អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងស្រាវជ្រាវចង់ឃើញអ្នកដែលអនុវត្តច្បាប់ផ្តល់នូវទំនុកចិត្តដល់សាធារណជន ព្រមទាំងរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ ធានាឲ្យបានយុត្តិធម៌ ដើម្បីជាគំរូក្នុងនាមជាអ្នកដែលបម្រើរាស្ត្រ បម្រើរដ្ឋនៅក្នុងប្រទេស ករណីមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ព្រមទាំងថតវីដេអូកំសាន្តមួយចំនួនហាក់មិនសមរម្យក្នុងនាមជាអ្នករក្សាសុន្តិសុខសណ្តាប់ធ្នាប់សង្គម ទៅលើប្រព័ន្ធផ្សព្វផ្សាយលើបណ្តាញសង្គម។
(កញ្ញា ងិន ស៊ាងលីម រាយការណ៍)
មន្ត្រីនគរបាលជាតិមានតួនាទីបំពេញភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ប៉ុន្តែមួយរយៈចុងក្រោយនេះគេសង្កេតឃើញថាបច្ចុប្បន្ន មានមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ព្រមទាំងថតវីដេអូកំសាន្តជាលក្ខណៈផ្ទាល់ខ្លួនជាច្រើន ផ្សព្វផ្សាយលើបណ្តាញសង្គមដូចជា Facebook Tiktok និងInstagram ជាដើម។ ដោយក្នុងនោះ មានវីដេអូមួយចំនួនហាក់មិនសមរម្យក្នុងនាមជាអ្នករក្សាសុន្តិសុខសណ្តាប់ធ្នាប់សង្គម បែរជាបង្កភាពរញ៉េរញ៉ៃដល់សង្គមទៅវិញ ដែលប្រការនេះ ធ្វើឲ្យសាធារណជនមានការរិះគន់ជារឿយៗ។ ទន្ទឹមគ្នានេះ ក៏បង្ករឲ្យមានផលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ និងថ្នាក់ដឹកនាំធំៗផងដែរ។
រូបភាព៖ បណ្តាញសង្គមតិកតុក
ជុំវិញករណីនេះ ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានប្រាប់វិទ្យុស្ត្រីនៅព្រឹកថ្ងៃទី១០ធ្នូ ឆ្នាំ២០២៤ថា ពុំមានកំហុសនោះទេ ប្រសិនបើពួកបង្ហោះរូបភាព ឬវីដេអូនៅពេលបញ្ចប់ការងារ និងមិនប៉ះពាល់ដល់អ្នកដទៃ ព្រោះនោះជាសេរីភាព។ ក៏ប៉ុន្តែប្រសិនបើពួកគេលេងសើច ឬបង្ហោះរូបភាព វីឌីអូពាក់ជាឯកសណ្ឋានទៅតាមប្រព័ន្ធផ្សព្វផ្សាយនានាផ្ទុយទៅនឹងវិន័យ បទបញ្ជាផ្ទៃក្នុងនោះគឺជារឿងខុស។ កាន់តែខុសប្រសិនបើមន្ត្រីនគរបាលមានអំណាចទាំងនោះ ប្រើឯកសណ្ឋាន ឋានៈតួនាទីរបស់ខ្លួនទៅគំរាមគំហែង និងបង្ករភាពភ័យខ្លាចដល់អ្នកដទៃដើម្បីប្រយោជន៍របស់ខ្លួន។
«ខ្ញុំយល់ថា បើសិនជាគាត់កំពុងបំពេញការងារអីដែលគាត់ទៅធ្វើអ៊ីចឹងអាចថាវាមានកំហុសអ្ហឹៈ! ប៉ុន្តែបើសិនជាចប់ម៉ោងការងារ គាត់លេងបំពេញការងារហើយ ខ្ញុំយល់ថាមិនជាបញ្ហាអីទេ។ ព្រោះនោះគ្រាន់គ្រាន់តែប្រើសេរីភាពរបស់គាត់ ប៉ុន្តែគ្រាន់តែថា គាត់អាចថា ដោះឯកសណ្ឋានមិនទាន់អីយ៉ាងម៉េច យ៉ាងណាយ៉ាងណីបាទ! ប៉ុន្តែក៏រឿងខ្លះដែលគេហាមបាទ! រឿងខ្លះដែលគាត់មិនគួធ្វើនៅក្នុឯកសណ្ឋានហ្នឹងដែលគាត់មិនគួរប្រើប្រាស់ឯកសណ្ឋាន ឧបមាថា ចប់ម៉ោងធ្វើការ គាត់ទៅគំរាមគេ ទៅសំឡុតគេ ទៅគំរាមគេ ទៅកំហែងគេបាទ! ឬក៏ទៅប្រើប្រាស់តួនាទីខ្លួនផ្ទុយពីច្បាប់អីជាដើមអាហ្នឹងគឺវាអាចណាបាទ!»។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាជនដើម្បីអភិវឌ្ឍន៍ និងសន្តិភាព
ចំណែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងស្រាវជ្រាវ បានលើកឡើងថា កងកម្លាំងគ្រប់លំដាប់ថ្នាក់តែងមានបទបញ្ជាច្បាស់លាស់ វិន័យ និងក្រមសីលធម៌នៅក្នុងការងារ។ ចំពោះមន្ត្រីនគរបាលណាដែលប្រព្រឹត្តិអំពើប្រាសចាកពីគោលការណ៍ដើមនៃតួនាទី ភារកិច្ចការងារ ឬរំលោភបំពាន ទៅលើចំណុចណាមួយ ត្រូវប្រយ័ត្នប្រយែងមើលទៅលើវិន័យជាមុន។ ចំណុចដ៏សំខាន់មួយទៀតនោះ គឺក្រមសីលធម៌ និងវិជ្ជាជីវៈរបស់មន្ត្រីរាជការ ក្នុងនាមជាអ្នកអនុវត្តន៍ច្បាប់ រក្សាសណ្តាប់ធ្នាប់សង្គមជាតិមាតុភូមិមិនគួរធ្វើជាគំរូមិនល្អបង្កបញ្ហា នាំឲ្យសង្គមគ្មានសណ្តាប់ធ្នាប់នោះទេ ។ ម្យ៉ាងវិញទៀត ការណ៍ដែលបង្ហាញនូវឥរិយាបថមិនល្អ មិនថាក្នុងវីដេអូក្តី ឬរូបភាពក្តី ត្រូវគិតដល់វិជ្ជាជីវៈរបស់ខ្លួនព្រមទាំងថ្នាក់ដឹកនាំផងដែរ ។
«ការសិក្សាទៅលើចំណុចមួយទៀត សីលធម៌ វីជ្ជាជីវៈរបស់មន្ត្រីរាជការ ពិសេសកងកម្លាំងហ្នឹងគឺ ត្រឹមយកត្រូវណាស់មិនអាចធូររលុង ឬក៏មិនអាចធ្វើអ្វីមួយប្រាស់ចាកពីគោលការណ៍ដើមបានទេពីព្រោះពួកគាត់គឺជាបុគ្គលដែលមានសក្តានុពលនៅក្នុងការអនុវត្តន៍ច្បាប់កងកម្លាំងឱ្យមានប្រសិទ្ធភាពហើយបើពួកគាត់ជាមនុស្សដែលមានមូលដ្ឋានរឹងមាំនៅក្នុងវិន័យអ៊ីចឹងពួកគាត់ អ្ហឹៈ! វាមិនបានជួយឱ្យសង្គមមានសណ្តាប់ធ្នាប់ទេ បែរទៅជាការបង្កើតបញ្ហាទៅជូនទៅដល់សង្គម ហើយវាធ្វើឱ្យជះឥទ្ធិពលអវិជ្ជាមានទៅដល់រូបភាពនៃកងកម្លាំងទាំងមូល»។
លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងស្រាវជ្រាវ
