en     km
en     km

សហជីពវិស័យសំណង់ បារម្ភសុខភាពកម្មករ ក្រោយសម្ភារសំណង់ផ្ទុកសារធាតុអាសបេស្ដុស នៅតែចរាចរប្រើប្រាស់

Share

សហជីពសំណង់ ដែលតែងផ្សព្វផ្សាយអំពីផលប៉ះពាល់ពីការប្រើប្រាស់សម្ភារសំណង់មានផ្ទុកសារធាតុអាសបេស្ដុស កាន់តែបារម្ភសុខភាពរបស់កម្មករ ជាពិសេសស្ដ្រី ប្រឈមនឹងជំងឺមហារីកមាត់ស្បូន ក្រោយសម្ភារសំណង់ដែលមានផ្ទុកសារធាតុអាសបេស្ដុសទាំងនោះ នៅតែមានវត្តមានក្នុងទីផ្សារ និងចរាចរប្រើប្រាស់ក្នុងការដ្ឋានសំណង់។ ក្ដីបារម្ភនេះ ស្របពេលដែលក្រ​សួង​ការ​ងារ កំពុងអនុវត្តវិធានការហាម​ឃាត់​ការ​ប្រើ​ប្រាស់​សារធាតុអាសបេស្ដុសនេះ។ លោក គីម ចាន់ចាវ រាយការណ៍

 

 

វិធានការហាម​ឃាត់​ការ​ប្រើ​ប្រាស់​សារធាតុអាសបេស្ដុសនេះ ស្ថិតក្នុង​ផែនការ​មេលើកទី​បី ​នៃ​គម្រោង​សុខភាព និង​សុវត្ថិភាព​ការងារ​ ២០២៣-២០២៧ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលដាក់ឱ្យអនុវត្តកាលពីឆ្នាំ២០២៣។ ផែនការ​មេលើកទី​បី​នេះ មាន​គោល​បំណង​ហាម​ឃាត់​រាល់​ប្រភេទអាសបេស្ដុស រួម​ទាំង ​សម្ភារៈមាន​ផ្ទុកអាសបេស្ដុស ជំរុញ​ការ​ប្រើ​ប្រាស់​សម្ភារៈផ្សេង​ជំនួស បង្កើត​បទ​ដ្ឋាន​ច្បាប់​គ្រប់​គ្រង​លើនី​តិវិធី​សុវត្ថិ​ភាពនៃការ​លុប​បំបាត់​សារធាតុអាសបេស្ដុស ធានាការ​តាមដាន​សុខភាព​កម្មករ​ដែល​ប្រឈម​ខ្ពស់ និង​បន្ថែមការ​ស្លាប់​ដោយពាក់ព័ន្ធ​នឹង​សារធាតុអាសបេស្ដុស​ក្នុង​បញ្ជី​ជំងឺ​វិជ្ជាជីវៈ​។​

កាលដើមខែមីនានេះ  ក្រសួងការងារ ក៏បានប្រកាសសមាសភាពគណៈកម្មាធិការជាតិសុខភាព និងសុវត្ថិភាពការងារ ដែលគណៈកម្មាធិការនេះ មានតួនាទីរួមចំណែកការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ២០២៤-២០២៨។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២៦ ខែមីនានេះថា សារធាតុអាសបេស្ដុស ភាគច្រើនគេយកទៅផ្សំ និងច្នៃជាមួយវត្ថុ ឬសម្ភារៈដែលធន់នឹងកម្ដៅ និងធន់ជាមួយការជ្រាបទឹក ហើយសារធាតុនេះមាននៅក្នុងសម្ភារៈប្រើប្រាស់ជាង ៣០០០មុខ។ ថ្វីត្បិតតែដឹងថាសារធាតុនេះផ្សំជាមួយសម្ភារៈជាង ៣០០០មុខពិតមែន ប៉ុន្តែលោកថា ប្រភេទសម្ភារៈណាខ្លះមានផ្ទុក ឬគ្មានផ្ទុក លុះត្រាតែមានការធ្វើតេស្ត ពីព្រោះសម្ភារៈដែលមានផ្ទុកសារធាតុនេះ មិនអាចមើលឃើញតាមរយៈភ្នែកទទេបានឡើយ។

