តុលាការខេត្តសៀមរាប មិនទាន់សម្រេចផ្តន្ទាទោសជនជាប់ចោទដែលបាញ់សម្លាប់លោក ឈឿង ឈឹង ជាអ្នកសារព័ត៌មានមកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍នៅឡើយ។ យ៉ាងណាស្ថាប័នដែលធ្វើការលើកកម្ពស់អ្នកសារព័ត៌មានថា មូលហេតុនាំឱ្យមានការបាញ់សម្លាប់នេះ គឺដោយសារអ្នកសារព័ត៌មានរូបនេះបានរាយការណ៍ពីសកម្មភាពបុគ្គលជាប់ចោទ ទាក់ទងការកាប់ទន្ទ្រានព្រៃឈើ តែសមត្ថកិច្ចអះអាងថា ជាទំនាស់បុគ្គលកើតឡើងដោយសារលោក ឈឿង ឈឹង ទារលុយពីបុគ្គលជាប់ចោទនេះ។ លោក គីម ចាន់ចាវ រាយការណ៍
លោក ឈឿង ឈឹង មានវ័យ ៦៣ឆ្នាំ ជាអ្នកសារព័ត៌មានមកពីអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលធ្លាប់រាយការណ៍អំពីបទល្មើសព្រៃឈើ ត្រូវបានជនជាប់ចោទបាញ់ប្រហារត្រង់ពោះ បណ្តាលឱ្យរងរបួសធ្ងន់ នៅថ្ងៃទី៤ ខែធ្នូ ខណៈលោកកំពុងធ្វើដំណើរតាមផ្លូវស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ប៉ុន្តែនៅថ្ងៃទី៧ ខែធ្នូនេះ លោក ឈឹង ក៏បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីវះកាត់ហើយ។
លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១១ ខែធ្នូនេះថា មកដល់ពេលនេះ ជនជាប់ចោទដែលបាញ់ប្រហារលើលោក ឈឿង ឈឹង ត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅពន្ធនាគារខេត្តសៀមរាប។ ដូច្នេះចៅក្រមស៊ើបសួរសម្រេចចោទប្រកាន់ជនជាប់ចោទនោះ ពីបទ «ប៉ុនប៉ងឃាតកម្ម» ប៉ុន្តែសកម្មភាពដែលបង្កឱ្យមានឃាតកម្មនេះឡើងយ៉ាងណានោះ លោកថា មិនទាន់អត្ថាធិប្បាយបានទេ ព្រោះស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត។
លោក យិន ស្រាង៖ «គេចោទប្រកាន់គាត់នៅឡើយទេ តាមមាត្រា១៩៩ និងមាត្រ២៧ នៃក្រមព្រហ្មទណ្ឌណា ចៅក្រមគេកំពុងស៊ើបអង្កេត ដំណាក់កាលស៊ើបសួរ»។
ផ្អែកតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បទឃាតកម្ម គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ បទនេះនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ ១៥ឆ្នាំ។
ចំណែកលោក ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បាននិយាយដែរថា តាមរបាយការណ៍ដែលលោកបានសួរ ជនជាប់ចោទនេះឆ្លើយថា មូលហេតុដែលបណ្ដាលឱ្យជនជាប់ចោទបាញ់ទៅលើលោក ឈឿង ឈឹង គឺដោយសារជនជាប់ចោទខឹងលើលោក ឈឹង ដែលសុំលុយខ្លួន។ លោកអះអាងថា ការបាញ់ប្រហារនេះ មិនមែនកើតឡើងដោយសារលោក ឈឹង រាយការណ៍ពីជនជាប់ចោទដែលកាប់ទន្ទ្រានព្រៃឈើនោះទេ។
លោក ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ រូបភាពពីក្រសួងមហាផ្ទៃ។
លោក ហួត សុធី៖ «ជនជាប់ចោទហ្នឹងគាត់ថាទំនាស់ផ្ទាល់ខ្លួនហ្នឹងណាដែលរឿងគាត់ទៅសុំលុយ គាត់សុំលុយទៅអ៊ីចឹងគាត់ខឹងគាត់ តាមតម្រុយគាត់ឆ្លើយ។ គាត់ខឹងសុំលុយគាត់ ២ម៉ឺនៗហ្នឹងណា គាត់ខឹងអាហ្នឹងហើយបានគាត់បាញ់»។
វិទ្យុស្ដ្រីបានព្យាយាមទាក់ទងអ្នកស្រី ជៀវ ចាប ភរិយាលោក ឈឿង ឈឹង ជាច្រើនដង ប៉ុន្តែមកដល់រសៀលថ្ងៃទី១១ ខែធ្នូនេះ មិនទាន់មានការឆ្លើយតបនៅឡើយ។
ប៉ុន្តែលោក រុន សារ៉េត ចាងហ្វាងសារព័ត៌មានឌីជីថល «កម្ពុជាអភិវឌ្ឍន៍» បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា លោក ឈឿង ឈឹង ជាអ្នករាយការណ៍ម្នាក់ដែលគោរពក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ជាពិសេសគោរពតាមឋានានុក្រមរបស់បញ្ជាការឯកភាពរបស់រដ្ឋបាលខេត្ត មន្ទីរព័ត៌មាន និងអាជ្ញាធរមូលដ្ឋាននៅក្នុងស្រុកជីក្រែង។ យ៉ាងណាលោកក៏មិនទាន់ដឹងច្បាស់អំពីមូលហេតុនាំឱ្យមានការបាញ់សម្លាប់លើលោក ឈឿង ឈឹងនេះដែរ តែគ្រាន់តែដឹងថាលោក ឈឹង ជាអ្នកសារព័ត៌មានម្នាក់ មានក្រមសីលធម៌ត្រឹមត្រូវ។
លោក រុន សារ៉េត៖ «អត់មានវត្ថុតាងអីបានជាឈឿង ឈឹងហ្នឹងទារលុយផង ពូសូមជូនព័ត៌មានប៉ុណ្នឹងក្មួយ ចាំនីតិវិធីរបស់តុលាការដោយសារជនសង្ស័យបានស្នងការ និងអាជ្ញាធរខេត្តបានដុតដៃដុតជើង ចាប់ជនសង្ស័យបានទាន់សភាពការណ៍ក្មួយ។ អ៊ីចឹងលឺគេថាទំនាស់បុគ្គល ខាងមន្ទីរព័ត៌មាន និងសាលាខេត្តបានប្រកាសព័ត៌មានហើយតើក្មួយ»។
ជុំវិញរឿងនេះ លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា លើកឡើងថា អ្នកសារព័ត៌មានស៊ើបអង្កេត និងអ្នកសារព័ត៌មានដែលសរសេរពីរឿងរ៉ាវសង្គម ពាក់ព័ន្ធនឹងបញ្ហាព្រៃឈើ បញ្ហាធនធានធម្មជាតិ បញ្ហានយោបាយ និងអំពើពុករលួយជាដើម គឺសុទ្ធតែប្រឈមនឹងហានិភ័យ។ ដូច្នេះភ្ជាប់ជាមួយករណីលោក ឈឿង ឈឹង ដែលត្រូវបានជនល្មើសបាញ់សម្លាប់ លោកថា ព្រោះតែលោក ឈឹង ជាអ្នកសារព័ត៌មានដែលរាយការណ៍ពីសកម្មភាពកាប់បំផ្លាញព្រៃឈើសហគមន៍ ហើយតួនាទី និងការរាយការណ៍របស់លោក ឈឹង ក៏បង្កឱ្យមានជម្លោះជាមួយជនល្មើស។
លោក ណុប វី ប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា។ រូបភាពពីហ្វេសប៊ុកខេមបូចា។
ជម្លោះនេះហើយ នាយកសមាគមរូបនេះថា ជាហានិភ័យធ្វើឱ្យលោក ឈឿង ឈឹង បាត់បង់ជីវិត ព្រោះតែបំពេញការងារ ដើម្បីការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។ យ៉ាងណាហានិភ័យនេះ លោកបញ្ជាក់ថា នឹងមិនអាចដោះស្រាយបានទេ បើសិនអាជ្ញាធរមិនពង្រឹងការអនុវច្បាប់ឱ្យមានប្រសិទ្ធភាព ជាពិសេសពង្រឹងភារកិច្ចក្នុងការតាមចាប់ជនល្មើស ដើម្បីយកមកដាក់ទោស។
