អ្នកគាំទ្រលោក រ៉ុង ឈុន និងអង្គការសិទ្ធិមនុស្ស ចាត់ទុកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ផ្ទន្ទាទោសលោក រ៉ុង ឈុន ជាប់ឃុំ ៤ឆ្នាំ និងដកសិទ្ធិនយោបាយ ជារឿងអយុត្តិធម៌ និងជាការធ្វើទុក្ខបុម្នេញបន្ថែមទៀតលើសកម្មជននយោបាយបក្សប្រឆាំង។ យ៉ាងណាសាលក្រមនេះ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល អះអាងថាជាការអនុវត្តច្បាប់របស់តុលាការ មិនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។ លោក គីម ចាន់ចាវ រាយការណ៍
នៅព្រឹកថ្ងៃទី៥ ខែឧសភានេះ សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ទីមួយ ជាប់ពន្ធនាគារចំនួន ៤ឆ្នាំ ពិន័យជាប្រាក់ចំនួន ៤លានរៀល ទីពីរ ដកហូតសិទ្ធិបោះឆ្នោត និងឈរឈ្មោះបោះឆ្នោតរបស់លោក រ៉ុង ឈុន ជាអចិន្ត្រៃយ៍ ហើយនិងទី៣ សាលាដំបូងទុកពេលឱ្យលោក រ៉ុង ឈុន ប្ដឹងទាស់នឹងសាលក្រមនេះ។ នេះបើតាមលោក នួន វណ្ណៈ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សកម្លាំងជាតិ ដែលបានចូលស្ដាប់ការប្រកាសសាលក្រមសាលាដំបូង។
មុនសាលក្រមផ្តន្ទាទោសនេះ កាលពីថ្ងៃទី២៣ ខែមេសាកន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការជំនុំជម្រះលោក រ៉ុង ឈុន ក្នុងសំណុំរឿងពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» ពាក់ព័ន្ធរឿងចំនួន ៤ចំណុច ទីមួយ ការផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីទាក់ទងនាយករដ្ឋមន្ត្រីចុះទៅតំបន់ព្រំដែន ទីពីរ សកម្មភាពលោក រ៉ុង ឈុន ចុះទៅសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដីធ្លីនៅបឹងតាមោក និងទីបី សកម្មភាពចុះទៅជួបពលរដ្ឋរងគ្រោះដីធ្លីនៅព្រលានយន្តហោះថ្មី ហើយទីបួនពាក់ព័ន្ធនឹងសកម្មភាពសម្ពោធស្នាក់ការថ្មីរបស់គណបក្សកម្លាំងជាតិនៅស្រុកកោះធំ។
អ្នកស្រី ចៅ រតនៈ៖ «ខ្ញុំយល់ថាវាអយុត្តិធម៌មែនទែនសម្រាប់លោកគ្រូ សម្រាប់ការផ្តន្ទទោសមកកាន់លោកគ្រូ ការចោទពីតុលាការមកកាន់លោក ព្រោះរាល់ការធ្វើសកម្មភាពរបស់លោកគ្រូគ្មានអ្វីដែលធ្វើឱ្យប៉ះពាល់មកកាន់រដ្ឋាភិបាលទេ មានតែការគាំទ្រពីប្រជាពលរដ្ឋ ពលរដ្ឋជាច្រើនគាំទ្រលោកគ្រូទាំងការប្រមូលលុយជួយ ទាំងការជួយលោកគ្រូកន្លងមក គឺពួកខ្ញុំមើលឃើញបងប្អូនទាំងអស់គ្នាមិនចង់ឱ្យគាត់ជាប់ពន្ធនាគារទេ»។
នេះជាប្រសាសន៍របស់អ្នកស្រី ចៅ រតនៈ អ្នកគាំទ្រលោក រ៉ុង ឈុន ថ្លែងប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥។
អ្នកស្រី ចៅ រតនៈ និយាយទាំងទឹកភ្នែកថា អ្នកស្រីចាត់ទុកសាលក្រមសម្រេចរបស់សាលាដំបូងនេះ ជាការកាត់ក្ដីអយុត្តិធម៌ចំពោះលោក រ៉ុង ឈុន ព្រោះសកម្មភាពលោក រ៉ុង ឈុន ធ្វើកន្លងមក ក្នុងគោលបំណងដើម្បីបម្រើការផលប្រយោជន៍សង្គមជាតិ មិនមែនជាសកម្មភាពបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ។
អ្នកស្រី ចៅ រតនៈ៖ «សកម្មភាពលោកគ្រូជាផលប្រយោជន៍រួមមិនមែនជាផលប្រយោជន៍គាត់ទេ មិនមែនធ្វើដើម្បីគ្រួសារគាត់ទេ គឺធ្វើដើម្បីប្រទេសកម្ពុជាទាំងមូលដើម្បីសិទ្ធិសេរីភាពទាំងអស់គ្នា ដើម្បីមានសិទ្ធិគ្រប់គ្រាន់នៅក្នុងប្រទេស ដែលគេហៅពលរដ្ឋជាម្ចាស់ប្រទេស»។
ការប្រកាសសាលក្រមនេះ លោក រ៉ុង ឈុន មិនបានចូលទៅស្ដាប់ក្នុងបន្ទប់សវនាការឡើយ ដោយលោកបានឈរជាមួយអ្នកគាំទ្រប្រមាណ ៤០នាក់ នៅខាងក្រៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីរង់ចាំស្ដាប់លទ្ធផលពីមេធាវី និងសហការី។
ស្ថានភាពនៅខាងក្រៅបន្ទប់សវនាការនេះ ឃើញមានកងកម្លាំងទាំងក្នុងឯកសណ្ឋាន និងស្លៀកពាក់ស៊ីវិល មកពីខណ្ឌជ្រោយចង្វារ ប្រមាណ ២០នាក់ បានដាក់បារ៉ាសនៅតាមច្រកចូលសាលាដំបូងរាជធានីភ្នំពេញ និងនៅតាមច្រកចូលសាលាឧទ្ធរណ៍ផងដែរ។ ក្រៅពីនេះ ក៏ឃើញមានការឃ្លាំមើលពីស្ថានទូតសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ (UN) និងអង្គការសិទ្ធិមនុស្សជាតិជាដើម។
លោក រ៉ុង ឈុន ថ្លែងប្រាប់អ្នកសារព័ត៌មានថា សាលក្រមសម្រេចនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញថាប្រទេសកម្ពុជាមិនមានលទ្ធិប្រជាធិបតេយ្យពេញលេញឡើយ ព្រោះរាល់ពេលសកម្មជនសង្គម សកម្មជននយោបាយ បញ្ចេញមតិមិនស្រប តែងតែទទួលរងការគំរាមគំហែង និងធ្វើទុក្ខបុម្នេញ ដើម្បីកុំឱ្យមានវត្តមាននៅលើឆាកនយោបាយ និងកុំឱ្យមានវត្តមានគណបក្សប្រឆាំង។ សាលក្រមនេះដែរ ក៏មិនធ្វើឱ្យលោករាថយពីវិស័យនយោបាយ និងអ្នកគាំទ្រឡើយ ហើយប្រសិនជាជាប់ពន្ធនាគារ លោកបានផ្ដាំផ្ញើទៅអ្នកគាំទ្រទាំងអស់ សូមកុំអស់សង្ឃឹម និងបាក់ទឹកចិត្ត ត្រូវរង់ចាំលោកវិលត្រឡប់មកវិញ។
លោក រ៉ុង ឈុន៖ «ខ្ញុំមិនមានតក់ស្លុតអីទេ មានន័យថាធម្មតានៅក្នុងសង្គមមួយបែបនេះ យើងត្រូវមានជំហរមួយឱ្យច្បាស់លាស់រឹងមំា បើយើងមិនមានជំហរមួយច្បាស់លាស់រឹងមំា ក៏យើងមិនអាចជួយដល់ស្រុកទេសយើងបានដែរ។ អ៊ីចឹងមានតែយើងត្រូវប្រកាន់ជំហរមួយ ឈរនៅលើភាពត្រឹមត្រូវ នៅពេលដែលយើងឈរនៅលើភាពត្រឹមត្រូវ ហើយយើងតម្កល់ផលប្រយោជន៍ជាតិធំជាងផលប្រយោជន៍បុគ្គល ផលប្រយោជន៍ប្រជាពលរដ្ឋធំជាងផលប្រយោជន៍បុគ្គល ដូច្នេះគ្មានអ្វីដែលត្រូវតក់ស្លុតនោះទេ»។
ក្រៅពីសាលក្រមផ្ទន្ទាទោស ថ្មីៗនេះលោក រ៉ុង ឈុន ក៏ទទួលបានដីកាសម្រេចមួយករណីផ្សេងទៀតរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច ដោយចាប់ផ្ដើមបង្ខំឱ្យលក់អចលនវត្ថុរបស់លោក ដែលស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសងសំណងចំនួន ១០ម៉ឺនដុល្លារ ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន។
ជុំវិញរឿងនេះ លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលមកឃ្លាំមើលករណីនេះ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា លោកចាត់ទុកសាលក្រមផ្តន្ទាទោសនេះ ជារឿងអយុត្តិធម៌សម្រាប់លោក រ៉ុង ឈុន ព្រោះតាមសវនាការជំនុំជម្រះលើបទចោទនេះកន្លងមក លោក រ៉ុង ឈុន គ្រាន់តែប្រើប្រាស់សិទ្ធិពលរដ្ឋ ក្នុងបញ្ចេញមតិប៉ុណ្ណោះ។ មួយទៀតក្នុងនាមលោក រ៉ុង ឈុន ជាអ្នកនយោបាយ តែងតែនិយាយទិតៀន និងរិះគន់ក្នុងន័យស្ថាបនា ព្រោះកម្ពុជាជាប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យ ដូច្នេះលោកថាមិនគួរត្រូវផ្តន្ទាទោសលើលោក រ៉ុង ឈុន ឡើយ។
លោក យី សុខសាន្ត៖ «វាជាឆន្ទានុសិទ្ធិរបស់តុលាការ នៅពេលដែលប្រកាសប៉ុណ្ណឹងយើងអត់មានដឹងថាគាត់ចាប់ខ្លួនម៉ោងណា ពេលណាអីទេ ប៉ុន្តែគេអាចទុកសិទ្ធិអោយគាត់ប្តឹងជំទាស់ទៅនឹងការសម្រេចរបស់សាលាដំបូងទៅសាលាឧទ្ធរណ៍ អ៊ីចឹងគេអត់ចាត់ការយើងទេ ប៉ុន្តែវាអ៊ីចឹងបានថាពេលខ្លះនៅពេលដែលគេកាត់ទោសអ៊ីចឹងហើយអោយគាត់ជាប់ពន្ធនាគារគេអាចចាប់គាត់ម៉ោងណាក៏បានដែរ ដោយសារតែគេអត់មានចែងនៅក្នុងសាលក្រម។ លោកបន្តថា ចំណុចហ្នឹងហើយដែលខ្ញុំចង់និយាយថាវាអយុត្តិធម៌សម្រាប់គាត់ ពីព្រោះក្នុងនាមគាត់ជាពលរដ្ឋម្នាក់គាត់មានសិទ្ធិ ឧទាហរណ៍ថា គាត់និយាយថាបោះបង្គោលបាន ៨៤ភាគរយហើយ ប៉ុន្តែមានភាពមិនប្រក្រតីច្រើន អានេះជាទស្សនៈរបស់គាត់ ជាការបញ្ចេញមតិរបស់គាត់ អ៊ីចឹងអត់អាចចោទប្រកាន់គាត់បានទេ អាហ្នឹងគណៈកម្មាការគួរតែពិនិត្យមើលថាតើអ្វីដែលគាត់ថាមានភាពមិនប្រក្រតីហ្នឹង មិនប្រក្រតីកន្លែងណាខ្លះ ហើយដល់តែគាត់បង្ហាញនៅក្នុងតុលាការគាត់ថាដោយសារឃើញបង្គោលព្រំដែននៅលើដីស្រែប្រជាពលរដ្ឋ អានេះដែលគាត់ថាភាពមិនប្រក្រតីកន្លែងហ្នឹងហើយ»។
ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វិទ្យុស្ដ្រីដែរថា សាលក្រមផ្តន្ទាទោសនេះ ជាការសម្រេចរបស់តុលាការ មិនពាក់ព័ន្ធនឹងរដ្ឋាភិបាលឡើយ។ ដូច្នេះក្នុងទិដ្ឋភាពនយោបាយ លោកថា មិនមែនជាករណីថ្មីនោះទេ ដែលបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ចាត់ទុកការផ្តន្ទាទោសលើអ្នកនយោបាយថាជាការរឹតត្បិតសេរីភាពបញ្ចេញមតិ ឬជាការធ្វើទុក្ខបុម្នេញលើសកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនសិទ្ធិមនុស្ស ក្រោមការដឹកនាំរដ្ឋាភិបាល។
លោក ប៉ែន បូណា៖ «ខ្ញុំសូមបញ្ជាក់ថានៅកម្ពុជាមិនមែនមានតែលោក រ៉ុងឈុនម្នាក់ទេ ឬក៏សកម្មជននយោបាយប៉ុន្មានហ្នឹងទេ ដែលរងចំណាត់ការផ្លូវច្បាប់ មានប្រជាពលរដ្ឋច្រើនណាស់ដូចបានឃើញហើយ តុលាការធ្វើការរាល់ ហើយតើមានមនុស្សប៉ុន្មានពាន់ ប៉ុន្មានម៉ឺននាក់ហើយ ដែលត្រូវតុលាការផ្តន្ទាទោស អ្នកខ្លះក៏ផ្តន្ទាទោសជាប់ពន្ធនាគារ អ្នកខ្លះក៏ត្រូវផ្តន្ទាទោសឱ្យសងសំណងរដ្ឋប្បវេណីអីជាហូរជាហែ មានគ្រប់សំណុំរឿងទំាងអស់ ប៉ុន្តែអង្គការសង្គមស៊ីវិលទំាងនោះគាត់មិនដែលនិយាយទេ គាត់និយាយការពារតែសកម្មជនដែលអាចថាជាគ្នារបស់ពួកគាត់តែប៉ុណ្ណឹង»។
ក្រោយពីទទួលបានសាលក្រមនេះហើយ លោក រ៉ុង ឈុន និងមេធាវី នឹងបន្តនីតិវិធីតាមផ្លូវច្បាប់ ដោយប្ដឹងទាស់ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ចំពោះសាលក្រមសម្រេចរបស់សាលាដំបូង។ ទោះបីជាយ៉ាងណា លោកចាត់ទុកសាលក្រមផ្ទន្ទាទោសនេះថាជារឿងអយុត្តិធម៌ ព្រោះតាមអង្គហេតុច្បាប់សកម្មភាពរបស់លោក គ្រាន់តែអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិក្នុងនាមជាអ្នកនយោបាយប៉ុណ្ណោះ។
លោក រ៉ុង ឈុន៖ «យើងធ្វើនេះវាអត់មានផលចំណេញសម្រាប់ជាតិ សម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែវាផលចំណេញសម្រាប់បុគ្គលសម្រាប់ក្រុម មិនបានតម្កល់ប្រយោជន៍ជាតិ ហើយបើយើងធ្វើទុក្ខបុម្នេញបែបហ្នឹងវាធ្វើឱ្យអន្តរជាតិ ក៏ដូចជាជាតិគេថ្កោលទោស ហើយកំពុងបង្កើននូវប្រជាប្រិយភាពរបស់ខ្ញុំ និងបង្កើននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគាំទ្រខ្ញុំកាន់តែច្រើនទេ។ យើងគិតថាចង់បំបិទសំឡេងអ្នកដែលមានឥទ្ធិពល ខ្ញុំគិតថាបំបិទមិនបានទេ អ្នកដឹកនាំមានតែខិតខំកសាងអំពើល្អជាមួយជាតិ ជាមួយប្រជាពលរដ្ឋ សម្ដែងភាពស្មោះត្រង់ ពេលហ្នឹងយកបេះដូងពលរដ្ឋបានហើយ តែផ្ទុយទៅកេងប្រវ័ញ្ចពីជាតិ ប្រជាពលរដ្ឋ អាហ្នឹងនាំទុក្ខឱ្យខ្លួនឯងវិញទេ»។
កាលពីឆ្នាំ២០២០ លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់» បន្ទាប់ពីលោកបានចុះទៅខេត្តត្បូងឃ្មុំ និងជួបប្រជាពលរដ្ឋដែលអះអាងថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឱ្យចូលធ្វើស្រែចំការ និងមានការបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជា។
លោកក៏ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ក្រៅពីជាប់ពន្ធនាគារលោក រ៉ុង ឈុន និងសកម្មជនសង្គម ២នាក់ទៀត ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ ត្រូវបង្គាប់ឱ្យរួមគ្នាសងសំណងខូចខាតសរុប ៤០០លានរៀល ឬស្មើនឹង ១០ម៉ឺនដុល្លារអាមេរិក ទៅដល់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាដែលជាស្ថាប័នទទួលខុសត្រូវក្នុងការត្រួតពិនិត្យការបោះបង្គោលព្រំដែនរបស់ប្រទេសកម្ពុជា៕
អត្ថបទដោយ ជា សុខនី