លោកបន្តថា ទិដ្ឋភាពមួយចំនួនក្នុងការដាក់ពិន័យ ទី១ គឺការទូន្មានដោយផ្ទាល់ និងការប្រកាសឯកសារពាក់ព័ន្ធមួយចំនួនជាសាធារណៈ ដើម្បីឲ្យមន្ត្រីនគរបាលដែលធ្លាប់ប្រព្រឹត្តអំពើខុសឆ្គងទាំងនោះកែតម្រូវដោយខ្លួនឯង។ ប្រសិនពួកគេនៅតែល្មើសបំពាន មិនព្រមអនុវត្ត ដំណាក់បន្តគឺតាមរយៈរដ្ឋាបាលចេញលិខិតពិន័យ ឬព្រមានជាលាយលក្ខណ៍អក្សរ ប៉ុន្តែបើនៅតែមិនរៀងចាលបន្តបំពានវិន័យជាដដែលនោះនឹងមានការចាត់វិធានការទៅតាមផ្លូវច្បាប់។ ក្នុងនោះផងដែរ លោក សង្គត់ធ្ងន់ថា បុគ្គលអ្នកប្រព្រឹត្តគួរតែដឹងខ្លួនផងដែរ ពិចារណានូវទង្វើរបស់ខ្លួនក្នុងនាមអ្នកអនុវត្តច្បាប់។
«អាហ្នឹងជាអ្វីដែលខ្ញុំធ្លាប់ដឹងកន្លងមកគឺកងកម្លាំងមាននិតិវិធីគេក្នុងការដោះស្រាយបញ្ហា ក៏ប៉ុន្តែរឿងរ៉ាវទាំងអស់ហ្នឹងយើងគួរពិចារណាដែរថា ក្នុងនាមជាកងកម្លាំងជាអ្នកថែរក្សាសន្តិសុខជូនសង្គមហើយនឹងសហគមន៍គួរតែប្រកាន់នូវឥរិយាបទល្អជាជាងការដែលទៅធ្វើអីមួយធ្វើឱ្យប្រាសចាកអំពីគោលការណ៍ដើមដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយលសេចក្តីថ្លៃថ្នូដល់កម្លាំងដទៃផ្សេងទៀត។ ត្រូវចាំថានៅក្នុងទិដ្ឋភាពកងកម្លាំងវា បើសិនជាមានករណីមានស្អុយលើចំណុចណាមួយហើយវាអាចជះឥទ្ធពលមិនល្អទៅដល់កងកម្លាំងផ្សេងៗទៀតដោយប្រយោលឬក៏អាចដោយផ្ទាល់អ៊ីចឹង។»។
រូបភាព៖ ក្រសួងមហាផ្ទៃ
យ៉ាងណាលោកស្នើអគ្គស្នងការនគរបាលជាតិ និងទទួលបន្ទុកផ្ទាល់គួរតែរឹតបន្តឹងជាប្រចាំមិនថានៅក្នុងស្ថាប័នក្តី ឬអង្គភាពរបស់ខ្លួនក្តី ប្រសិនណាមន្ត្រីនៅក្រោមឱវាទរបស់ខ្លួនបង្កបញ្ហាមានតែថ្នាក់លើប៉ុណ្ណោះដែលទទួលថ្មបាក់ និងត្រូវប្រឈមមុខដោះស្រាយ។ យ៉ាងណាមិញ លោក ចង់ឃើញអ្នកដែលអនុវត្តច្បាប់ផ្តល់នូវទំនុកចិត្តដល់សាធារណជន ព្រមទាំងរក្សាគុណតម្លៃ និងសេចក្តីថ្លៃថ្នូ ធានាឲ្យបានយុត្តិធម៌ ដើម្បីគំរូនៅក្នុងនាមជាអ្នកដែលបម្រើរាស្ត្រ បម្រើរដ្ឋនៅក្នុងប្រទេស។
