en     km
en     km

ការផ្គត់ផ្គង់សេវាទឹកស្អាតនៅតាមជនបទជាមធ្យោបាយឱ្យពលរដ្ឋមានអនាគតភ្លឺស្វាង

Share

ភ្នំពេញ៖ ពលរដ្ឋកម្ពុជាប្រមាណ ៣,៧លាននាក់ ពុំទាន់មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ជាប្រចាំថ្ងៃនៅឡើយ ដែលក្នុងនោះមានកុមារអាយុក្រោមប្រាំឆ្នាំប្រមាណជាង ៥០០នាក់បានស្លាប់បាត់បង់អាយុជីវិតដោយសារជំងឺរាគរូស បង្កឡើងដោយកង្វះទឹកស្អាតនិងគ្មានបង្គន់អនាម័យប្រើប្រាស់ពិសេសនៅតាមសហគមន៍ជនបទ។ ដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះទឹកស្អាត ក៏ដូចជាគាំពារសុខុមាលភាពពលរដ្ឋ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា កម្ពុជា (Etiqa Life Insurance Cambodia) និងអង្គការវ័តធឺអេត កម្ពុជា (WaterAid Cambodia) បន្តសហការគ្នាអនុវត្តគម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមតំបន់គោលដៅ ក្រោមកម្មវិធីទឹកស្អាតលើកទី៤។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

ផ្អែកតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានបង្ហាញថា បច្ចុប្បន្នប្រជាជននៅទូទាំងពិភពលោកប្រមាណ ២,២ពាន់លាននាក់ ពុំទាន់ទទួលបានទឹកស្អាតពេញលេញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅឡើយទេ។ ចំណែកប្រជាពលរដ្ឋកម្ពុជាវិញ មានប្រមាណ ៣,៩លាននាក់រស់នៅក្នុងបរិស្ថានមិនល្អមិនមានផាសុកភាព។ ពោលគឺក្នុងចំណោមមនុស្សប្រាំនាក់ មានតែម្នាក់ប៉ុណ្ណោះដែលមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ពិសេសនៅតាមសហគមន៍ដាច់ស្រយាលដែលពុំទាន់មានសេវាទឹកស្អាតទៅដល់។

លោក ឆាត់ សុភាព នាយកប្រចាំប្រទេសនៃអង្គការវ័តធឺអេតកម្ពុជា (WaterAid Cambodia) មើលឃើញថា កត្តាកង្វះទឹកស្អាតប្រើប្រាស់នេះបានក្លាយជាឧបសគ្គសម្រាប់ពលរដ្ឋមួយចំនួន ដ្បិតពួកគេត្រូវការចំណាយពេលស្វែងរកប្រភពទឹកស្អាតសម្រាប់យកមកប្រើប្រាស់ ស្របពេលពេលដែលទឹកទទួលទានក៏ពុំមានគុណភាព អាចបង្កជាជំងឺរាគរូស ប៉ះពាល់សុខភាព ខាតបង់ទ្រព្យធននិងពេលវេលាជាដើម។

លោកមានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងកម្មវិធីប្រកាសបើកឱ្យបន្តអនុវត្តគម្រោងទឹកស្អាតលើកទី៤ ដែលធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០២៥ ដែលគាំទ្រជាថវិកាដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីការយៈពេល១០ខែ។ ក្នុងនាមជាអង្គការធ្វើការលើសេវាផ្គត់ផ្គង់ស្អាត លោក សុភាព យល់ថា នៅពេលពលរដ្ឋមានឱកាសប្រើប្រាស់ទឹកស្អាតបានគ្រប់ផ្ទះ នោះពលរដ្ឋមានសុខភាពល្អ អាចប្រកបរបរចិញ្ចឹមជីវិតបានធម្មតា និងសូម្បីតែសិស្សានុសិស្សក៏អាចទៅរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងបានល្អប្រសើរផងដែរ។

លោក ហ៊ាង វុទ្ធី អគ្គនាយកក្រុមហ៊ុនអេទីកាកម្ពុជា។ រូបភាព៖ WaterAid Cambodia។

ជាមួយគ្នានេះដែរ លោក ហ៊ង វុទ្ធី អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអេទីកាកម្ពុជាលើកឡើងថា​ ការគិតគូរពីនិរន្តរភាពនៃសុខុមាលភាពរបស់ប្រជាពលរដ្ឋជាកត្តាយ៉ាងសំខាន់ បើទោះបើជាលោកជាក្រុមហ៊ុនធានារ៉ាប់រងត្រូវការស្វែងរកប្រាក់ចំណេញក្តី។​លោកថា ការផ្តល់ថវិកានិងមានទំនួលខុសត្រូវលើសង្គមគឺជាបេសសកម្មដែលក្រុមហ៊ុនត្រូវរួមចំណែកធ្វើ ដោយខាតពុំបាន។ ជាការសង្កេតតរបស់លោក នៅពេលពលរដ្ឋមានទឹកស្អាតប្រើប្រាស់បានគ្រប់គ្រាន់ នោះធ្វើឱ្យពួកគេរស់នៅប្រកបដោយផាសុកភាព និងអនាម័យខ្ពស់ ចៀសផុសជំងឺដង្កាត់និងហានិភ័យនានាដែលបង្ករោគតាមរយៈប្រភពទឹកដែលគ្មានប្រភពច្បាស់លាស់ឬគុណភាពសម្រាប់បរិភោគ។ ផ្ទុយទៅវិញពលរដ្ឋនឹងមានអនាគតល្អប្រសើរ បើពុំមានឧបសគ្គណាមួយជៈឥទ្ធិពលទៅដល់សុខុមាលភាពរបស់ពួកគេតាមរយៈការទទួលទានទឹក។

គម្រោងពន្លឿនលទ្ធភាពទទួលបានសេវាទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារនេះទៀតសោត បានជួយឱ្យប្រជាជនក្នុងតំបន់គោលដៅ មានលទ្ធភាពទទួលសេវាតភ្ជាប់ទឹកស្អាតតាមផ្ទះយ៉ាងឆាប់រហ័សដូចជាតាមរយៈបំពង់ទុយោ ការផ្តល់ធុងចម្រុះទឹក និងតាមរយៈបច្ចេកទេសផ្សេងទៀត។ លោក ឆាត់ សុភាព បានលើកឡើងដែរថា វិស័យទឹកស្អាតនៅកម្ពុជាកំពុងបន្តបេសសកម្មខិតខំជំរុញឱ្យវិស័យនេះសម្រេចបានលទ្ធផលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និងគោលនយោបាយរបស់រដ្ឋាភិបាល។ បន្ថែមពីនេះ លោកពន្យល់ដែរថា ពលរដ្ឋមួយចំនួនគួរចៀសវាងប្រើប្រាស់ទឹកដែលមិនដឹងពីប្រភពដើម ដោយហេតុថាទឹកនេះអាចមានសារធាតុគីមីដែលធ្វើឱ្យអ្នកបរិភោគអាចពុលភ្លាមៗ។

រូបភាព៖ WMC/Socheata

លោក ឆាត់ សុភាព៖ «ពាក្យថាទឹកស្អាតនេះ វាត្រូវឆ្លងកាត់ការសម្អាត។ ការសម្អាតហ្នឹង វាមានបច្ចេកវិទ្យាសម្អាត។ នៅក្នុងទឹកស្អាតតាមបំពង់ទុយោ គេមានអាងប្រព្រឹត្តកម្មសម្រាប់បូមទឹកទន្លេក៏ដោយ ពីទឹកក្រោមដីក៏ដោយ ពីប្រភពទឹកណាក៏ដោយ ក៏ត្រូវឆ្លងកាត់ប្រព័ន្ធប្រព្រឹត្តកម្មសម្អាតទឹកដើម្បីយើងយកមកបរិភោគទៅសុវត្ថិភាព។ ឯកម្រិតគ្រួសារដែលគេប្រើធុងចម្រុះហ្នឹង ដោយគេបង្កើតបច្ចេកវិទ្យាសម្លាប់មេរោគនៅក្នុងធុងចម្រុះ ឬហៅថា filter ហ្នឹង។ ទឹកដែលអាចឆ្លងកាត់នូវប្រព័ន្ធចម្រុះ ទឹកដែលឆ្លងកាត់នូវប្រព័ន្ធប្រព្រឹត្តកម្មដែលយកមកបរិភោគនោះគឺគេហៅទឹកស្អាត ដែលឆ្លងកាត់ស្តង់ដាប្រព្រឹត្តកម្មទឹក សម្អាតទឹករួចស្រេចនោះ បានគេហៅថាទឹកស្អាត»។

សូមបញ្ជាក់ថាក្នុងឆ្នាំ២០២៥នេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេទីកា កម្ពុជា និងអង្គការវ័តធឺអេតកម្ពុជាដាក់រំពឹងថា ប្រជាពលរដ្ឋ និងសមាជិកគ្រួសារក្នុងតំបន់គោលដៅខេត្តកំពង់ស្ពឺប្រមាណ ២២០០នាក់ នឹងទទួលបានការអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍ពីការតភ្ជាប់បណ្តាញទឹកស្អាតប្រើប្រាស់នៅតាមគ្រួសារ។ ក្នុងនោះ ៥៥០គ្រួសារនឹងទទួលបានការតភ្ជាប់បណ្តាញទឹកស្អាតសម្រាប់ប្រើប្រាស់ ដោយក្នុងនោះ ១០០គ្រួសារដែលមានប័ណ្ណសមធម៌ ឬគ្រួសារដែលមានសមាជិកមានពិការភាព នឹងទទួលឱកាសតភ្ជាប់ទឹកស្អាតសម្រាប់ប្រើប្រាស់។

តាមរយៈការអនុវត្តគម្រោងរយៈពេល ៣ លើកកន្លងមក ពលរដ្ឋនៅក្នុងខេត្តកណ្តាល និងខេត្តកំពង់ស្ពឺចំនួន ១១៦៨គ្រួសារ ដែលមានប្រជាពលរដ្ឋសរុបចំនួន ៤៩០៦នាក់ មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដោយពលរដ្ឋគោលដៅទាំងនេះលែងមានការលំបាកក្នុងការទទួលបានប្រភពទឹកមកប្រើប្រាស់ ឬបារម្ភភ័យព្រួយពីការបង្ករោគតាមរយៈប្រភពទឹកនេះឡើយ។ លើសពីនេះទៅទៀត សកម្មភាពគម្រោងនេះ បានភ្ជាប់បណ្តាញទឹកស្អាតតាមសាលារៀនក្នុងខេត្តគោលដៅ ដែលក្នុងនោះសិស្សានុសិស្សចំនួន ៣២៩៦នាក់ មានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់នៅតាមសាលារៀនផងដែរ៕

អត្ថបទដោយ កញ្ញា កែវ សុជាតា

Share

ព័ត៌មានទាក់ទង