ភ្នំពេញ៖ រយៈពេលប៉ុន្មានខែចុងក្រោយនេះ សន្ទុះនៃការចាប់ខ្លួនសកម្មជននយោបាយ និងអ្នករិះគន់សង្គមដែលរស់នៅក្រៅប្រទេស មានតួលេខកើនឡើងគួរឱ្យកត់សម្គាល់ ដោយករណីខ្លះឈានដល់ការចាប់បញ្ជូនខ្លួនមកកម្ពុជាវិញដើម្បីដាក់ទោសទណ្ឌតាមផ្លូវច្បាប់ផងដែរ។ នេះបើយោងតាមអង្គការសិទ្ធិមនុស្ស លីកាដូ ចុះផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ស្របពេលមានការចាប់ខ្លួនកញ្ញា នួន តឿន ពីប្រទេសម៉ាឡេស៊ីបញ្ជូនមកកម្ពុជាដើម្បីអនុវត្តទោសបន្ទាប់ពីពលកររូបនេះត្រូវបានចោទប្រកាន់ទាក់ទងការរិះគន់រដ្ឋាភិបាលកម្ពុជានៅលើបណ្តាញសង្គមហ្វេសប៊ុក។ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ យល់ថា ករណីនេះជារូបភាពបន្តដាក់គំនាប និងបិទសិទ្ធិសេរីភាពសម្រាប់សាធារណជនក្នុងការចូលរួមបញ្ចេញមតិ ចូលរួមកែលម្អប្រទេសជាតិ។ កញ្ញា កែវ សុជាតា រាយការណ៍
កញ្ញា នួន តឿន ដែលបានគេស្គាល់ថាជាពលករបម្រើការងារតាមផ្ទះនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានអាជ្ញាធរកម្ពុជា ចេញដីកាបង្គាប់ឱ្យកញ្ញាវិលមកស្រុកកំណើតវិញ ដើម្បីចូលខ្លួនបំភ្លឺ និងទទួលទោសដែលបានប្រព្រឹត្តនៅក្នុងសំណុំរឿងពីរដាច់ដោយឡែក បន្ទាប់ពីកញ្ញាបានសរសេរសាររិះគន់រដ្ឋាភិបាលកម្ពុជានៅលើបណ្តាញសង្គមហ្វេសប៊ុក។ បើយោងតាមរបាយការណ៍អង្គការលីកាដូ សំណុំរឿងទី១ គឺកញ្ញាត្រូវតុលាការផ្តន្ទាទោសពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងញុះញង់ឱ្យមានការរើសអើង និងទី២ គឺពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ការផ្តន្ទាទោសនេះ អាចធ្វើឱ្យ កញ្ញា តឿន ត្រូវជាប់ពន្ធនាគារសរុបចំនួន ២ ឆ្នាំ ដោយសាលក្រមនៃសំណុំរឿងនីមួយៗ បានសម្រេចផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ១៨ ខែ និងពិន័យជាប្រាក់ ២លានរៀល (ប្រហែល ៥០០ ដុល្លារអាមេរិក) ។
ចំពោះករណីនេះ លោក អំ សំអាត នាយកប្រតិបត្តិនៃអង្គការសិទ្ធិមនុស្សលីកាដូ មើលឃើញថា ការណ៍នេះបានសបង្ហាញពីការដាក់សម្ពាធ និងរឹតបន្តឹងលើសេរីភាពក្នុងការបញ្ចេញមតិជាចំហ ពិសេសចំពោះសកម្មជនដែលលើកឡើងពីបញ្ហាសង្គម ទាក់ទិននឹងរឿងនយោបាយ និងការរិះគន់ទៅលើការដឹកនាំរបស់រដ្ឋាភិបាលនៅលើបណ្តាញសង្គមជាដើម។ ជាការអង្កេតបន្ថែម លោកថា ជនដែលសកម្មក្នុងការបញ្ចេញមតិរិះគន់ទាំងនេះហាក់មានហានិភ័យខ្ពស់ និងពុំសូវមានសុវត្ថិភាពនោះទេ។ លោកលើកឧទាហរណ៍ជាក់ស្តែង ទាក់ទិននឹងជនទាំងនេះត្រូវបានតុលាការផ្តន្ទាទោសពីបទញុះញង់ ឬត្រូវអាជ្ញាធរបរទេសបញ្ជូនឱ្យមកកម្ពុជាវិញប្រសិនជាពួកគេនៅក្រៅប្រទេស ដូចជាករណីសមាជិកគណបក្សជំទាស់ចំនួន ៦រូប ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ ហើយបញ្ជូនត្រឡប់មកកម្ពុជាវិញ ដើម្បីប្រឈមមុខនឹងបទចោទក្បត់ជាតិ។
លោក អំ សំអាត៖ «ការដែលចាប់បញ្ជូនខ្លួននេះ គឺអាជ្ញាធរម៉ាឡេស៊ីជាអ្នកប្រតិបត្តិការ ហើយនិងបញ្ជូនវិលត្រឡប់មកកម្ពុជាវិញ។ អ៊ីចឹងពីដើមមក យើងមើលឃើញថា សេរីភាពនៅក្នុងការបញ្ចេញមតិហ្នឹងវាហាក់ដូចជាមានភាពរឹតត្បិត ជាពិសេសគឺការបញ្ចេញមតិនៅតាមបណ្តាញសង្គម ហើយអ្នករិះគន់ទៅលើសង្គម ឬក៏រិះគន់ទៅលើថ្នាក់ដឹកនាំជាដើមហ្នឹង តែងតែរងនឹងបទចោទប្រកាន់»។
ដើម្បីឱ្យការបញ្ចេញមតិទទួលបានផ្លែផ្កា និងមិនជាប់ទោស លោក អំ សំអាត ប្រាប់ពីគន្លឹះចំនួន២ នោះគឺរដ្ឋាភិបាលកម្ពុជាត្រូវគោរពច្បាប់អន្តរជាតិដែលផ្តល់សិទ្ធិសេរីភាពដល់សាធារណជនក្នុងការបញ្ចេញមតិរាល់សកម្មជនដែលត្រូវការការចូលរួមអន្តរាគមន៍ និងរួមចំណែកពង្រឹងឱ្យកាន់តែប្រសើរ។ ចំណែកគន្លឹះមួយផ្សេងទៀត គឺទាក់ទងនឹងការប្រើប្រាស់ភាសា និងក្រមសីលធម៌នៅពេលបញ្ចេញមតិ ដែលនាំឱ្យខាតបង់ប្រយោជន៍ផ្ទាល់ខ្លួន។
លោក អំ សំអាត៖ «ទី១ ទាក់ទងនឹងអាជ្ញាធរឬក៏កម្ពុជាយើង យើងបានផ្តល់សញ្ចប័ណ្ណទៅលើបទដ្ឋានអន្តរជាតិជាច្រើនស្តីពីសិទ្ធិមនុស្ស។ អ៊ីចឹងកម្ពុជាត្រូវមានកាតព្វកិច្ចក្នុងការគោរព ក្នុងការការពារ និងបំពេញបន្ថែម ធ្វើម៉េចជំរុញឱ្យមានការអនុវត្តសិទ្ធិសេរីភាពស្របតាមបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានផ្តល់សញ្ចប័ណ្ណ ហើយមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ហើយទី២ បងប្អូនប្រជាពលរដ្ឋដែលនិយមបញ្ចេញមតិនៅតាមបណ្តាញសង្គម ធ្វើយ៉ាងម៉េចប្រកាន់នូវក្របសីលធម៌ ហើយបញ្ចេញមតិនៅក្នុងន័យស្ថាបនា»។
ផ្អែកតាមអង្គការលីកាដូ កញ្ញា នួន តឿន ត្រូវបានសមត្ថកិច្ចម៉ាឡេស៊ីនិរទេសបញ្ជូនមកកម្ពុជាវិញកាលពីខែកញ្ញា ឆ្នាំ២០២៤ ក្រោយពេលកញ្ញាបានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយរិះគន់អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សម្តេច ហ៊ុន សែន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម២ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ គួរបញ្ជាក់ដែរថា កញ្ញា នួន តឿន មានស្រុកកំណើតនៅស្រុកបសេដ្ឋ នៅខេត្តកំពង់ស្ពឺ និងជាកូនកំព្រាឪពុកម្តាយ។ កញ្ញាគឺជាពលករខ្មែរធ្វើការស្របច្បាប់ជាង ១៦ឆ្នាំនៅប្រទេសម៉ាឡេស៊ីដែលចេញមុខគាំទ្រគណបក្សប្រឆាំង។ កញ្ញាតែងប្រើប្រាស់បណ្តាញសង្គមនិយាយរឿងអយុត្តិធម៌នានា ដូចជាបញ្ហាពលរដ្ឋរងគ្រោះដីធ្លី បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម ជាពិសេសរិះគន់ខ្លាំងៗជុំវិញការដឹកនាំរបស់សម្តេច ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត៕
អត្ថបទដោយ៖ កញ្ញា កែវ សុជាតា