ពលករជាស្ដ្រីម្នាក់មកពីខេត្តកំពង់ធំ រងរបួសបាក់ជើង ដោយសារជួបគ្រោះរញ្ជួយដីនៅប្រទេសថៃ អំពាវនាវអាជ្ញាធរជួយអន្តរាគមន៍ និងផ្ដល់កិច្ចគាំពារ ក្រោយត្រលប់មកខ្មែរវិញមិនមានលទ្ធភាពព្យាបាលរបួសជើង។ យ៉ាងណាក្រសួងការងារ និងអង្គការដែលធ្វើការងារជាមួយពលករខ្មែរនៅថៃ កំពុងប្រតិបត្តិការជាមួយសមត្ថកិច្ចថៃ កំណត់អត្តសញ្ញាណពលករខ្មែរដែលរងគ្រោះ និងស្វែងរកពលករផ្សេងទៀតដែលបាត់ខ្លួនក្នុងគំនរអគារដួលរលំ។ លោក គីម ចាន់ចាវ រាយការណ៍
គ្រោះរញ្ជួយដីដែលបាក់រលំអគារមួយខ្នងនៅទីក្រុងបាងកក មានទាំងជនជាតិថៃ ពលករខ្មែរ និងពលករបរទេសផ្សេងទៀត បានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ តាមរបាយការណ៍នាយកដ្ឋានបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងមហាផ្ទៃថៃ នៅថ្ងៃទី២៩ ខែមីនានេះ រកឃើញអ្នកស្លាប់មានចំនួន ៩នាក់ អ្នករបួសមានចំនួន ៩នាក់ និងអ្នកបាត់ខ្លួនមានចំនួន ១០១នាក់ ខណៈចំនួនទាំងនោះក្រសួងការងារជូនដំណឹងថា មិនទាន់ដឹងអត្តសញ្ញាណពីសមត្ថកិច្ចថៃនៅឡើយ។
អ្នកស្រី សឿន សំណាង ពលករដែលរងគ្រោះដោយសាររញ្ជួយដីនៅប្រទេសថៃ ប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី៣១ ខែមីនាថា ក្រុមជួយសង្គ្រោះបានជួយអ្នកស្រីពីគំនរអគារដួលរលំនេះ កាលពីថ្ងៃទី២៩ ខែមីនា ដោយសភាពរងរបួសធ្ងន់បាក់ជើងឆ្វេង។ ក្រោយមកអ្នកស្រីក៏ត្រូវបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសថៃ តែដោយសារគ្មានលទ្ធភាពសម្រាកព្យាយាល ក៏សម្រេចចិត្តត្រឡប់មកប្រទេសកំណើតវិញ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។
មានស្រុកកំណើតមកពីនៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកបា្រសាទបល្ល័ង្ក ខេត្តកំពង់ធំ អ្នកស្រី សំណាង ដែលមានវ័យ ៤៤ឆ្នាំ លើកឡើងពីមូលហេតុដែលបណ្ដាលឱ្យអ្នកស្រី និងគ្រួសារ ទៅធ្វើការជាពលករចំណាកស្រុកនៅប្រទេសថៃ ដោយសារគ្រួសារជាប់បំណុលធនាគារជាង ១ម៉ឺនដុល្លារ ដែលខ្ចីយកមកទិញដីស្រែចម្ការ។ លុយជាង ១ម៉ឺនដុល្លារនេះ អ្នកស្រីកំណត់រយៈពេល ៨ឆ្នាំ ដើម្បីបង់សងទៅកាន់ធនាគារក្នុងមួយខែបង់ ១លាន ៥០ម៉ឺនរៀល។
អ្នកស្រី សឿន សំណាង៖ «ខ្ញុំរត់ទៅរកស៊ីនឹងគេ បើលក់អីក៏របស់ថ្លៃ លក់លែងដាច់ហើយ វាអត់មានអីដោះស្រាយបង់អង្គការ ខ្ញុំសម្រេចបង់អង្គការចុះធ្វើម៉េចអាចដោះស្រាយបង់អង្គការ សុទ្ធចិត្តថាចោលកូនចោលចៅ»។
