en     km
en     km

រដ្ឋមន្រ្តីបរិស្ថានបេ្តជ្ញាមិនឱ្យមានបញ្ហាសំរាមនៅលើផ្លូវជាតិទូទាំងប្រទេសនៅដំណាច់ឆ្នាំ ២០២៥

Share

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានបង្ហាញការប្តេជ្ញាចិត្តដោយជឿជាក់ថា នៅត្រឹមឆ្នាំ២០២៥នេះ ប្រទេសកម្ពុជានឹងលែងឱ្យមានបញ្ហាសំរាមនៅគ្រប់ផ្លូវជាតិទាំងអស់នៅទូទាំងប្រទេស។  ការថ្លែងដោយជឿជាក់ពីរដ្ឋមន្រ្តីបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីបិទបញ្ចប់ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ ហៅកាត់ថា CCCA  កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅសាលទីស្តីការក្រសួងបរិស្ថាន។ ជុំវិញរឿងនេះ យុវជនដែលធ្វើកិច្ចការងារបរិស្ថានអនាម័យក៏មានសុទិដ្ឋនិយមដែលថា បើសិនជាមានយន្តការរដ្ឋច្បាស់លាស់ និងមានការចូលរួមពីវិស័យឯកជន ពលរដ្ឋ នោះមហិចិ្ឆតាផ្លូវជាតិគ្មានសំរាមឆ្នាំ២០២៥នឹងអាចសម្រេចបាន។

លោក កែវ សុខា ជូនសេចក្តីរាយការណ៍

មានសូចនាករមួយចំនួនដែលធ្វើឱ្យលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានមានសុទិដ្ឋនិយមខ្ពស់ដោយជឿជាក់ថា លោកអាចលុបបំបាត់បានបញ្ហាសំរាមលើផ្លូវជាតិធំៗទូទាំងប្រទេសកម្ពុជានៅត្រឹមដំណាច់ឆ្នាំ២០២៥ខាងមុខ។

សូចនាករទាំងនោះ លោករដ្ឋមន្រ្តីដែលទើបចូលកាន់ដំណែងអាណត្តិនេះ មើលឃើញសញ្ញាបង្ហាញថា ឥរិយាបថរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរជាវិជ្ជមានលើការទុកដាក់សំរាមកាន់តែប្រសើរ។ លទ្ធភាពនេះ បើតាមលោករដ្ឋមន្រ្តី គឺដោយសារការប្រឹងប្រែងរបស់ក្រសួង មន្ទីរ គ្រឹះស្ថានអប់រំទាំងរដ្ឋ និង ឯកជន វិស័យឯកជន និងប្រជាពលរដ្ឋជាច្រើនបានចូលរួមយុទ្ធនាការ ថ្ងៃនេះខ្ញុំមិន​ប្រើប្រាស់ប្លាស្ទិក។ តាមរយៈយុទ្ធនាការដែលជាគំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាននេះលោក អ៊ាង សុផល្លែត បញ្ជាក់ថា គឺមានអ្នកចូលរួមច្រើនលើសលុប ពោលគឺមានប្រជាពលរដ្ឋប្រមាណ ១០ លាននាក់បានចូលរួមក្នុងចំណោមប្រជាជនសរុប ១៧លាននាក់។

សកម្មភាពសិស្សានុសិស្សចូលរួមសម្អាតអនាម័យតាមភូមិឋាន។រូបភាពពីក្រសួងបរិស្ថាន។

សូចនាករមួយទៀត គឺតាមរយៈការកាត់បន្ថយការនាំចូលប្លាស្ទិកចូលកម្ពុជាកាន់តែថយចុះជាអតិបរិមា។ បើតាមលោករដ្ឋមន្រ្តី បញ្ជាក់តាមរបាយការណ៍គយឆ្នាំ ២០២៤នេះ ឱ្យដឹងថា ប្លាស្ទិកប្រមាណ ៨៩%ត្រូវបានកាត់បន្ថយនាំចូលមកកម្ពុជា។

សូចនាករសំខាន់បំផុតជាងគេនោះ គឺលោករដ្ឋមន្រ្តីបរិស្ថានមើលឃើញថា បច្ចុប្បន្នមានផ្លូវជាតិចំនួន៤ គឺផ្លូវជាតិលេខ ៣ លេខ ៤ លេខ៤១ និងលេខ៥១ គឺស្អាត ៧០%ទៅហើយដែលស្ទើរតែគ្មានសំរាម។ មូលហេតុនោះ ព្រោះប្រជាពលរដ្ឋតាមខ្នងផ្ទះ គ្រឹះស្ថានអប់រំរដ្ឋនិងឯកជន ក្រុមហ៊ុន រោងចក្រ ផ្សារ និងកន្លែងនានាមួយចំនួន បានសហការគ្នាចូលរួមបោសសម្អាតក្នុងស្មារតីថែរក្សាអនាម័យតាមទីតាំងរៀងៗខ្លួន ពិសេសមានការក្រើនរំលឹកពីអាជ្ញាធរដែនដីផងដែរ។

លោក អ៊ាង សុផល្លែត៖«ក្នុងឆ្នាំ២០២៥ ផ្លូវជាតិកម្ពុជានឹងមិនថង់សំរាមប្លាស្ទិកទៀតទេ ខ្ញុំដាក់ថាចឹង ហើយបងប្អូនយើងកំពុងតែធ្វើការនេះ ក្មួយៗអង្គការសង្គមស៊ីវិល សិស្សានុសិស្ស អាជ្ញាធរដែនដី រោងចក្រ កំពុងធ្វើការលើរឿងហ្នឹងតាមផ្លូវជាតិទាំង៤ នៅពេលផ្លូវជាតិទាំង៤ហ្នឹងស្អាតយើងនឹងរុញទៅផ្លូវនានាទៀត»។

លោក អ៊ាង សុផល្លែត ថ្លែងក្នុងពីធីបិទបញ្ចប់ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី៣ ហៅកាត់ថា CCCA។រូបភាពពីក្រសួងបរិស្ថាន។

តាមការថ្លែងបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្រ្តីទៅកាន់ម្ចាស់ជំនួយ ដៃគូអង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដែលបានចូលរួមកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាដំណាក់កាលទី ៣ នៅល្ងាចថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៤ គឺនៅពេលដែលកម្ពុជាសម្រេចបានផ្លូវជាតិគ្មានសំរាមនៅដំណាច់ឆ្នាំ ២០២៥ ហើយ នោះកម្ពុជានឹងបោះជំហានថ្មីមួយទៀត ដោយឈានទៅទុកដាក់ញែកសំរាមតាមបែបទំនើប។ តាមបែបទំនើបមានន័យថា រាល់ទីតាំងកប់សំរាមទាំងអស់នឹងត្រូវយកមកប្រើប្រាស់ឡើងវិញក្នុងវិស័យកសិកម្ម ឬឧស្សាហ៍កម្មតាមតម្រូវការជាក់ស្តែង។

ជាការអង្កេត ចាប់តាំងពីលោក អ៊ាង សុផល្លែត មកកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរដ្ឋាភិបាលអាណត្តិថ្មីជាមួយក្បាលម៉ាស៊ីនដឹកនាំសុទ្ធសឹងជាមន្រ្តីវ័យក្មេងៗនេះ បញ្ហាសំរាមត្រូវបានក្រសួងចាត់ទុកជាបញ្ហាអត្ថិភាពមួយដែលត្រូវដោះស្រាយ។ ចាប់តាំងពីចាប់ផ្តើមគេឃើញក្រសួងបរិស្ថានបានដាក់ចេញភ្លាមនូវយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិក» ដែលផ្តើមចេញពីការបញ្ជ្រាបការយល់ដឹងទៅកាន់កុមារៗសិស្សា នុសិស្សតាមសាលាទូទាំងប្រទេស។ បន្តបន្ទាប់មានការចូលរួមពីសំណាក់ មន្រ្តីគ្រប់ជាន់ថ្នាក់ វិស័យ​ឯកជន និងប្រជាពលរដ្ឋតាមមូលដ្ឋាន។  បើតាមរបាយការណ៍ចុងក្រោយរាយការណ៍ដោយលោករដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺមានប្រជាពលរដ្ឋប្រមាណ១០លានបានចូលរួមយុទ្ធនាការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិកនេះ ហើយពលរដ្ឋបានកាត់បន្ថយប្រើថង់ប្លាស្ទិកបាន ៣០លានថង់ក្នុងមួយថ្ងៃ។

សកម្មភាពមន្រ្តីមូលដ្ឋានចូលរួមយុទ្ធនាកាត់បន្ថយការប្រើប្រាស់សំរាម។រូបភាពពីក្រសួងបរិស្ថាន។

ទន្ទឹមគ្នានេះដែរ គេក៏សង្កេតឃើញផងដែរក្រុមយុវជនមួយចំនួន បានបង្កើតក្រុមការងារដោយប្រើពេលទំនេរពីការសិក្សាឬការងារចុះប្រមូលសំរាមតាមប្រឡាយ លូ មាត់បឹង មានទន្លេ ជាដើម។ ការចូលរួមពីយុវជនបែបនេះ បើតាមលោករដ្ឋមន្រ្តីសកម្មភាពនេះគឺជាគុណតម្លៃដ៏ធំធេងមិនអាចខ្វះបានសម្រាប់បុព្វហេតុជាតិមាតុភូមិដោយចំពោះ និងដោយផ្ទាល់គឺជាប្រយោជន៍ដល់សហគមន៍ទទួលបានបរិស្ថានស្អាត គ្មានបញ្ហាសំរាម។

ជុំវិញរឿងនេះដែរ លោក សាន ដារាវីត ប្រធានក្រុមយុវជនសំរាមប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី១២ ខែធ្នូនេះថា មហិច្ឆិតារបស់រដ្ឋមន្រ្តីបរិស្ថានសម្រេចឱ្យបានផ្លូវជាតិស្អាតទូទាំងប្រទេសត្រឹមដំណាច់ឆ្នាំ២០២៥នេះ គឺប្រហែលជាអាចមានលទ្ធភាពខ្ពស់ប្រមាណ៩០%។ ការព្យាករណ៍ប្រហាក់ប្រហែលគ្នានេះ ដ្បិតយុវជនសកម្មលើបញ្ហាសំរាមនេះ ក៏បានមើលឃើញពីការប្រែប្រួលជាវិជ្ជមាននូវឥរិយាបថរបស់ប្រជាពលរដ្ឋលើការចោលសំរាមនេះ ហាក់បានប្រសើរជាងមុន។ការប្រែប្រួលជាវិជ្ជមាននេះ បើតាមយុវជនសំរាមគឺដោយសារការចាក់ឫសយ៉ាងមាំដល់កុមារតូចលើការអប់រំពីការទុកដាក់សំរាមឱ្យមានរបៀបរៀបរយ។

សកម្មភាពលោក សាន ដារាវីត ប្រធានក្រុមយុវជនសំរាមចូលរួមដឹកនាំសមាជិកដើរប្រមូលសំរាមតាមប្រព័ន្ធប្រឡាយនានាដែលកក់កុញដោយសំរាម។រូបភាពពីហ្វេសប៊ុក សាន ដារាវីត។ 

ក៏ប៉ុន្តែដើម្បីឱ្យទិសដៅគ្មានបញ្ហាសំរាមលើដងផ្លូវជាតិទូទាំងប្រទេសសម្រេចជោគជ័យនៅឆ្នាំ២០២៥នេះបាន លោក សាន ដារាវីត យល់ថា ត្រូវមានការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធគ្រប់មជ្ឈដ្ឋានពិសេសអ្នកដែលមានទីតាំង ឬលំនៅដ្ឋានលើដងផ្លូវជាតិចូលរួមជាចាំបាច់។

លោក សាន ដារាវីត ៖«សម្រាប់ខ្ញុំវិញ បើនិយាយពីតាមផ្លូវជាតិ និងស្ថាប័នផ្សេងៗ ក្រុមហ៊ុន សាលារៀន និងផ្ទះប្រជាពលរដ្ឋតាមផ្លូវជាតិ បើគាត់មើលថែផ្ទះ មុខសាលារៀន មុខរោងចក្រ មុខក្រុមហ៊ុន មិនឱ្យមានសំរាម ចឹងគឺមិនមានសំរាមហើយ។ ទោះបីជាអ្នកធ្វើចរាចរតាមផ្លូវជាតិបោះសំរាមចោលក៏មិនមានបញ្ហាដែល ព្រោះបោះនៅមុខផ្ទះ មុខក្រុមហ៊ុន ហើយពួកគេចូលរួមសម្អាតទាំងអស់គ្នានោះគឺគ្មានសំរាមហើយ»។

លោក សាន ដារាវីត ជាយុវជនម្នាក់បានលះបង់ពេលវេលាផ្ទាល់ខ្លួនចូលរួមកិច្ចការងារសង្គមតាមរយៈការលុបបំបាត់ការចោលសំរាម។រូបភាពពីហ្វេសប៊ុក សាន ដារាវីត។ 

សូមជម្រាបជូនថា ក្រសួងបរិស្ថានបានប្រកាសពីបទពិសោធន៍ជោគជ័យនៃយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» ដែល​បាន​កាត់បន្ថយប្លាស្ទិកក្នុង ១ ថ្ងៃជាង៣០លានថង់។ ក្រៅពីយុទ្ធនាការនេះក្រសួងក៏បានដាក់ចេញនូវយុទ្ធនាការជា​បន្ត​បន្ទាប់​ដូចជា យុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ យុទ្ធនាការ​ផ្ទៃមេឃ​ពណ៌ខៀវ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ យុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ និងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»ដែលប្រកាស​ចាប់ផ្តើមពី​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ យុទ្ធនាការទាំងនេះ ជាគោលដៅរួមគឺដើម្បីឆ្ពោះ​ទៅ​យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្រ្តច​ក្រាវិស័យបរិស្ថានជា​ត្រី​វិស័យ​តម្រង់ទិស។

សកម្មភាពសិស្សានុសិស្សដើររើសសំរាមតាមផ្លូវជាតិ។រូបភាពពីក្រសួងបរិស្ថាន។

ជុំវិញបញ្ហាសំរាមនេះ ម្ចាស់សហគ្រាសនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានផ្តួចផ្តើមចូលរួមបង្កើតគម្រោងមួយដែលជួយកាត់បន្ថយការផលិត ក៏ដូចជាការប្រើប្រាស់សំណល់ប្លាស្ទិកនៅក្នុងរោងចក្រ-សហគ្រាសរបស់ខ្លួនដែលមានឈ្មោះថា «ផ្តើមចេញពីអ្នក»។ លោក តាំង សុបិន អ្នកគ្រប់គ្រងអាជីវកម្មនៃក្រុមហ៊ុន MG PACIFIC COMPANY LIMITED បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុស្រ្តីថា គម្រោងនេះ ធ្វើឡើងដើម្បីកែច្នៃការវេចខ្ចប់ក្រដាសអនាម័យ ដែលប្តូរពីការវេចខ្ចប់ថង់ប្លាស្ទិកមកប្រើប្រអប់ជ័រជំនួសវិញ។

លោកបញ្ជាក់ដែរថា ការកែច្នៃការវេចខ្ចប់នេះផ្តល់អត្ថប្រយោជន៍ជាច្រើនទៅកាន់អ្នកប្រើប្រាស់ ពិសេសជំរុញឱ្យអាជីវករនិងអ្នកប្រើប្រាស់កាត់បន្ថយការប្រើប្រាស់ប្លាស្ទិកបន្ថែមទៀត ក៏ប៉ុន្តែទីផ្សារសម្រាប់លក់ហាក់នៅមានកម្រិត និងមិនសូវទទួលបានគាំទ្រពីសំណាក់អតិថិជននៅឡើយ។ យ៉ាងណា លោកយល់ថា ការកែប្រែការវេចខ្ចប់នេះ មិនត្រឹមតែជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនោះទេ ថែមទាំងបញ្ជ្រៀតការអប់រំ និងការយល់ដឹងបន្ថែមទៅដល់អ្នកប្រើប្រាស់ និងអាជីវករលក់ដូរទាំងឡាយ ឱ្យយល់ដឹងពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិកដើម្បីវេចខ្ចប់ទំនិញផងដែរ៕

Share

ព័ត៌មានទាក់ទង