អ្នកសារព័ត៌មានអនឡាញ ២នាក់ នៅខេត្តកំពត ដែលធ្លាប់ធ្វើសេចក្ដីរាយការណ៍ពីបញ្ហាបង្ហូរកាកសំណល់ស្អុយរលួយរបស់ក្រុមហ៊ុនកាស៊ីណូឈ្មោះ ខ្ញុំ (Casino Knhom) ត្រូវតុលាការខេត្តកំពត សម្រេចឃុំខ្លួនក្រោមជំរិតទារប្រាក់ពីម្ចាស់កាស៊ីណូ។ យ៉ាងណាសមាគមឃ្លាំមើលសិទ្ធិអ្នកសារព័ត៌មាន ស្នើឱ្យអាជ្ញាធរគួរដោះលែងអ្នកសារព័ត៌មានទាំងនោះ ក្រោមហេតុផលពួកគេបានផ្សព្វផ្សាយរឿងមានប្រយោជន៍ជូនសង្គម ខណៈក្រសួងព័ត៌មានគ្រោងនឹងពិនិត្យករណីនេះដើម្បីផ្ដល់ការការពារផ្នែកផ្លូវច្បាប់ជូនអ្នកសារព័ត៌មានទាំងនោះ។ កញ្ញា កែវ សុជាតា រាយការណ៍
តាមដីកាបង្គាប់របស់លោក ឈុន ច័ន្ទសីហា អនុប្រធានសាលាដំបូងខេត្តកំពត និងជាចៅក្រមស៊ើបសួរកាលពីថ្ងៃទី២៤ ខែមីនានេះ បានសម្រេចឃុំខ្លួនអ្នកកាសែតអនឡាញ ២នាក់ រួមមានលោក ទន់ ម៉ូវ ជាចាងហ្វាងសារព័ត៌មាន កំពតដេលី និងលោក ខ្មៅ មិថុនា ជានិពន្ធនាយក។ ចំណែកអ្នកកាសែតម្នាក់ទៀតដែលពាក់ព័ន្ធដែរគឺអ្នកស្រី ធី សុផល ត្រូវបានចៅក្រមសម្រេចមិនឃុំខ្លួន តែដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ក្រោមហេតុផលមនុស្សធម៌ដោយសារមានកូនតូច។
ពួកគេត្រូវចោទពីបទ«កំហែងយក»ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត និងពិនិត្យភស្តុតាងជាមួយអ្នកកាសែតទាំងនោះ តាមបណ្ដឹងរបស់ក្រុមហ៊ុន«កាស៊ីណូខ្ញុំ» (Casino Knhom) បានប្ដឹងទៅកាន់នគរបាលខេត្តកំពត។ ផ្អែកតាមការរាយការណ៍ក្នុងបណ្តឹង គឺកាស៊ីណូរងការគំរាមទារប្រាក់ចំនួន ២ពាន់ដុល្លារអាមេរិកពីអ្នកសារព័ត៌មានខាងលើ ជាថ្នូរនឹងការមិនចេញផ្សាយព័ត៌មានទាក់ទង ទីតាំងចាក់សំរាម និងកន្លែងបង្ហូរទឹកកខ្វក់របស់កាស៊ីណូ ស្ថិតនៅភូមិលក ឃុំប្ញស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។
ជុំវិញរឿងនេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ ខេមបូចា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា សេចក្ដីរាយការណ៍របស់អ្នកសារព័ត៌មាន ដែលហ៊ានផ្សព្វផ្សាយពីបញ្ហាបរិស្ថាន បញ្ហាគំនរសំរាម និងការមិនយកចិត្តទុកដាក់ពីអនាម័យ និងការគ្រប់គ្រងសំណង់ស្អុយ កង្វក់ជាដើម ជារឿងមួយមានប្រយោជន៍ណាស់សម្រាប់សង្គម។ លោកចាត់ទុកការផ្សព្វផ្សាយព័ត៌មានរបស់អ្នកកាសែតទាំងនោះ រួមចំណែកជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ដែលមិនបានដឹងអំពីបញ្ហាគំនរសំរាមនោះ ឱ្យពួកគេចុះដោះស្រាយ ដូច្នេះអ្នកកាសែតទាំងនោះ គួរតែទទួលបានការយោគយល់ មិនណាត្រូវជាប់ឃុំខ្លួនបែបនេះឡើយ។
លោក ណុប វី៖ «រឿងអ្នកសារព័ត៌មានគាត់ទៅទទួលលុយ ទទួលកាក់ គាត់ទៅចរចាក្នុងកម្រិតណាមួយ ជារឿងដែលមិនត្រឹមត្រូវ ជារឿងប្រាសចាកក្រមសីលធម៌ ប៉ះពាល់ដល់ការអនុវត្តតួនាទី ក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ទោះបីជាយ៉ាងណាក៏ដោយសម្រាប់ខ្ញុំចង់ឱ្យមានការយោគយល់ចំពោះកំហុសឆ្គងនេះ ព្រោះវាជាផ្នែកកំហុសឆ្គងនៃវិជ្ជាជីវៈដែលយើងគួរតែមានយោគយល់ ដោយសារតែការធ្វើសេចក្ដីរាយការណ៍របស់គាត់ចំពោះភាពអវិជ្ជមានមួយចំនួនបង្កឡើងដោយក្រុមហ៊ុនឯកជន ហើយសម្រាប់ខ្ញុំគិតថាគួរតែយោគយល់ ដោះលែងឱ្យគាត់មានសេរីភាពឡើងវិញ»។
ប៉ុន្តែលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងដែរថា លោកចាត់ទុកសកម្មភាពអ្នកសារព័ត៌មានណា ដែលហ៊ានទទួលយកសំណូក ឬការជំរិតទារប្រាក់ ជាអំពើរំលោភធ្ងន់ធ្ងរលើក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ លោកថាកន្លងមកក្រសួងតែងតែក្រើនរំលឹកអ្នកសារព័ត៌មាន ត្រូវប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានដែលចែងច្បាស់ថា អ្នកសារព័ត៌មានទាំងអស់មិនត្រូវទទួលសំណូក ឬពាក់ព័ន្ធនឹងការគំរាមកំហែង និងជំរិតទារប្រាក់ជាថ្នូរមិនផ្សាយព័ត៌មាន។
លោក ទេព អស្នារិទ្ធ៖ «ពាក់ព័ន្ធអ្នកសារព័ត៌មានយើងនេះ ក្រសួងព័ត៌មានកំពុងតាមដានយ៉ាងជាប់លាប់ទៅលើការអនុវត្តនីតិវិធី បច្ចុប្បន្ននេះ សំណុំរឿងបានស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការខេត្តកំពត ហើយក្រសួងព័ត៌មានកំពុងតែពិនិត្យការស្នើសុំក្នុងការផ្ដល់ការការពារផ្នែកផ្លូវច្បាប់ក្នុងជួយជ្រោមជ្រែងខាងផ្លូវច្បាប់ក្នុងនីតិវិធីរបស់តុលាការនេះផងដែរ»។
ភ្ជាប់ជាមួយករណីនេះ លោកអ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់សូមគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវ ហើយកុំធ្វើសកម្មភាពប្រាសចាកពីក្រមសីលធម៌ ត្រូវអនុវត្តការងាររបស់ខ្លួនតាមដែនដែលច្បាប់កំណត់។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅ ពោលគឺមុនថ្ងៃឃាត់ខ្លួន អ្នកកាសែតខាងលើបានធ្វើសេចក្ដីរាយការណ៍ព័ត៌មានពីបញ្ហាគំនរសំរាមដែលបញ្ចេញដោយក្រុមហ៊ុនកាស៊ីណូខ្ញុំ ដែលបង្ហូរចូលក្នុងព្រែកចាក ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងសេចក្ដីរាយការណ៍របស់ពួកគេបានរៀបរាប់ពីគំនរសំរាមនេះ បានជះក្លិនស្អុយ បណ្ដាលឱ្យប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋ។
បន្ទាប់ពីធ្វើសេចក្ដីរាយការណ៍បានពីរថ្ងៃ ពួកគេត្រូវស្នងការខេត្តកំពត ចាប់ខ្លួនតាមបណ្ដឹងរបស់ក្រុមហ៊ុនកាស៊ីណូ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ ថ្វីត្បិតតែឥលូវនេះ ពួកគេត្រូវឃុំខ្លួន ប៉ុន្តែជាលទ្ធផលនៃកាផ្សាយព័ត៌មានរបស់ពួកគេ បានធ្វើឱ្យក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ ខែមីនានេះ ចុះពិនិត្យកន្លែងបង្ហូរកាកសំណល់ និងបានដាក់ពិន័យឱ្យក្រុមហ៊ុនកាស៊ីណូនោះ បញ្ឈប់ការបញ្ចេញសំណល់រាវចូលក្នុងព្រែកចាកបន្តទៀត៕
អត្ថបទដោយ៖ កញ្ញា ជា សុនខី