ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បានផ្ទុះឡើងសាជាថ្មីនៅប្រទេសថៃកាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្សជាង ៦០០នាក់ផ្សេងទៀតត្រូវបានសន្និដ្ឋានថាឆ្លងជំងឺនេះ។ នេះបើយោងតាមកាសែតបាំងកកផុសចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមគ្នានេះដែរ ប្រជាពលរដ្ឋខ្មែរមួយចំនួនសម្តែងការព្រួយបារម្ភថាតើករណីនេះអាចឆ្លងចូលកម្ពុជាដែរឬទេ ដ្បិតសាច់មួយភាគត្រូវបាននាំចូលពីប្រទេសថៃ។ យ៉ាងណា ក្រសួងសុខាភិបាលកម្ពុជារាយការណ៍ថា ករណីនេះពុំទាន់កើតមាននៅកម្ពុជានៅឡើយ តែស្នើឱ្យពលរដ្ឋគប្បីយល់ដឹងពីវិធីបង្ការ។
(កញ្ញា កែវ សុជាតា រាយការណ៍)
បន្ទាប់ពីផ្ទុះជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅនៅក្នុងប្រទេសថៃកាលពីប៉ុន្មានសប្តាហ៍នេះ ពលរដ្ឋកម្ពុជាមួយចំនួនហាក់ព្រួយបារម្ភពីទំហំនៃការរីករាលដាលនៃជំងឺនេះមកលើកម្ពុជា ពីព្រោះសាច់សត្វខ្លះត្រូវបាននាំចូលប្រទេសជិតខាង ពិសេសប្រទេសថៃដែលកំពុងកើតមានករណីនេះ។ បើយោងតាមក្រសួងកសិកម្មនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ មកទល់នឹងពេលនេះកម្ពុជាពុំទាន់មានករណីជំងឺអង់ត្រាក់កើតមានឡើងនៅឡើយទេ។ ក៏ប៉ុន្តែដើម្បីទប់ស្កាត់ការចម្លងដោយប្រយោល ក្រសួងកសិកម្មបានចាប់វិធានការហាមឃាត់ការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃជាបណ្តោះអាសន្ន។ ជាងនេះ ក្រសួងប្តេជ្ញានឹងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាមបណ្តា ច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។
ថ្វីបើការផ្អាកការនាំចូលសាច់សត្វពីប្រទេសថៃនឹងផ្តើមអនុវត្ត ក្រសួងសុខាភិបាលក៏នៅតែទទូចឱ្យពលរដ្ឋកម្ពុជាយល់ដឹងពីយន្តការការពារខ្លួនឱ្យកាន់តែប្រសើរ ដើម្បីចៀសផុតពីការឆ្លងជំងឺអង់ត្រាក់។ ជំងឺអង់ត្រាក់នេះជាជំងឺដ៏កម្រមួយ ក៏ប៉ុន្តែបង្កជាផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់អ្នកឆ្លង ដែលមេរោគអង់ត្រាក់នេះអាចកើតមានឡើងលើសត្វពាហនៈ និងសត្វព្រៃដូចជា គោ ក្របី ចៀម ពពែ និងសេះជាដើម សុទ្ធសឹងជាប្រភេទសត្វស៊ីស្មៅ។ បាក់តេរីអង់ត្រាក់នេះទៀតសោត ធន់នឹងធាតុអាកាសខាងក្រៅ អាចសម្ងំនៅក្នុងដី សាកសពសត្វ និងលាមកសត្វចន្លោះពី៣០ឆ្នាំ-៤០ឆ្នាំ។
គ្រូពេទ្យកំពុងចាក់ថ្នាំឱ្យសត្វគោ។ រូបភាព៖ Thai Nation News
