(Bangkok Post)ចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។
តាមរយៈកាសែតបាងកកប៉ុស្តិ៍ដែលបានស្រង់ប្រសាសន៍ វេជ្ជបណ្ឌិតឯកទេសនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ ជូឡាឡុងកន(Chulalongkorn)ប្រទេសថៃ បានបញ្ជាក់ថា ករណីឆ្លងកូវីដបំប្លែងថ្មីកំពុងវាយលុកខ្លាំង ហើយមេរោគប្រភេទថ្មីនេះមានការឆ្លងរាលដាលលឿន ជាមួយនឹងសមត្ថភាពយកឈ្នះវ៉់ាក់សាំងបាន។ ក៏ប៉ុន្តែក្រុមវេជ្ជបណ្ឌិតអះអាងថា មេរោគប្រភេទថ្មីនេះមិនបង្កជារោគសញ្ញាធ្ងន់ធ្ងរទេ ដោយអាចព្យាបាលដោយធម្មតាបាន។
សម្រាប់រោគសញ្ញា JN.1 នេះ មានភាពស្រដៀងគ្នាទៅនឹងជំងឺផ្តាសាយធម្មតាដែល ដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួតជាដើម។
ដោយសារតែរោគសញ្ញារបស់ JN.1 ស្រដៀងគ្នានឹងផ្តាសាយធម្មតានេះហើយ ទើបក្រសួងសុខាភិបាលតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន អំពាវនាវឱ្យសាធារណជនបង្កើនការប្រុងប្រយ័ត្ននឹងអនុវត្តតាមវិធានការដូចខាងក្រោយ។
ទី១៖ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអនាម័យ ដោយលាងដៃជាមួយសាប៊ូឱ្យបានញឹកញាប់ ឬជាមួយអាល់កុល។ ទី២៖ត្រូវពាក់ម៉ាសក្នុងករណីចាំបាច់ ជាពិសេសេនៅពេលកំពុងពាក់ម៉ាស សូមកុំយកដៃប៉ះផ្ទៃមុខ ឬ ទាញម៉ាសដាក់ក្រោមចង្ការ និង ត្រូវដូរម៉ាសថ្មីនៅពេលសើម។ ប្រការទី៣៖ ត្រូវចៀសវាងការខាកស្តោះពាសវាលពាសកាល ត្រូវខ្ទប់មាត់ និងច្រមុះពេលក្អក កណ្តាស់ ដោយប្រើម៉ាស ប្រើផ្នត់កែងដៃ ក្រម៉ា កន្សែង ឬក្រដាសអនាម័យ រួចខ្ទប់បោះចោលក្នុងធុងសម្រាបបិទជិត ។
ចំណុចទី៤៖ចៀសវាងការចូលរួមក្នុងទីប្រជុំជន ឬការធ្វើដំណើរ ប្រសិនបើអ្នកមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព ហើយត្រូវទៅពិនិត្យព្យាបាលជំងឺឱ្យបានត្រឹមត្រូវ។ មួយទៀតត្រូវរក្សាគម្លាតសុវត្ថិភាពពេលនៅក្បែរបុគ្គលដែលមានរោគសញ្ញាដូចជាផ្តាសាយ
និងចុងក្រោយប្រសិនបើមានរោគសញ្ញា គ្រុនក្តៅ ក្អក ឈឺក្បាល ហូរសំបោរ ត្រូវស្វែងរកការពិគ្រោះយោបល់នៅមណ្ឌល សុខភាពឬ មន្ទីរពេទ្យរដ្ឋ ឬទំនាក់ទំនងមកលេខ១១៥ និងត្រូវពាក់ម៉ាសដើម្បីបង្កាការឆ្លងទៅអ្នកដទៃ៕