ភ្នំពេញ៖ កម្មការិនីមួយចំនួនដែលបម្រើការងារនៅក្រុមហ៊ុន ស៊ីន យុនឡាយ ស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ ប្រឈមបញ្ហាជីវភាពខ្វះខាត ក្រោយក្រុមហ៊ុនបញ្ឈប់ពួកគេពីការងារភ្លាមៗ បន្ទាប់ពីពួកគេចង់បង្កើតសហជីពដោយខ្លួនឯង។ យ៉ាងណាកម្មការិនីទាំងនោះ ស្នើក្រុមហ៊ុនទទួលយកពួកគេឱ្យធ្វើការឡើងវិញ ខណៈករណីពួកគេត្រូវបានអធិការកិច្ចការងារ ស៊ើបអង្កេត និងកំពុងអន្តរាគមន៍ផងដែរ។ កញ្ញា កែវ សុជាតា រាយការណ៍
ក្រុមហ៊ុន ស៊ីន យុនឡាយ ហ្គាម៉ិន ឯ.ក មានទីតាំងស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទីមួយ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយក្រុមហ៊ុននេះមានអាជីវកម្មផ្នែកឧស្សាហកម្មកាត់ដេរសម្លៀបបំពាក់។
អ្នកស្រី ហ៊ុត ចិន្តា អាយុ ៣០ឆ្នាំ ជាកម្មការិនីផ្នែកដេរ នៅក្រុមហ៊ុន ស៊ីន យុនឡាយ ហ្គាម៉ិន ឯ.ក ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៧ ខែមីនានេះថា ក្រុមហ៊ុនបានបញ្ឈប់អ្នកស្រី និងកម្មករ ២នាក់ទៀត ដោយសារចង់បង្កើតសហជីពដោយខ្លួនឯង។ មូលហេតុចង់បង្កើតសហជីព ពីព្រោះក្នុងក្រុមហ៊ុននេះ ថៅកែមិនបានអនុវត្តតាមច្បាប់ការងារឡើយ ដោយមិនបានចុះបញ្ជីកម្មករខ្លួនជាមួយ ប.ស.ស ហើយកម្មការិនីជាច្រើន ពួកគេត្រូវបានបញ្ឈប់ភ្លាមៗ ក្រោយពីថៅកែដឹងថាមានផ្ទៃពោះ។
អ្នកស្រីរៀបរាប់ថា ខ្លួនបានបំពេញការងារនៅក្រុមហ៊ុននេះតាំងពីបើកដំបូងនៅខែមិថុនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវបញ្ឈប់ពីការងារទាំងមិនបានប្រព្រឹត្តកំហុសអ្វីខុសច្បាប់ គ្រាន់ចង់បង្កើតសហជីព ក្នុងគោលបំណងការពារផលប្រយោជន៍រួមជូនកម្មករប៉ុណ្ណោះ។
អ្នកស្រី ហ៊ុត ចិន្តា៖ «ឥលូវពិបាក ពិបាកមែនទែនបងអើយ តាំងពីក្រុមហ៊ុនបញ្ឈប់មក ខ្ញុំធ្វើការស៊ីម៉ោងស៊ីថ្ងៃគេតិចជួនមានការងារ ជួនកាលអត់ ហើយការចំណាយរបស់ខ្ញុំជាប្រចាំត្រូវការបង់ថ្លៃផ្ទះជួលគេ អ៊ីចឹងបងឯងជួយពួកខ្ញុំផងបង»។