តាមការបញ្ជាក់ពីក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ មនុស្សអាចឆ្លងជំងឺនេះបានតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វឈឺ ឬឆ្លងតាមការសម្លាប់សត្វដែលមានជំងឺអង់ត្រាក់ ឬផលិតផលសត្វដែលមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង ឬសូម្បីការនៅក្បែរនិងដកដង្ហើមក៏អាចស្រូបមេរោគអង់ត្រាក់ចូលទៅកាន់សួតផងដែរ។ រីឯមនុស្សក៏អាចឆ្លងជំងឺអង់ត្រាក់នេះតាមរយៈការបរិភោគសាច់ឆៅ ពិសេសសាច់ដែលមានផ្ទុកមេរោគអង់ត្រាក់។ ក្រសួងអះអាងថា ពុំទាន់មានភស្តុតាងណាមួយអាចសន្និដ្ឋានបានថា ជំងឺអង់ត្រាក់នេះអាចឆ្លងពីមនុស្សទៅមនុស្សបាននៅឡើយទេ ក៏ប៉ុន្តែដំបៅលើស្បែកអ្នកជំងឺអាចបង្កហានិភ័យខ្ពស់ទៅដល់មនុស្សធម្មតា។
ចំពោះរោគសញ្ញាដែលអាចកើតឡើងលើមនុស្សវិញ ក្រសួងសុខាភិបាលកម្ពុជាបែងចែកជាបីសណ្ឋានគឺនៅលើស្បែក លើក្រពះ-ពោះវៀន និងតាមរយៈផ្លូវដង្ហើម។ ចំពោះស្បែក អាចដាច់ របួស ឬរមាស់ដែលមានលក្ខណៈដូចនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ដោយមានរបួសដុំខ្មៅលេចរូបរាងនៅលើមុខ ក ដៃ ឬហើមកូនកណ្តុរជាដើម។ មនុស្សឆ្លងជំងឺនេះអាចមានអាការៈឈឺក្បាល ឈឺ សាច់ដុំ គ្រុនក្តៅ និងក្អួតនៅក្នុងរយៈពេលបង្ករោគចាប់ពី១-៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់។ លើសពីនេះការឆ្លងអាចមកពីការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់ ដែលអាការៈដំបូងដូចជាពុលអាហារ ខណៈពេលដែលអាចឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម និងសន្លប់ជាដើម។ រយៈពេលបង្ករោគអាចមានចន្លោះចាប់ពី២ថ្ងៃ ទៅ៥ថ្ងៃ។ រីឯសណ្ឋានផ្លូវដង្ហើមវិញ ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន ដោយរោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជាពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូងដែលអាចចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។
ការលក់ដូរសាច់នៅលើទីផ្សារ ដោយរូបនេះបង្ហាញពីសកម្មភាពអ្នកលក់កំពុងកាប់សាច់
ទោះបីជាយ៉ាងនេះក្តី លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់អ្នកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃល្ងាចទី៦ ខែឧសភា ឆ្នាំ២០២៥ថា ជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅនេះអាចព្យាបាលបាន ដោយលោកផ្តល់អនុសាសន៍ឱ្យពលរដ្ឋកុំមានបារម្ភខ្លាំងពេកដែលនាំឱ្យមានការភ័ន្តច្រឡំ។ ការព្យាបាលអាចប្រព្រឹត្តទៅបាននៅពេលពលរដ្ឋបានយល់ច្បាស់ពីរោគសញ្ញាដែលបង្កឡើងដោយជំងឺអង់ត្រាក់ និងស្វែងរកការពិនិត្យ ឬពិគ្រោះពីអ្នកជំនាញវេជ្ជសាស្រ្តឱ្យបានទាន់ពេលវេលា។ ជាងនេះ លោកវេជ្ជបណ្ឌិតណែនាំឱ្យពលរដ្ឋពិនិត្យមើលប្រភពនៃសាច់សត្វនៅមុនពេលទិញយកមកបរិភោគផងដែរ ក៏ប៉ុន្តែលោកមិនបានហាមឃាត់មិនឱ្យពលរដ្ឋហូបសាច់ ពិសេសគឺសាច់គោនោះឡើយ។
