en     km
en     km

ព្រះវិហារ៖ពលរដ្ឋ៥៧នាក់សុំកិច្ចអន្តរាគមន៍ជាថ្មីករណីក្រុមហ៊ុនដីឡូត៌មិនចេញប្លង់រឹងឱ្យអតិថិជន

Share

ភ្នំពេញ៖ ប្រជាពលរដ្ឋ ៥៧ នាក់ដែលជាអតិថជនទិញដីពុះឡូត៌ពីក្រុមហ៊ុន យូតា ណាយូមិ ស៊ូតា ឯ.ក បានស្នើជាថ្មីឱ្យអ្នកពាក់ព័ន្ធជួយអន្តរាគមន៍ករណីក្រុមហ៊ុនខាងលើមិនព្រមប្រគល់ប្លង់កម្មសិទ្ធិតាមកិច្ចសន្យា ទោះបីអតិថិជនបង់ប្រាក់គ្រប់ចំនួនហើយក្តី។ ជុំវិញករណីនេះ អភិបាលក្រុងព្រះវិហារប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារថា អាជ្ញាធរបាននឹងកំពុងដុតដៃដុតជើងអន្តរាគមន៍រឿងនេះ ខណៈថៅកែក្រុមហ៊ុនបានរត់គេចខ្លួនទៅក្រៅប្រទេស។

ទីតាំងដីក្រុមហ៊ុនដែលកំពុងមានទំនាស់ជាមួយពលរដ្ឋ៥៧គ្រួសារករណីមិនចេញប្លង់រឹងជូនអតិថជន។រូបភាពពី សុវណ្ណារិទ្ធ។

ប្រជាពលរដ្ឋ ៥៧ នាក់ដែលជាអតិថិជនទិញដីពុះឡូត៌ពីក្រុមហ៊ុនជប៉ុនមួយឈ្មោះថា យូតា ណាយូមិ ស៊ូតា ឯ.ក បានប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ថា ពួកគេរងចាំដំណោះស្រាយលើករណីនេះទាំងអន្ទះសា ទោះបីរឿងនេះត្រូវបានភាគីក្រុមហ៊ុននិងមន្រ្តីក្រុងសន្យាដោះស្រាយក្តី។ ប្រជាពលរដ្ឋខាងលើស្នើឱ្យអ្នកមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ជួយពន្លឿនការដោះស្រាយឱ្យឆាប់រហ័ស ខណៈពួកគេបានបង់ខាតថវិកាលើដីខ្យល់របស់ក្រុមហ៊ុន។

ប្រជាពលរដ្ឋខាងលើបញ្ជាក់ថា ដីឡូត៌ដែលពួកគេទិញនេះមានទីតាំងស្ថិតនៅភូមិឯកភាព សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយមានឈ្មោះ កាំង សេងលី ជាអគ្គនាយកក្រុមហ៊ុន និងតាមរយៈឈ្មោះ សុន ផល្លី ជាមេការក្រុមហ៊ុន និងជាដៃគូវិនិយោគជាមួយគ្នា។ សម្រាប់ដីខាងលើប្រជាពលរដ្ឋបានទិញកាលពីឆ្នាំ២០២១ ដែលកាលនោះក្រុមហ៊ុនលក់ជូនអតិថិជនក្នុងមួយឡូត៌តម្លៃ៧០០ដុល្លារអាមេរិក។

 

បង្កាន់ដៃទិញលក់របស់ក្រុមហ៊ុននិងអតិថជន។រូបភាពផ្តល់ជូនពីពលរដ្ឋមកកាន់ សុវណ្ណារិទ្ធ។

ក្រុមប្រជាពលរដ្ឋអះអាងថា ក្រោយពេលទិញបានមួយរយៈខាងក្រុមហ៊ុនពុំព្រមប្រគល់ប្លង់រឹងឱ្យនោះទេ ដោយសំអាងថា ក្រុមហ៊ុនកំពុងមានជម្លោះផ្ទៃក្នុងប្តឹងផ្តល់គ្នាត្រូវបិទមិនអាចចេញប្លង់កម្មសិទ្ធិស្របច្បាប់ជូនអតិថិជនបាន។សម្រាប់ពលរដ្ឋយល់ថា ការប្រើលេសបែបនេះជាគឺជាទង្វើមិនគោរពតាមកាតព្វកិច្ចនៃកិច្ចសន្យានោះទេ។

ប្រជាពលរដ្ឋមួយរូបគឺអ្នកស្រី សារិន ផល្លី តំណាងឱ្យប្រជាពលរដ្ឋទាំង៥៧នាក់ខាងលើប្រាប់ថា ពួកគេបានទៅទិញដីឡូត៌ពីក្រុមហ៊ុននេះ កាលអំឡុងឆ្នាំ២០២១ ដោយគ្រានោះក្រុមហ៊ុនមានឱកាសផ្តល់ជូនជាពិសេសសម្រាប់អតិថិជនណាដែលបង់ប្រាក់គ្រប់ចំនួន៧០០ដុល្លារក្នុងរយៈពេលមួយខែនោះក្រុមហ៊ុននឹងចេញប្លង់រឹងជូន។ ក៏ប៉ុន្តែនៅពេលអតិថជនបានបង់ប្រាក់គ្រប់ចំនួនហើយ ស្រាប់តែភាគីក្រុមហ៊ុនថាមិនទាន់អាចចេញប្លង់កម្មសិទ្ធិជូន ព្រោះក្រុមហ៊ុនកំពុងមានរឿងក្តីក្តាំជាមួយឈ្មោះ លោក សុន ផល្លី ជុំរឿងរ៉ាវកេងប្រវ័ញ្ចលុយក្រុមហ៊ុនពីសំណាក់បុគ្គលឈ្មោះ​ សុន ផល្លី។

