en     km
en     km

ការបង្ហូរទឹកកខ្វក់ពីរោងចក្រចូលអូរធម្មជាតិនៅកំពង់ស្ពឺ បង្កជាការរំខានដល់ពលរដ្ឋ

Share

ប្រជាពលរដ្ឋដែលរស់នៅក្រោមខ្សែទឹកនៃក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd បានត្អូញត្អែរអំពីផលប៉ះពាល់នៃការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រចូលទៅក្នុងអូរធម្មតានៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺក្នុងរយៈពេលពីរឆ្នាំមកនេះ។ ដោយសារតែការបំពុលនេះមានទំហំធំ ទើបធ្វើឱ្យពលរដ្ឋបង្ខំចិត្តជីកស្រះថ្មី និងទិញទឹកគេយកមកប្រើ​ប្រាស់។ យ៉ាងណាបញ្ហានេះ ត្រូវមន្រ្តីមូលដ្ឋាននិងក្រសួងបរិស្ថាន ចាត់វិធានការអន្តរាគមន៍វាយតម្លៃគុណភាពទឹក និងបញ្ឈប់សកម្មភាពរបស់រោងចក្រជាបន្ទាន់។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានរកឃើញថា ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) Food Science & Technology Co., Ltd ស្ថិតនៅភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបញ្ចេញសំណល់រាវបំពុលទឹកនៅអូរចោត ក្នុងរយៈចម្ងាយប្រមាណ៧គីឡូម៉ែត្រ ចាប់ពីទីតាំងក្រុមហ៊ុនរហូតដល់ទំនប់អូរកូនត្រុំ។ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មានរបស់ក្រសួងបរិស្ថានចុះផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។ ក្រោមការដឹកនាំរបស់លោក ជូ មុនីដារិន អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ការវិភាគគុណភាពទឹកជាបឋមនៅទីតាំងដែលរងការបំពុលនេះមានកម្រិត pH និង DO ធ្លាក់ទាបខ្លាំង ដែលមិនស្របតាមកម្រិតកំណត់ស្តង់ដានៃការបញ្ចេញសំណល់រាវ និងអភិរក្សជីវៈចម្រុះរបស់ក្រសួងបរិស្ថាននោះទេ។ ក្នុងនោះ មន្រ្តីបរិស្ថានបានយកសំណាកទឹកចំនួន៤ទីតាំង មកវិភាគ និងអនុវត្តនីតិវិធីច្បាប់ជាបន្ត។

យោងតាមការអះអាងរបស់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅក្រោមខ្សែទឹកដែលទីតាំងនៅក្រោយក្រុមហ៊ុនកែច្នៃស្វាយ បានបញ្ជាក់ប្រាប់ក្រសួងបរិស្ថានថា ខ្លួនរងផលប៉ះពាល់យ៉ាងដំណំពីការបំពុលទឹកកខ្វក់នេះ ដោយនៅពេលប្រើប្រាស់ទឹករួចបានបង្កឱ្យមានអាការៈរមាស់និងមិនអាចប្រើប្រាស់ទឹកសម្រាប់ស្រោចស្រពដំណាំ ពិសេសបណ្តាលឱ្យមានត្រីងាប់អណ្តែតពេញផ្ទៃទឹកផងដែរ។ ជាដំណោះស្រាយនៅក្នុងការបំពុលទឹកសាធារណៈរយៈពេលពីរឆ្នាំនេះ ប្រជាពលរដ្ឋទិញទឹកស្អាតយកមកប្រើប្រាស់ និងជីកស្រះដើម្បីស្តុកទឹកទុកនៅពេលចាំបាច់។

អូរដែលមានការបង្ហូរទឹកកខ្វក់។ រូបភាព៖ ក្រសួងបរិស្ថាន

 

យោងតាមក្រសួងបរិស្ថានដដែល ក្រុមហ៊ុនខាងលើនេះបានទទួលស្គាល់ថា ខ្លួនបានប្រព្រឹត្តខុសផ្ទុយពីច្បាប់ពិតមែន ដោយបានបំពុលអូរធម្មជាតិដូចដែលក្រុមការងារជំនាញបរិស្ថានបានរកឃើញ និងសន្យាទទួលយកការកែលម្អបច្ចេកទេសឱ្យបានល្អប្រសើរ។ ចំពោះករណីនេះ ក្រុមការងារបានអនុវត្តវិធានការច្បាប់ដោយយោងតាមមាត្រា ២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ រោងចក្រត្រូវបញ្ឈប់ការបញ្ចេញសំណល់រាវចេញពីសង្វាក់ផលិតកម្មជាបន្ទាន់។ ក្នុងករណីនៅបន្ត ត្រូវបានដកហូតរាល់លិខិតអនុញ្ញាត ដែលចេញដោយក្រសួងបរិស្ថាន។ ក្នុងនោះ ក្រុមហ៊ុនត្រូវរងនូវការពិន័យអន្ដរការណ៍យោងតាមមាត្រា១៥៩ មាត្រា១៦០ មាត្រា២៨៧ និងមាត្រា៨២៩ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

ជាងនេះ ក្រុមហ៊ុនត្រូវផ្ដល់សំណងខូចខាត និងផលប៉ះពាល់បរិស្ថាននិងសុខភាពសាធារណៈ ទៅតាមការគណនារបស់ក្រុមការងារជំនាញ និងត្រូវស្ដារបរិស្ថានឡើងវិញ ស្តារភក់ និងសំណល់រាវក្នុងអូរចោតឱ្យបានល្អប្រសើរ ចៀសវាងបង្កការបំពុលជាបន្ដទៀត។ ក្រុមហ៊ុនត្រូវដំណើរការអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ឆ្លើយតបនឹងស្ដង់ដាកំណត់ឱ្យបញ្ចេញ និងត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យការបញ្ចេញសំណល់រាវ។

រូបភាពនៅរោងចក្ររបស់ក្រុមហ៊ុនកែច្នៃស្វាយ Zhongbao (Cambodia) ។ រូបភាព៖ ក្រសួងបរិស្ថាន

 

ចាប់ពីឆ្នាំ២០២៤ រហូតដល់ពេលនេះ ក្រសួងបរិស្ថានបានរកឃើញរោងចក្រនិងក្រុមហ៊ុនចំនួន ២៩ទីតាំង ដែលក្នុងនោះមាននៅខេត្តប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពត និងខេត្តព្រះសីហនុ ដែលបានបញ្ចេញសំណល់រាវលើសកម្រិតកំណត់ស្ដង់ដា និងបានបង្កឱ្យមានការបំពុលទឹកសាធារណៈ។ ជាលទ្ធផល មានរោងចក្រ និងក្រុមហ៊ុន ចំនួន ៧ទីតាំង បានអនុវត្តវិធានការច្បាប់ និងវិធានការណ៍បច្ចេកទេសរួចរាល់។  ជាមួយគ្នានេះ រោងចក្រ និងក្រុមហ៊ុន ចំនួន ១៦ទីតាំង កំពុងអនុវត្តវិធានការច្បាប់ និងវិធានការបច្ចេកទេសឱ្យបានត្រឹមមត្រូវ និងមានរោងចក្រចំនួន ៦ ផ្សេងទៀត ទើបរកឃើញថ្មីៗកន្លងមកនេះ ហើយក្រសួងបរិស្ថាន កំពុងរៀបចំនីតិវិធី ដើម្បីចាត់វិធានការច្បាប់៕

អត្ថបទនេះឧបត្ថម្ភដោយក្រដាសអនាម័យម៉ាក MG នៃក្រុមហ៊ុន MG Pacific Company Limited

Share

ព័ត៌មានទាក់ទង