en     km
en     km

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ប្រកាសរួមជីវភាពនយោបាយជាមួយបក្សកម្លាំងជាតិ ជាផ្លូវការ

Share

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលគេស្គាល់ជាសកម្មជននយោបាយដ៏មានឥទ្ធិពលក្នុងបក្សប្រឆាំង និងមានតួនាទីជាចៅសង្កាត់រងអូចារទី២ ខេត្តបាត់ដំបង ប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សកម្លាំងជាតិ ក្រោយពីគណបក្សភ្លើងទៀន ដកសកម្មជននយោបាយរូបនេះចេញពីបក្ស។ យ៉ាងណាគណបក្សនយោបាយផ្សេងទៀត ចាត់ទុកថាករណីសកម្មជននយោបាយរូបនេះ​ ជារឿងអយុត្តិធម៌ ពីព្រោះតាមសកម្មភាពកន្លងមក អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ជាអ្នកនយោបាយដែលស្មោះត្រង់នឹងបក្ស។ លោក គីម ចាន់ចាវ រាយការណ៍

 

 

តាមលិខិតមួយដែលអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ទទួលបានកាលពីថ្ងៃទី១៧ ខែធ្នូនេះ បង្ហាញថា គណបក្សភ្លើងទៀន ខេត្តបាត់ដំបង សម្រេចលុបឈ្មោះអ្នកស្រី រ៉ូហ៊្សេត ចេញពីសមាជិកភាពគណបក្ស ក្រោមហេតុផលសកម្មភាពអ្នកស្រី ធ្វើខុសលក្ខន្តិកៈ និងផ្ទៃក្នុងរបស់គណបក្សភ្លើងទៀន។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដែលមានតួនាទីជាចៅសង្កាត់រងអូចារទី២ ក្រុងបាត់ដំបង ចេញវីដេអូនិយាយលើទំព័រហ្វេសប៊ុករបស់អ្នកស្រី កាលពីយប់ថ្ងៃទី១៧ ខែធ្នូនេះថា ហេតុផលដែលបក្សភ្លើងទៀនលុបឈ្មោះអ្នកស្រី គឺដោយសារអ្នកស្រីបានធ្វើផ្ទុយពីស្មារតីបក្សភ្លើងទៀន ដោយឈឺឆ្អាលសកម្មជនសង្គម សកម្មជននយោបាយផ្សេងទៀត ក្រៅពីបក្សខ្លួន។ ទោះបីជាលុបឈ្មោះចេញពីបក្សភ្លើងទៀនក្ដី អ្នកស្រីអះអាងថា មិនបានធ្វើឱ្យខ្លួនសោកស្ដាយ និងឈឺចាប់ឡើយ ពីព្រោះអ្នកដែលបានលុបឈ្មោះអ្នកស្រី ជាក្រុមដែលក្បត់ឧត្តមគតិដើមដែលជួយឈឺឆ្អាលប្រជាពលរដ្ឋ ស្វែងរកយុត្តិធម៌ និងមិនប្រព្រឹត្តអំពើពុករលួយ។

ការលុបឈ្មោះនេះទៀតសោត អ្នកស្រីថា ជារឿងល្អដែលឱ្យខ្លួនចាកចេញពីក្រុមក្បត់ឧត្តមគតិដើម ដែលបានធ្វើបាបដល់សកម្មជនក្នុងបក្សខ្លួនដែលស្មោះត្រង់បម្រើបក្ស និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត៖ «ខ្ញុំសូមឱ្យបងប្អូនខ្មែរទាំងក្នុងប្រទេស និងក្រៅប្រទេស ចូលរួមគាំទ្រគណបក្សកម្លាំងជាតិទាំងអស់គ្នា ហើយសូមឱ្យបងប្អូនដែលជាមិត្តភក្ដិរបស់ខ្ញុំ ដែលជាអ្នកគាំទ្រខ្ញុំ សូមគាំទ្រគណបក្សកម្លាំងជាតិទាំងអស់គ្នា ពីព្រោះបច្ចុប្បន្ននេះខ្ញុំបានមកគាំទ្រគណបក្សកម្លាំងជាតិហើយ ខ្ញុំអត់មានតួនាទី ខ្ញុំអត់មានជាសមាជិកគណបក្សកម្លាំងជាតិទេ ខ្ញុំអត់មានតួនាទីនៅក្នុងបក្សកម្លាំងជាតិ តែខ្ញុំគាំទ្រគណបក្សកម្លាំងជាតិដោយសារមូលហេតុគណបក្សភ្លើងទៀនកាលឆ្នាំ២០២៣ មិនបានចូលរួមបោះឆ្នោតទេ។ ដួច្នេះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលស្អាតស្អំ ដែលឧស្សាហ៍ឧត្តមគតិដើម បានមកបង្កើតបក្សកម្លាំងជាតិ»។

ក្រៅពីដកអ្នកស្រីចេញពីបក្ស ក៏មានសមាជិកបក្សផ្សេងទៀតដែលស្មោះត្រង់ តស៊ូបម្រើបក្ស និងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ត្រូវបានបក្សភ្លើងទៀន ដកចេញពីផងដែរ។ សកម្មជនដែលត្រូវបក្សភ្លើងទៀនដកចេញនេះ អ្នកស្រីថា ពីមុនសុទ្ធតែរងការគំរាមកំហែង និងយាយីពីបក្សកាន់អំណាច ប៉ុន្តែពួកគេនៅតែស្មោះត្រង់ តស៊ូជាមួយបក្សខ្លួន។

រូបភាពពីហ្វេសប៊ុកអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត។

អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្ស៊េត៖ «បើទោះបីជាគេលុបឈ្មោះយើងចេញពីបក្សក៏ដោយ ក៏យើងកុំទៅផ្អាកសកម្មភាពរបស់យើងដាច់ខាត បើកាលណាយើងផ្អាកសកម្មភាព ឈប់ជួយគណបក្សកម្លាំងជាតិ យើងគិតតែរឿងគ្រួសារយើង វាត្រូវនឹងបំណងពួកក្បត់មនសិការ ឧត្តមគតិដើមដែលដកខ្ញុំហ្នឹងហើយ។ អ៊‌ីចឹងយើងអត់ត្រូវឱ្យពួកហ្នឹងសប្បាយចិត្តនឹងការលុបឈ្មោះយើង ហើយយើងឈប់ធ្វើការសកម្មភាពគាំទ្រគណបក្សកម្លាំងជាតិនោះទេ»។

ចំណែកលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ ចាត់ទុកការលុបឈ្មោះអ្នកស្រី ចាន់ពៅរ៉ូហ្ស៊េត ចេញពីបក្សភ្លើងទៀននេះ ជារឿងអយុត្តិធម៌ ពីព្រោះកន្លងមកអ្នកស្រី រ៉ូហ្ស៊េត ជាសកម្មជននយោបាយមួយរូបដែលសកម្ម និងមានការតស៊ូជាមួយបក្សប្រឆាំងតាំងពីកុមារភាពមក មានតែភាពស្មោះត្រង់ចំពោះបក្ស។ ក្រៅពីនេះ លោកថា អ្នកស្រី រ៉ូហ៊្សេត គឺប្រឹងប្រែងខ្លាំងណាស់ក្នុងការជួយបក្សប្រឆាំងកន្លងមក តែទីបញ្ចប់បែរជាអ្នកស្រីត្រូវទទួលរងគ្រោះដោយសារបក្សខ្លួនទៅវិញ ហើយការដែលលុបឈ្មោះនេះ ក៏មិនស្របទៅតាមនីតិវិធីគណបក្សដែរ ពីព្រោះគ្មានការជជែក និងសាកសួរទៅកាន់អ្នកស្រី ចាន់ពៅរ៉ូហ៊្សេត អំពីកំហុសណាមួយឡើយ។

លោក រ៉ុង ឈុន៖ «បើទោះបីជាគេលុបឈ្មោះយើងចេញពីបក្សក៏ដោយ ក៏យើងកុំទៅផ្អាកសកម្មភាពរបស់យើងដាច់ខាត បើកាលណាយើងផ្អាកសកម្មភាព ឈប់ជួយគណបក្សកម្លាំងជាតិ យើងគិតតែរឿងគ្រួសារយើង វាត្រូវនឹងបំណងពួកក្បត់មនសិការ ឧត្តមគតិដើមដែលដកខ្ញុំហ្នឹងហើយ។ អ៊‌ីចឹងយើងអត់ត្រូវឱ្យពួកហ្នឹងសប្បាយចិត្តនឹងការលុបឈ្មោះយើង ហើយយើងឈប់ធ្វើការសកម្មភាពគាំទ្រគណបក្សកម្លាំងជាតិនោះទេ»។

លោកបន្ថែមថា កន្លងមកមិនមែនតែអ្នកស្រី រ៉ូហ្ស៊េតទេ ត្រូវលុបឈ្មោះ ក្នុងនោះក៏មានសកម្មជនដែលជាសមាជិកផ្សេងទៀត គឺត្រូវលុបឈ្មោះចេញពីបក្សដែរ។ ក្រោយពីពួកគេលុបឈ្មោះចេញពីបក្ស គឺពួកគេសម្លឹងឃើញតែបក្សកម្លាំងជាតិទេ ដែលមានឥទ្ធិពលជាគណបក្សប្រឆាំងជំនួសគណបក្សភ្លើងទៀន។

ជុំវិញការលុបឈ្មោះសមាជិកបក្សភ្លើងទៀនដែលមានឥទ្ធិពលរូបនេះ លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី លើកឡើងថា ក្នុងគណបក្សនយោបាយនីមួយៗ គឺសុទ្ធតែមានច្បាប់លក្ខន្តិកៈរបស់ខ្លួន ដូច្នេះលោកមិនអាចវិនិច្ឆ័យបានថាជារឿងត្រឹមត្រូវ ឬខុសនោះទេ។ ទោះបីករណីអ្នកស្រី ចាន់ពៅរ៉ូហ្ស៊េតនេះ លុបឈ្មោះចេញពីបក្សភ្លើងទៀនក្ដី ដោយសារអ្នកស្រីគាំទ្របក្សកម្លាំងជាតិ ប៉ុន្តែដើមកំណើតគណបក្សកម្លាំងជាតិពីមុន ក៏ចេញពីគណបក្សភ្លើងទៀនដែរ។

យ៉ាងណាមុននឹងលុបឈ្មោះអ្នកស្រី រ៉ូហ៊្សេត លោកថា គួរតែមានការជជែក ពិភាក្សាគ្នាអំពីកំហុសឆ្គងរបស់សមាជិកបក្សរូបនេះជាមុនសិន ទើបឈានដល់ការដកឈ្មោះចេញ។

លោក មាជ សុវណ្ណារ៉ា៖ «បក្សជំនាន់ថ្មីគឺយើងធ្វើទៅតាមអ្វីដែលជាលក្ខន្តិកៈបក្ស ក៏ដូចជាបទបញ្ជាផ្ទៃក្នុង និងការសម្របសម្រួលឱ្យមានការជជែកគ្នាបែបណាក្នុងការឯកភាព ឬក៏បណ្ដេញសមាជិកដូចជាអ្នកស្រី រ៉ូហ្ស៊េត គាត់នៅជាគណៈកម្មការនាយក នៃគណបក្សភ្លើងទៀនទៅទៀត អ៊‌ីចឹងវាលក្ខន្តិកៈរបស់គណបក្សភ្លើងទៀនហ្នឹង វាវែងឆ្ងាយទៅនឹងការពាក់ព័ន្ធការធ្វើវិសមាជ ក៏ដូចជាការស្នើទៅក្រសួងមហាផ្ទៃ ដើម្បីផ្លាស់ប្ដូរគាត់ចេញពីគណៈកម្មការនាយកបែបណា នៅក្នុងផ្ទៃក្នុងគណបក្សភ្លើងទៀន ហើយបន្តបន្ទាប់មកស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីដូរទៅជំនួសក្រុមប្រឹក្សាសង្កាត់អូរចា។ អ៊‌ីចឹងនិយាយជារួមវាស្ថិតលើលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សភ្លើងទៀន»។

កាលពីថ្ងៃទី១៧ ខែធ្នូនេះ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន ប្រាប់សារព័ត៌មាននៅក្រៅប្រទេសថា លោកនឹងវិលចូលស្រុកវិញ ដើម្បីមកដឹកនាំគណបក្សខ្លួន និងដើម្បីជំរុញឱ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។ នាពេលកន្លងទៅនេះគណបក្សភ្លើងទៀន និងគណបក្សនយោបាយមួយចំនួនទៀតមានគណបក្សកម្ពុជានិយម គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ប្រកាសរួមគ្នា ដើម្បីធ្វើឱ្យមានឥទ្ធិពលទៅប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង