ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន បង្ហាញគោលជំហរមិនរាថយពីវិស័យនយោបាយ ក្នុងពេលសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាសម្រេចចាប់ផ្ដើមការលក់ដោយបង្ខំឱ្យលោកលក់ផ្ទះ ដើម្បីសងសំណងទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រមាណ ១០ម៉ឺនដុល្លារ។ កញ្ញា យឿន ស្រីមុំ ជូនសេចក្តីរាយការណ៍
ក្រោយពីសវនាកាជំនុំជម្រះលោក រ៉ុង ឈុន ពីបទ «មិនរាងចាល» នៅថ្ងៃទី២៣ ខែមេសារួចមក ទីប្រឹក្សារូបនេះ ក៏ទទួលបានដីកាសម្រេចមួយករណីផ្សេងទៀតរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក យី សុខវួច ចាប់ផ្ដើមបង្ខំឱ្យលក់អលនវត្ថុ ដែលស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ការចាប់ផ្ដើមបង្ខំនេះ ក្រោមការអនុវត្តរបស់ម្ចាស់បំណុលដែលជាគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ទាមទារប្រាក់សំណងខូចខាតចំនួន ១០ម៉ឺនដុល្លារ។
កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងមក សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់ចេញលិខិតបង្គាប់ឱ្យលោក រ៉ុង ឈុន និងសកម្មជនសង្គមពីរនាក់ទៀត មាន កញ្ញា ស កណិការ និងលោក តុន និមល រួមគ្នាសងងសំណងការខូចខាតចំនួន ៤០០លានរៀល ឬស្មើប្រមាណ ១០ម៉ឺនដុល្លារ ទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ក្នុងសំណុំរឿងពីបទ «ញុះញង់»។
ការបង់ប្រាក់សំណងប្រមាណ ១០ម៉ឺនដុល្លារនេះ ពាក់ព័ន្ធនឹងសកម្មភាពលោក រ៉ុង ឈុន កាលពីឆ្នាំ២០២១ ដែលបានចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូងឃ្មុំ ដែលពេលនោះលោក ចេញសេចក្តីថ្លែងការណ៍ទៅកាន់សាធារណជនថា ការបោះបង្គោលព្រំដែនថ្មី រវាងកម្ពុជា-វៀតណាម បានចូលដីកម្ពុជាប្រហែល៥០០ម៉ែត្រ។ ក៏ប៉ុន្តែគណៈកម្មាធិការព្រំដែនកម្ពុជាបានចេញមុខទាត់ចោលការលើកឡើងរបស់លោក រ៉ុង ឈុន នាពេលនោះ។
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា ដីការបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបង្ខំឱ្យលក់ផ្ទះនេះ លោកទើបតែទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមេសានេះទេ ខណៈកាលបរិច្ឆេទក្នុងដីកាចុះតាំងពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។ យ៉ាងណាលោកក៏មិនទាន់ដឹងថា ហេតុអ្វីដីកាសម្រេចរបស់សាលាដំបូង ចុះកាលបរិច្ឆេទយូរហើយ ប៉ុន្តែបែរជាលោកទើបតែទទួលបាននាពេលថ្មីៗនេះទៅវិញ។