លោកបញ្ជាក់ថា សារធាតុនេះភាគច្រើន ត្រូវបានរកឃើញនៅក្នុងសម្ភារៈសំណង់ ដូចជា ស៊ីម៉ងត៍ ពិដាន និងថ្នាំពណ៌ជាដើម។ ដូច្នេះកម្មករសំណង់ដែលធ្វើការជាមួយសម្ភារៈទាំងនោះ ពួកគេនឹងស្រូបយកសារធាតុអាសបេស្ដុសតាមផ្លូវដង្ហើម ដែលបង្កឱ្យកើតជំងឺមហារីក ក្រិនថ្លើម និងសួន ជាពិសេសស្ដ្រីប្រឈមនឹងភាពងាយរងគ្រោះខ្លាំង ពួកគេអាចមានជំងឺមហារីកមាត់ស្បូន។ ក្រៅពីនេះ កូនៗរបស់កម្មករទាំងនោះ ក៏ត្រូវប៉ះពាល់ដល់ការលូតលាស់របស់ពួកគេដែរ តាមរយៈការស្រូបយកធូលីចេញពីសម្លៀកបំពាក់ឳពុកម្ដាយរបស់ពួកគេ។

លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា។ រូបភាពពីហ្វេសប៊ុកសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា។

លោក សុខ គីន៖ «ខ្ញុំព្រួយបារម្ភមួយនៅក្នុងប្រទេសកម្ពុជា ដោយសារតែអត្រាអ្នកកើតជំងឺមហារីកវាកើនឡើងខ្ពស់ ប៉ុន្តែអត់ដឹងថាមហារីកហ្នឹងបណ្ដាលមកពីអ្វី អ៊‌ីចឹងយើងបារម្ភភាគច្រើន គឺកម្មករសំណង់គាត់ទៅព្យាបាលដឹងតែមហារីក។ អ៊‌‌ីចឹងបើទៅមុខទៀតប្រសិនបើសារធាតុអាសបេស្ដុស នៅតែបន្តចរាចរក្នុងប្រទេសកម្ពុជា ផលប៉ះពាល់កម្មករសំណង់ខ្ញុំគិតថាវាមានបញ្ហាប្រឈមខ្លាំងមែនទែ​​ន»។

តាមទិន្ន័យ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ បាន​កត់​ត្រា​ថា ​ក្នុង​ឆ្នាំ​២០២០ ជំងឺ​មហារីក​សួត​នៅ​កម្ពុជា​មាន​ចំនួន​១,៨៩៧ករណី និង​មាន​អ្នក​ស្លាប់​ចំនួន​១,៦៥៤​នាក់​។​ របាយការណ៍​ក៏​បាន​បង្ហាញ​ពី​ការសិក្សា​ជា​ច្រើន​បាន​ធ្វើ​លើ​ការ​នាំ​ចូល​អាសបេស្ដុស ការ​ប្រើ​ប្រាស់ និង​ផល​ប៉ះពាល់​សុខភាព បើ​ទោះ​បី​មិន​ពាក់​ព័ន្ធ​នឹងការ​ស្លាប់​ដោយជំងឺ​​ជាប់​ពាក់ព័ន្ធ​នឹង​អាសបេស្ដុស រួម​ទាំង​ជំងឺ​មហារីក​ផង​ដែរ​។

របាយការណ៍របស់​ក្រសួង​សុខាភិបាល ក្នុង​ឆ្នាំ​២០២៤ រកឃើញករណីជំងឺ​មហារីក​មាន​អ្នក​ជំងឺ ៣១,៥១៨​នាក់ អ្នកស្លាប់ចំនួន ១២៧នាក់។ ក្នុងនោះករណី​មហារីក​ច្រើន​ជាង​គេ ​គឺ​មហារីក​ដោះ និង​មហារីក​មាត់​ស្បូន។

លោក នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បញ្ជាក់ថា ការប្រើប្រាស់សម្ភារសំណង់ដែលមានផ្ទុកសារធាតុអាសបេស្ដុសយូរទៅៗ នឹងបង្កឱ្យមានជំងឺពាក់ព័ន្ធនឹងផ្លូវដង្ហើម ជាពិសេសប្រឈមនឹងកើតជំងឺមហារីកសួត។

លោក នុត សម្បត្តិ៖ «អាសបេស្ដុសជាសារធាតុម្យ៉ាងដែលគេប្រើនៅក្នុងសំណង់ វាធ្វើឱ្យប៉ះពាល់ដល់បញ្ហាផ្លូវដង្ហើម ជាពិសេសសួត កាលណាវាចូលទៅបាននៅក្នុងសួតហើយ វាអត់ងាយចេញមកវិញទេ វាធ្វើឱ្យយើងខូចសួត កក់នៅក្នុងសួត អាចបង្កទៅជាជំងឺរ៉ាំរ៉ៃ ឬក៏មហារីកសួតអ៊‌ីចឹង»។

អ្នកស្រី សន គីណាល់ អាយុ ៤៥ឆ្នាំ ជាកម្មករផ្នែកបៀករ៉ង និងសម្អាតផ្ទះ នៅបុរីអ័រគីដេ និយាយថា រាល់ថ្ងៃនេះអ្នកស្រីប្រឈមនឹងផលប៉ះពាល់ដល់សុខភាពខ្លាំងណាស់ ដោយសារតែត្រូវសម្អាតកម្ទេចកម្ទីការ៉ូដែលជាងសំណង់កាត់ហើយ និងត្រូវស្រូបយកធូលីដែលចេញពីការបៀករ៉ងជាដើម។ គ្រឿងសំណង់ដែលប្រើប្រាស់សម្រាប់សាងសង់ផ្ទះទាំងនោះ អ្នកស្រីថា ក្រុមហ៊ុនមិនបានពិនិត្យរកសារធាតុអាសបេស្ដុសឡើយ កម្មករទាំងនោះប្រើប្រាស់សម្ភារសំណង់ដោយមិនដឹងថាមានផ្ទុកសារធាតុអាសបេស្ដុស ឬគ្មានផ្ទុក ស្របពេលដែលក្រុមហ៊ុនក៏មិនបានផ្ដល់សម្ភារការពារសុខភាពជូនពួកគេដែរ។

ជាង ៣ឆ្នាំ ដែលធ្វើជាកម្មករបៀករ៉ង អ្នកស្រីពាក់ម៉ាសការពារតម្លៃត្រឹមតែ ៥០០រៀល ដើម្បីការពារសុខភាពប៉ុណ្ណោះ។ ថ្វីត្បិតតែពាក់ម៉ាសពិតមែន ប៉ុន្តែមិនអាចការពារធូលី និងក្លិនដែលចេញពីគ្រឿងសំណង់បានទាំងស្រុងឡើយ ខណៈឥលូវអ្នកស្រីមានបញ្ហាបំពង់ក និងសួត។ បញ្ហាជំងឺនេះ អ្នកស្រីសន្និដ្ឋានថា មកពីស្រូបយកក្លិន និងធូលីដែលចេញពីគ្រឿងសំណង់រាល់ថ្ងៃនេះ។

អ្នកស្រី សន គីណាល់៖ «គ្រាន់តែថាវិស័យសំណង់ វាហានិភ័យខ្លាំង ខ្លាំងបំផុត ដោយសារពួកគាត់ មិនគិតគូរសុខភាពផង អារឿងប័ណ្ណបសសហ្នឹងផង ហើយអារ៉ងហ្នឹងវាក៏ប៉ះពាល់ដល់សុខភាពដែរ ដល់ពេលយើងធ្វើទៅវាហុយបោសទៅ ហើយណាមួយយើងធ្វើផ្ទះមួយតឹកៗដូចថាគេកែការ៉ូអី វាប៉ះពាល់នឹងយើងទៀត គេកាត់ការ៉ូ គេកាត់អីមកហ្នឹង វាហុយលើយើងទៀត»។

កម្មករម្នាក់ទៀត អ្នកស្រី ជន ស្រីម៉ៅ អាយុ ៤៧ឆ្នាំ ជាជាងចម្លាក់ថ្ម បានឱ្យដឹងដែរថា មុខរបរនេះ អ្នកស្រីចាប់ផ្ដើមធ្វើអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយមិនដឹងថា សម្ភារដែលប្រើប្រាស់ តើមានផ្ទុកសារធាតុអាសបេស្ដុស ឬគ្មាននោះទេ។ ប៉ុន្តែភាគច្រើន អ្នកធ្វើការក្នុងរបរនេះ មានបញ្ហាសួត និងកើតជំងឺរបេង។

អ្នកស្រី ជន ស្រីម៉ៅ៖ «យើងធ្វើនៅកន្លែងក្រុមហ៊ុននេះ ជាងចម្លាក់នេះ វាហុយយូរហើយ ដល់ពេលសុខភាពអាយុប៉ុណ្ណេះ យើងឈឺដើមទ្រូង បារម្ភខ្លាចកើតរបេងខ្លាចកើតអីដែរតើ ដោយសារយើងវាមិនទាន់ដល់ដំណាក់កាល។ នៅជាងចម្លាក់ពួកខ្ញុំច្រើនតែកើតរបេងទាំងអស់ ពេលសុខភាពរៀងខ្សោយក៏កើតរបេង មកពីកម្ទេចធូលីថ្មដែលយើងកាត់ទៅវាហុយតាមរយៈឧបករណ៍ដែលគេបើកឱ្យយើងប្រើប្រាស់អត់ពិនិត្យ ហើយយើងការពារបាន៥០ភាគរយ»។

អ្នកស្រីលើកឡើងថា ដើម្បីចម្លាក់ថ្មបាន ត្រូវការម៉ូទ័រឆាបបំបែកថ្មទាំងនោះ ដូច្នេះសម្ភារដែលយកមកប្រើប្រាស់តាំងពីដើមក្រុមហ៊ុនមិនដែលត្រួតពិនិត្យរកសារធាតុអាសបេស្ដុសឡើយ។

អ្នកស្រី ជន ស្រីម៉ៅ៖ «មានតែប្រើម៉ូទ័រហ្នឹងឯងម៉ូទ័រដែលយើងកាត់ថ្ម វាប្រើផ្លែដែលធ្វើពីដែកមិនដឹងថាវាសមពីអាសបេស្ដុសហ្នឹងអត់ផ្លែម៉ូទ័រហ្នឹង ពេលយើងប្រើអស់មួយដូរមួយទៀត អត់បានពិនិត្យមានសារធាតុអាសបេស្ដុសអត់ ព្រោះអាសបេស្ដុសវាធ្វើឱ្យរឹងខ្លាំង ធន់នឹងកម្ដៅខ្លាំងនៅពេលយើងអារទៅវាក្ដៅ ឆេះឡើងក្រហម អ៊‌ីចឹងខ្ញុំខ្លាចថាវាមានលាយសារធាតុនោះដែរ»។

 

កាលពីខែមករា ឆ្នាំ២០២៥នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធនានា បានពិគ្រោះយោបល់គ្នាពីផលប៉ះពាល់របស់សារធាតុអាសបេស្ដុសដែលមាននៅក្នុងសម្ភារសំណង់។ ក្រសួងបញ្ជាក់ថា សារធាតុនេះមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ ពិសេសសុខភាពផ្លូវដង្ហើម និងសួត នៅពេលដែលមានការបំបែកទ្រង់ទ្រាយដូចជា ការកាត់ ពុះជ្រៀក រុះរើ និងការពុកផុយ ខណៈនៅបណ្តាប្រទេសជាច្រើន បានចាត់វិធានការទប់ស្កាត់ការប្រើប្រាស់សារធាតុនេះទាំងស្រុង មានប្រទេសអូស្ត្រាលី ប្រេស៊ីល កាណាដា អេហ្ស៊ីប ជប៉ុន កូរ៉េ ន័រវ៉េ សិង្ហបុរី ជាដើម។

ជុំវិញរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់យ៉ាងខ្លីថា កន្លងមកក្រសួងការងារ បានសហការជាមួយក្រសួង និងស្ថាប័នពាកព័ន្ធដៃគូទាំងអស់ ខិតខំធ្វើកិច្ចការងារជាច្រើន ដើម្បីគ្រប់គ្រងការប្រើប្រាស់សារធាតុអាសបេស្ដុសនេះទៅតាមគោលការណ៍ស្ដង់ដាសុវត្ថិភាព។ ទន្ទឹមនោះ លោកថា ក្រសួងក៏បានរៀបចំសិក្ខាសាលាក្នុងការផ្សព្វផ្សាយអំពីផលប៉ះពាល់នានាពីសារធាតុនេះទៅកាន់និយោជក អង្គការវិជ្ជាជីវៈ និងកម្មករនិយោជិតផងដែរ។

លោក កត្តា អ៊ន៖ «ដើម្បីចៀសវាងការប៉ះពាល់ទៅលើសុខភាព ក្រសួងក៏បានធ្វើការណែនាំ និងសហការជាមួយអង្គការ ប្រទេសអូស្ដ្រាលីផងដែរ ក្នុងការធានាសុវត្ថិភាព ក៏ដូចជាកាត់បន្ថយផលប៉ះពាល់ទៅលើសុខភាពកម្មករនិយោជិត ជាពិសេសកម្មករធ្វើការងារទៅលើវិស័យសំណង់»។

លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់​ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ​ (ក.ប.ប.) បដិសេធមិនឆ្លើយសំណួរជុំវិញការត្រួតពិនិត្យសម្ភារសំណង់ដែលមានផ្ទុកសារធាតុអាសបេស្ដុសក្នុងវិស័យសំណង់ ដោយលោកណែនាំឱ្យអ្នកសារព័ត៌មានទៅសួរក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ មកដល់ពេលនេះ មិនទាន់មានការឆ្លើយតបពីលោកនៅឡើយ។

ងាកមកអ្នកស្រី សន គីណាល់ អះអាងថា កន្លងមក ឃើញកម្មករជាស្ដ្រី ២នាក់ហើយ បាត់បង់ជីវិត ដោយសារមហារីកសួត។ ដូច្នេះអ្នកស្រីមានការបារម្ភខ្លាំងណាស់ ខ្លាចធ្វើការយូរៗទៅប្រឈមនឹងកើតជំងឺមហារីកទៅថ្ងៃអនាគត។

អ្នកស្រី សន គីណាល់៖ «ខ្ញុំចង់សំណូមពរថ្នាក់ដឹកនាំផ្នែកសំណង់ទាំងអស់ ផ្នែកសំណង់ធំៗទាំងប៉ុន្មានហ្នឹង សូមឱ្យគាត់ជួយគិតគូរទៅ ព្រោះអីអាជំងឺហ្នឹងមិនមែនវាងាប់ភ្លាមនោះទេ វាចិញ្ចឹមទុករហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតយើងអាហ្នឹង បើថាឈឺក្បាលយើងលាបថ្នាំមួយគ្រាប់បាត់ តែអានេះអត់ទេវាស្មើនឹងជំងឺធ្ងន់ធ្ងរចូលទៅជាមហារីក មហាអី។ ភាគច្រើនខ្ញុំឃើញសំណង់អ៊‌ីចឹងមែន ឥលូវនេះវាចូល៣០ ៤០ភាគរយហើយវាចូលជំងឺហ្នឹង»។

លោក សុខ គីន លើកឡើងថា បច្ចុប្បន្ននេះ កម្ពុជា មានការចរាចរខ្លាំងដែលនាំចូលសម្ភារសំណង់ដែលមានផ្ទុកសារធាតុអាសបេស្ដុស ខណៈវិធានការការពារសុខភាពកម្មករ នៅមិនទាន់មានប្រសិទ្ធភាព  និងឆ្លើយតបទៅនឹងផលប៉ះពាល់បាននៅឡើយ។ កន្លងមកវិធានការទាំងនោះទាំងសហជីពលោក អង្គការជាតិ និងស្ថាប័នរដ្ឋាភិបាល រួមគ្នាខិតខំធ្វើយ៉ាងណាកាត់បន្ថយ និងទប់ស្កាត់សារធាតុនេះ តាមរយៈការបិទផ្លាកសញ្ញាលើសម្ភារដែលមានផ្ទុកសារធាតុអាសបេស្ដុស។

លោក សុខ គីន «អ៊‌ីចឹងវិធីសាស្ត្រដែលយើងការពារវារៀងពិបាក ចង់និយាយថាប្រសិនកម្មករគាត់ប្រើប្រាស់ ធ្វើការផ្ទាល់ជាមួយសម្ភារៈហ្នឹងដែលនាំចូលមែន វិធីសាស្ត្រការពាររៀងពិបាកតិច ដោយសារយើងពាក់ម៉ាស់ការពាររាល់ថ្ងៃនេះមិនអាចការពារសារធាតុអាសបេស្ដុសបានទេ។ អ៊‌ីចឹងអ្វីដែលយើងធ្វើទីមួយផ្សព្វផ្សាយឱ្យគាត់បានយល់អំពីសារធាតុអាសបេស្ដុស តើវាមានផៀលប៉ះពាល់អ្វីខ្លះ?ទៅដល់គាត់ និងក្រុមគ្រួសារគាត់  ទីពីរយើងជជែកជាមួយដៃគូពាក់ព័ន្ធហ្នឹងពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ដើម្បីឱ្យប្រជាពលរដ្ឋ និងកម្មករសំណង់គាត់យល់ពីផលប៉ះពាល់ពីសារធាតុអាសបេស្ដុសហ្នឹង ជ្រាបចូលក្នុងខ្លួន វាគ្មានថ្នាំព្យាបាលទេ យើងរង់ចាំតែថ្ងៃស្លាប់មួយមុខគត់»។

ថ្វីត្បិតវិធីសាស្ត្រការពារមានការលំបាកក្ដី ប៉ុន្តែលោកថា នេះជាឱកាសល្អសម្រាប់កម្ពុជា ព្រោះសារធាតុនេះមិនអាចផលិតក្នុងស្រុក និងកែច្នៃបានឡើយ ដូច្នេះប្រសិនជាភាគីពាក់ព័ន្ធ ប្ដេជ្ញាចិត្តបញ្ឈប់ការប្រើប្រាស់ គឺងាយស្រួល ហើយក៏បញ្ឈប់ការប្រើប្រាស់សម្ភារដែលមានផ្ទុកសារធាតុនេះ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងផលប៉ះពាល់ដល់ការងារសាង់សង់ហេដ្ឋារចនាសម្ព័ន្ធនោះដែរ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង