en     km
en     km

មន្រ្តី ប.ស.ស ថាសំណើមួយចំនួនពាក់ព័ន្ធបណ្ណ ប.ស.ស អាចមានលទ្ធផលនៅពាក់កណ្តាលឆ្នាំ២០២៥

Share

ភ្នំពេញ៖ សំណើសំខាន់ៗមួយចំនួនដែលចង់ឱ្យប្រព័ន្ធគាំពារសង្គមបង្កើនវិសាលភាពគ្របដណ្តប់លើមនុស្សវ័យចំណាស់ កម្មករ និងកសិករ ជាដើមត្រូវបានលើកឡើងក្នុងកិច្ចសន្ទនាថ្នាក់តំបន់រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ដែលរៀបចំដោយអង្គការអុកស្វាម។ សម្រាប់សំណើនេះ មន្រ្តី ប ស ស បញ្ជាក់ថា នឹងថាអាចចេញជាលទ្ធផលនៅពាក់កណ្តាលឆ្នាំ២០២៥ខាងមុខនេះ។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍

បច្ចុប្បន្នជាសមាជិក ប.ស.ស  អ្នកស្រី ភិន កុសល កម្មការិនីរោងចក្រកាត់ដេរមួយកន្លែងនៅភ្នំពេញបានស្នើសុំដល់បេឡាជាតិសន្តិសុខសង្គម ឱ្យផ្តល់បណ្ណ ប ស ស ដល់មនុស្សដែលមានវ័យលើសពីអាយុ ៦០ឆ្នាំឡើង។ ការស្នើនេះ ដ្បិតកម្មការិនីរូបនេះយល់ថា បណ្ណ ប ស ស សម្រាប់មនុស្សចាស់គឺមានអត្ថប្រយោជន៍ណាស់ ដោយមនុស្សវ័យចាស់អាចថែទាំសុខភាព  និងទៅព្យាបាលជំងឺនៅមន្ទីរពេទ្យមិនចាំបាច់បង់ថ្លៃសេវា។ អ្នកស្រីស្នើបែបនេះ ខណៈដែលឪពុករបស់អ្នកស្រី ដែលមានអាយុលើសពី ៦០ឆ្នាំ  មិនអាចធ្វើបណ្ណ ប ស ស បាន ហើយការចំណាយលើការព្យាបាលត្រូវរ៉ាប់រងដោយខ្លួនឯង។

អ្នកស្រី ភិន កុសល៖ «ប្រសិនជាធ្វើ ប.ស.ស មិនបាច់គិតអាយុត្រឹម៦០ឆ្នាំមកក្រោមក៏បានដែរ ចង់ឱ្យ ប.ស.ស អាចកើនអាយុលើសហ្នឹងក៏អាចធ្វើបានដែរ!ពុកខ្ញុំគាត់ហួសអាយុហើយ តែម៉ែគាត់មាន»។

រីឯអ្នកស្រី ជន ស្រីម៉ៅ សកម្មជនសហជីពសំណង់ព្រៃឈើខេត្តសៀមរាបឱ្យដឹងថា កម្មករសំណង់ កម្មករឡឥដ្ឋ និងអ្នកធ្វើការតាមផ្ទះភាគច្រើនមិនមានបណ្ណ ប.ស.ស ដោយសារតែពួកគេមិនបានយល់អំពីសារៈសំខាន់របស់ បណ្ណ ប.ស.ស។ ដូច្នេះអ្នកស្រីស្នើសុំស្ថាប័ន ប.ស.ស ចុះទៅពិនិត្យមើលលទ្ធភាពដើម្បីចុះបញ្ជីដល់ទីតាំងរបស់កម្មករសំណង់ កម្មករឡឥដ្ឋ ស្ថិតនៅឃុំកន្ទាំ្រង ស្រុកបា្រសាទបាគង ខេត្តសៀមរាប ដើម្បីទទួលបានសេវាគាំពារសង្គមថែទាំសុខភាព ប.ស.ស គ្រប់គ្នា។

អ្នកស្រី ជន ស្រីម៉ៅ៖«គាត់អត់សូវយល់ដឹងទេខាងប.ស.ស នេះគាត់ថា បង់ភាគទានទៅខ្លាចវាមិនបានផលប្រយោជន៍អ្វីមកវិញ បើតាមក្រុមហ៊ុនចូល ប.ស.ស គាត់ច្បាស់ គ្នាខាងសំណង់រាយ អត់សូវយល់ដឹងខាង ប.ស.ស ទេ»។

ជុំវិញរឿងនេះលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានបញ្ជាក់ តាមការសិក្សាមួយចំនួនដែលរកឃើញថា មនុស្សចាស់ប្រឈមមុខនឹងបញ្ហាកង្វះការគាំពារផ្នែកសង្គម និងផ្នែកសុខភាព ដែលបញ្ហានេះជារឿងចាំបាច់ត្រូវយកចិត្តទុកដាក់។

លោកប៉ា ចន្ទរឿន ៖ «ការផ្តល់ឱកាសឱ្យមនុស្សចាស់ដែលមានវ័យចាប់ពី៦៥ឆ្នាំឡើងទទួលបានបណ្ណ .ស.ស  ដូចប្រជាពលរដ្ឋក្រោមអាយុ៦៥ឆ្នាំដែរ មិនចាំបាច់ទាល់តែគាត់ក្រីក្រ ឬក៏ជាប្រភេទក្រុមមនុស្សដែលអាចទទួលបាននូវមូលនិធិសមធម៌ពីរដ្ឋាភិបាលទេ ពីព្រោះនៅក្នុងសង្គមយើងការសិក្សាមួយចំនួនរកឃើញថា មនុស្សចាស់ប្រឈមមុខនឹងបញ្ហាច្រើន។

ទាក់ទងក្នុងរឿងនេះ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស បញ្ជាក់ថា យ៉ាងយូរពាក់កណ្តាលឆ្នាំ ២០២៥ ខាងមុខនេះ សំណើមួយចំនួនដែលទទួលបានពីវេទិកាប្រចាំឆ្នាំទាំង ៤ លើក ដែលរៀបចំឡើងដោយអង្គការអុកស្វាមស្តីពី« គាំពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាល ប្រកបដោយយុត្តិធម៌នៅកម្ពុជា»​ នឹងមានលទ្ធផលជូនសម្រាប់ភាគីពាក់ព័ន្ធ។

សម្រាប់សំណើ ចំនួន ៣ រួមមានទី១ សុំឱ្យមានការគិតគូរប្រាក់ភាគទានបង់កញ្ចប់គ្រួសារឱ្យមានការថយចុះជាងមុន។ ទី២ ស្នើសុំបេឡាជាតិសន្តិសុខសង្គម ក៏ដូចជាក្រសួងសុខាភិបាល ពង្រឹងការផ្តល់សេវាដល់សមាជិក ប.ស.ស។ និងទី៣ គឺគោលការណ៍មួយដែលមិនទុកអ្នកណាម្នាក់ឱ្យឃ្លាតឆ្ងាយពីប្រព័ន្ធគាំពារសង្គម ​។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ៖« ទាក់ទងនឹងសំណើទី១ដូចខ្ញុំបានបញ្ជាក់ជូនថា ក្រុមការងារកំពុងតែសិក្សាលើការងារនេះហើយ ​តាមអ្វីដែលជាអនុសាសន៍របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកបានដាក់កាលបរិច្ឆេទហើយថា យ៉ាងយូរពាក់កណ្តាលឆ្នាំ២០២៥នឹងមានលទ្ធផលជូនតែម្តង!»។

លោក តាន់ វិសាល តំណាងអង្គការអុកស្វាមបញ្ជាក់ថា  កិច្ចសន្ទនាសង្គមដែលបានរៀបចំឡើងតាមរយៈវេទិកាថ្នាក់ជាតិប្រចាំឆ្នាំរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត គឺជាកូនសោរដ៏មានប្រសិទ្ធភាព ដើម្បីសិក្សាឈ្វេងយល់ពីបញ្ហាប្រឈម សំណូមពរ និងលទ្ធភាពក្នុងការរួមគ្នា ពង្រឹងចំណេះដឹង ចំណុចខ្វះខាត និងឈានទៅរកការងារសមរម្យ។ លោកបន្តថា កិច្ចសន្ទនាសង្គមនេះ គឺជាយន្តការសំខាន់មួយនៃប្រវត្តិសាស្រ្តមនុស្សជាតិក្នុងការបញ្ចប់ទំនាស់គ្រួសារ ទំនាស់នយោបាយ ក៏ដូចជាសង្រ្គាមផងដែរ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានវាយតម្លៃថា  វេទិកាប្រចាំឆ្នាំទាំង៤លើកនេះ មានភាពល្អប្រសើរ ព្រោះវេទិកានីមួយៗមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស មានការចូលរួមពីសំណាក់វាគ្មិនធ្វើបទបង្ហាញ ដើម្បីឈ្វេងយល់ពីអត្ថប្រយោជន៍ផ្សេងៗរបស់បណ្ណ ប. ស.ស ក៏ដូចជាឈ្វេងយល់អំពីប្រព័ន្ធគាំពារសង្គមនៅក្នុងប្រទេសកម្ពុជា៕

រូបភាព៖អុកស្វាម

 

 

Share

ព័ត៌មានទាក់ទង