បន្ទាប់ពីទទួលបានដីកាសម្រេចនេះហើយ លោក និងមេធាវី នឹងជជែកគ្នា ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ ប្ដឹងជំទាស់ដីការបស់សាលាដំបូង ដែលសម្រេចបង្ខំឱ្យលក់ផ្ទះ សងសំណងទៅឱ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនប្រមាណ ១០ម៉ឺនដុល្លារ។
លោក រ៉ុង ឈុន៖ «មេធាវីរបស់ខ្ញុំបានដាក់លិខិតទៅសាលាដំបូងរាជធានីភ្នំពេញទាក់ទងនឹងការបង់សំណងនេះ ស្នើឱ្យបង់ទៅតាមលទ្ធភាព ប៉ុន្តែមិនទទួលបានការឆ្លើយតបបែរជាចេញសេចក្ដីសម្រេចបង្ខំឱ្យលក់ទាំងបង្ខំទៅវិញ។ ចំពោះខ្ញុំមិនមានអ្វីជាចំណោទបញ្ហានោះទេ ពីព្រោះស្ថានភាពបែបម៉េច តម្លៃផ្ទះខ្ញុំវាមិនមែនស្គាំស្គៃ គ្រាន់តែផ្ទះល្វែងមួយដូចសំបកគ្រាំ អាហ្នឹងខ្ញុំគិតថា វាអយុត្តិធម៌បើយើងនិយាយទៅវាអយុត្តិធម៌ហើយ យើងមិនបានប្រព្រឹត្តអីខុសផង យើងគ្រាន់តែធ្វើកិច្ចការងារសង្គមជួយប្រជាពលរដ្ឋ គ្រូបង្រៀន និងកម្មករ បែរជាទទួលរងបញ្ហា»។
កន្លងមកចំនួនទឹកប្រាក់ដែលសប្បុរសជនឧបត្ថម្ភជួយលោក រ៉ុង ឈុន មកដល់ពេលនេះប្រមូលបានជាង ២ម៉ឺនដុល្លារ ហើយ។ ចំណែកផ្ទះល្វែងដែលតុលាការតម្រូវឱ្យសងនោះ អាចលក់បានខ្ទង់ជាង ១០ម៉ឺនដុល្លារ បើផ្អែកតាមតម្លៃទីផ្សារ។ តែលោកថា បើបង្ខំលក់គ្រានេះ លោកប៉ាន់ស្មានថា សាលាដំបូងអាចនឹងលក់ក្នុងតម្លៃឡៃឡុងជាង ៨ម៉ឺនដុល្លារតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា លោកចាត់ទុកដីកាបង្ខំរបស់តុលាការនេះ ជារឿងអយុត្តិធម៌សម្រាប់រូបលោក ហើយលោកជឿថា ប្រជាពលរដ្ឋមិនឈរអោបដៃឡើយ ពួកគេនឹងជួយទាមទារយុត្តិធម៌ជូនទីប្រឹក្សារូបនេះ។
លោក រ៉ុង ឈុន៖ «អ៊ីចឹងអាហ្នឹងមិនមែនជាក្ដីកង្វល់ទេ ជាជំហរបស់ខ្ញុំមិនមានអ្វីប្រែប្រួលទេ ខ្ញុំនៅតែធ្វើការងាររបស់ខ្ញុំដើម្បីប្រជាពលរដ្ឋ ហើយអ្វីៗសុំឱ្យបងប្អូនជនរួមជាតិ យុវជនទាំងអស់ កុំឃើញស្ថានភាពដាក់សម្ពាធមកលើខ្ញុំ ធ្វើឱ្យពួកយើងបាក់ទឹកចិត្ត ឈប់បោះបង់គោលដៅចោល។ យើងគួរតែខិតខំនៅពេលដែលកើតរឿងអយុត្តិធម៌មកលើរូបខ្ញុំកាន់តែធ្ងន់ធ្ងរ បងប្អូនជនរួមជាតិត្រូវតែខិតខំឱ្យកាន់តែខ្លាំង ដើម្បីសម្រេចគោលដៅចង់បានសេរីភាព និងប្រជាធិតេយ្យ ហើយនិងយុត្តិធម៌»។
លោក រ៉ុង ឈុន ធ្លាប់ជាប់ពន្ធនាគារចំនួន ២លើកមកហើយ គឺលើកទីមួយ ពាក់ព័ន្ធរឿងលោករិះគន់អតីតនាយករដ្ឋមន្ត្រីសម្ដេច ហ៊ុន សែន ចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជា-វៀតណាម កាលពីឆ្នាំ២០០៥។ ចំណែកលើកទី២ កាលពីឆ្នាំ២០២១ លោកជាប់ពន្ធនាគារ ១៥ខែ ពាក់ព័ន្ធនឹងសកម្មភាពរបស់លោកចុះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តត្បូងឃ្មុំ៕
អត្ថបទដោយ កញ្ញា ជា សុខនី