រូបភាពលោក តាំង គឺម ឡុង ដែលត្រូវបានលោក ហ៊ុន គឹមជាតិ យកមកបង្ហោះតាមបណ្ដាញសង្គម
បើទោះបីជា តុលាការបានកាត់ទោស ឱ្យលោក តាំង គឹម ឡុង ដែលជាមេការនៅរោងចក្រកម្មករមួយកន្លែងនៅផ្លូវ៦០ម៉ែតក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ដែលមានវ័យ៤០ ត្រូវជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសប្រព្រឹត្តិដោយបុគ្គលមានអំណាចលើជនរងគ្រោះ ប៉ុន្តែរហូតមកដល់ពេលនេះ លោក តាំង គឹមឡុង មិនទាន់ត្រូវបានចាប់ខ្លួនឱ្យមកទទួលទោសនេះនៅឡើយទេ។
លោក តាំង គឹមឡុង បានរំលោភសេពសន្ថវៈលើយុវតីវ័យ១៦ឆ្នាំម្នាក់ ដែលជាកូនស្រីរបស់កម្មកររបស់ខ្លួន ដោយអាងខ្លួនជាមេការមកធ្វើសកម្មភាពបំពានលើកូនស្រី កម្មកររបស់ខ្លួន ក្នុងការដ្ឋានសាងសងមួយកន្លែងដែលជាកន្លែងរួមការងារជាមួយគ្នា កាលពីយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គិតមកទល់នឹងពេលនេះ មានរយៈពេលជាងមួយឆ្នាំទៅហើយ។ បើតាមប្រភពពីយុវតីរងគ្រោះ បានលើកឡើងប្រាប់អ្នកស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីបកម្ពុជា ដែលធ្វើការផ្ដល់ការគាំទ្រដល់កុមារ និងយុវតីរងគ្រោះថា លោក តាំង គឹមឡុង ដែលជាជនល្មើស បានលើកឡើងដោយមិនញញើតថា «ចង់ទៅប្ដឹងទីណាប្ដឹងទៅ ទោះប្ដឹងគាត់ៗចូលតាមទ្វារមុខចេញតាមទ្វារក្រោយ»។
ជុំវិញករណីនេះ លោក ហ៊ុន គឹមជាតិ ដែលគេស្គាល់ថាជាក្មួយប្រុសរបស់សម្តេច ហ៊ុន សែន បានបង្ហាញប្រតិកម្មជុំវិញរឿងនេះ។ ប្រតិកម្មនេះក្រោយពេលដែលលោក ទទួលបានព័ត៌មានថា ជនល្មើសឈ្មោះ តាំង គឹមឡេង ល្បីថាមានខ្នងក្រាស់ និងយករូបថតជាមួយសម្តេចទៅគំរាមជនរងគ្រោះ។
លោក គឹមជាតិ បានបង្ហោះសំណេរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក ដូច្នេះថា ៖ «ទុកអោយខ្ញុំធ្វើការម្តង បើគ្មានអ្នកយក តើឥលូវ ជនល្មើ នៅឯណា លឺសូថា យករូបថត ជាមួយសម្តេច ទៅគំរាមខាងក្មួយរងគ្រោះទៀតតើពិតទេ » ។ លោកក៏ប្តេជ្ញាក្នុងការអន្តរាគមន៍លើករណីនេះ ដោយអះអាងថា រឿងនេះមិនអាចទុកយូបានទេ៕