en     km
en     km

រដ្ឋបាលខេត្តព្រះវិហាររៀបចំការប្រណាំងទូកទាក់ទាញភ្ញៀវទេសចរណ៍ជាង ៥ ម៉ឺននាក់

Share

ព្រះវិហារ៖ រយៈពេល ២ ថ្ងៃនៃការប្រណាំងទូក ង ជាលក្ខណៈមិត្តភាពក្នុងខេត្តព្រះវិហារ មានវត្តមានភ្ញៀវទេសចរណ៍មកចូលរួមទស្សនាកម្សាន្តប្រមាណ ៥៣.០០០ នាក់ ហើយកម្មវិធីនេះបានបញ្ចប់ទៅដោយរលូន។

ភ្ញៀវមកលេងក្នុងកម្មវិធីប្រណាំងទូកនៅទំនប់៩៥ ក្នុងខេត្តព្រះវិហារ។រូបភាព សុវណ្ណារិទ្ធិ។

ព្រឹត្តិការណ៍នៃការរៀបចំពិធីប្រកួតប្រណាំងទូកជាលក្ខណៈមិត្តភាព សាមគ្គីភាព នៅបរិវេណអាងទំនប់៩៥ ស្ថិតក្នុងខេត្តព្រះវិហារកាលពីថ្ងៃទី០៩ និងទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទាក់ទងភ្ញៀវទេសចរណ៍មកលេងកម្សាន្តប្រមាណ ៥៣.០០០ នាក់ ដែលចំនួននេះកើនឡើងជាងឆ្នាំមុន ដែលមានត្រឹមតែជិតមួយម៉ឺននាក់តែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ។

ទិដ្ឋភាពចម្រុះទូកដែលមកចូលរួមប្រកួតប្រជែង។រូបភាព សុវណ្ណារិទ្ធិ។

បើតាមប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ព្រឹត្តិការណ៍ប្រណាំងទូកនៅខេត្តព្រះវិហារនេះ មានទូកចូលរួមប្រកួតសរុបចំនួន ៣៣ទូក ដោយមានទូកផ្នែកស្រ្តីមានចំនួន ២ ទូកផងដែរ។ បើតាមអ្នករៀបចំកម្មវិធីបញ្ជាក់ថា ការប្រកួតនេះដើម្បីបង្កភាពសប្បាយរីករាយជូនពលរដ្ឋក្នុងខេត្ត ក៏ដូចជាមហាជននានា នាឱកាសអបអរពិធីបុណ្សអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលនឹងគ្រោងធ្វើឡើងនាប៉ុន្មានថ្ងៃខាងមុខនេះ។

ទិដ្ឋភាពនៃការអុំប្រណាំងរបស់កីឡាករ។។រូបភាព សុវណ្ណារិទ្ធិ។

ងាកមកទិដ្ឋភាពក្នុងកម្មវិធីប្រណាំងទូកងនៅទំនប់លេខ ៩៥ វិញគេសង្កេតឃើញថា មានភ្ញៀវមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។ ជាងនេះក៏មានការតាំងលក់របស់របប ចំណីអាហារហូបចុក និងគ្រឿងវត្ថុអនុស្សាវរីយ៍ផ្សេងៗផងដែរ។ ជាងនេះ ក៏មានការរៀបចំឆាកបង្ហាញពីរបៀបដាល់អំបុក និងការដុតក្រឡានដែលជាដើម។ ជាងនេះ នៅពេលរាត្រីក៏មានកម្មវិធីដុតកាំជ្រួច បណ្តែតប្រទីប និងបង្ហោះគោមផងដែរ។

សកម្មភាពលេញអំបុកដើម្បីយកទៅដាល់។រូបភាព សុវណ្ណារិទ្ធិ។

សម្រាប់ប្រជាពលរដ្ឋនៅបានមកលេងកម្សាន្តក្នុងពិធីប្រណាំងទូកនេះ បានបង្ហាញក្តីសប្បាយរីករាយក្នុងការចូលរួមទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍ប្រណាំងទូក ង និងការដាក់តាំងបង្ហាញនូវស្តង់ពិព័រណ៌ផលិតផលនានា នៅក្នុងឱកាសនោះ។

សកម្មភាពធ្វើក្រឡាននៅក្នុងពិធីប្រណាំងទូក។រូបភាព សុវណ្ណារិទ្ធិ។

រីឯផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់វិញ គេឃើញមានការដាក់ពង្រាយកម្លាំងមានសមត្ថកិច្ចតាមគោលដៅនីមួយៗ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋបានយ៉ាងល្អប្រសើរ ដោយគ្មានបាតុភាពអ្វីកើតឡើងធំដុំនោះទេ។

កងកម្លាំងបានដើរត្រួតពិនិត្យសុវត្ថិភាពជូនភ្ញៀវមកលេង។។រូបភាព សុវណ្ណារិទ្ធិ។

ក្នុងឱកាសនោះដែរ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារថ្លែងថា ពិធីបុណ្យប្រណាំងទូកងនេះ បានបន្សល់ទុកជាប្រវត្តិសាស្ត្រ និងជាទំនៀមទម្លាប់តរៀងមក រហូតដល់បច្ចុប្បន្ន។ ជាងនេះ អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ក៏បានផ្តល់រង្វាន់លើកទឹកចិត្តដល់ទូកង ដែលទទួលជ័យលាភីផងដែរ៕

អភិបាលខេត្តប្រគល់ពានរង្វាន់ជូនជ័យលាភី។រូបភាព សុវណ្ណារិទ្ធិ។

អត្ថបទខ្លីសរសេរដោយ  មាន សុវណ្ណារិទ្ធ សិក្ខាកាមក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន និងការថតរូប រៀបចំដោយអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(WMC)។

Share

ព័ត៌មានទាក់ទង