en     km
en     km

អាជ្ញាសាលាព្រមានចាត់វិធានការច្បាប់ បើលោក ឌួង ឆាយ បន្តធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចតុលាការ

Share

 

អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យលោក ឌួង ឧត្តមឆវិន (ដែលគេស្គាល់ថាជា ឌួង ឆាយ) ត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីមានអាយុ៦ឆ្នាំ ឱ្យទៅអតីតភរិយា អ្នកនាង ដេត ម៉ាលីណា ដែលត្រូវជាម្តាយ និងជាម្ចាស់បំណុលនៃការអនុវត្ត។ នេះជាលើកទីពីរហើយដែលតុលាការ បង្គាប់ឱ្យលោកដួងឆាយ ប្រគល់កូនស្រីឱ្យអ្នកនាង ដេត ម៉ាលីណា ដោយកាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅសាលាឧទ្ធរណ៍ភ្នំពេញ ក៏ធ្លាប់បានបង្គាប់លោកប្រគល់កូនស្រីជូនអតីតភរិយាម្ដងរួចមកហើយ ប៉ុន្តែលោកមិនបានអនុវត្ត។

អ្នកស្រី ដេត ម៉ាលីណា ជាម្ដាយបានបង្ហោះសារជាមួយនឹងឃ្លីបវីដេអូកូនស្រីតាមបណ្ដាញសង្គមថា «នេះជាក្ដីស្រលាញ់ម្តាយនិងកូនដែលគ្មានថ្ងៃប្រែ រយលានអត្ថន័យសំរាប់ស្ត្រីជាម្ដាយដែលលះបង់អាយុជីវិតនិងសម្រស់និងភាពភ័យខ្លាចការឈឺចាប់ដើម្បីកូន។ ស្ត្រីទាំងអស់គ្នាត្រូវតែរឹងមាំដើម្បី ខ្លួនឯងនិងកូនៗ»។

លើកនេះ អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឱ្យលោក ដួង ឆាយ អនុវត្តតាម អំណាចនៃដីកាសម្រេចលេខ០៨ ចុះថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ របស់សាលាឧទ្ធរណ៍ភ្នំពេញ ឱ្យបានឆាប់រហ័សក្នុងរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោងដប់ប្រាំពីរនិងសូន្យនាទីជាកំហិត។

អាជ្ញាសាលានៃសាលាដំបូងរាជធានីភ្នំពេញ ចាត់ទុកអំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការគឺជាបទល្មើសព្រហ្មទណ្ឌ “បទធ្វើឱ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១(មួយ) ខែ ទៅ ៦ (ប្រាំមួយ) ខែ និងពិន័យជាប្រាក់ ពី ១០០.០០០ (មួយសែន) រៀល ទៅ ១.០០០.០០០ (មួយលាន) រៀល ស្របតាមមាត្រា ៥២៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងករណីដែលពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្ត និងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចខាងលើនោះទេ អាជ្ញាសាលាព្រមានថានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត។ ដូច្នេះលោក ឌួង ឧត្តមឆវិន (ហៅ ឌួង ឆាយ) ត្រូវធ្វើការអនុវត្តឱ្យខានតែបាន៕

Share

ព័ត៌មានទាក់ទង