en     km
en     km

ស្រ្ដីជនជាតិដើមភាគតិចកួយម្នាក់ដឹកនាំស្រ្ដីការពារដីធ្លីនិងធនធានធម្មជាតិលើដីគ្រោងចុះបញ្ជីដីសមូហភាព

Share

 

ស្រ្ដីជនជាតិដើមភាគតិចកួយម្នាក់ដឹកនាំស្រ្ដីការពារដីធ្លីនិងធនធានធម្មជាតិលើដីគ្រោងចុះបញ្ជីដីសមូហភាព
ស្រ្ដីជនជាតិដើមភាគតិចកួយ វ័យ៤៥ឆ្នាំនៅតែបន្ដការពារដីធ្លីព្រៃឈើក្នុងសហគមន៍ ដើម្បីទុកឱ្យអ្នកជំនាន់ក្រោយ និងផ្ទេរចំណេះដឹងដល់យុវជនឱ្យចេះថែរក្សាការពារធនធានធម្មជាតិ។ អ្នកស្រី ហេង សាភេន ជាស្រ្ដីមួយរូបដែលមានភាពក្លាហានក្នុងការអភិវឌ្ឍន៍សហគមន៍និងការពារព្រៃសហគមន៍ឱ្យបានគង់វង្ស មិនឱ្យមានការកាប់បំផ្លាញ ។ មិនត្រឹមតែប៉ុណ្ណោះ ស្រ្ដីរូបនេះថែមទាំងចូលរួមកិច្ចការសហគមន៍និងជាគំរូសម្រាប់ស្រ្ដីជនជាតិដើមភាគតិចកួយមួយរូបផងដែរ។
(រាយការណ៍ដោយកញ្ញា ឃ្វិះ ផលឡា)

ស្រ្ដីជនជាតិដើមភាគតិចកួយម្នាក់ដែលមានភាពស្និតស្នាលជាមួយធនធានធម្មជាតិ ព្រោះថា ព្រៃឈើជាកន្លែងដែលអាចរកអនុផលសម្រាប់ចិញ្ចឹមជីវិត និងអាចរកប្រាក់ចំណូលពីបន្លែក្នុងព្រៃយកមកលក់រកចំណូលចូលគ្រួសារ។ ស្រ្ដីជនជាតិដើមភាគតិចកួយរូបនេះមាននាមថាហេង សាភេន។ អ្នកស្រី ហេង សាភេន រៀបរាប់ថា ជនជាតិដើមភាគតិចកាលពីមុនរស់នៅពឹងផ្អែកលើព្រៃឈើ និងរស់នៅតំបន់ដាច់ស្រយាល មិនសូវទទួលបានការសិក្សារៀនសូត្រ ប្រកបការងារដាំដុះចម្ការវិលជុំសម្រាប់ផ្គត់ផ្គង់ជីវិតប្រចាំថ្ងៃ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍លើជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចកួយមួយជ្រុងទៀត គឺលក្ខណៈពិសេសរបស់ស្រ្ដីៗជនជាតិដើមភាគ។ ស្រ្តីៗអាចចាត់ទុកថាជាអ្នកដែលជួយការពារព្រៃដោយប្រយោល។ និយាយបែបនេះ ព្រោះក្រុមស្រ្តីជនជាតិដើមភាគតិច ដឹងពីរបៀបថែរក្សាការពារព្រៃឈើ ដោយពួកគេជាអ្នករកអនុផលព្រៃឈើបែបចេះសន្សំចៃ ពោលនៅពេលពួកគេចង់ប្រើប្រាស់ដើមឈើ គឺយកតែដើមឈើតូចៗហើយពេលប្រមូលអនុផលព្រៃឈើស្រ្តីទាំងនោះចេះបែងចែក និងទុកសម្រាប់បន្ដវេនថែមទៀតផង។

អ្នកស្រី ហេង សាភេន ស្រ្ដីជនជាតិដើមភាគតិចកួយ។

អ្នកស្រី ហេង សាភេន ប្រាប់ថា ស្រ្ដីជនជាតិដើមភាគតិចគឺមិនបានទៅចំណាក់ស្រុក ឬទៅឆ្ងាយនោះទេ នៅពេលដែលទំនេរពីការងារស្រែចម្ការ មុខរបរបន្ថែមគឺរកអនុផលព្រៃឈើ និងដាំបន្លែចម្រុះក្នុងចម្ការវិលជុំ។ អ្នកស្រីថា បច្ចុប្បន្នតំបន់ខ្លះត្រូវធ្វើវិនិយោគដោយក្រុមហ៊ុនបានកាប់ព្រៃក្រាស់ធំៗ ធ្វើឱ្យពួកបាត់បង់ប្រភពចំណូលមួយផ្នែក។ សព្វថ្ងៃនេះអ្នកស្រីថា ជនជាតិដើមភាគតិចមានតែអាស្រ័យជីវភាពលើការធ្វើចម្ការកសិកម្មចម្រុះ ដូចជាដាំដំឡូង ស្វាយចន្ទីនិងដំណាំផ្សេងៗ មិនមានមុខរបរច្រើនជម្រើសដូចកាលពីមុននោះទេ។ នេះជាអ្វីដែលស្រ្ដីជនជាតិដើមភាគតិច ខិតខំការពារដីធ្លី ធនធានធម្មជាតិព្រៃឈើ ដោយមិនចង់ឱ្យមុខរបរដែលធ្លាប់អាស្រ័យផលត្រូវបាត់។

ស្រ្តីជនជាតិដើមភាគតិចកួយរូបនេះ ចាត់ទុកព្រៃឈើជាធនធានធម្មជាតិដែលសំខាន់អាចជួយកាត់បន្ថយការប្រែប្រួលអាធាតុ ការបាក់ស្រុតដី និងជួយឱ្យដីមានជីវជាតិ។ សារៈសំខាន់នៃព្រៃឈើនេះបានរុញច្រានឱ្យអ្នកស្រី ហេង សាភេន ក្លាយខ្លួនជាស្រ្ដីហ៊ានចុះការពារព្រៃឈើក្នុងសហគមន៍ ទោះបីជួបការលំបាកនានា គ្មានការលើកទឹកចិត្ដពីគ្រួសារក៏ដោយ។ អ្នកស្រីថា ការចុះល្បាតក្នុងព្រៃមិនមានប្រាក់ចំណូលចូលក្នុងគ្រួសារនោះទេ ថែមទាំងប្រឈមគ្រោះថា្នក់ទៀតផងពេលជួបជនខិលខូចប្រព្រឹត្តិបទល្មើសព្រៃឈើ។ តែយ៉ាងណាការចុះល្បាតនេះ ក៏មានត្រូវការសហការជាមួយអាជ្ញាធរ ហើយសហគមន៍តែងផ្ដល់ដំណឹងទៅអាជ្ញាធរដើម្បីទប់ស្កាត់បទល្មើសព្រៃឈើក្នុងសហគមន៍។

 

៖«ភាគច្រើនគឺមានតែស្រ្ដីនេះឯង ដែលចូលផ្ទាល់ណ៎ា ដោយសារបុរសៗគាត់ទៅចំណាក់ឬមួយក៏ធ្វើការងារធំៗ រីឯស្រ្ដីអាចរស់នៅផ្ទាល់តាមភូមិហើយយើងអាចទំនាក់ទំនងគ្នាបានចុះល្បាតចុះអី សម្អាតព្រៃឬក៏ចុះមើលមួយពេលៗគឺមានតែស្ដ្រីតែដែលចូលច្រើន។ដោយសារបទល្មើសព្រៃឈើគឺនៅតែមាន ទីមួយគឺអ្នកដែលឈ្លាតឱកាសអ្នកខាងក្រៅក៏ដូចជាអ្នកខាងក្នុងខ្លះ មួយទៀតដែលគាត់ចូលរួមនិងឈ្លាតឱកាស ក្នុងការលួចកាប់ឈើ លួចរំលោភបំពាន់ដីគឺមានច្រើនមែន ។ហើយមួយទៀតគឺការការពារព្រៃឈើនោះគឺមានចំណុចរសើបខ្លះ ពីអ្នករំលោភបំពានឬមួយក៏អ្នកដែលឆ្លៀតឱកាសក្នុងការកាប់បំផ្លាញរំលោភបំពានដីអីណ៎ា។ហើយសម្រាប់ខ្ញុំកន្លងមក គឺដំណោះស្រាយពួកខ្ញុំសម្រាប់ខ្ញុំផ្ទាល់គឺមានភាពអត់ធ្មត់មមានទំនុកចិត្ដ និងតម្លាភាព ។ ធ្វើអីគឹធ្វើដោយម៉ឺងម៉ាត់ហើយនិងស្មោះត្រង់ចំពោះប្រជាពលរដ្ធភាគច្រើន យើងទាមទាមយកមតិរួមដើម្បីធ្វើការក្រុមក្នុងសហគមន៍ »។

