en     km
en     km

យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងកាត់បន្ថយសំរាមរាយប៉ាយនៅតាមដងផ្លូវ

Share

ក្រសួងបរិស្ថានសម្រេចដាក់ចេញនូវផែនការសម្អាតកម្ទេចកម្ទីសំណល់សំរាមតាមដងផ្លូវជាតិជាច្រើនខ្សែដោយដាក់ឱ្យអនុវត្តជាផ្លូវការចាប់ពីទី១ នៃដើមឆ្នាំ២០២៥។ ក្រសួងដាក់ក្តីរំពឹងថា ប្រជាពលរដ្ឋទាំងអស់នឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងទីប្រជុំជនឱ្យកាន់តែមានអនាម័យនិងសណ្តាប់ធ្នាប់ល្អ។ ចំណែកអ្នកធ្វើការលើបញ្ហាសំណល់ប្លាស្ទិកយល់ថា ក្រសួងគប្បីផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវបន្ថែមទៅដល់ពលរដ្ឋ ពិសេសតំឡើងថ្លៃពន្ធអាករផលិតផលធ្វើពីប្លាស្ទិក។

(កញ្ញា កែវ សុជាតា រាយការណ៍)

 

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥នេះតទៅ ក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិករាយប៉ាយនៅតាមដងផ្លូវ។ ក្នុងនោះ លោករំពឹងថា យុទ្ធនាការនេះនឹងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស ឱ្យកាន់តែស្រស់ស្អាត មានអនាម័យដែលធ្វើឱ្យខ្យល់អាកាសបរិសុទ្ធគ្មានក្លិនមិនល្អពីសំរាម និងសណ្តាប់ធ្នាប់ល្អប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព ទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន

 

ទន្ទឹមគ្នានេះ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់អ្នកយកព័ត៌មានវិទ្យុស្រ្តីនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ថា យុទ្ធនាការ«ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ជាផែនការបោះជំហានទី៣ ក្រោយក្រសួងបានដាក់ចេញនូវយុទ្ធនាការចំនួនពីរកាលពីពេលកន្លងទៅគឺយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ ដើម្បីឱ្យយុទ្ធនាការទទួលជោគជ័យ ពលរដ្ឋទាំងអស់ដែលមានលំនៅដ្ឋាន និងប្រើប្រាស់នៅតាមបណ្តោយផ្លូវជាតិទូទាំងប្រទេស គប្បីចូលរួមចំណែកសម្អាត ទុកដាក់សំរាមកាកសំណល់ឱ្យមានរបៀបរៀបរៀង ញែកសំរាមទៅតាមប្រភេទឱ្យបានត្រឹមត្រូវ និងមិនបណ្តែតបណ្តោយឱ្យសំរាមប្លាស្ទិកហោះពាសវាលពាសកាល។

សកម្មភាពសិស្សានុសិស្សរើសសំរាមតាមដងផ្លូវ។ រូបភាព៖ ក្រសួងបរិស្ថាន

 

លោក ខ្វៃ អាទិត្យា៖«សម្រាប់យុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក»នេះ គឺយើងអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ​ឆ្នាំ២០២៥ទៅ គឺមិនចំពោះតែផ្លូវណាមួយទេ គឺយើងទូទាំងប្រទេសតែម្តង។ ហើយការអនុវត្តរបស់យើង គឺយើងតម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងប្រជាពលរដ្ឋ ទាំងសិស្សានុសិស្ស ទាំងលោកគ្រូអ្នកគ្រូ ព្រះសង្ឈ អាជ្ញាធរមូលដ្ឋាន រដ្ឋបាលរាជធានី ក្រុង ស្រុក ខេត្ត ខណ្ឌហ្នឹង ដែលមានផ្លូវជាតិ គឺយើងចាប់ផ្តើមសម្អាតពីភូមិឋាន ហើយផ្លូវជាតិរបស់យើងឱ្យបានស្អាតទូទាំងប្រទេស។»។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។​ រូបភាព៖ ក្រសួងបរិស្ថាន

 

ដោយឡែក លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា (CYN) យល់ថា បញ្ហាសំរាម ពិសេសសំណល់ប្លាស្ទិក គឺជារឿងចាក់ស្រេះរបស់សាធារណៈមកយូរហើយដែលសាធារណជនមិនគួរមើលរំលង និងធ្វើយ៉ាងណារួមគ្នាលុបបំបាត់សំរាមរាយប៉ាយនៅតាមទីប្រជុំជន។ ក្នុងនាមលោកធ្លាប់ធ្វើការទៅលើបញ្ហាសំរាមប្លាស្ទិក លោកមើលឃើញថា យុទ្ធនាការនេះអាចបណ្តុះស្មារតីពលរដ្ឋ ពិសេសយុវជនឱ្យងាកមកចាប់ដៃគ្នាជាធ្លុងមួយក្នុងការសម្អាតសំរាមនៅតាមដងផ្លូវឱ្យមានសណ្តាប់ធ្នាប់ល្អ។ តែយ៉ាងណា លោកថា ទន្ទឹមនឹងការដាក់ចេញនូវយុទ្ធនាការនេះ កម្ពុជាក៏គួរមានច្បាប់ដាក់កំហិតទៅលើពន្ធរបស់របរដែលផលិតពីប្លាស្ទិកផងដែរ ដើម្បីឱ្យការចរាចរប្លាស្ទិកមានភាពអន់ថយទើបប្រជាពលរដ្ឋអាចចេះសន្សំសំចៃចេះប្រើប្រាស់របស់កែច្នៃ។

លោក ហេង គឹមហុង៖«បាទ! ទាក់ទងនឹងការដាក់ចេញនូវយុទ្ធនាការសម្អាតទីសាធារណៈនិងបរិស្ថាននេះ វាជាយុទ្ធនាការល្អ។ ទន្ទឹមជាមួយនឹងការអនុវត្តយុទ្ធនាការនេះ ខ្ញុំក៏រំពឹងថានឹងមានការអប់រំផ្សព្វផ្សាយ និងចាត់វិធានការឱ្យបានល្អប្រសើរថែមទៀតទាក់ទងជាមួយនឹងការគ្រប់គ្រងសំរាម ក៏ដូចជាមានការចូលរួមជំរុញឱ្យមានការគ្រប់គ្រងតាមចិញ្ចើមផ្លូវ បង្កើនចំនួនធុងសំរាមការប្រមូលសំរាម អីជាដើមនៅតាមទីសាធារណៈទាំងអស់ហ្នឹង។ ដូច្នេះខ្ញុំរំពឹងថា ទាំងការដាក់ចេញនូវវិធានការទាំងវិន័យ ទាំងច្បាប់ ទាំងការអប់រំផ្សព្វផ្សាយ នឹងធ្វើដំណាលគ្នាដើម្បីជំរុញឱ្យមានការយល់ដឹងអំពីការគ្រប់គ្រងសំរាម ក៏ដូចជាការបញ្ចប់វត្តមានសំរាមនៅទីសាធារណៈ។ ខ្ញុំក៏អំពាវនាវឱ្យប្រជាពលរដ្ឋយើង បង្កើនការយកចិត្តទុកដាក់ដែរ ហើយនៅក្នុងការគ្រប់គ្រងអនាម័យសំរាម យើងកុំបោះចោលពាសវាលពាសកាល។ ជាពិសេសទៀតសោតហ្នឹង អ្វីដែលខ្ញុំចង់ឱ្យមានការគិតគូរគឺការដំឡើងពន្ធទៅលើផលិតផលប្លាស្ទិក ឬក៏ការប្រើប្រាស់ប្លាស្ទិកហ្នឹងឱ្យកាន់តែថ្លៃដែរ ដើម្បីជាមធ្យាបាយនៅក្នុងគ្រប់គ្រងសំរាម។»។

លោក ហេង គឹមហុង ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា (CYN)។ រូបភាព៖ ហេង គឹមហុង

 

ការប្រកាសដាក់ចេញនូវយុទ្ធនាការសំអាតផ្លូវជាតិខាងលើនេះ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងសកម្មភាពសាកល្បងសំអាតតាមដងផ្លូវនាពេលកន្លងមក ជាពិសេសការសំអាតផ្លូវជាតិ លេខ៣ លេខ៤ លេខ៤១ និងលេខ៥១។ ក្នុងឱកាសនេះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិនៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម និងសំណល់ប្លាស្ទិកឱ្យបានល្អប្រសើរ។

រូបភាព៖ ក្រសួងបរិស្ថាន

ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះដែរ ក្រុមហ៊ុនក្រដាសអនាម័យ​ MG Pacific Company Limited បានកែប្រែខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនមួយឱ្យស្របតាមគោលនយោបាយរបស់ក្រសួងបរិស្ថាន។ ក្រុមហ៊ុនក្រដាសអនាម័យនេះ បានផ្លាស់ប្ដូរការវេចខ្ចប់ប្រភេទក្រដាសកងបន្ទប់ទឹក ដែលមានប្រើប្លាស្ទិករុំព័ទ្ធជុំវិញពីក្រៅ ទៅជាប្រអប់ថ្លាជ័រជំនួសវិញ។ ការណ៍នេះបង្កឱ្យអតិថិជនប្រើប្រាស់ក្រដាសកងអនាម័យនៅតាមផ្ទះ សាលារៀន រោងចក្រ និងមន្ទីរពេទ្យ​ជាដើម បានចូលរួមកាត់បន្ថយការបញ្ចេញប្លាស្ទិកក្នុងបរិស្ថានបានដោយប្រយោល ខណៈប្រអប់ដាក់ក្រដាសអនាម័យ ដែលប្រើអស់ ក្រុមហ៊ុននឹងប្ដូរជូនអតិថិជនវិញ។

លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះធ្វើឡើងមិនត្រឹមតែកែច្នៃការវេចខ្ចប់មួយមុខនោះទេ តែលោកថា ក្រុមហ៊ុន MG ចង់បញ្ជៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញ។ បន្ថែមពីនេះ លោកថា ការវេចខ្ចប់ជាប្រអប់ជ័រជំនួសឱ្យការរុំថង់ប្លាស្ទិកលើផលិតផលក្រដាសអនាម័យ អាចជួយកាត់បន្ថយការផលិតនិងប្រើប្រាស់ថង់ប្លាស្ទិកមួយផ្នែកនៅលើភពផែនដី ពិសេសនៅក្នុងប្រទេសកម្ពុជា ហើយថែមទាំងជំរុញឱ្យអ្នកប្រើប្រាស់មានផ្នត់គំនិតចេះកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកផងដែរ។

ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសជាង៩,៧លានអង្គ/នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបាន ៣,៦លាន អង្គនាក់។ នៅក្នុងឆ្នាំ២០២៤ យុទ្ធនាការកាត់បន្ថយប្លាស្ទិកនៅកម្ពុជា បានកាត់បន្ថយការនាំចូលប្លាស្ទិកបានចំនួនជាង ៨០% និងកាត់បន្ថយសំរាម/ប្លាស្ទិក រាយប៉ាយតាមដងផ្លូវក្នុងខេត្តចំនួន១១ បានប្រមាណ ៨០% បើធៀបនឹងឆ្នាំ២០២៣៕

Share

ព័ត៌មានទាក់ទង