en     km
en     km

លោក រ៉ុង ឈុន ដាក់ក្ដីសង្ឃឹមថាសំណុំរឿងរបស់លោកនឹងត្រូវតុលាការសម្រេចទម្លាក់ចោលបទចោទ

Share

ភ្នំពេញ៖ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានក្ដីសង្ឃឹមឡើងវិញថា នឹងទទួលបានសេរីភាព និងយុត្តិធម៌ពីតុលាការ ក្រោយចៅក្រមជំនុំជម្រះ គ្មានភស្ដុតាងថ្មីសម្រាប់ដាក់បន្ទុក និងបានផ្ដល់ឱកាសឱ្យទីប្រឹក្សារូបនេះបកស្រាយ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «ញុះញង់» និងបទ «មិនរាងចាល»។ ការដាក់ក្តីរំពឹងទុកនេះ បន្ទាប់ពីលោកបានចូលរួមសវនាការនៅសាលាដំបូងរាជធានីភ្នំពេញកាលពីព្រឹកមិញ។ លោក កែវ សុខា ជូនសេចក្តីរាយការណ៍

 

 

ក្ដីសង្ឃឹមថ្មីមួយរបស់លោក រ៉ុង ឈុន បានកើតឡើង ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសានេះ បានបើកសវនាការរូបលោកក្រោមបទចោទ«ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម» តាមមាត្រា ៤៣៧ មាត្រា៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ និងបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» ប្រព្រឹត្តនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៤។ ការដាក់ក្តីរំពឹងនេះ ដ្បិតលោកយល់ថា អង្គសវនាការកាលពីព្រឹកមិញ អង្គចៅក្រមជំនុំជម្រះ ហាក់គ្មានភស្ដុតាងថ្មីសម្រាប់ដាក់បន្ទុកលោក និងបានផ្ដល់ឱកាសឱ្យបានបកស្រាយរឿងរ៉ាវ ជុំវិញការពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ «ញុះញង់» និងបទ «មិនរាងចាល»។

សម្រាប់ទិដ្ឋភាពក្នុងបន្ទប់សវនាការនៅថ្ងៃនេះ គេសង្កេតឃើញមានការចូលរួមឃ្លាំមើលពីមន្រ្តីស្ថានទូតអង់គ្លេស ស្ថានទូតអាមេរិក អង្គការសិទ្ធិមនុស្សជាតិ និងអង្គការសហប្រជាជាតិ (UN) ផងដែរ។ ដោយឡែក ទិដ្ឋភាពនៅខាងក្រៅសវនាការវិញ មានផងដែរសមាជិកសមាជិការបស់គណបក្សកម្លាំងជាតិប្រមាណជា ៥០នាក់ បានមកគាំទ្រ និងលើកទឹកចិត្តលោក រ៉ុនង ឈុន។ ទន្ទឹមគ្នានេះ ក៏មានការរឹតបន្តឹងសណ្តាប់ធ្នាប់ ដោយមានការដាក់របាំងលើផ្លូវឆ្លងកាត់ខាងមុខតុលាការ ដោយមានកងកម្លាំងនគរបាលក្នុងឯកសណ្ឋាន និងនគបាលស៊ីវិលប្រមាណ ៥០នាក់។

ក្រោយចំណាយពេលជិត ៤ម៉ោងក្នុងបន្ទប់សវនាការលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ថ្លែងប្រាប់អ្នកសារព័ត៌មានពេលចេញពីសវនាការថា ចៅក្រមបានសួរដេញដោលលោកចំនួន ៤ចំណុច ទីមួយ ពាក់ព័ន្ធនឹងការផ្ដល់បទសម្ភាសន៍របស់លោកដល់វិទ្យុអាស៊ីសេរីទាក់ទងរឿងនាយករដ្ឋមន្ត្រីចុះទៅតំបន់ព្រំដែន។ ទីពីរ ពាក់ព័ន្ធសកម្មភាពលោកចុះទៅសួរសុខទុក្ខពលរដ្ឋដែលរងគ្រោះដីធ្លីនៅបឹងតាមោក និងទីបី ពលរដ្ឋរងគ្រោះដីធ្លីនៅព្រលានយន្តហោះថ្មី ហើយទីបួនពាក់ព័ន្ធនឹងសកម្មភាពសម្ពោធស្នាក់ការថ្មីរបស់គណបក្សកម្លាំងជាតិនៅស្រុកកោះធំ។

បន្ទាប់ពីសួរដេញដោលចំណុចទាំងនោះអស់រួចហើយ លោកថា ចៅក្រមជំនុំជម្រះ មិនទាន់សម្រេចលទ្ធផលអ្វីនៅឡើយ ទេ ប៉ុន្តែចៅក្រមជំនុំជម្រះ នឹងសម្រេចប្រកាសសាលក្រមសំណុំរឿងលោកនៅថ្ងៃទី៥ ខែឧសភាខាងមុខនេះ។

 

លោក រ៉ុង ឈុន៖ «ករណីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប៉ុន្តែការដែលចោទប្រកាន់នេះខ្ញុំបានបដិសេធ យើងមិនបានធ្វើដូចការចោទប្រកាន់នោះទេ គ្រាន់តែប្រើប្រាស់សិទ្ធិក្នុងការលើកឡើងស្វែងរកយុត្តិធម៌ជូនពលរដ្ឋ ជូនសង្គមជាតិតែប៉ុណ្ណឹងទេ»។

ថ្វីត្បិតសវនាការជំនុំជម្រះនេះ មិនទាន់មានលទ្ធផលនៅឡើយ ប៉ុន្តែលោក រ៉ុង ឈុន នៅតែអះអាងជំហររបស់ខ្លួនថា នឹងបន្តធ្វើសកម្មភាពនយោបាយដដែល ទោះបីរងការគំរាមកំហែង និងត្រូវជាប់ឃុំក្នុងពន្ធនាគារម្ដងទៀតក្ដី។

លោក រ៉ុង ឈុន៖ «បើខ្ញុំមើលទិដ្ឋភាពសវនានៅព្រឹកនេះ ខ្ញុំមានសង្ឃឹមថាតុលាការនឹងផ្តល់យុត្តិធម៌ឱ្យខ្ញុំ ហើយបើយើងពិនិត្យមើលអង្គហេតុ អង្គច្បាប់ វាអត់មានអ្វីដែលកើតឡើងដូចការលើកឡើងនោះទេ។ អ៊‌ីចឹងខ្ញុំសង្ឃឹមថានៅថ្ងៃទី៥ វេលាម៉ោង៨ព្រឹកខែ៥ហ្នឹង លទ្ធផលនឹងផ្តល់យុត្តិធម៌ ផ្តល់សេរីភាពដល់ខ្ញុំ ហើយនិងទម្លាក់បទចោទដល់រូបខ្ញុំ»។

ជាងនេះក្ដីសង្ឃឹមជាវិជ្ជមានមួយទៀត ដោយទីប្រឹក្សារូបនេះមើលឃើញថា ចៅក្រមជំនុំជម្រះ បានផ្ដល់ឱកាសឱ្យលោកបានបកស្រាយ និងឱ្យលោកសំណូមពរស្នើសុំចៅក្រមទម្លាក់ចោលបទចោទ និងផ្ដល់យុត្តិធម៌ ហើយនិងសេរីភាពពេញលេញជូនរូបលោក។

ដោយលោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលមកចូលរួមឃ្លាំមើលក្នុងសវនាការនេះ មើលឃើញថា ចំណុចដែលចៅក្រមបានសួរដេញដោលលោក រ៉ុង ឈុន នោះ សុទ្ធតែជាចំណុចដែលលោក រ៉ុង ឈុន អនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសម្ដែងទស្សនៈក្នុងនាមជាអ្នកនយោបាយ ដោយមិនមានសកម្មភាពណាមួយឈានដល់បទញុះញង់ឡើយ។

លោក នី សុខា៖  «ខ្ញុំគ្រាន់តែថាដើម្បីលើកកម្ពស់សិទ្ធិសេរីភាព ក៏ដូចជាសង្គមយើង គឺជាសង្គមប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះខ្ញុំគិតថាដំណោះស្រាយដែលល្អគឺ មានតែការទម្លាក់ចោលនូវការចោទប្រកាន់ទៅលើលោក រ៉ុង ឈុន ឱ្យគាត់មានសេរីភាព ដើម្បីចូលរួមចំណែកក្នុងការធ្វើនយោបាយ ហើយក៏បង្ហាញពីការស្តារឡើងវិញនូវសេរីភាពរបស់ប្រជាពលរដ្ឋ សង្គមប្រជាធិបតេយ្យ ដែលយើងឃើញថាកំពុងតែមានបញ្ហារិះគន់ច្រើនពីសាធារណៈមតិជាតិ និងអន្តរជាតិ ដែលថាកំពុងតែមានការធ្លាក់ចុះ»។

ជុំវិញរឿងនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីកន្លងមកថា បើលោក រ៉ុង ឈុន មិនមានពិរុទ្ធភាព នោះតុលាការនឹងមិនអាចចោទប្រកាន់បានឡើយ។ អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ សង្កេតឃើញថា អ្នកនយោបាយមួយ នៅពេលតុលាការចោទប្រកាន់ពីបទល្មើស ពួកគេតែងចាត់ទុកថាជារឿងនយោបាយទៅវិញ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០២០ លោក រ៉ុង ឈុន អតីតមេដឹកនាំសហជីព និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្លាប់ត្រូវបានអាជ្ញាធរចាប់ខ្លួន ដោយចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់» បន្ទាប់ពីលោកបានចុះទៅខេត្តត្បូងឃ្មុំ និងជួបប្រជាពលរដ្ឋដែលអះអាងថា ដីរបស់ពួកគេត្រូវបានអាជ្ញាធរវៀតណាមហាមមិនឱ្យចូលធ្វើស្រែចំការ និងមានការបោះបង្គោលព្រំដែនចូលទឹកដីកម្ពុជា។

លោកក៏ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ហើយត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ ក្រៅពីជាប់ពន្ធនាគារលោក រ៉ុង ឈុន និងសកម្មជនសង្គម ២នាក់ទៀត ដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះ ត្រូវបង្គាប់ឱ្យរួមគ្នាសងសំណងខូចខាតសរុប ៤០០លានរៀល ឬស្មើនឹង ១០ម៉ឺនដុល្លារអាមេរិក ទៅដល់គណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជាដែលជាស្ថាប័នទទួលខុសត្រូវក្នុងការត្រួតពិនិត្យការបោះបង្គោលព្រំដែនរបស់ប្រទេសកម្ពុជា៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង