en     km
en     km

សមត្ថកិច្ចខេត្តកំពង់ស្ពឺ តាមចាប់តៃកុងឡាន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យកម្មករ-កម្មការិនីស្លាប់ និងរបួស

Share

ស្នងការខេត្តកំពង់ស្ពឺ កំពុងតាមចាប់តៃកុងឡានដឹកកម្មករ និងតៃកុងឡាន ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យកម្មករ-កម្មការិនីស្លាប់ និងរបួសជាច្រើននាក់ នៅក្រុងឧដុង្គម៉ែជ័យ។ យ៉ាងណាអ្នកធ្វើការលើកកម្ពស់សុវត្ថិភាពកម្មករ ចង់ឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ រឹតបន្ដឹងការអនុវត្តច្បាប់ចរាចរណ៍ និងបង្កើនការផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ទៅកាន់អ្នកប្រើប្រាស់ផ្លូវទាំងអស់។ កញ្ញា យឿន ស្រីមុំ រាយការណ៍

 

 

លោក ឃឹម សុកខៃ ស្នងការនគបាលខេត្តកំពង់ស្ពឺ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៧ ខែឧសភានេះថា ដើមហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយរថយន្ត​ដឹ​កកម្មករបើកបរលើទិសដៅស្របគ្នាជាមួយរថយន្ដ​ FORD ដែលចៃដន្យ​រថយន្ត​ FO​RD បាន​បត់ឆ្វេង​ដៃឆ្លងផ្លូវ​ បណ្ដាលឱ្យបុកគ្នា ធ្វើឱ្យរថយន្ត​ដឹកកម្មករ​ បានរេចង្កូតទៅបុក​ដើមឈើ។ ហេតុការណ៍គ្រោះថ្នាក់នេះ លោកថា បណ្ដាលឱ្យកម្មការិនី ១នាក់ស្លាប់ ៥នាក់រងរបួសធ្ងន់ និងកម្មករ-កម្មការិនីជាង ៣០នាក់ទៀត រងរបួសស្រាល។

លោក ឃឹម សុកខៃ៖ «ពួកគាត់ឡានតូចហ្នឹងគាត់បត់ ធ្វើឱ្យឡានធំគាត់គេចរេចង្កូតទៅប៉ះគ្នាទៅទៅបុកដើមឈើ គាត់បត់លឿនអាហ្នឹងជាចម្លើយពីកន្លែងកើតហេតុប៉ុណ្ណឹងបង ហើយតៃកុងទាំងពីរហ្នឹងគាត់រត់អស់ហើយ យើងកំពុងស្វែងរកពួកគាត់»។

សេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែឧសភានេះ បានឱ្យដឹងដែរថា ករណីឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ មកដល់ពេលនេះ កម្មករនិយោជិតទាំងអស់បានទទួលការជួយសង្គ្រោះពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីបេឡាជាតិសន្តិសុខសង្គម ដោយជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកឧដុង្គ។ ដោយឡែក សពជនរងគ្រោះចំនួន ១នាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំពិធីបុណ្យតាមប្រពៃណី។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកស្រី ទូច សើ ប្រធានសហព័ន្ធសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) លើកឡើងថា អ្នកបើកបរឡានមួយចំនួន បច្ចុប្បន្ននេះ ភាគច្រើនមិនសូវគោរពច្បាប់ចរាចរណ៍នោះទេ ជាហេតុធ្វើឱ្យអត្រាគ្រោះថ្នាក់ចរាចរណ៍អាចនឹងកើតមានគ្រប់ពេលទៅលើកម្មករនិយោជិត។ អ្នកស្រីយល់ថា រាជរដ្ឋាភិបាលត្រូវតែមានវិធានការបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត។