ពលរដ្ឋដែលមានទំនាស់រឿងក្រុមហ៊ុនមិនចេញប្លង់កម្មសិទ្ធិផ្តល់បទសម្ភាសន៍ជូនសិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារ។រូបភាពពី សុវណ្ណារិទ្ធ។

អ្នកស្រី សារិន ផល្លី បន្តទៀតថា ភាគីក្រុមហ៊ុនពុំបានពន្លឿនការដោះស្រាយឱ្យបានឆាប់រហ័សជូនអតិថិជននោះទេ ទើបមកដល់ខែមិនា​ ឆ្នាំ២០២៤ ប្រជាពលរដ្ឋក៏សម្រេចប្រមូលស្នាមមេដៃប្តឹងករណីទៅរដ្ឋបាលក្រុងព្រះវិហារជួយអន្តរាគមន៍ដោះស្រាយ តែក៏ពុំទើបឃើញចំណាត់ការណាមួយនៅឡើយទេមកទល់ពេលបច្ចុប្បន្ននេះ។

ជុំវិញករណីមិនផ្តល់ប័ណ្ណកម្មសិទ្ធិដីនេះ លោក សុន ផល្លី ដែលជាដៃគូវិនិយោគជាមួយក្រុមហ៊ុនខាងលើនិងកំពុងមានវិវាទជាមួយអគ្គនាយកក្រុមហ៊ុន យូតា ណាយូមិ ស៊ូតា បំភ្លឺប្រាប់សិក្ខាកាមវិទ្យុស្រ្តីប្រចាំខេត្តព្រះវិហារថា លោកពិតជាបានលក់ដីខាងលើឲ្យទៅអតិថិជនពិតមែន។ យ៉ាងណា រឿងផ្តល់ប្លង់រឹងជូនអតិថជនលោកមិនជំទាស់នោះទេ តែករណីនេះនៅជាប់គាំងត្រង់ភាគីអគ្គនាយកក្រុមហ៊ុនប្តឹងចោទលោកថា បានកេងប្រវ័ញ្ចលុយក្រុមហ៊ុន។ សម្រាប់លោក សុន ផល្លី លោកក៏មានការងឿងឆ្ងល់មិនដឹងថា ហេតុអ្វីបានជាភាគក្រុមហ៊ុនចេញប្លង់កម្មសិទ្ធិជនអតិថជន ព្រោះជម្លោះរវាងលោកនិងក្រុមហ៊ុនជាវិវាទបុគ្គលតែប៉ុណ្ណោះ។

ទាក់ទងរឿងនេះ លោក កាំង សេងលី អគ្គនាយកក្រុមហ៊ុនខាងលើ មិនអាចសូមការបំភ្លឺបានទេ ដោយបុគ្គលរូបបានរត់គេចទៅរស់នៅប្រទេសជប៉ុន ហើយតេលេក្រាមរបស់លោកក៏លុបចោលផងដែរ។​

ទីតាំងដីក្រុមហ៊ុនដែលកំពុងមានទំនាស់ជាមួយពលរដ្ឋ៥៧គ្រួសារករណីមិនចេញប្លង់រឹងជូនអតិថជន។រូបភាពពី សុវណ្ណារិទ្ធ។

សម្រាប់រឿងនេះ ប្រជាពលរដ្ឋសុំស្នើទៅកាន់រដ្ឋបាលក្រុងព្រះវិហារ និងរដ្ឋបាលខេត្ត ជួយអន្តរាគមន៍រកដំណោះស្រាយជូនពលរដ្ឋ ព្រោះជនរងគ្រោះមានក្តីព្រួយបារម្ភខ្លាចក្រែងបញ្ហានេះ ដូចទៅនឹងករណីពលរដ្ឋមុនៗដែលទិញដីហើយ ត្រូវបានក្រុមហ៊ុនដកហូតវិញដោយគ្មានសំណង។

ចំពោះបញ្ហានេះលោក ប៉ុក ងួន អភិបាលក្រុងព្រះវិហារឲ្យដឹងថា រដ្ឋបាលក្រុងព្រះវិហារបានទទួលពាក្យបណ្តឹងពីពលរដ្ឋរងគ្រោះរួចហើយ និងបានបញ្ជូន មន្រ្តីជំនាញទៅស៊ើបអង្កេតរឿងនេះតាំងពីខែមិនាមកម្លេះ។ តែយ៉ាងណា លោកអភិបាលក្រុងនឹងចុះទៅពិនិត្យអង្កេតម្តងទៀតលើករណីនេះ ដើម្បីពន្លឿនការដោះស្រាយឱ្យបានឆាប់រហ័ស។

តាមប្រភពពីពលរដ្ឋឱ្យដឹងថា លោក កាំង សេងលី អគ្គនាយកក្រុមហ៊ុនខាងលើធ្លាប់ត្រូវបានតុលាខេត្តព្រះវិហារ និងតុលាការឧទ្ធរណ៍ សម្រេចដាក់ទោសជាប់ពន្ធធានាគារ ១ ឆ្នាំ ពាក់ព័ន្ធបញ្ហាដីទំនាស់នៅភូមិអភិវឌ្ឍន៍ដោយមានដើមបណ្ដឹងឈ្មោះ កាំង ម៉េងសុង។ ហើយរឿងនេះ ត្រូវបានប្ដឹងផ្តល់គ្នារហូតដល់តុលាការកំពូលផងដែរ៕

អត្ថបទខ្លីសរសេរដោយ  មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។​

Share

ព័ត៌មានទាក់ទង