en     km
en     km

អង្គការហេហ្វឺកម្ពុជាបានលើកស្ទួយជីវភាពនិងប្រាក់ចំណូលកសិករជាង៥ម៉ឺននាក់ ខណៈស្រ្តីភាគច្រើនវិវត្តជាប្រធានសហគមន៍កសិកម្ម

Share

ភ្នំពេញ៖ អង្គការហេហ្វឺកម្ពុជា (Heifer Cambodia) បច្ចុប្បន្នបានកំពុងអនុវត្តគម្រោងធំៗ ដើម្បីលើកស្ទួយជីវភាពកសិករកម្ពុជាប្រមាណជាង ៤ម៉ឺន ៥ពាន់នាក់ ជាពិសេសស្រ្តី ឱ្យរួចផុតពីភាពក្រីក្រ ធានាបានសុវត្ថិភាពស្បៀង និងស្ថិរភាពផ្សារកសិផល និងថែរក្សាបរិស្ថាន ដោយបន្តគាំទ្រកសិករឱ្យកើនដល់ជាង ១០ម៉ឺននាក់ត្រឹមឆ្នាំ ២០៣០ តាមរយៈការអភិវឌ្ឍខ្សែច្រវាក់តម្លែកសិកម្ម ពាក់ព័ន្ធការចិញ្ចឹមសត្វ បន្លែ ផ្លែឈើ និងវារីវប្បកម្ម។ អ្វីជាការវិវត្តគួរឱ្យកត់សម្គាល់នោះ ស្រ្តីភាគច្រើនដែលជាសមាជិកគម្រោងបានវិវត្តខ្លួនក្លាយជាប្រធានសហគមន៍កសិកម្ម បន្ទាប់ពីមានសមត្ថភាពទំនាក់ទំនង មានចំណេះដឹងផ្នែកបច្ចេកទេស និងភាពជាអ្នកដឹកនាំល្អប្រសើរ។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

ចាប់ដំណើរការនៅប្រទេសកម្ពុជាតំាងពីឆ្នាំ ១៩៩៩ អង្គការហេហ្វឺកម្ពុជា(HEIFER)បានអនុវត្តគម្រោងជាច្រើនផ្នែកកសិកម្មជាមួយកសិករខ្នាតតូច ក្នុងការលុបបំបាត់ភាពអត់ឃ្លាន ភាពក្រីក្រ ព្រមទាំងថែរក្សាបរិស្ថាន។ សហគមន៍កសិកម្មចំនួន ៧៣ សហគមន៍នេសាទូចំនួន ១១ សរុបកសិករចំនួន ៤៥,៥៦០ គ្រួសារទទួលបានការគាំទ្រផ្ទាល់ពីគម្រោង ដោយគ្របដណ្តប់១៤ខេត្ត។

បន្ថែមពីនេះ អង្គការហេហ្វឺកម្ពុជា ក៏បន្តគាំទ្រកសិករខា្នតតូច ដោយពង្រឹងខ្សែច្រវាក់តម្លៃក្នុងការចិញ្ចឹមមាន់ បន្លែ ផ្លែឈើ និងការចិញ្ចឹមត្រី ដែលជាផ្នែកមួយនៃការធ្វើទំនើបកម្មប្រព័ន្ធចំណីអាហារ (Food Systems) ដែលដឹកនាំដោយកសិករខា្នតតូច។

កសិករដែលទទួលផលពីគម្រោងអង្គការហេហ្វឺកម្ពុជា។រូបភាពពីអង្គការហេហ្វឺកម្ពុជា។

ក្នុងអង្គសិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំលើកទី ៦ ដែលរៀបចំដោយអង្គការហេហ្វឺកម្ពុជាកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅភ្នំពេញ អង្គការបានលើករបៀបវារៈជុំវិញការពិនិត្យមើលបច្ចុប្បន្នភាព និងពិភាក្សាយោបល់សម្រាប់កំណត់ផ្លូវឆ្ពោះទៅរកការអភិវឌ្ឍ និងលើកកម្ពស់សហគមន៍កសិកម្មនៅកម្ពុជា ដោយមានការចូលរួមពីមន្រ្តីក្រសួងតំណាងវិស័យឯកជន ដៃគូអភិវឌ្ឍន៍និងអ្នកពាក់ព័ន្ធនានាប្រមាណ២៥០នាក់។

ទិដ្ឋភាពអង្គសិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំលើកទី ៦ ដែលរៀបចំដោយអង្គការហេហ្វឺកម្ពុជាកាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។រូបភាពពីអង្គការហេហ្វឺកម្ពុជា។

លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសនៃអង្គការហេហ្វឺកម្ពុជា ថ្លែងគាំទ្រទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលក្នុងជំរុញសហគមន៍កសិកម្ម ឱ្យក្លាយជាសហគមន៍កសិកម្មទំនើបដែលផ្តោតលើទីផ្សារ។ ជាងនេះលោកថា អង្គការប្តេជ្ញាចិត្តចូលរួមពង្រឹងសមត្ថភាពសហគមន៍កសិកម្ម កសាងសមត្ថភាពអាជីវកម្មកសិកម្ម ដោយជំរុញការអនុវត្តវិធីសាស្ត្រឆ្លើយតបទៅនឹងប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងសហគមន៍កសិកម្មប្រកបដោយបរិយាបន្ន ភាពធន់ទ្រាំ និងចីរភាព។

នាយកប្រចាំប្រទេសនៃអង្គការហេហ្វឺកម្ពុជារូបនេះសង្កត់ធ្ងន់ថា អង្គការបាននិងកំពុងធ្វើការជាមួយកសិករដើម្បីពង្រឹងសមត្ថភាពក្នុងការចិញ្ចឹមសត្វលក់ និងរកចំណូលកាន់តែច្រើនលើខ្សែច្រវាក់តម្លៃផលិតកម្មសត្វ បន្លែ ផ្លែឈើ និងត្រី។បន្ថែមលើសពីនេះ HEIFER បានភ្ជាប់កសិករជាមួយក្រុមជួយខ្លួនឯងដែលនាំដោយស្ត្រី សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍសង្គម (SEUAC) ដើម្បីរួមកម្លាំងគ្នាលើកស្ទួយផលិតកម្មកសិកម្ម ទីផ្សារ និងធ្វើឱ្យតម្លៃផលិតផលកសិកម្មមានស្ថេរភាព។

លោកបណ្ឌិត ញ៉ែម សារ៉េត នាយកប្រចាំប្រទេសនៃអង្គការហេហ្វឺកម្ពុជា។រូបភាពពីអង្គការហេហ្វឺកម្ពុជា។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្មថ្លែងបិទក្នុងអង្គសិក្ខាសាលា ដោយគាំទ្រចំពោះសកម្មភាពរបស់អង្គការ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យបង្កើតសហគមន៍កសិកម្មបែបទំនើប។ លោកថា ក្រសួងនឹងគាំទ្រកសិករ និងសហគមន៍កសិកម្ម តាមរយៈការផ្តល់ទុនវិនិយោគ បច្ចេកទេស និងទីផ្សារ។ លោកចាត់ទុកសហគមន៍កសិកម្មគឺជាអនា គតនៃវិស័យកសិកម្មនៅកម្ពុជា ហើយកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង និងអង្គការហេហ្វឺកម្ពុជា ជាជំហានដ៏រឹងមាំឆ្ពោះទៅកាន់អនាគតនេះ។

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។រូបភាពពីអង្គការហេហ្វឺកម្ពុជា។

ជុំវិញដំណើរការនេះ លោកបណ្ឌិត ឌីលីព បានដារី (Dr. Dilip Bhandari) ប្រធានកម្មវិធីជាន់ខ្ពស់របស់អង្គការហេហ្វឺអន្តរជាតិ បានបង្ហាញភាពជឿជាក់ថា ការកសាងប្រព័ន្ធចំណីអាហារដែលមានភាពធន់នេះពិតជាមានសារៈសំខាន់ ព្រោះមានការគាំទ្រដល់កសិករខ្នាតតូច ជាពិសេសស្ត្រី ឱ្យមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីកសិកម្ម និងការពង្រឹងសហគមន៍ដែលគាំទ្រកសិករ។ លោកថា អង្គការមានមោទនភាពក្នុងការចូលរួមជាដៃគូជាមួយរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីរួមបង្កើតខ្សែច្រវាក់តម្លៃកសិកម្ម និងការចិញ្ចឹមសត្វ ដែលផ្តល់ផលប្រកបដោយចីរភាពសម្រាប់សហគមន៍កសិកម្ម។

កសិករដែលទទួលផលពីគម្រោងអង្គការហេហ្វឺកម្ពុជា។រូបភាពពីអង្គការហេហ្វឺកម្ពុជា។

លោក អ៊ុត សុភា ប្រធានទំនាក់ទំនង និងគ្រប់គ្រងចំណេះដឹងនៃអង្គការហេហ្វឺកម្ពុជាប្រាប់វិទ្យុស្រ្តីបន្ថែមថា ការអនុវត្តគម្រោងកន្លងមកមិនត្រឹមតែបានជួយលើកស្ទួយជីវភាពគ្រួសាររបស់កសិករប៉ុណ្ណោះទេ តែគម្រោងក៏បានបំពាក់អំណាចដល់ស្រ្តីតាមរយៈការផ្តល់ចំណេះដឹងផ្នែកបច្ចេកទេស ពង្រឹងភាពអង់អាច និងភាពជាអ្នកដឹកនាំ។ តាមរយៈសមត្ថភាពនិងចំណេះដឹងស្រ្តីទទួលបានពីគម្រោង លោកថា ស្រ្តីភាគច្រើនបានវិវត្តខ្លួនក្លាយជាអ្នកដឹកនាំក្នុងសហគមន៍កសិកម្ម ដោយខ្លះមានតួនាទីជាប្រធានសហគមន៍ផងដែរ។

កសិករដែលទទួលផលពីគម្រោងអង្គការហេហ្វឺកម្ពុជា។រូបភាពពីអង្គការហេហ្វឺកម្ពុជា។

សេចក្តីប្រកាសសារព័ត៌មាន អង្គការហេហ្វឺកម្ពុជាបញ្ជាក់ថា អង្គការបានធ្វើការជាមួយក្រុមក្រុមជួយខ្លួនឯងដែលដឹកនាំដោយស្ត្រី សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្មសហគ្រិនអភិវឌ្ឍសង្គម (SEUAC) និងសហគ្រិនសុខភាពសត្វសហគមន៍ ដើម្បីជំរុញការពង្រីកទីផ្សារបែបបរិយាប័ន្ន ពង្រឹងសុវត្ថិភាពស្បៀង ពិសេសជំរុញសហគ្រិនភាពនៅប្រទេសកម្ពុជា។ ចំណុចគន្លឹះស្នូល គឺការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍន៍បែបបរិយាប័ន្ន៕

 

Share

ព័ត៌មានទាក់ទង