អ្នកស្រី ទូច សើ៖ «គ្រាន់តែអំពាវនាវដូចជាតៃកុងឡាន ត្រូវចេះគោរពច្បាប់ចរាចរណ៍ដែរ អ៊‌ីចឹងបើកាលណាគាត់បើកទៅវ៉ាចុះវ៉ាឡើងវាអាចជួបគ្រោះថ្នាក់ ហើយម្យ៉ាងទៀតបើជិតដល់ម៉ោងគឺគាត់ជាន់យកៗ អត់គិតសុវត្ថិភាពកម្មករគាត់ជិះឡានទេ។ អ៊‌ីចឹងនៅពេលនេះខ្ញុំអំពាវនាវដល់តៃកុង ក៏ដូចជាថ្នាក់ដឹករដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរ សុំគាត់ជួយមើលជួយទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ហ្នឹងកុំឱ្យវាកើតឡើងកាន់តែច្រើន បើសិនជាខាងក្រសួង ឬមួយខាងស្ថាប័នណាពាក់ព័ន្ធ គាត់គួរតែហៅតៃកុងឡានហ្នឹង ដើម្បីរៀនច្បាប់ចរាចរណ៍បន្ថែមទៀត ក្នុងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍»។

រូបភាពពីហ្វេសប៊ុកលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។

ចំណែក លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បានឱ្យដឹងដែរថា គ្រោះថ្នាក់នេះ ជាសោកនាដកម្មករណីថ្មីបន្ថែមទៀត ដែលទាមទារចាំបាច់ឱ្យស្ថាប័នពាក់ព័ន្ធ ត្រូវមានវិធានការកាន់តែខ្លាំង ទោះបីកន្លងមកបញ្ហាគ្រោះថ្នាក់ចរាចរណ៍ មានការថយចុះមួយកម្រិតក្ដី។ ដូច្នេះវិធានការចាំបាច់ត្រូវពង្រឹងនោះ លោកថា អាជ្ញាធរត្រូវធ្វើការផ្សព្វផ្សាយអប់រំ និងការបណ្ដុះបណ្ដាលទៅលើអ្នកបើកបររថយន្តដឹកកម្មករ រួមទាំងអ្នកបើកបរឡានធំៗ ជាពិសេសត្រូវរឹតបណ្ដឹងការអនុវត្តច្បាប់ទៅលើអ្នកប្រើប្រាស់ផ្លូវទាំងអស់។

ក្រៅពីនេះ លោកសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវរៀបចំដាក់ផ្លាកសញ្ញាចរាចរណ៍នៅតាមដងផ្លូវ និងត្រូវរៀបចំសាងសង់ផ្លូវធ្វើដំណើរឱ្យបានត្រឹមត្រូវ ខណៈសព្វថ្ងៃនេះ មានផ្លូវធ្វើដំណើរមួយចំនួន មិនមានទ្រូងផ្លូវដែលបែងចែកអ្នកបើកបរទៅនិងមកឡើយ ដូច្នេះងាយកើតគ្រោះថ្នាក់ចរាចរណ៍។

លោក គឹម បញ្ញា៖ «ជារួមទៅគ្រោះថ្នាក់ចរាចរណ៍ហ្នឹងវាកើតឡើងដោយសារកត្តាអ្វីក៏ដោយ ប៉ុន្តែយើងមើលឃើញថាអាចបង្ការ ហើយនិងកាត់បន្ថយវាបាន ប្រសិនជាមានវិធានការជាប់ជាប្រចាំ មានការចូលរួម ហើយនៅក្នុងនោះមានការអនុវត្តច្បាប់ដោយមន្ត្រីនគរបាលចរចរណ៍យើង ការអនុវត្តច្បាប់ដោយស្ថាប័ន តាមរយៈការបង្កើតឱ្យមានគោលនយោបាយ និងបទបញ្ជាផ្ទៃក្នុងជារឿងចាំបាច់»។

កាលពីឆ្នាំ២០២៤ ខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ តែងតែងកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកកម្មករ បុកគ្នាជាមួយរថយន្តធ្វើដំណើរផ្សេងទៀត ដោយអ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ បណ្ដាលឱ្យកម្មករជាច្រើនរងរបួស និងបាត់បង់ជីវិត។

យោងតាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍កើតឡើងសរុបមានចំនួន ២,៨៤៤លើក ដោយថយចុះ ១៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣,៣១៧លើក។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងច្រើនគេ មាននៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ  ដែលមូលហេតុនៃការបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្ដាំ ប្រជែងគ្នា និងកត្តាគ្រឿងស្រវឹងជាដើម៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង