en     km
en     km

សង្គមស៊ីវិលជាង១០ ប្រារព្ធទិវាសេរីភាពសារព័ត៌មាន ចំពេលកើនឡើងការប្រឈមចំពោះសេរីភាពសារព័ត៌មាននៅកម្ពុជា

Share

ដោយមើលឃើញពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រុមអង្គការ សង្គមស៊ីវិលជាង១០ ដែលធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្ស រួមគ្នា រៀបចំសន្និសីទ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៥ ដោយមានការ ចូលរួមពីអ្នកសារព័ត៌មាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងអ្នកតស៊ូមតិលើសិទ្ធិរបស់ប្រព័ន្ធផ្សព្វផ្សាយ យ៉ាង ហោចណាស់១០០នាក់ ដើម្បីឆ្លុះបញ្ចាំងនូវស្ថានភាពបច្ចុប្បន្ននៃឯករាជ្យភាពប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជា។

លោកស្រី សាវតា ចន្ទគ្រឹស្នា នាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) បានថ្លែងសន្ទរកថាស្វាគមន៍ ដោយចាត់ទុកថា សន្និសីទនេះ មិនត្រឹមតែជាការរំលឹកដល់គោលការណ៍ជាមូលដ្ឋាននៃសេរីភាពសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរំលឹកពីតួនាទីដ៏សំខាន់របស់​អ្នកសារព័ត៌មានក្នុងការការពារលទ្ធិប្រជាធិបតេយ្យ តម្លាភាព និងសិទ្ធិមនុស្ស និងសេចក្ដីថ្លៃថ្នូរបស់អ្នកសារព័ត៌មានទាំងអស់។

«ខណៈពេលដែលយើងនិយាយអំពីសេរីភាព យើងក៏ត្រូវតែទទួលស្គាល់ពីការគំរាមកំហែងដែលនៅតែបន្តកើតឡើង ដែលជាបញ្ហាប្រឈមរបស់អ្នកសារព័ត៌មាននៅទូទាំងពិភពលោក»។

លោកស្រី សាវតា ចន្ទគ្រឹស្នា ក៏បានលើកឡើងពីការកត់សម្គាល់របស់អង្គការឃ្លាំមើលអន្តរជាតិ អ្នកកាសែតកំពុងត្រូវបានបំបិទមាត់ ចាប់ដាក់គុក ហើយថែមទាំងត្រូវបានសម្លាប់ដោយគ្រាន់តែធ្វើការងាររបស់ពួកគេ ពោលគឺស្វែងរក​ និងរាយការណ៍ព័ត៌មានពិត។

“ការការពារប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា” គឺជាប្រធានបទនៅឆ្នាំនេះ ដែលធ្វើឡើងក្នុងគោលបំណង គូសបញ្ជាក់អំពីកំណើនសម្ពាធដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់សារព័ត៌មានឯករាជ្យ ក៏ដូចជាតួនាទី ដ៏សំខាន់របស់ពួកគេក្នុងការជូនដំណឹងដល់សាធារណជន និងអំពីរបៀបនៃការឆ្លើយតបចំពោះការគំរាមកំហែង ផ្នែកសុវត្ថិភាព និង វិបត្តិថ្មីៗដែលបណ្តាលមកពីការកាត់ផ្តាច់ជំនួយរបស់សហរដ្ឋអាមេរិក។

 

​ក្រៅពីប្រឈមក្នុងការបាត់បង់ផ្នែកហិរញ្ញវត្ថុ និងធនធានដោយសារការកាត់មូលនិធិរបស់ទីភ្នាក់​ងារសហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍ​អន្តរជាតិ​ (USAID) លោកស្រីនាយិកាប្រតិបត្តិ នៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) ក៏បានកត់សម្គាល់ពីការកាត់បន្ថយថវិកាដែលកំណត់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយសកល ​(US AGENCY FOR GLOBAL MEDIA) ថាបានរារាំងបន្ថែមទៀតនូវសមត្ថភាពរបស់អង្គការប្រព័ន្ធផ្សព្វផ្សាយក្នុងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងផ្តល់នូវសំឡេងឯករាជ្យដ៏សំខាន់មួយ។

 

លោក ណុប វី នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានថ្លែងថា៖ «សារព័ត៌មានឯករាជ្យគឺជាវេជ្ជបណ្ឌិត ដែលធ្វើការវិភាគវេជ្ជសាស្ត្រដើម្បីប្រាប់ពីការពិតនៃបញ្ហារបស់សង្គម ដើម្បីឲ្យ មានការឆ្លើយតប និងដោះស្រាយ។ បើខ្វះតួនាទីរបស់សារព័ត៌មានឯករាជ្យ បញ្ហារបស់សង្គមនឹងមិនត្រូវបាន ដោះស្រាយ ហើយរដ្ឋាភិបាលក៏នឹងមិនទទួលបានការជឿទុកចិត្តពីពលរដ្ឋទាំងអស់នៅក្នុងសង្គមដែរ»។

 

ក្នុងនាមអង្គការស្ថាប័នសារព័ត៌មានដែលលើកកម្ពស់ សិទ្ធិស្ត្រី និងសង្គម លោកស្រី សាវតា ចន្ទគ្រឹស្នា បានប្ដេជ្ញាចូលរួមការពារប្រព័ន្ធផ្សព្វផ្សាយសេរី ឯករាជ្យ និងពហុនិយម និងឈរជាមួយអ្នកសារព័ត៌មាន គាំទ្រអ្នកសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងតស៊ូមតិដើម្បីបង្កើតបរិយាកាសដែលអនុញ្ញាតអោយមានការស្វែងរកពិតដោយគ្មានការភ័យខ្លាច។និងសូមលើកទឹកចិត្តអ្នកសារព័ត៌មានទាំងអស់គ្នា គោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបង្កើតបរិយាកាសព័ត៌មានដែលមានគុណភាព និងទំនួលខុសត្រូវ។

ព្រឹត្តិការណ៍រំលឹកទិវាសេរីភាពសារព័ត៌មានពិភពលោក ដែលក្រុមសង្គមស៊ីវិលជាង១០ស្ថាប័នរៀបចំរួមគ្នានេះ មានគោលបំណងជំរុញកិច្ចសន្ទនាអំពីយុទ្ធសាស្ត្រ ដើម្បីការពារអ្នកសារព័ត៌មាន ស៊ើបអង្កេត និងលំហដែលនៅសេសសល់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅក្នុងប្រទេស។ សន្និសីទនេះក៏មានការថ្លែងសុន្ទរកថាគន្លឹះ កិច្ចពិភាក្សា និងសម្តែងនូវការគោរពនិងកោតសរសើរចំពោះ វីរភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា និងជុំវិញពិភពលោក ដែលបន្តរាយការណ៍ព័ត៌មានបាន ទោះបីជាត្រូវ ប្រឈមមុខនឹងការត្រួតពិនិត្យ ការបំភិតបំភ័យ និងអំពើហិង្សាក៏ដោយ៕

 

Share

ព័ត៌មានទាក់ទង