ភ្នំពេញ៖ក្នុងឱកាសជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ចង់ឃើញប្រទេសទាំងពីរពង្រីកពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។ នេះជាប្រសាសន៍របស់សម្តេច ហ៊ុន សែន លើទំព័រហ្វេសប៊ុកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ខណៈសម្តេចមានវត្តមាននៅប្រទេសវៀតណាម ដឹកនាំគណៈប្រតិភូចូលរួមពិធីអបអរសាទរខួប៥០ឆ្នាំនៃថ្ងៃរំដោះភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាម។
លោក កែវ សុខា ជូនសេចក្តីរាយការណ៍
ទោះបីវត្តមានរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលរួមក្នុងឱកា សរំលឹកខួប ៥០ ឆ្នាំនៃថ្ងៃរំដោះ ភាគខាងត្បូងនិង ការបង្រួបបង្រួមប្រទេសវៀតណាមក៏ពិតមែន ក៏ប៉ុន្តែអតីតនាយករដ្ឋមន្រ្តីកម្ពុជាមិនភ្លេចឡើយ ការជំរុញទំហំពាណិជ្ជកម្ម ពិសេសការដោះដូរពាណិជ្ជកម្មតាមបណ្តោយព្រំដែន។
ផ្អែកតាមសេចក្តីរាយការណ៍របស់អ្នកនាំពាក្យព្រឹទ្ធសភាពកម្ពុជាលោក ជា ធីរិទ្ធ លើទំព័រហ្វេសប៊ុករបស់ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃនេះ អ្នកនាំពាក្យបានរៀបរាប់ពីសមិទ្ធផលនានារបស់សម្តេច ហ៊ុន សែន ក្នុងឱកាសជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជិញ(PHAM Minh Chinh) និងមន្រ្តីជាន់ខ្ពស់នានា ដោយមានដូចជា៖។
សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីវៀតណាម។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។
ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគីសម្រាប់ អនុវត្តឆ្នាំ២០២៥-២០២៦ ដោយភាគីទាំងពីរឯកភាពបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ ដើម្បីបង្កើនទំហំពាណិជ្ជកម្មដល់គោលដៅ ២០ ពាន់លានដុល្លាអាមេរិក និងដោះស្រាយបញ្ហាពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែន។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ។
តាមរយៈកិច្ចព្រមព្រៀងនេះ វៀតណាម នឹងទិញអង្ករ ស្វាយចន្ទី និងគ្រឿងសមុទ្របន្ថែមទៀតពីកម្ពុជា។ នាយករដ្ឋមន្រ្តីវៀតណាម ក៏សន្យាចំពោះមុខសម្តេច ហ៊ុន សែន ក្នុងការបញ្ចុះពន្ធនៃការនាំស៊ីម៉ង់ទៅកាន់ប្រទេសកម្ពុជា ជាមួយនឹងការសន្យាតាមការចង់បានរបស់កម្ពុជាលើផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជាតាមតម្រូវការជាក់ស្តែងផងដែរ។
សកម្មភាពនាយករដ្ឋមន្រ្តីវៀតណាមក្នុងកិច្ចប្រជុំជាមួយសម្តេច ហ៊ុន សែន។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។
ជាការកត់សម្គាល់មួយផងដែរ ចំពោះការសន្យាទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជានេះ ក៏ព្រោះតែសម្តេច ហ៊ុន សែន បានរំលឹកក្នុងជំនួបជាមួយនាយករដ្ឋ មន្រ្តីវៀតណាមថា កាលពីអតីតកាលកម្ពុជា-វៀតណាម ជួយគ្នា ពឹងគ្នាទៅវិញទៅមក តាមរយៈកងទ័ព តែឥឡូវនេះកម្ពុជានិងវៀតណាមជួយគ្នា និងពឹងគ្នាតាមរយៈសេដ្ឋកិច្ច ពោលគឺការធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។ សម្តេចបញ្ជាក់ថា កម្ពុជាពូកែដាំដុះផលិតគ្រាប់ស្វាយចន្ទីជាប់លេខ១ នៅលើពិភពលោក ចំណែកវៀតណាមជាប់លេខ១ ខាងកែច្នៃនាំចេញស្វាយចន្ទីទៅលក់នៅលើពិភពលោក។ ដូច្នេះ វាមានទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពាណិជ្ជកម្ម។
ក្រៅពីរឿងជំរុញពាណិជ្ជកម្មសម្ដេច ហ៊ុន សែន ក៏បានលើកឡើងដោយវាយយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយសម្តេចអរគុណវៀតណាម ដែលយកចិត្តទុកដាក់ចំពោះការរស់នៅរបស់និស្សិត និងសិក្ខាកាមកម្ពុជាដែលកំពុងសិក្សានៅវៀតណាម ជាមួយ នឹងការបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា។ ជាការឆ្លើយតបត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តីវៀតណាម សន្យាផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាតាមតម្រូវការរបស់កម្ពុជា ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា។
សម្តេច ហ៊ុន សែន និងលោក តូឡឹម។រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន។
អ្វីជាកំណត់សម្គាល់ពិសេសនោះ សម្តេច ហ៊ុន សែន បានលើកឡើងពីសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកដែលជៈឥទ្ធិពលអវិជ្ជមាន មកលើប្រទេសជាច្រើនរួមទាំងប្រទេសកម្ពុជានិងវៀតណាម។ ស្ថិតក្នុងស្ថានភាពបែបនេះ អតីតនាយករដ្ឋកម្ពុជា ជំរុញឱ្យភាគីទាំងពីរត្រូវសហការ និង ជួយគ្នាទៅវិញទៅមក ស្របតាមស្មារតី«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ពិសេសសម្តេចចង់ឃើញប្រទេសទាំងពីរពង្រីកនូវពាណិជ្ជកម្មជាមួយគ្នាក្នុងនាមជាប្រទេសជិតខាង ដោយមិនគួរសំឡឹងមើលទីផ្សារនៅឆ្ងាយពេកនោះទេ។
ផ្អែកតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជាបង្ហាញថា នៅឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា វៀតណាម សម្រេចបានជិត ៧.៧លានដុល្លារអា មេរិក ក្នុងនោះកម្ពុជានាំចេញទៅវៀតណាម ជាង៣.៦ពាន់លានដុល្លារ ខណៈកម្ពុជានាំចូលពីវៀតណាមមាន ៤.១ពាន់លានដុល្លារ។ វៀតណាមជាដៃគូពាណិ ជ្ជកម្មធំទី៣ របស់កម្ពុជា បន្ទាប់ពីចិន និងអាមេរិក៕