«បាទ! ខ្ញុំចង់ឃើញកងកម្លាំងរបស់យើងរក្សារនូវសីលធម៌សេចក្តីថ្លៃថ្នូ ដើម្បីផ្តល់ទំនុកចិត្តដល់សាធារណជនរបស់យើងនៅគ្រប់ទូទាំងប្រទេសហ្នឹង ធ្វើយ៉ាងណាក៏ដោយយើងត្រូវចាំថាកងកម្លាំងទោះបីជានៅមានអំណាចលើសពីមន្ត្រីរាជការសាធារណៈដទៃមែនក៏ប៉ុន្តែសូមរក្សាឱ្យបាននូវគុណតម្លៃ និងសេចក្តីថ្លៃថ្នូ ដើម្បីធានាថា កងកម្លាំងរបស់យើងធ្វើនៅក្នុងក្របខណ្ឌច្បាប់ហើយមិនធ្វើដោយរំលោភបំពានទៅច្បាប់ ហើយអ្នកដែលអនុវត្តន៍ច្បាប់រំលោភបំពានច្បាប់ហើយគឺមិ នអាចរក្សាយុត្តិធម៌សម្រាប់សង្គមបានទេ។ ជាពិសេសគឺត្រូវតែផ្តល់តម្លៃឱ្យខ្លួនឯងហើយនឹងអ្នកដទៃ ដើម្បីធ្វើជាគំរូនៅក្នុងនាមជាអ្នកដែលបម្រើរាស្ត្រ បម្រើរដ្ឋរបស់យើងបាទ!»។
រូបភាព៖ បណ្តាញសង្គមតិកតុក
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអង្គភាពជាមួយចំណុះស្នងការខណ្ឌនីមួយៗបានផ្សព្វផ្សាយរួចទៅហើយចំពោះបំរាមមិនឲ្យមន្ត្រីនគរបាលប្រើប្រាស់ឯកសណ្ឋានយកទៅលេងសើច។ លោកបញ្ជាក់បន្ថែមទៀតថាបច្ចុប្បន្ន នៅស្នងនគរបាលរាជធានីភ្នំពេញពុំមាន មន្ត្រីណាម្នាក់មានសកម្មភាពពាក់ឯកសណ្ឋានរបៀបលេងសើចបង្ហោះតាមបណ្តាញសង្គមនោះឡើយ។ យ៉ាងណា លោកបន្តថាអ្វីដែលជាកិច្ចការងារណែនាំក្នុងនាមជាមន្ត្រីនគរបាលជាតិត្រូវតែមានភារកិច្ច និងមានឆន្ទៈការពារកិត្តិយសនគរបាលជាតិ មិនគួរយកឯកសណ្ឋានជានគរបាលជាតិទៅធ្វើអ្វីដែលនាំឱ្យមានការរិះគន់ ជាពិសេសនៅតាមបណ្តាញសង្គមពីមហាជន។ លោកបញ្ជាក់ថាលោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលភ្នំពេញនឹងមានវិធានការតាមដានត្រួតពិនិត្យ និងផ្សព្វផ្សាយទៅដល់មន្ត្រីទាំងអស់មិនឱ្យមានសកម្មភាពពាក់ឯកសណ្ឋានបង្ហោះអ្វីដែលប្រាសចាកនឹងវិន័យកងកម្លាំងនគរបាលជាតិ ព្រមទាំងជាគោលការណ៍ថ្នាក់ដឹកនាំនោះទេ។
«ប៉ុន្តែអ្វីដែលជាកិច្ចការងារណែនាំរបស់អគ្គស្នងការខាងនគរបាលជាតិគឺជាកិច្ចការងារមួយដ៏ល្អដែលយើងក្នុងនាមជាមន្ត្រីនគរបាលជាតិត្រូវតែមានភារកិច្ច ត្រូវតែមានឆន្ទៈការពារកិត្តិយលនគបាលជាតិ កុំឱ្យយកឯកសណ្ឋានជានគរបាលជាតិទៅធ្វើអ្វីដែលនាំឱ្យការរិះគន់ជាពិសេសទៅតាមបណ្តាញសង្គមពីមហាជន។ អ៊ីចឹង កិច្ចការងារនេះយើងនឹងធ្វើការតាមដានត្រួតពិនិត្យឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលភ្នំពេញនឹងមានវិធានការតាមដានត្រួតពិនិត្យ និងផ្សព្វផ្សាយទៅដល់មន្ត្រីទាំងអស់មិនឱ្យមានសកម្មភាពពាក់ឯកសណ្ឋានទៅធ្វើអ្វី បង្ហោះអ្វីដែលវាប្រាសចាកនឹងវិន័យកងកម្លាំងនគរបាលជាតិផង និងប្រាសចាកអ្វីដែលជាគោលការណ៍ថ្នាក់ដឹកនាំផងដែរណាស់!»។
លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
ប្រសិនបើខាងនគរបាលជាតិបានផ្សព្វផ្សាយ និងណែនាំរួចហើយ ប៉ុន្តែបើមានអ្នកក្រោមឱវាទនៅតែគឃ្លើនបន្តបំពាន ប្រព្រឹត្តផ្ទុយនឹងវិន័យ អគ្គស្នងការនគរបាលជាតិនឹងពិនិត្យមើលជាក់ស្តែងដាក់វិន័យទៅតាមទំហំ ឬកម្រិតដែលផ្ទុយទៅនឹងបទបញ្ជាថ្នាក់លើ។ បើមានកម្រិតធ្ងន់ស្នងការនគរបាលជាតិនឹងចាត់និតិវិធីអនុវត្តិទៅតាមវិន័យ ឬឋានានុក្រមជាក់ស្តែងទៅលើបុគ្គលនោះ។
«អានេះយើងមើលអំពីស្ថានភាពជាក់ស្តែងទី១ តើសកម្មភាពរបស់គាត់នោះ គាត់ធ្វើជាក្នុងន័យមួយដែលគាត់មិនបានទទួលព័ត៌មានពីការណែនាំឬយ៉ាងម៉េច! ហើយទី២ បើគាត់បានទទួលព័ត៌មានហើយគាត់នៅតែចចេសរឹងរូស ល្មើសនឹងការណែនាំរបស់អគ្គស្នងការនគរបាលជាតិអានេះយើងពិនិត្យមើលជាក់ស្តែងទៅតាមទំហំ កម្រិតអ្វីដែលផ្ទុយទៅនឹងបទបញ្ជាថ្នាក់លើ ក៏ដូចផ្ទុយនឹងកងកម្លាំងនគរបាលជាតិ អាហ្នឹងយើងមាននិតិវិធីនៃការអនុវត្តទៅតាមវិន័យទៅតាមឋានានុក្រមជាក់ស្តែងទៅលើអ្វីជាការប្រព្រឹត្តរបស់ពួកគាត់»។
អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែធ្នូ បានចេញសេចក្តីណែនាំដល់មន្ត្រីនគរបាលជាតិទូទាំងប្រទេស ចំនួន៥ចំណុចក្នុងការប្រើប្រាស់ឯកសណ្ឋានរបស់ខ្លួន។ ក្នុងនោះ ត្រូវប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ក្នុងពេលបំពេញការងារ ក្នុងពេលបំពេញប្រតិបត្តិការ ជាពិសេសមន្ត្រីនគរបាលជាតិដែលប្រើប្រាស់ឯកសណ្ឋានស៊ីវិល មិនត្រូវចូលរួមថតរូបជាមួយកម្លាំងប្រតិបត្តិការ និងមិនត្រូវឈរថតពីក្រោយជនល្មើស ឬជនសង្ស័យ។ ត្រូវបានរឹតបន្តឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតសម្តែងជាវីដេអូកំសាន្តតាមរយៈ បណ្តាញសង្គមនានា ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន។ រាល់ការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គមដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវពិចារណាឱ្យបានម៉ត់ចត់ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ៕
(អត្ថបទសរសេរដោយកញ្ញា ងិន ស៊ាងលីម)