លោក ណុប វី៖ «អ្នកសារព័ត៌មានដែលគាត់មានហានិភ័យ គឺគាត់រាយការណ៍ពីរឿងរសើប រឿងបរិស្ថាន រឿងព្រៃឈើ រឿងដីធ្លី នយោបាយ អំពើពុករលួយអីហ្នឹង គឺគាត់មានហានិភ័យខ្ពស់ណាស់ ធ្វើឱ្យគាត់ប្រឈមដូចករណីខាងលើអ៊ីចឹងរហូតដល់មានការបាត់បង់ជីវិតរបស់គាត់។ ចំណុចសំខាន់ គឺទាក់ទងនឹងរឿងពង្រឹងការអនុវត្តច្បាប់ កន្លងមកយើងនៅមានចន្លោះប្រហោង ដែលចាំបាច់យើងត្រូវតែធ្វើឱ្យបានម៉ត់ចត់ថា ជនល្មើសហ្នឹងគឺត្រូវតែយកមកផ្តន្ទាទោស ហើយមួយទៀតរឿងផ្ដល់យន្តការគាំពារ ការការពារសុវត្ថិភាពដល់ការងារអ្នកសារព័ត៌មាន គឺជាចំណែកមួយដែលអាជ្ញាធរមូលដ្ឋាន ក៏ដូចជាក្រសួងពាក់ព័ន្ធគួរតែពង្រឹង និងធ្វើម៉េចឆ្លើយតប ហើយនិងជួយធានា ដើម្បីធ្វើម៉េចអ្នកសារព័ត៌មានធ្វើការងារគាត់បានល្អ»។
ដោយឡែកលោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បញ្ជាក់ប្រាប់វិទ្យស្ដ្រីថា ករណីលោក ឈឿង ឈឹង នេះ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរព័ត៌មាន ប្រឹងប្រែងក្នុងការជួយសង្គ្រោះអ្នកសារព័ត៌មានរូបនេះ ដោយនាំទៅមន្ទីរពេទ្យភ្លាមៗ ក្រោយពីជនល្មើសបាញ់ប្រហារ។ ប៉ុន្តែជារឿងសោកស្ដាយ ដែលលោក ឈឿង ឈឹង ត្រូវបាត់បង់ជីវិត។ លោកថា ដោយសារលោក ឈឹង ត្រូវជនល្មើសបាញ់ឱ្យរបួសច្រើនកន្លែង។
លោកបន្តទៀតថា ក្រោយពីលោក ឈឿង ឈឹង បាត់បង់ជីវិត អាជ្ញាធរខេត្តសៀមរាប និងមន្ទីរព័ត៌មាន មិនបានព្រងើយកន្តើយឡើយ ដោយជួយឧបត្ថម្ភស្បៀងអាហារ និងថវិកាសម្រាប់ដោះស្រាយបញ្ហាជីវភាពគ្រួសារអ្នកសារព័ត៌មានរូបនេះផងដែរ។ ម្យ៉ាងវិញទៀត លោកថា ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាល គឺតែងតែយកចិត្តទុកដាក់ខ្ពស់លើអ្នកសារព័ត៌មាន និងលើកស្ទួយនូវសិទ្ធិសេរីភាពសារព័ត៌មាន។
សកម្មភាពមន្ទីរព័ត៌មាន ចុះផ្ដល់អំណោយដល់គ្រួសារលោក ឈឿង ឈឹង។ រូបភាពពីមន្ទីរព័ត៌មានខេត្តសៀមរាប។
លោក ទេព អស្នារិទ្ធ៖ «ខ្ញុំសូមបញ្ជាក់ជូនថា ជនជាប់សង្ស័យពាក់ព័ន្ធនឹងការធ្វើឃាត ត្រូវបានឃាត់ខ្លួនបានភ្លាមៗទាន់ពេលវេលា ក្រោយទទួលបានព័ត៌មានអំពីព្រឹត្តិការណ៍នៃអកុសលនេះ ហើយបច្ចុប្បន្ននេះ សំណុំរឿងឃាតកម្មនេះ កំពុងស្ថិតក្នុងក្របខ័ណ្ឌនៃការអនុវត្តនីតិវិធីច្បាប់របស់តុលាការខេត្តសៀមរាបហើយ។ ទាំងនេះក៏ដោយសារមានការយកចិត្តខ្លាំងពីសំណាក់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន រដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធចំពោះសុវត្ថិភាពរបស់អ្នកសារព័ត៌មានយើងទាំងអស់ ហើយក៏ដោយសារមានការសហការល្អរវាងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្ត និងដោយមានចូលរួមភ្ជាប់ពីមន្ទីរព័ត៌មានខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធផងដែរ»។
យ៉ាងណាកាលពីថ្ងៃទី១០ ខែធ្នូនេះ សេចក្ដីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការលើកសិទ្ធិមនុស្ស និងលើកកម្ពស់អ្នកសារព័ត៌មានជាង១០ ស្ថាប័នរួមមាន៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ជាដើម ចាត់ទុកករណីនេះ ជាឃាតកម្មដ៏រន្ធត់ និងជាការបំបិទមាត់អ្នកសារព័ត៌មាន បន្ទាប់ពីអ្នកសារព័ត៌មានរងនូវការគំរាមកំហែង ហើយនិងការចាប់ដាក់ពន្ធនាគារ។
ក្រុមអង្គការទាំងនោះ៖ «យើងខ្ញុំសូមស្នើដល់រាជរដ្ឋាភិបាល សូមធានាថា សិទ្ធិរបស់អ្នកសារព័ត៌មានត្រូវបានការពារ។ ការគាបសង្កត់ភាគច្រើនបានសំដៅទៅលើអ្នកសារព័ត៌មានដែលរាយការណ៍ពីបញ្ហារសើប ដូចជាការបំផ្លិចបំផ្លាញបរិស្ថាន ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងឧក្រិដ្ឋកម្មក្នុងប្រទេស»។
ទន្ទឹមនេះលោក ទេព អស្នារិទ្ធ ថា ក្រសួងសូមអំពាវនាវឱ្យអាជ្ញាធរខេត្តទាំងអស់ ជួយសម្របសម្រួលទៅដល់អ្នកសារព័ត៌មានទាំងអស់ដែលចុះទៅអនុវត្តការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌ ឱ្យទទួលបានការសហការ និងគាំទ្រពីអាជ្ញាធរ ដើម្បីផ្សព្វផ្សាយព័ត៌មានពីការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។
លោក ទេព អស្នារិទ្ធ៖ «សម្រាប់អ្នកសារព័ត៌មាន និងការយកព័ត៌មានមួយចំនួនដែលអាចបង្កហានិភ័យ ខ្ញុំសូមអំពាវនាវយ៉ាងទទូចទៅដល់អ្នកសារព័ត៌មានទាំងអស់ សូមមេត្តាធ្វើការសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គភាពជំនាញ ដោយផ្ដល់ព័ត៌មានទាំងនោះដល់សមត្ថកិច្ច ដើម្បីគាំទ្រដល់ការងារអនុវត្តជំនាញក្នុងវិស័យសមត្ថកិច្ចពាក់ព័ន្ធ ដែលវាជាការរួមចំណែកដល់សមត្ថកិច្ចអនុវត្តច្បាប់ ហើយចៀសវាងឱ្យបានកុំពាក់ព័ន្ធដាច់ខាតនូវការគំហែងទារ ឬទង្វើផ្សេងទៀតដែលផ្ទុយនឹងក្រមសីលធម៌វិជ្ជាជីវៈ»។
តាមរបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បង្ហាញថា ក្នុងរយៈពេល ៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញាកន្លងមកនេះ អ្នកសារព័ត៌មានចំនួន ៤៦នាក់ បានរងការយាយី។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង ៤៦នាក់នេះ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៤៣នាក់ ប្រឈមការយាយីតាមផ្លូវតុលាការ ដែលរួមបញ្ចូលការកោះហៅមកសាកសួរ ការកោះហៅមកបង្ហាញខ្លួននៅតុលាការ និងការឃាត់ខ្លួន។ ក្រៅពីនេះ អ្នកសារព័ត៌មានចំនួន ៧នាក់ រងការបៀតបៀនលើរាងកាយ ៥នាក់ ប្រឈមការរឹតត្បិតក្នុងការបំពេញការងាររបស់ខ្លួន និងសារព័ត៌មានចំនួន ៣នាក់ ត្រូវបានដកហូតអាជ្ញាបណ្ណ៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី