en     km
en     km

តាម៉ាល៖ ស្ត្រីជនជាតិដើមភាគតិចត្រូវតែក្លាហានដើម្បីខ្លួនឯង និងសហគមន៍

Share

អ្នកស្រី រម៉ាម តាម៉ាល ថ្លែងក្នុងសិក្ខាសាលាមួយនៅខេត្តរតនគិរី ដែលរៀបចំដោយWMC

ក្នុងនាមស្ត្រីជនជាតិដើមភាគតិចម្នាក់រស់នៅតំបន់ភាគឦសាននៃប្រទេសកម្ពុជាដែល​រងគំ​នាបច្រើនទាំងផ្នែកទំនៀមទម្លាប់ប្រពៃណី ទឹកដីភូមិសាស្ត្រ ឯឱកាសទទួលបានការសិក្សាក៏តិចថែមទៀតនោះស្ត្រីជនជាតិដើមចារ៉ាយម្នាក់បានស្ម័គ្រចិត្តបំពេញការងារជាអ្នកព័ត៌មាន។ រាយការណ៍អំពីបញ្ហាជាច្រើនដែលត្រូវបានគេមើលរំលង ហើយធ្វើជាគំរូជួយលើកទឹកចិត្ត ពង្រឹងភាពក្លាហានដល់ស្ត្រីដ៏ទៃទៀត ជាសកម្មភាពបង្កើតភាពរីករាយដល់នាង ឱ្យបំពេញការងារដោយមិនផ្តោតលើប្រាក់ចំណូលជាចម្បង។ លោក គីម ចាន់ចាវ រាយការណ៍

 

រម៉ាម តាម៉ាល បានរៀបរាប់បញ្ជាក់ថា៖ «ខ្ញុំសម្រេចចិត្តធ្វើជាអ្នកសារព័ត៌មានក្នុងសហគមន៍ហ្នឹង ចង់ឱ្យអ្នកផ្សេងគាត់ឃើញពីព័ត៌មានសហគមន៍ ដូចបញ្ហាណា? មិនបានដោះស្រាយរងការអយុត្តិធម៌។ ពីមុនមកមានការរំលោភបំពានទៅលើស្ត្រី អញ្ចឹងវាធ្វើឱ្យគ្រួសារម្នាក់ហ្នឹង! ជនរងគ្រោះគាត់អត់ហ៊ាន! គាត់អត់ហ៊ានទៅប្តឹងអីចឹងទៅ គាត់អត់ដឹងថាទៅពឹងពីណា?»

ស្ថិតក្នុងវ័យ ២៥ឆ្នាំ ជាពលរដ្ឋរស់នៅក្នុងភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី ដែលទទួលបានការសិក្សាត្រឹមថ្នាក់ទី១២ បច្ចុប្បន្នអ្នកស្រី តាម៉ាល បានរៀបការ ក្លាយជាម្តាយរបស់កូនស្រីម្នាក់ទៅហើយ។ ប៉ុន្តែនាងនៅតែចូលរួមយ៉ាងសកម្មក្នុងការសរសេរព័ត៌មានបង្ហាញអំពីបញ្ហាផ្សេងៗដែលកើតឡើងនៅក្នុងតំបន់ដែលខ្លួនរស់នៅ បន្ថែមលើការងារធ្វើស្រែចម្ការ និងរបរលក់ដូរបន្តិចបន្តួចនៅផ្ទះ។ ធ្វើការបណ្តើរ ឆ្លៀតមើលថែកូនតូចផង ហើយលៃពេលរៀនជំនាញនានាពាក់ព័ន្ធនឹងវិស័យសារព័ត៌មានក្នុងពេលដំណាលគ្នា តើស្ត្រីជនជាតិដើមចារ៉ាយម្នាក់នេះដោះស្រាយបញ្ហាដោយរបៀបណា?

អ្នកស្រី តាម៉ាល បានរម្លឹងអំពីការតស៊ូបំពេញចំណេះដឹងរបស់ខ្លួនថា៖ «​ខ្ញុំចង់រៀន ចង់ទទួលបានចំណេះដឹង ចេះតែចង់ចេះទៅ។ កាលហ្នឹង! ខាងសមាគមអាដហុក! អង្គការអាដហុកគាត់ហៅទៅរៀនចឹង! ពេលចេញពីប្រជុំម៉ោង ៥ ក៏ជិះមកផ្ទះ មកដល់កន្លែងអូយ៉ាដាវហ្នឹង ខ្ញុំជិះពីរនាក់កូនវារាងងងឹតៗម៉ោង ៦ អីអ៊ីចឹង។ មានឡានធំនៅពីមុខក៏បើកហ្វា យើងរវល់ចាំងភ្នែក យើងជិះទៅអៀបផ្លូវកៀន ខូចក្រឡាចអាផ្លូវហ្នឹងធ្វើឱ្យយើងដួលពីរនាក់កូន។ អត់បារម្ភពីខ្លួនឯងទេ បារម្ភតែពីកូន យំខ្លាចកូនឈឺ ខ្ញុំក៏តេមកប្ដី ឱ្យប្ដីមកយក។ ប្តីគាត់បារម្ភ សួរថាម៉េចហើយរបួសត្រង់ណាខ្លះ? គាត់បីកូន ហើយជួយលួងកូនអីទៅ។ គាត់ថាបើសិនជាលើកក្រោយទៀតគាត់អត់បណ្តោយឱ្យមកម្នាក់ឯងទៀតទេ គាត់នឹងទៅជាមួយ»។

ស្ត្រីអ្នកព័ត៌មានជនជាតិដើមភាគតិចរូបនេះបានអះអាងថា ការជំនះនឹងឧបសគ្គលំបាកៗដើម្បីទទួលបានចំណេះដឹងហាក់ក្លាយជារូបភាពធម្មតាទៅហើយក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃរបស់អ្នកស្រី។ អ្នកស្រីបានថ្លែងរម្លឹកអំពីរឿងរ៉ាវពីអតីតកាលថា ទម្រាំបានរៀនចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិអ្នកស្រីតែងជួបរឿងរកាំរកូសជាច្រើនដងជាមួយឪពុកម្តាយ។ ឪពុកអ្នកស្រីបារម្ភជាខ្លាំងអំពីសុវត្ថិភាពកូនស្រីដែលត្រូវធ្វើដំណើរឆ្ងាយផ្ទះរហូត ៩៣គីឡូម៉ែត មករៀននៅវិទ្យាល័យឯទីរួមខេត្ត។ តែដើម្បីកូនមានចំណេះចុងក្រោយពួកគាត់ក៏សម្រេចជួលផ្ទះគេឱ្យស្នាក់នៅ ហើយតម្រូវឱ្យត្រលប់ទៅផ្ទះវិញ តែថ្ងៃសម្រាកចុងសប្តាហ៍ ឬពេលវិស្សមកាលប៉ុណ្ណោះ។

អ្នកស្រី តាម៉ាល បានពន្យល់ថា៖ «កាលរៀននៅអនុវិទ្យាល័យនៅត្រឹមអូរយ៉ាដាវ ត្រឹមស្រុក តែវិទ្យាល័យហ្នឹងនៅភូមិថ្មី បានលុង នៅសាលាហ៊ុនសែនភូមិថ្មីបានលុង។ មួយទៀតខ្ញុំចង់ឱ្យមានការផ្លាស់ប្ដូរផ្នត់គំនិតចាស់ពីដើមៗមកដែរ។ ចាស់ពីដើមៗមកគាត់គិតថាស្ត្រីវិលចង្ក្រានមិនជុំអ៊ីចឹងទៅណា! វិលតែ​ចង្ក្រានទេ តែស្ត្រីធ្វើអីអត់បានចឹងណា៎»។

ធ្វើជាប្តីដែលតែងផ្តល់នូវការយល់ចិត្ត និងជួយលើកទឹកចិត្តប្រពន្ធជាប្រចាំ លោក សល់ ប៊ុនធាន បានអះអាងថា លោកតែងមានអារម្មណ៍រីករាយ និងមានមោទកភាពណាស់ដែលប្រពន្ធរបស់ខ្លួនអាចមានភាពរឹងមាំអាចប្រកៀកស្មាជាមួយប្តីដឹកនាំគ្រួសារបានល្អ។ លោកថា អាជីពជាអ្នកសារព័ត៌មានបានជួយប្រពន្ធរបស់លោកឱ្យទទួលបានចំណេះដឹងថ្មីៗជាប្រចាំ។ មិនត្រឹមជួយខ្លួនឯង និងគ្រួសារ តែតាមរយៈការងារ ប្រពន្ធរបស់លោកបានក្លាយជាចំណែកសំខាន់មួយ ជួយជម្រុញឱ្យបញ្ហាមួយចំនួនដែលបានកើតឡើងក្នុងសហគមន៍ទទួលបាននូវដំណោះស្រាយផងដែរ។

លោក ប៊ុនធាន បានបញ្ជាក់បន្ថែមថា៖ «ធ្លាប់មានអារម្មណ៍ចឹងដែរ ភិតភ័យទី១ ការនិយាយស្ដីរបស់គាត់អាចធ្វើឱ្យប៉ះពាល់ ខ្លាចវាមានបញ្ហាដល់គ្រួសារអីអ៊ីចឹង! ទី២ យើងខ្លាចកើតរឿងដែលគាត់ធ្វើដំណើរជិតឆ្ងាយអី។ យើងទុកចិត្តគ្នា! យើងអត់សូវប្រកាន់ទេអារឿងខ្លាចគាត់! ដូចគាត់រឹងមាំពេកចឹង! គាត់មានចំណេះដឹងពេកទៅខ្លាចរាងលើយើងចឹង! អាចជាន់យើង មើលងាយយើងអី! ខ្ញុំអត់ដែលគិតគាត់ចឹងផង។ អាហ្នឹងវាអាស្រ័យលើគាត់! គាត់ស្រលាញ់ខាងហ្នឹង (អ្នកសារព័ត៌មាន) ហើយ! ចឹងក៏ចូលរួមជួយគាំទ្រគាត់ចឹង»។

ប្រហាក់ប្រហែលគ្នានឹងការលើឡើងរបស់លោក សល់ ប៊ុនធាន អ្នកព័ត៌មានស្ម័គ្រចិត្តជនជាតិដើមភាគតិចចារ៉ាយម្នាក់ទៀត លោក ប៉ូយ ភោរ បានអះអាងថា បើគិតរហូតមកដល់បច្ចុប្បន្ននេះ លោកបានបំពេញការងារជាមួយអ្នកស្រី តាម៉ាល ក្នុងសកម្មភាពការងារស្ម័គ្រចិត្តនានា និងនៅវិទ្យុសហគមន៍ជនជាតិដើមភាគតិចចារ៉ាយប្រមាណ ៣ឆ្នាំមកហើយ។ លោកថា តាម៉ាល គឺជាស្ត្រីម្នាក់ដែលមានភាពអំណត់ក្នុងការងារខ្ពស់ មិនត្រឹមធ្វើការងាររាយការណ៍ព័ត៌មានដោយស្ម័គ្រចិត្តគ្មានប្រាក់កម្រៃដើម្បីជួយសហគមន៍ តែពេលខ្លះអ្នកស្រីថែមទាំងធ្វើជាមេក្រុមជួយដឹកនាំការងារបុរសៗផងដែរ។ លោក ភោរ បានបន្ថែមថា សម្រាប់ស្ត្រីជនជាតិដើមភាគតិចដែលរៀបការហើយ នៅអាចរក្សាបុគ្គលិកលក្ខណៈក្លាហាន តស៊ូពុះពារ មានសមត្ថភាពបំពេញការងាររណ្ដំត្រសងជាមួយបុរសបានដូចនាង គឺជារឿងកម្រកើតមានណាស់។

លោក ភោរ បានបន្តថា៖ «ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត ហើយណាមួយខ្ញុំមិនដែលឃើញស្ត្រីមានការតស៊ូ។ ភាគច្រើនស្ត្រីជនជាតិដើមភាគតិចយើងនៅពេលដែលគាត់មានប្ដីហើយ គឺគាត់ឈប់ធ្វើសកម្មភាពជាមួយសហគមន៍។ តែនេះគឺ ខ្ញុំឃើញថាគាត់ខុសពីស្ត្រីផ្សេងទៀត ដែលគាត់ទាំងមានប្ដី មានកូនហើយ គាត់នៅស្ម័គ្រចិត្តធ្វើការងារសហគមន៍។ ជួនកាលគាត់ជាអ្នកដឹកនាំក្រុម គាត់ដឹកនាំក្រុមបានល្អ ហើយសម្របសម្រួលក្រុមបានល្អ។ កម្លាំងតស៊ូរបស់ស្ត្រីវាមានប្រសិទ្ធភាពជាងបុរសអីចឹង! នៅពេលដែលបុរសតស៊ូទៅ គេអត់សូវជាខ្លាចទេ។ នៅពេលដែលកម្លាំងតស៊ូរបស់មនុស្សស្រីកើនឡើង គឺវាមានប្រសិទ្ធភាពច្រើនជាង»។

របាយការណ៍មួយចំនួនដែលផ្សព្វផ្សាយដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍបានបញ្ជាក់ថា ​អង្គការសហប្រជាជាតិ​ បានធ្វើការ​កំណត់យក​ឆ្នាំ​២០២២​ ជា​ទិវា​អន្តរជាតិ​ជនជាតិ​ដើម​ភាគតិច​ពិភពលោក។ ទិវានេះត្រូវបានប្រារព្ធឡើងក្រោម​ប្រធានបទ​ “​តួនាទី​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ក្នុង​ការ​អភិរក្ស​ និង​ផ្ទេរ​ចំណេះដឹង​ប្រពៃណី​”​។​ តាមរយៈប្រធានបទ​នេះ គេ​បាន​ទទួលស្គាល់​ថា ​ស្ត្រី​មាន​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បន្តវេន​ ក៏​ដូច​ជា​ការ​រស់នៅ​របស់​សហគមន៍​ជនជាតិ​ដើម​ភាគតិច​។​ សម្រាប់ប្រទេសកម្ពុជា កម្ពុជាមានជនជាតិ​ដើម​ភាគតិច​រស់នៅ​ប្រមាណពី​ ២៥ម៉ឺននាក់​ ទៅ​ ៤០ម៉ឺន​នាក់​ ដោយក្នុងចំណោមនោះមានស្ត្រី​ចំនួនប្រមាណ ៥១​ភាគរយ​។​ បើតាមរបាយការណ៍នេះ ពលរដ្ឋជនជាតិដើមភាគតិចសរុបមានចំនួនស្មើនឹង​ ២​ ទៅ​ ៣​ ប៉ុណ្ណោះ​នៃ​ចំនួនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងប្រទេស​កម្ពុជា​។​ បន្ថែមលើនេះ ក្រសួង​អភិវឌ្ឍន៍ជនបទក៏​បាន​ទទួលស្គាល់សហគមន៍​​ជនជាតិ​ដើម​ភាគតិច​ប្រមាណ​ ១៥៥​ សហគមន៍​នៅ​ទូ​ទាំង​ប្រទេស​ផងដែរ។​

ទាក់ទងនឹងការចាប់អាជីពជាអ្នកសារព័ត៌មានរបស់ស្ត្រីជនជាតិដើមភាគតិចចារ៉ាយរស់នៅក្នុងភូមិឡុំ នាឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី លោក សល់ សឿន ជាមេភូមិបានថ្លែងរៀបរាប់ថា លោកតែងចូលរួមគាំទ្រជានិច្ច ស្ត្រីក្លាហានហ៊ានធ្វើការរាយការណ៍អំពីបញ្ហានានាដែលកើតមាននៅក្នុងសហគមន៍។ បន្ថែមលើនេះ រាល់ពេលមានការប្រជុំប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ លោកមិនភ្លេចទេ និយាយលើកទឹកចិត្តស្ត្រីជាជនជាតិដើមគ្រប់រូបដែលបានធ្វើការងារស្ម័គ្រចិត្ត គិតដល់ប្រយោជន៍រួមជួយដល់សហគមន៍។ លោកសឿនបានថ្លែងបញ្ជាក់ថា ភូមិរបស់លោកមានប្រជាពលរដ្ឋរស់នៅសរុបចំនួន ៤៨៧គ្រួសារ តែជនជាតិដើមភាគតិចមានតែចារ៉ាយតែមួយប៉ុណ្ណោះ ហើយក៏មានស្ត្រីជាជនជាតិដើមភាគតិចតែ ២នាក់ ទេដែលធ្វើការងារស្ម័គ្រចិត្តជាអ្នកសារព័ត៌មាន។

លោក សឿន បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា៖ «ខ្ញុំគាំទ្រតើមានអី! គាំទ្រពួកគាត់ធ្វើតើ! ពួកគេរៀនមែន គេចេះមែន អក្សរក៏ចេះ តែការធ្វើការផ្សព្វផ្សាយអីគាត់មិនសូវចេះប៉ុន្មានដែរ។ ខ្ញុំចង់ឱ្យមានអង្គការអីខ្លះជួយពួកគាត់ផងទៅ ឱ្យពួកគាត់ចេះខ្លាំងជាងហ្នឹងទៀត។ ខាងវិទ្យុគេហ្នឹង គេផ្សព្វផ្សាយព័ត៌មានដូចថា សម្ភាសន៍តាមភូមិអីចឹងទៅណា៎។ មានអី គាត់ផ្សព្វផ្សាយល្អតើ មានអាក្រក់ឯណា?»។

អនុប្រធានការិយាល័យទូរទស្សន៍នៃមន្ទីរព័ត៌មានខេត្តរតនគិរី លោកស្រី ធិន សៅអ៊ុន បានមានប្រសាសន៍ថា ស្ត្រីធ្វើការក្នុងវិស័យព័ត៌មាននៅខេត្តរតនគិរីពុំសូវមានចំនួនច្រើនទេ ឯស្ត្រីជនជាតិដើមភាគតិចដែលធ្វើការជាអ្នកសារព័ត៌មានក៏កាន់តែមានតិចថែមទៀត។ បច្ចុប្បន្នមន្ទីរព័ត៌មានខេត្តរតនគិរីមានបុគ្គលិកបម្រើការងារសរុបប្រមាណជាង ៣០នាក់ ប៉ុន្តែស្ត្រីមានចំនួនប្រមាណតែ ៤០% ទេ ហើយស្ត្រីដែលបំពេញការងារជាអ្នកអានព័ត៌មានសម្រាប់ជនជាតិដើមភាគតិចក៏មានត្រឹម ២នាក់ ប៉ុណ្ណោះ។ លោកស្រីថា មូលហេតុចម្បងដែលធ្វើឱ្យស្ត្រីជនជាតិដើមពុំអាចចូលរួមធ្វើការក្នុងវិស័យព័ត៌មានបានច្រើន ព្រោះស្ត្រី និងក្មេងស្រីភាគច្រើនទទួលបានការអប់រំតិចតួច។

លោកស្រី សៅអ៊ុន បានពន្យល់ថា៖ «នៅតាមជនបទស្ត្រីដែលជាកុមារី គឺភាគច្រើនគឺគាត់អត់បានទៅរៀនបានឆ្ងាយទេ បានតែអ្នកដែលគាត់ពុះពារព្យាយាម ជំនះពីអ្នកមជ្ឈដ្ឋានខាងក្រៅទើបគាត់បានរៀនខ្ពស់។ ដោយសារតែមានគ្រួសារលឿនពេក អត់មានឱកាសក្នុងការរៀនសូត្រ ហើយមួយទៀតបណ្តាញសង្គមឥលូវវាទូលំទូលាយពេក។ អញ្ចឹងភាគច្រើនក្មេងៗជានារី គឺគាត់តាមដានសង្គម ហើយដល់តែរឿងក្នុងសង្គមពេលខ្លះគាត់មើលទៅ គាត់ភ្លើតភ្លើនទៅតាមហ្នឹងទៅណា៎។ ដល់ពេលអញ្ចឹងធ្វើឱ្យគាត់រៀនអត់បានខ្ពស់។ ហើយបើតាមជនបទវិញ អ្នកដែលនៅទីរួមស្រុកគឺគាត់នៅជិតសាលា តែបើអ្នកនៅតាមជនបទដាច់ស្រយាល គឺនៅឆ្ងាយដូចគ្នា»។