លោកវេជ្ជបណ្ឌិត នុត សម្បត្តិ៖«ខ្ញុំចង់ជម្រាបថាជំងឺនេះ វាជាជំងឺដែលគេអាចព្យាបាលបានទេ ដូច្នេះសូមកុំឱ្យព្រួយបារម្ភហួសហេតុពេក ប៉ុន្តែការប្រុងប្រយ័ត្ននិងការការពារខ្លួនគឺជារឿងសំខាន់។ ដូចខ្ញុំជម្រាបជូនអ៊ីចឹងគឺថាកុំញ៉ាំសាច់គោដែលមិនដឹងប្រភពទី១ ទី២ត្រូវលាងដៃ ហើយនៅឱ្យឆ្ងាយពីអ្នកឆ្លងជំងឺហ្នឹង។ មែនឱ្យឈប់បរិភោគទេ គឺសាច់គោដែលមានការត្រួតពិនិត្យពីពេទ្យសត្វត្រឹមត្រូវ យើងអាចញ៉ាំបានធម្មតា។ លើកលែងតែសាច់គោដែលមានឆ្លងជំងឺ ឬសាច់គោនាំចូលពីបរទេស គ្មានប្រភពច្បាស់លាស់ អាហ្នឹងជាប្រភពដែលយើងមិនត្រូវញ៉ាំ។»។
លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា
ជាការយល់ឃើញបន្ថែមរបស់លោកវេជ្ជបណ្ឌិត ជំងឺអង់ត្រាក់នេះអាចផ្តល់ផលអវិជ្ជមានជាច្រើនប្រសិនកម្ពុជាមិនអាចទប់ស្កាត់ឱ្យបានទាន់ពេលវេលានោះទេ ពោលគឺជំងឺនេះនឹងផ្តល់ហានិភ័យដល់សុខភាពសាធារណៈ និងផ្នែកសេដ្ឋកិច្ចជាតិ។ ក្រៅពីស្នើឱ្យពលរដ្ឋកុំមានការព្រួយបារម្ភខ្លាំងរហូតដល់ធ្វើពហិការមិនបរិភោគសាច់សត្វ លោកវេជ្ជបណ្ឌិត នុត សម្បត្តិ ស្នើឱ្យក្រសួងពាក់ព័ន្ធ និងមន្ទីរពេទ្យពិនិត្យលើរៀបចំដាក់អ្នកជំងឺមានរោគសញ្ញា ឬការវិនិច្ឆ័យជំងឺខុសគ្នា ឱ្យនៅដាច់ដោយឡែក ដ្បិតការណ៍នេះអាចជួយសម្រួលមិនឱ្យមានការឆ្លងជាបន្តបន្ទាប់។
លោកវេជ្ជបណ្ឌិត នុត សម្បត្តិ៖«[កម្ពុជា]អាចទទួលហានិភ័យដែរ បើសិនជាយើងមិនព្យាបាល មិនការពារការឆ្លងទេ។ កាលណាវាឆ្លងច្រើនទៅមនុស្សច្រើនគ្នា វាត្រូវខាតបង់ពលកម្ម ខាតបង់អ្នកជំងឺ ខាតបង់រយៈពេល(ពេលវេលា)ត្រូវគេងពេទ្យ ព្រោះតែគាត់រវល់តែគេងពេទ្យសម្រាកព្យាបាល រដ្ឋត្រូវចំណាយថវិកាជួយព្យាបាលផង ហើយគាត់ខាតពេលវេលាធ្វើការផង ហើយគាត់នឹងត្រូវអស់លុយចំណូលរបស់គាត់ផង គាត់អត់បានចំណូលហើយត្រូវចំណាយទិញអីបន្ថែមទៀត វាប៉ះពាល់ខ្លាំង។ ដើម្បីចៀសវាងបញ្ហាហ្នឹងគឺដូចគេដឹងអ៊ីចឹង ត្រូវការការពារ កាលណាដឹងអ្នកណាឈឺហើយត្រូវទុកអ្នកហ្នឹងដោយឡែកដើម្បីព្យាបាល សត្វណាដែលឈឺត្រូវប្រញាប់កប់វា កុំយកសាច់វាមកបរិភោគ។»។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ រូបភាព៖ ក្រសួងសុខាភិបាល
ក្រសួងសុខាភិបាល បានពន្យល់ពីវិធានការណ៍បង្ការការឆ្លងនេះដោយឱ្យចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់ ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់ សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោល មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ទំនងមកលេខ ១១៥។ ក្រសួងសុខាភិបាលនឹងបន្តធ្វើការជូនដំណឹងអំពីព័ត៌មានទាក់ទងនឹងបញ្ហាសុខភាពសាធារណៈតាមបណ្តាញសង្គមក្រសួងសុខាភិបាល ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និង គេហទំព័រផ្លូវការរបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh៕