ដោយស្ថានភាពរបរលក់នំមិនសូវដាច់ផង រួមផ្សំធ្វើស្រែចម្ភារក៏មិនអំណោយផលទៀត ដូច្នេះធ្វើឱ្យគ្រួសារអ្នកស្រីមិនមានលទ្ធភាពសងប្រាក់ទៅកាន់ធនាគារ ក៏សម្រេចចិត្តខ្ចីលុយឯកជនពីក្រៅបន្ថែម ដើម្បីធ្វើលិខិតឆ្លងដែន និងធ្វើដំណើរចំណាកស្រុកទៅប្រទេសថៃជាមួយស្វាមី និងកូនប្រុសម្នាក់ ហើយទុកឱ្យកូនស្រីម្នាក់នៅផ្ទះ ដើម្បីបន្តការសិក្សា។ តែអកុសលទៅធ្វើការជាកម្មករសម្អាតបានជាង ១០ថ្ងៃ ក៏ជួបគ្រោះរញ្ជួយដី និងបណ្ដាលឱ្យបាក់ជើងខាងឆ្វេង។
អ្នកស្រី សឿន សំណាង៖ «សម្រេចចិត្តនៅក៏មិនដឹងរកអី ដូចថាវាពិបាកពេក ធ្វើការក៏វាមិនបានលុយ ខ្ញុំសុខចិត្តថានាំកូនមកថៃគេថាការងារស្រួល ខ្ញុំក៏សម្រេចចិត្តធ្វើលិខិតឆ្លងដែនមកថៃទៅ គ្រាន់ថាវាបានអាចដោះស្រាយជីវភាព តែទៅមិនទាន់បានមួយខែផង បែរជាជួបឧបទ្ទវហេតុ អស់ទាំងលុយទៅ អស់ទាំងលុយមកហ្នឹងឯង»។
ចំណែកលោក លឹម សុផុន មន្ត្រីគម្រោងទទួលបន្ទុកពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ ប្រចាំនៅប្រទេសថៃ បញ្ជាក់ប្រាប់ដែរថា ក្រោយពីជួបគ្រោះរញ្ជួយដីហើយ ទាំងអគារចាស់ និងអគារថ្មី ហើយនិងអគារដែលកំពុងសាងសង់ មានសភាពខ្លះប្រេះស្រាំ ខ្លះទៀតសភាពទ្រេត។ អគារដែលមានសភាពបែបនេះ នៅខាងក្នុងសុទ្ធតែជាពលករខ្មែររស់នៅ និងធ្វើការ។
ដោយឡែកអគារដែលដួលរលំដោយរញ្ជួយដីកន្លងមកនេះ មានទាំងជនជាតិថៃ ពលករខ្មែរ និងពលករប្រទេសផ្សេងទៀត ដែលធ្វើការក្នុងអគារនោះ សរុបប្រមាណជាង ៣០០នាក់ ហើយមកដល់ពេលនេះ អាជ្ញាធរថៃកំពុងរុករកពលករបាត់ខ្លួនបន្តទៀតក្នុងអគារបាក់រលំនេះ។ បើគិតត្រឹមថ្ងៃទី៣០ ខែមីនានេះ លោកថា រកឃើញអ្នករបួសប្រមាណ ៣០នាក់ ស្លាប់ ១៧នាក់ និងបាត់ខ្លួនជាង ៨០នាក់ ក្នុងនោះមានពលករខ្មែរ រងរបួស ៨នាក់។
លោក លឹម សុផុន៖ «ការរុករក គឺនៅតែបន្ត ហើយនៅក្នុងហ្នឹងគេបានបញ្ជាក់ដែរគេបានប្រើប្រព័ន្ធបច្ចេកវិទ្យាទំនើប គេប្រើសញ្ញាដើម្បីចាប់យកអ្នកមានជីវិត និងអ្នកបាត់បង់ជីវិតអ៊ីចឹង។ អ៊ីចឹងនៅក្នុងហ្នឹងគេប្រើសត្វសាណក់ ដើម្បីជួយរុករកដែរ ហើយសញ្ញាដែលមានជីវិតហ្នឹងគេបានបង្ហាញថាអ្នកនៅក្នុងគឺនៅមានជីវិតមួយចំនួនដែរ ហើយអ្នកបាត់បង់ជីវិតហ្នឹងក៏មានដែរ អ៊ីចឹងមកដល់ពេលនេះអ្នករុករកបានប្រើគ្រឿងចក្រធ្ងន់ៗសម្រាប់គាស់កកាយ សម្រាប់ទាញកម្ទេចអគារដែលដួលរលំហ្នឹង ហើយយើងមើលឃើញហើយថាមកដល់ពេលនេះអត់បាន ៥០ភាគរយទេ ដោយការទាញយកហ្នឹងវាលំបាកក្នុងការជួយសង្គ្រោះ ហើយអ្នកសង្គ្រោះហ្នឹងនៅបន្តទាំងយប់ទាំងថ្ងៃរហូតមកដល់ថ្ងៃទី៣០ ខែ៣ហ្នឹង»។
ថ្វីត្បិតរកឃើញមានពលករខ្មែររងតែរបួស ប៉ុន្តែលោកថា អ្នកបាត់បង់ជីវិតចំនួន ១៧នាក់នោះ នៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡើយ ដូច្នេះចំនួននោះ អាចនឹងមានពលករខ្មែរ ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។
រូបភាពពីអង្គការសង់ត្រាល់។
ទោះបីមកដល់ប្រទេសកំណើតវិញមែន តែអ្នកស្រី សឿន សំណាង ប្រាប់ថា មិនមានលទ្ធភាពទៅព្យាបាលជើងនៅមន្ទីរពេទ្យឡើយ ព្រោះតែត្រូវជំពាក់លុយគេបន្ថែមទៀតថ្លៃធ្វើដំណើរត្រឡប់មកវិញ។ ដូច្នេះស្ថានភាពពេលនេះត្រូវជាប់បំណុលធនាគារផង និងបំណុលឯកជនផង ខណៈជើងអ្នកស្រីមិនអាចដើរបានថែមទៀត។
អ្នកស្រី សឿន សំណាង៖ «ជួយដោះស្រាយខ្ញុំផង ខ្ញុំថាចង់ទៅថារកឱ្យបានត្រឹមដោះស្រាយក្នុងជីវភាពគ្រួសារ ដល់មកអាលុយក៏ជំពាក់ ខ្លួនក៏ត្រូវឈឺ មិនដឹងធ្វើយ៉ាងណាទេ អង្គុយមួយកន្លែងហ្នឹង។ បើខ្ញុំចង់ឱ្យជួយដោះស្រាយរឿងជំពាក់គេហ្នឹងទៅថៃ ហើយនិងជួយព្យាបាលជើងហ្នឹង ព្រោះស្ថានភាពកាន់តែធ្ងន់ទៅៗ»។
ជុំវិញរឿងនេះ លោកស្រី ឡាយ ចន្ថា មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ បញ្ជាក់ប្រាប់ថា លោកស្រីមិនអាចផ្ដល់ព័ត៌មានជុំវិញចំនួនពលករខ្មែរដែលរងគ្រោះដោសាររញ្ជួយដីក្នុងប្រទេសថៃបានឡើយ ដោយភារកិច្ចលោកស្រីគឺផ្ដោតការងារជាមួយពលករខ្មែរប៉ុណ្ណោះ។ ដូច្នេះលោកស្រីចន្ថា លើកឱ្យអ្នកសារព័ត៌មាន បង្វែរសំណួរទាំងនោះទៅសួរអ្នកនាំពាក្យក្រសួងការងារវិញ។
ប៉ុន្តែលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់ដែរថា លោកបដិសេធមិនឆ្លើយសំណួរវិទ្យុស្ដ្រីជុំវិញស្ថានភាពពលករខ្មែរ និងចំនួនពលករដែលរងគ្រោះក្នុងប្រទេសថៃ ដោយឱ្យរង់ចាំក្រសួងការងារ នឹងធ្វើសេចក្ដីប្រកាសព័ត៌មានជុំវិញបញ្ហានេះក្នុងពេលឆាប់ៗ។
កាលពីថ្ងៃទី២៩ ខែមីនាមកនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីជូនដំណឹងពីបច្ចុប្បន្នភាពនៃការរញ្ជួយដីនៅប្រទេសថៃ។ ក្នុងនោះក្រសួងថា ចាប់តាំងពីឧបទ្ទវហេតុរញ្ជួយដីបានកើតឡើងមក ស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុកនៅប្រទេសថៃ បានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ និងបានប្រាស្រ័យទាក់ទងជាមួយពលករខ្មែរ ដែលកំពុងធ្វើការនៅទីក្រុងបាងកក ដើម្បីសាកសួរព័ត៌មានពលករដែលរងផលប៉ះពាល់ ដើម្បីផ្តល់កិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលាតាមសំណូមពរជាក់ស្តែងរបស់ពលករខ្មែរ៕
អត្ថបទដោយ៖ ជា សុខនី