en     km
en     km

តុលាការកំពូលសម្រេចតម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាង

Share

ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ តុលាការកំពូលបានសម្រេចតម្កល់ការផ្តន្ទាទោសលើសមាជិកសហគមន៍ឡពាងចំនួន ៣នាក់ ឱ្យទទួលទោសដដែលស្របតាមការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍។ មន្រ្តីអង្គការសិទ្ធិមនុស្សឃ្លាំមើលរឿងនេះយល់ថា ការអូសបន្លាយពេលយ៉ាងយូរជាង១០ឆ្នាំសម្រាប់ដំណើរការក្តីក្នុងសំណុំរឿងដីធ្លីបែបនេះ គឺបង្ហាញឱ្យឃើញពីភាពអយុតិ្តធម៌សម្រាប់ជនរងគ្រោះនៅសហគមន៍ឡពាង។

សមាជិកសហគមន៍ឡពាងទាំងបីនាក់នោះរួមមាន លោក ស្ងួន ញឿន  លោក រាជ សីម៉ា និងលោក ភុល សន ដែលត្រូវបានចោទ ពីបទ«ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស»និងបទ«ធ្វើឱ្យខូចខាតដោយចេតនា»តាមមាត្រា ៥០៤ និង ៤១១ នៃក្រមព្រហ្មទណ្ឌ ។  នេះបើតាមការចុះផ្សាយរបស់អង្គការលីកាដូថ្ងៃទី២៥ ខែមីនានេះ។

លោកញឹម​ ញឿ​ន​ ​ឬ​ហៅថា​ ​ស្ងួន​ ញឿ​ន​ ​បាន​ថ្លែង​សារ​អំពី​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ ខេ​ឌី​ស៊ី​ អ៊ិ​ន​ធើ​ណាស់​សិន​ណា​ល់ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃ​ទី​ ​១​០​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​១​៤​ ​។ រូបភាពពីអង្គការលីកាដូ។

លោក ភុល សន ដែលក្រោយមកបានទទួលមរណភាព និងលោក ស្ងួត ញឿន ព្រមជាមួយលោក រាជ សីម៉ា ត្រូវផ្តន្ទាទោសដោយសាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីឆ្នាំ២០២១ អំឡុងពេលពួកគេទាំងបីចូលរួមតវ៉ាជាមួយសមាជិកសហគមន៍ជាច្រើននាក់ប្រឆាំងនឹងក្រុមហ៊ុន ខេឌីស៊ី ពាក់ព័ន្ធនឹងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយអ្នកភូមិជាច្រើននាក់ទៀត។

នៅអំឡុងពេលតវ៉ានោះ រោងចាំដីរបស់កងសន្តិសុខក្រុមហ៊ុនត្រូវបានបំផ្លាញ។ អ្នកទាំងបីខាងលើត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ឆ្នាំ និង ៦ខែ តែទោស​ជាប់ពន្ធនាគារ​ត្រូវបានព្យួរ និងបង្គាប់ឱ្យសងសំណងរួមគ្នាទៅដើមបណ្តឹងចំនួនជាង ៧០០ ដុល្លារអាមេរិក។ ផ្អែកតាមលីកាដូ ការសម្រេចនេះត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍កាលពីខែកុម្ភៈឆ្នាំ ២០២៤។

សម្រាប់ការសម្រេចរបស់តុលាការកំពូលនេះលោក អំ សំអាត ប្រធាន​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិ​មនុស្សនៃអង្គការលីកាដូយល់ថា ជាការសម្រេចមួយហាក់អយុត្តិធម៌សម្រាប់សហគមន៍ដែលរងគ្រោះដោយសារក្រុមហ៊ុនឯកជនរំលោភដីធ្លីរបស់ពួកគេ។មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សរូបនេះយល់ថា សំណុំរឿងនេះគួរតែអាជ្ញាធរនិងតុលាការត្រូវពន្លឿនការដោះស្រាយឱ្យបានឆាប់រហ័ស ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលមានឆន្ទៈចង់ដោះស្រាយរឿងដីធ្លីឱ្យបានលឿនកុំបន្តអូសបន្លាយធ្វើឱ្យមានភាពរ៉ាំរ៉ៃ។

សូមរំលឹកថា ក្រុមហ៊ុន ខេឌីស៊ី អ៊ិនធើណាស់សិនណាល់ ដែលមានលោកស្រី ជា ខេង ជាម្ចាស់កម្មសិទ្ធិ និងត្រូវជាភរិយារបស់លោក ស៊ុយ សែម អតីតជារដ្ឋមន្រ្តីក្រសួង រ៉ែ និងថាមពលផង ក្រុមហ៊ុននេះទទួលបានដីទំហំ ៥១២ ហិកតា មកធ្វើជាកម្មសិទ្ធិនៅក្នុង ឃុំតាជេស ស្រុកកំពង់ត្រឡាច​ ខេត្តកំពង់ឆ្នាំង។ ការផ្តល់សិទ្ធិជូនក្រុមហ៊ុនខាងលើ បានធ្វើឱ្យគ្រួសារជាច្រើនរួមទាំងគ្រួសារមកពីសហគមន៍ ឡពាង ទទួលរងផលប៉ះពាល់ក្នុងជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុននេះ ដោយ​ក្រុមហ៊ុន​បានរំលោភយកដីប្រមាណជា ១០០ ហិកតាលើដីរបស់ពលរដ្ឋកាលពីឆ្នាំ ២០១២។ ក្រោយមក​ សមាជិកសហគមន៍បីរូបត្រូវបានប្រឈមមុខនឹងការចោទប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌដែលទាក់ទងនឹងជម្លោះដីនោះ៕

Share

ព័ត៌មានទាក់ទង