រតនគិរី គឺជាខេត្តមួយស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងកើតជាប់នឹងប្រទេសវៀតណាម ខាងលិចជាប់ខេត្តស្ទឹងត្រែង ខាងជើងជាប់ប្រទេសឡាវ និងខាងត្បូងជាប់ខេត្តមណ្ឌលគិរី។ ជនជាតិ​ដើម​ភាគតិច​ចារ៉ាយ គឺជា​ជនជាតិ​ដើម​ភាគតិច​មួយ ស្ថិតក្នុងចំណោម​ជនជាតិ​ដើម​សរុបចំនួន ២៤​អំបូរ ​នៅ​កម្ពុជា​។ ផ្អែកតាម​ទិន្នន័យ​របស់​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា បានបង្ហាញថា ជនជាតិ​ដើមភាគតិច​ចារ៉ាយ​នៅ​កម្ពុជា មាន​ចំនួន​សរុបប្រមាណ ៣​ម៉ឺន​នាក់ (២៥.២៦២)។ ជនជាតិដើមចារ៉ាយ ពុំ​មាន​ជំនឿ​លើ​សាសនា​ឡើយ ប៉ុន្តែ​ពួកគេ​រស់នៅ​មាន​ជំនឿ​លើ​អា​រុក្ខ​អារក្ខ អ្នកតា ដែល​ថែរក្សា​ព្រៃ ភ្នំ ទន្លេ និង​ពិធីសែនព្រេន​ជាដើម ។ ឯ​ការរស់នៅ គឺ​អាស្រ័យ​ផល​ និងពឹងផ្អែកលើធនធាន​ធម្មជាតិ ​ការ​ធ្វើ​កសិកម្ម​លើ​ដី​ចំការ​វិល​ជុំ ក្រោម​រូបភាព​ជា​ដី​សមូហភាព។ ឯរបាយការណ៍ស្តីពី បញ្ហាប្រឈមរបស់ស្ត្រីជនជាតិដើមភាគតិច ក្នុងការចូលរួមគ្រប់គ្រងដីធ្លី និងធនធានធានធម្មជាតិនៅកម្ពុជា នាអំឡុងឆ្នាំ២០២៤ ដែលត្រូវបានផ្សព្វផ្សាយដោយសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ក៏បានបង្ហាញដែរថា ស្ត្រីជនជាតិដើមភាគតិចគឺជាអ្នកដើរតួនាទីយ៉ាងសំខាន់ចំពោះការរក្សាតុល្យភាពក្នុងការរស់នៅរបស់សហគមន៍ពួកគេ។ បើតាមរបាយការណ៍ដដែលនេះ លទ្ធផលនៃការស្រាវជ្រាវផ្តោតលើភូមិសរុបចំនួន ១៤ ស្ថិតនៅក្នុងខេត្តចំនួន ៦ រួមមានខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី​ បានបញ្ជាក់ថា ស្ត្រីជនជាតិដើមភាគតិចនៅតែជាតួអង្គដែលមិនអាចខ្វះបានក្នុងការលើកកម្ពស់ ថែរក្សា និងធ្វើឱ្យរស់ឡើងវិញនូវចំណេះដឹងប្រពៃណី និងការគ្រប់គ្រងដីធ្លី ព្រមទាំងធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ៕

អត្ថបទព័ត៌មាន ផលិតដោយ អ្នកស្រី ឃុន វ៉ាន់ដា និងអ្នកស្រី កាតាក់  សាម៉ាត់

ឧបត្ថម្ភការផលិតដោយ International Media Support (IMS)

 

Share

ព័ត៌មានទាក់ទង