ស្រ្ដីវ័យ៥៤ឆ្នាំ រស់នៅតំបន់ចង្ហូរខ្នា ភូមិងន ឃុំងន ស្រុកសណ្ដាន់ ខេត្ដកំពង់ធំរូបនេះ និងជាអ្នកតំណាងសហគមន៍ជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន បន្ដថា ក្នុងតំបន់នេះគឺជាតំបន់គ្រោងចុះបញ្ជីដីសមូហភាព។ អ្នកស្រីបន្ថែមថា ដីសមូហភាពបែងចែកជាប្រាំប្រភេទគឺ ទី១ ដីលំនៅស្ថាន ទី២ ដីចម្ការវិលជុំឬដីបម្រុង ទី៣ ដីដំណាំជាក់ស្ដែង ទី៤ ដីអភិរក្សគឺដីព្រៃជំនឿ ទី៥ ដីកប់ខ្មោច។ សម្រាប់អ្នកស្រី កិច្ចការការពារព្រៃឈើក្នុងតំបន់គ្រោងចុះបញ្ជីដីសមូហភាពនេះជួបការលំបាកខ្លះៗ ដោយប្រជាពលរដ្ឋមួយចំនួនក្នុងសហគមន៍មិនសូវយល់ដឹងពីការប្រើប្រាស់ដីសមូហភាពនោះទេ ដោយពួកបានយកដីកម្មសិទ្ធិរួមនេះមួយចំនួនទៅបញ្ចាំ ដែលប្រការនេះផ្ទុយពីច្បាប់។ ដើម្បីឱ្យគោលដៅបានសម្រេចអ្នកស្រី ហេង សាភេន និងក្រុមសហគមន៍ បានចំណាយពេលទៅពន្យល់ពីអត្ថប្រយោជន៍នៃដីសមូហភាព ជាញឹកញាប់ដល់ប្រជាពលរដ្ធក្នុងសហគមន៍។ តែយ៉ាងណាការចុះបញ្ជីដីសមូហភាពនេះ មានឧបសគ្គជាច្រើនដោយមិនសូវមានការគាំទ្រពីអាជ្ញាធរក្នុងតំបន់នោះទេ ហើយថែមទាំងឱ្យរំលាយការចុះបញ្ជីដីសមូហភាពផងដែរ។

៖«សម្រាប់ខ្ញុំចូលរួមបានច្រើននៅខាងក្នុងនិងខាងក្រៅ ហើយនិងជាមួយអង្កការស្ថាប័នផ្សេងៗជាច្រើនដែលគកាត់គាំទ្រយើងក្នុងការ ចូលរួមក្នុងវេទិការ ឬមួយក្នុងវគ្គបណ្តុះអីផ្សេងៗដែរ។សម្រាប់ខ្ញុំគឺខ្ញុំនៅតែមានឆន្ទៈក្នុងការបន្ដទៅទៀត ដោយសារបើជាលះបង់ពីការងារនេះទៀត ខ្ញុំនិងបាត់បង់ដីធ្លីធនធានធម្មជាតិដែលយើងខំថែរក្សាពីមុនមក ទុកឱ្យកូនជំនាន់ក្រោយ ខ្លាចវាអស់ក្នុងរយៈពេលខ្លី ហើយខ្ញុំនៅតែបន្ដនិងផ្ទេរចំណេះដឹងទៅដល់យុវជនជំនាន់ក្រោយឱ្យគាត់រឹងមាំ ដើម្បីឱ្យគាត់ការពារបន្ដពីយើងទៅ មុននិងយើងសម្រេចចិត្ដថាឈប់ធ្វើ»។

ក្នុងកិច្ចការពារព្រៃឈើធនធានធម្មជាតិត្រូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធទាំងអាជ្ញាធរសមត្ថកិច្ច និងប្រជាជនទាំងអស់ចូលរួមក្នុងការការពារជួយសហគមន៍ការពារធនធានធម្មជាតិក្នុងតំបន់។ អ្នកស្រី ហេង សាភេន បន្ថែមទៀតថា ក្នុងកិច្ចការពារព្រៃឈើក្នុងតំបន់នេះ អ្នកស្រីមានវិធានការផ្សព្វផ្សាយលក្ខន្ដិកៈនៅក្នុងសហគមន៍ឱ្យប្រជាពលរដ្ឋក្នុងសហគមន៍បានយល់ដឹង និងស្នើសុំអាជ្ញាធរពាក់ព័ន្ធចូលរួមក្នុងកិច្ចការពារធនធានធម្មជាតិ។ បញ្ហាការរំលោភបំពានដីធ្លីក្នុងសហគមន៍កន្លងមកនេះ អ្នកស្រីតែងពិគ្រោះយោបល់ក្នុងវេទិការថ្នាក់ស្រុក ថ្នាក់ខេត្ដ ក៏ប៉ុន្ដែ មិនទាន់មានដំណោះស្រាយណាមួយដែលអាចឱ្យសហគមន៍អ្នកស្រីទទួលយកបាននោះទេ។ ចំពោះមុខបញ្ហានេះ អ្នកស្រីសំណូមពរទៅក្រសួង និងមន្ទីរខេត្ដកំពង់ធំ ផ្ដល់ប័ណ្ណសមភាពជូនសហគមន៍ ដើម្បីឱ្យប្រជាជនកាន់កាប់ដីស្របច្បាប់ដែលអាចការពារខ្លួននៅពេលមានរឿងជម្លោះប្ដឹងទៅតុលាការ ដ្បិតជនជាតិដើមភាគតិចមិនមានប្លង់ដីនោះទេ។

៖« សំណូមពរទៅដល់យុវជនដែល ជាស្រ្ដីឬស្រដីគ្រប់រូបទាំងអស់ មិនថាស្រ្ដីជនជាតិឬមួយក៏ស្ដ្រីខ្មែរ ត្រូវតែចូលរួមធ្វើជាអ្នកដឹកនាំនិងគ្រប់គ្រង់ក្នុង ការពារធនធានធម្មជាតិ ដើម្បីកាត់បន្ថយការបម្រែបម្រួលអាកាសធាតុ និងលើកកម្ពស់សិទ្ធិស្រ្ដីយើងទាំងអស់ដែរ។ហើយមួយទៀតខ្ញុំស្នើរសុំទៅដល់រាជរដ្ធាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធនិងដីធ្លីព្រៃឈើ សុំឱ្យជួយគាំទ្រនិងផ្ដល់ឳកាសឱ្យស្រ្ដីចូលរួមគ្រប់គ្រងឱ្យបានច្រើន។ ហើយមុននិងសម្រេចដាក់ទោសទាន់ឬមួយក៏ចោទប្រកាន់ដល់ស្រ្ដីណាមួយទេ សូមឱ្យចុះសិក្សាឱ្យបានច្បាស់លាស់សិន ព្រោះស្រ្ដីមុននិងធ្វើអ្វីគឺទ្រាំមិនបានហើយធ្វើដូចខ្ញុំផ្ទាល់ សំណូមពរអញ្ចេះ គ្រាន់តែការពារ ដីសមូហភាពនៅដីសមូហភាពនៅដីដូនតារបស់យើងបែរជាគេចោទប្រកាន់ទៅតុលាការ ។ហើយបើអាជ្ញាធរមិនចូលរួមទប់ស្កាត់បញ្ហានេះទេ ស្រ្ដីផ្សេងទៀតក៏គាត់មិនហ៊ានចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិដែរ»។

អត្ថបទដោយ៖ កញ្ញា ឃ្វិះ ផលឡា

Share

ព័ត៌មានទាក់ទង