en     km
en     km

ក្រសួងរកឃើញរោងចក្រកែច្នៃផ្លែឈើមួយបង្ហូរទឹកកខ្វក់ចូលអូរធម្មជាតិរំខានការរស់នៅសហគមន៍ពីរភូមិ

Share

ក្រសួងបរិស្ថានរកឃើញរោងចក្រកែច្នៃផ្លែឈើនិងស្វាយចន្ទីមួយកន្លែងស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានបង្កជាការរំខានដល់ប្រជាពលរដ្ឋតាមរយៈការបញ្ចេញសំណល់រាវរបស់រោងចក្រចូលទៅក្នុងទឹកអូរ ដែលធ្វើឱ្យពលរដ្ឋត្រូវផ្អាកដងទឹកពីប្រភពទឹកនេះមួយរយៈ។ យ៉ាងណាមន្រ្តីជំនាញបានចុះទៅពិនិត្យ និងរកចាំចាត់វិធានការតាមផ្លូវច្បាប់ជាបន្ត។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

«សំឡេងប្រជាពលរដ្ឋ»

នេះគឺជាសម្រង់សម្តីដើមរបស់ពលរដ្ឋ​នៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលលើកឡើងពីក្តីកង្វល់ទាក់ទិននឹងការបង្ហូរទឹកកខ្វក់ចូលទៅក្នុងទឹកអូរត្រែង។ តាមការបញ្ជាក់របស់អ្នកភូមិ ជានិច្ចកាលប្រជាពលរដ្ឋត្រូវការប្រភពទឹកនេះប្រើប្រាស់ជារៀងរាល់ថ្ងៃ​ គឺសម្រាប់យកទៅបរិភោគនិងចម្អិនម្ហូប យកទៅលាងសម្អាតខ្លួន ស្រោចស្រពដំណាំបន្លែបង្ការ ពិសេសទឹកអូរនេះជាទីជម្រករបស់មច្ឆជាតិដែលសហគមន៍អាចទាញផលប្រយោជន៍តាមរយៈការនេសាទ។ ការរៀបរាប់របស់អ្នកភូមិនេះត្រូវបានអ្នកនាំពាក្យក្រសួងបរិស្ថានចែករំលែកជាឃ្លីបវីដេអូមកកាន់អ្នកសារព័ត៌មានក្នុងក្រុមតេឡេក្រាមបណ្តាញអ្នកសារព័ត៌មានបរិស្ថាននៅថ្ងៃទី២៤​ ខែមីនានេះ។

រូបភាពត្រីងាប់។ ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

 

លោក ផានរ៉ៃ ជាពលរដ្ឋម្នាក់នៅភូមិស្វាយសសង្កេតឃើញថា ​ការបង្ហូរទឹកកខ្វក់ពីរោងចក្រម្តងៗបានបង្កឱ្យទឹកក្នុងអូរប្រែល្អក់មិនអាចប្រើការបានរយៈពេលពីបីថ្ងៃទៅមួយសប្តាហ៍។លោកថា ប្រជាពលរដ្ឋក្នុងតំបន់នេះ ពឹងផ្អែកទឹកអូរនេះដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ពិសេសប្រើជាប្រភពស្រោចស្រពដំណាំ។ លោកបញ្ជាក់ថា ដោយសារបញ្ហាទឹកកខ្វក់បែបនេះ លោកខានស្រោចដំណាំមួយរយៈពេលដែលធ្វើឱ្យបន្លែនិងស្ពៃរបស់លោកស្ទើរងាប់គ្មានសល់។

ជាងនេះទៀតបញ្ហាទឹកកខ្វក់ក៏ធ្វើឱ្យត្រីងាប់អណ្តែតពេញផ្ទៃទឹក ដែលនេះលោកថា អាចបញ្ជាក់បានពីកម្រិតពុលនៃទឹកក្នុងអូរ។

ជុំវិញរឿងនេះ លោក កែ វង្សវឌ្ឍនា អគ្គនាយករងអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានសហការជាមួយមន្រ្តីនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង រដ្ឋបាលស្រុករតនមណ្ឌល  អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះទៅពិនិត្យផ្ទាល់ករណីបំពុលទឹកអូរត្រែង ស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

 

ជាលទ្ធផល មន្រ្តីជំនាញរកឃើញថា ការបំពុលទឹកនេះពិតជាបង្កឡើងដោយក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី ដែលមានរោងចក្រប្រភេទកែច្នៃផ្លែឈើ និងគ្រាប់ស្វាយចន្ទី។ នៅក្នុងការចុះអធិការកិច្ចដល់ទីតាំងរោងចក្រនេះ មន្រ្តីជំនាញបានចុះទៅដល់មូលដ្ឋានភូមិចំនួន៦ នៃឃុំត្រែង រួមមាន ភូមិតាគ្រក់ ភូមិស្វាយស ភូមិជីសាង ភូមិរការភឹង ភូមិទួល និង ភូមិភ្ជាវ តាមបណ្ដោយខ្សែទឹក​ខាងក្រោម​របស់ក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា ដើម្បីពិនិត្យពីបណ្តោយខ្សែទឹកដែលត្រូវបានបំពុល។

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

 

តាមការបញ្ជាក់ពីមន្រ្តីជំនាញ ប្រជាជនរស់នៅភូមិចំនួន២ គឺភូមិតាគ្រក់ និងភូមិស្វាយស សុទ្ធតែទទួលរងផលប៉ះពាល់ ពីករណីបំពុលទឹកអូរត្រែងនេះ។ ដោយឡែកនៅភូមិជីសាងដែលនៅក្បែរនោះ ពុំទាន់មានករណីបំពុលទឹក​អូរនៅឡើយទេគិតត្រឹមថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ។  នៅក្នុងថ្ងៃដដែល មន្រ្តីបរិស្ថាននិងអាជ្ញាធរមូលដ្ឋានបន្ដតាមដាន​តាមខ្សែបណ្ដោយអូរត្រែង និងបានរកឃើញថា សំណល់រាវបាន​ហូរមកដល់ចំណុចដីឯកជនមួយកន្លែង ស្ថិតនៅភូមិស្វាយស ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានចម្ងាយ ៣,៥គីឡូម៉ែត្រ ពីទីតាំងក្រុមហ៊ុន ប៉ៃសិងសេង ខេមបូឌា អិនដាសស្ទ្រី ខូអិលធីឌី និងបានយកសំណាកទឹក​មកវិភាគបន្ថែម។ នៅត្រង់ចំណុចនេះ មន្រ្តីបរិស្ថានបានប្រទះឃើញមាន ត្រី កូនបង្កង និងកំពឹសកំពុងពុល និងងាប់ដូចការលើកឡើងរបស់អ្នកភូមិយ៉ាងពិតប្រាកដ។

ប្រភពរូបភាព៖ ក្រសួងបរិស្ថាន

 

ចំពោះវិធានការបន្ត មន្រ្តីបរិស្ថាននឹងបន្តចូលទៅក្នុងរោងចក្រដោយផ្ទាល់ ដើម្បីត្រួតពិនិត្យលើប្រព័ន្ធគ្រប់គ្រងសំណល់រឹង រាវ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់ និងបទដ្ឋានបច្ចេកទេសបរិស្ថានរបស់ផលិតកម្មរបស់រោងចក្រ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ជាធរមាន។ ជាមួយគ្នានេះដែរ មន្រ្តីបរិស្ថានក៏បានរកឃើញថា ខាងក្រៅរោងចក្រកែច្នៃផ្លែឈើនិងដំណាំចន្ទីនេះ មានការបញ្ចេញសំណល់រាវមិនត្រឹមត្រូវផងដែរ។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹង ចំពោះក្រុមហ៊ុនណាដែលរំលោភបំពានច្បាប់របស់កម្ពុជា។ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ នៃយុទ្ធសាស្រ្តគឺភាពស្អាត ដែលមានយុទ្ធសាស្រ្តអាទិភាព៣ គឺ ភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងខ្យល់ ហើយការដាក់ចេញយុទ្ធនាការភាពស្អាតក្នុងទឹកនេះ គឺមានបំណងជំរុញឱ្យសុខភាពរោងចក្រល្អ សុខភាពប្រជាពលរដ្ឋល្អ និងសុខភាពបរិស្ថានល្អ ដែលឈានឆ្ពោះទៅចីរភាពនៃភាពជោគជ័យ នៃការវិនិយោគ ជោគជ័យនៃការគ្រប់គ្រងបរិស្ថានបានយ៉ាងល្អ និងប្រជាពលរដ្ឋមានសុខភាពល្អ៕

អត្ថបទនេះឧបត្ថម្ភដោយក្រដាសអនាម័យម៉ាក MG នៃក្រុមហ៊ុន MG Pacific Company Limited

Share

ព័ត៌មានទាក់ទង