អ្នកស្រីលើកឡើងថា ក្រុមហ៊ុននេះជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ ដោយកម្មករធ្វើការទាំងនោះ មិនមានកិច្ចសន្យាការងារត្រឹមត្រូវឡើយ។ ពួកគេត្រូវបានបញ្ឈប់ពីការងារភ្លាមៗ នៅពេលមានផ្ទៃពោះ ខណៈកម្មករទាំងអស់ដែលធ្វើការទទួលបានលុយជាប្រាក់ខែ មិនមែនជាកម្មករដែលក្រុមហ៊ុនជួលកម្លាំងពលកម្មឡើយ។
អ្នកស្រី ហ៊ុត ចិន្តា៖ «និយាយទៅខ្ញុំចង់ស្នើឱ្យខាងក្រុមហ៊ុនទទួលយកពួកខ្ញុំចូលធ្វើការវិញ ហើយមានតែស្នើឱ្យក្រុមហ៊ុនគោរពច្បាប់ការងារ ច្បាប់ដែលក្រសួងចែងមកតែប៉ុណ្ណឹងទេបង ព្រោះអីដោយសារតែខ្ញុំធ្វើការ ចង់ធ្វើការងាមួយចង់បានសិទ្ធិសេរីភាពត្រង់ថាច្បាប់ចែងមកបែបណាចង់ឱ្យក្រុមហ៊ុនគាត់ គាត់ធ្វើបែបហ្នឹងអ៊ីចឹងណា អត់មានថាទៅរំខាន ឬមួយក៏បង្កអីនៅកន្លែងការងាររបស់គាត់ទេ»។
កម្មករម្នាក់ទៀតដែលត្រូវក្រុមហ៊ុនបញ្ឈប់ពីការងារដែរ អ្នកស្រី បេង យ៉ាណូ ប្រាប់ថា អ្នកស្រីបម្រើការងារជិតមួយឆ្នាំហើយ ចាប់តាំងពីដំណើរការក្រុមហ៊ុនមក ដែលមានកម្មករធ្វើការប្រមាណ ២៥០នាក់។ អ្នកស្រីអះអាងថា ខ្លួនមិនមានចំណេះដឹងយល់ជ្រៅជ្រះពីច្បាប់ប៉ុន្មានទេ តែនៅពេលឃើញរឿងអយុត្តិធម៌កើតឡើងលើកម្មករដែលមានផ្ទៃពោះត្រូវបញ្ឈប់ជាបន្តបន្ទាប់ ហើយកម្មករដែលធ្វើការក៏មិនទទួលបានអត្ថប្រយោជន៍តាមច្បាប់ការងារថែមទៀត ដូច្នេះហើយក្រុមអ្នកស្រីស្នើសុំក្រុមហ៊ុនបង្កើតសហជីពខ្លួនឯង បែរជាត្រូវបញ្ឈប់ពីការងារក្រោមហេតុផលនេះទៅវិញ។
យ៉ាងណាករណីអ្នកស្រី និងកម្មករផ្សេងទៀត ដែលត្រូវបញ្ឈប់ភ្លាមៗនេះ ត្រូវបានប្ដឹងទៅនាយកដ្ឋានដោះស្រាយវិវាទការងារ នៃក្រសួងការងារដែរ ហើយមកដល់ពេលនេះនាយកដ្ឋានក៏បានអន្តរាគមន៍ក្រុមអ្នកស្រី ដោយឱ្យនាយកក្រុមហ៊ុន ស៊ីន យុន ឡាយ ទទួលយកអ្នកស្រី និងកម្មករផ្សេងទៀត ដែលត្រូវបញ្ឈប់ចូលធ្វើការវិញ។
អ្នកស្រី បេង យ៉ាណូ៖ «អ្វីដែលខ្ញុំចង់បានគឺខ្ញុំចង់ចូលបម្រើការងារវិញធម្មតា កុំឱ្យមានការរើសអើងសហជីព កុំឱ្យមានការរើសអើងអ្នកដែលមានផ្ទៃពោះ ហើយឱ្យក្រុមហ៊ុនហ្នឹងធ្វើអ្វីត្រឹមត្រូវទៅតាមច្បាប់ ឱ្យមានពេលត្រឹមត្រូវអ៊ីចឹងណាបង គឺពួកខ្ញុំបង្កើតឡើងមពុំមែនចង់បង្កបញ្ហាអ្វីកើតឡើងលើរោងចក្រនោះទេ គ្រាន់តែចង់បានឱ្យរោងចក្រហ្នឹងធ្វើត្រឹមត្រូវទៅតាមច្បាប់។ និយាយរួមទៅពួកខ្ញុំគ្រាន់តែចង់បានត្រឹមត្រូវតាមច្បាប់ទេបងកុំឱ្យមានការរើសអើងអ្នកដែលមានផ្ទៃពោះ ហើយសំខាន់កុំឱ្យរើសអើងពួកខ្ញុំបង្កើតសហជីពហ្នឹង»។
ក្នុងលិខិតដែលចុះហត្ថលេខាដោយប្រធាននាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល លោក អាំង សេងលី កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ បានដាក់ជូនទៅនាយកក្រុមហ៊ុន ស៊ីន យុន ឡាយ ហ្គាម៉ិន ឯ.ក ដោយពិនិត្យឃើញការបញ្ឈប់អ្នកស្រី បេង យ៉ាណូ អ្នកស្រី បេង ស្រីនាង និងអ្នកស្រី ហ៊ុត ចិន្តា ពីការងារ ជាការអនុវត្តពុំត្រឹមត្រូវតាមនីតិវិធីច្បាប់ឡើយ។ លិខិតដដែលបញ្ជាក់ថា យោងតាមមាត្រា៤៣ នៃច្បាប់ស្ដីពីសហជីព ត្រង់កថាខណ្ឌទី១ វាក្យខណ្ឌទី១ បានចែងថា «រាល់ការបញ្ឈប់ប្រតិភូបុគ្គលិក ឬរាល់បញ្ឈប់បេក្ខជនណាម្នាក់ពីការងាររបស់ខ្លួនអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីអធិការការងារ។
ជាមួយគ្នានេះ ផ្អែកតាមមាត្រា៦៧ នៃច្បាប់ស្ដីពីសហជីព ត្រង់កថាខណ្ឌទី១ វាក្យខណ្ឌទី១ បានចែងថា «កម្មករនិយោជិតទាំងអស់ដែលជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគ្រប់គ្រងសហជីព ទទួលបាននូវការការពារពីការរងគ្រោះ និងការបញ្ឈប់ពីការងារដូចប្រតិភូបុគ្គលិកដែរ»។ យោងតាមច្បាប់ទាំងនោះ នាយកដ្ឋានវិវាទការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល ស្នើឱ្យនាយកក្រុមហ៊ុនទទួលយកអ្នកស្រី បេង យ៉ាណូ អ្នកស្រី បេង ស្រីនាង និងអ្នកស្រី ហ៊ុត ចិន្តា ឱ្យចូលបម្រើការងារធម្មតាវិញ។
ងាកមកកម្មការិនីម្នាក់ទៀត អ្នកស្រី អ៊ុំ សុវណ្ណារី អាយុ ២៧ឆ្នាំ ជា ប្រាប់ដែរថា អ្នកស្រីត្រូវបានថៅកែក្រុមហ៊ុនបញ្ឈប់ភ្លាមៗកាលពីចុងខែធ្នូ ឆ្នាំ២០២៤ ក្រោយពីដឹងថាមានផ្ទៃពោះ។ អ្នកស្រីជាកម្មការិនីម្នាក់ក្នុងចំណោមកម្មករផ្សេងទៀតដែលចូលបម្រើការងារតាំងពីក្រុមហ៊ុនបើកដំណើរការ។
ក្រុមហ៊ុនបញ្ឈប់ស្ដ្រីមានផ្ទៃពោះនេះ អ្នកស្រីថា មិនមែនទើបតែកើតឡើងថ្មីៗនេះឡើយ គឺក្រុមហ៊ុនអនុវត្តយូរហើយ ហើយក្រសួងការងារក៏បានចុះមកពិនិត្យលើករណីនេះដែរ តែក្រោយពីពិនិត្យរួចក្រុមហ៊ុននៅតែបន្តអនុវត្តបញ្ឈប់ស្ដ្រីមានផ្ទៃពោះជាបន្តបន្ទាប់ដដែល។ យ៉ាងណាក្រោយពីបញ្ឈប់ការងារហើយ មកដល់ពេលនេះអ្នកស្រីកំពុងពរពោះជាង ៥ខែ ហើយគ្មានក្រុមហ៊ុន ឬរោងចក្រណាទទួលយកទៅបម្រើការងារឡើយ ដោយជីវភាពរាល់ថ្ងៃប្រឈមការខ្វះខាតជាខ្លាំង។
អ្នកស្រី អ៊ុំ សុវណ្ណារី៖ «រាល់ថ្ងៃធ្វើការស៊ីម៉ោងបណ្ដើរ សងគេបណ្ដើរ អត់ទាន់មានលុយអីសម្រាប់សម្រាលទេ ខ្ញុំគិតថាបានប.ស.ស ប្រើអ៊ីចឹង អាចសម្រាលបន្ទុក តែដល់ឥលូវមិនដឹងទៅណា លុយក៏សល់ ទីមួយខ្ញុំបារម្ភសម្រាលទៅវាអត់មានលុយកាក់អីនៅក្នុងខ្លួនសម្រាប់ឱ្យពេទ្យ ទីពីរប.ស.ស ក៏អត់មានប្រើដែរ ហើយអ្វីដែលសំខាន់អត់លុយវាអត់ដឹងទៅណា ហើយប្រសិនបើបានចូលកន្លែងចាស់វិញទៅ ក្រែងខាងក្រសួងគិតប.ស.ស ឱ្យអ៊ីចឹងទៅ អាចធូរសម្រាលបន្ទុក ហើយគិតគូរសងអីខ្លះទៅបានដោះស្រាយក្នុងបន្ទុក»។
ករណីនេះអ្នកស្រីក៏បានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានវិវាទការងារដែរ ដោយសុំជួយអន្តរាគមន៍ ប៉ុន្តែមកដល់ពេលនេះមិនទាន់មានលទ្ធផលអ្វីនៅឡើយទេ។ យ៉ាងណាតាមរយៈការផ្ដល់ព័ត៌មានមកវិទ្យុស្ដ្រី អ្នកស្រីសំណូមពរឱ្យក្រុមហ៊ុនទទួលយកអ្នកស្រីឱ្យបម្រើការងារឡើងវិញ និងសុំឱ្យក្រុមហ៊ុនអនុវត្តឱ្យបានត្រឹមត្រូវទៅតាមច្បាប់ការងារ។
ជុំវិញរឿងនេះ លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រាប់វិទ្យុស្ដ្រីតាមប្រព័ន្ធតេលេក្រាមដោយសរសេរយ៉ាងខ្លីថា អធិការកិច្ចការងារ កំពុងអង្កេតករណីនេះដែរ ដូច្នេះក្រសួងនឹងចាត់វិធានការតាមច្បាប់ក្នុងករណីបើរកឃើញថាភាគីណាមួយមានកំហុស។ យ៉ាងណា កម្មករនិយោជិតចង់បង្កើតសហជីព ជាសិទ្ធិរបស់ពួកគេ ប៉ុន្តែការបង្កើតឡើងនេះ ត្រូវអនុលោមតាមច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងតំណាងក្រុមហ៊ុន ស៊ីន យុន ឡាយ ហ្គាម៉ិន ឯ.ក ដើម្បីសុំការបំភ្លឺចំពោះករណីបញ្ឈប់កម្មការិនីទាំងនោះ ប៉ុន្តែមករសៀលថ្ងៃទី១៧ ខែមីនានេះ មិនទាន់មានការឆ្លើយនៅឡើយ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី