ភ្នំពេញ៖ អ្នកសារព័ត៌មានអនឡាញម្នាក់ដែលរាយការណ៍យ៉ាងសកម្មពីបញ្ហាបរិស្ថាន និងការកាប់ព្រៃឈើក្នុងខេត្តកំពង់ធំ គឺលោក សឿ សុជា ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង»។ យ៉ាងណាការកាត់ទោសនេះ សមាគមដែលលើកកម្ពស់អ្នកសារព័ត៌មានចាត់ទុកថា ជាការរឹតត្បិតសេរីភាពអ្នកសារព័ត៌មាន ប៉ុន្តែក្រសួងព័ត៌មាន ថានេះជាអនុវត្តច្បាប់របស់តុលាការ ដូច្នេះក្រសួងមានតែណែនាំឱ្យអ្នកសារព័ត៌មាន អនុវត្តការងាររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ។
(កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍)
លោក សូ សុវណ្ណារ៉េត អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី០៨ ខែវិច្ឆិកានេះថា តាមសាលក្រមរបស់តុលាការប្រកាសកាលពីថ្ងៃទី៧ ខែវិច្ឆិកានេះ សម្រេចឱ្យលោក សឿ សុជា រួចផុតពីបទចោទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» និងបទ«បរិហារកេរ្តិ៍ជាសាធារណៈ» ដែលបានប្រព្រឹត្តនៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាមកាលពីខែឧសភាកន្លងមកនេះ។ លោកបន្តថា ចំណុចមួយទៀត តុលាការក៏ប្រកាសសាលក្រមឱ្យលោក សឿ សុជា ជាប់ពន្ធនាគារចំនួន ១ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង» ដែលប្រព្រឹត្តិកាលពីខែឧសភា ឆ្នាំ២០២៤ រឿងការផ្សព្វផ្សាយព័ត៌មានអំពីប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ និងអាជ្ញាធរពាក់ព័ន្ធ ទាក់ទងសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តនេះ។
លោក សូ សុវណ្ណារ៉េត៖ «ទោសពន្ធនាគារដែលប្រកាសខាងលើត្រូវអនុវត្ត ចំណុចក អនុវត្តទោសក្នុងពន្ធនាគារចំនួន ៥ខែ១៥ថ្ងៃ គិតចាប់ពីថ្ងៃឃុំខ្លួនថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។ ចំណុចខ ទោសដែលនៅសល់ត្រូវព្យួរទោសសាកល្បងរយៈពេល ៣ឆ្នាំ តាមបញ្ញត្តិមាត្រ១១៧ ដល់មាត្រា១២៧ នៃក្រមព្រហ្មទណ្ឌ ដោយស្ថិតក្រោមវិធានការត្រួតពិនិត្យ និងគោរពតាមកាតព្វកិច្ចត្រូវតែមានការអនុញ្ញាតពីព្រះរាជអាជ្ញាមុនពេលធ្វើដំណើរទៅបរទេស»។
លោក សឿ សុជា អាយុ ៣១ឆ្នាំ ជាអ្នកអ្នកសារព័ត៌មានអនឡាញនៅអង្គភាព TNM ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ និងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក តាមបណ្តឹងរបស់ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ លោក តុប កក្កដា ពីបទ «ញុះញង់ និងបរិហារកេរ្តិ៍»។ បន្ទាប់ពីអ្នកសារព័ត៌មានរូបនេះ បានផ្សាយផ្ទាល់នៅវីដេអូដែលនិយាយរិះគន់ប្រធានមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរពាក់ព័ន្ធ អំពីសកម្មភាពកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តនេះ។
ក្នុងរឿងនេះលោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា ប្រាប់វិទ្យុស្ដ្រីថា ការអនុវត្តទោសលើអ្នកសារព័ត៌មានរូបនេះ គឺអាចរស់នៅក្រៅឃុំដោយស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ តែយ៉ាងណាការសម្រេចនេះ លោកថា តុលាការនៅតែប្រើប្រាស់ក្រមព្រហ្មទណ្ឌ ដើម្បីធ្វើការចោទប្រកាន់មកលើអ្នកសារព័ត៌មាន ខណៈលោក សឿ សុជា គ្រាន់តែធ្វើសេចក្ដីរាយការណ៍របស់ខ្លួន ដើម្បីបម្រើផលប្រយោជន៍រួម មិនមែនផលប្រយោជន៍ផ្ទាល់ខ្លួនអ្នកសារព័ត៌មានរូបនេះឡើយ។
លោក ណុប វី នាយកប្រតិបត្តិនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា)
លោក ណុប វី៖ «គាត់ធ្វើសេចក្ដីរាយការណ៍នេះ ក៏មិនមែនដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ទេ គឺដើម្បីជាការជូនដំណឹងឱ្យដល់គ្រប់ភាគីពាក់ព័ន្ធដើម្បីឱ្យបានជ្រាបអំពីអ្វីដែលបានកើតមានឡើង។ ចំពោះចំណុចខ្វះខាតត្រង់ណា ខ្ញុំគិតថាមន្ត្រីបរិស្ថាន មន្ត្រីនៅក្នុងខេត្តលោកអាចនឹងធ្វើការបំពេញបន្ថែម ចៀសជាងការយកអ្វីដែលជាការរាយការណ៍អ្វីដែលលោក សឿ សុជា គាត់បានចូលរួមចំណែកនេះទៅជាធ្វើឱ្យមានហានិភ័យចំពោះសន្តិសុខសុវត្ថិភាព ហើយការប្ដឹងផ្ដល់ចំពោះប្រឆាំងរូបគាត់ទៅវិញ ដែលសម្រាប់ខ្ញុំខ្ញុំថាវាមិនមែនជាសកម្មភាពចូលរួមចំណែកធ្វើឱ្យមានតម្លាភាព ធ្វើឱ្យប្រសើរឡើងនៅក្នុងសង្គមទេ បើកាលណាយើងធ្វើដូច្នេះវាអាចជារាំងស្ទះរឹតត្បិតទៅដល់ការចូលរួមអ្នកសារព័ត៌មាននៅក្នុងការផ្ដល់ព័ត៌មានជូនសាធារណជន ក៏ដូចជាមន្ត្រីពាក់ព័ន្ធទៅវិញបាទ!»។
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ យល់ថា ករណីដែលស្ថិតក្នុងនីតិវិធីរបស់តុលាការ គឺអំណាចនៃការសម្រេចជារបស់តុលាការ ដូច្នេះក្រសួងព័ត៌មានមានតែការអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ដែលរងការចោទប្រកាន់ សូមព្យាយាមក្នុងការស្វែងរកភស្ដុតាង ដើម្បីទទួលបានការការពារផ្លូវច្បាប់សម្រាប់តតាំងតាមប្រព័ន្ធតុលាការ។ លោកបន្តទៀតថា ក្រសួងព័ត៌មាន ក៏កំពុងតែតាមដានការអនុវត្តនីតិវិធីរបស់តុលាការលើករណីលោក សឿ សុជា នេះដែរ ហើយក្រសួងនៅតែស្វាគមន៍ដើម្បីផ្ដល់ការគាំទ្រផ្នែកច្បាប់ជូនដល់អ្នកដែលពាក់ព័ន្ធក្នុងសំណុំរឿងនេះផងដែរ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន។
លោក ទេព អស្នារិទ្ធ៖ «ដើម្បីការពារខ្លួនអ្នកសារព័ត៌មានត្រូវអនុវត្តកាតព្វកិច្ចអនុលោមតាមសិទ្ធិ និងករណីកិច្ចយកិច្ចរបស់អ្នកសារព័ត៌មាន ដោយប្រកាន់ភ្ជាប់វិជ្ជាជីវៈជាស្នូលក្នុងការអនុវត្តការងារប្រចាំថ្ងៃ ហើយអ្នកសារព័ត៌មានត្រូវប្រកាន់ជំហរស្មោះត្រង់ សុចរិតមិនលំអៀង ធានាភាពថ្លៃថ្នូរ លើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មានដោយមនសិការសាធារណៈ។ អ្នកសារព័ត៌មានត្រូវប្រើសិទ្ធិរបស់ខ្លួនដោយការទទួលខុសត្រូវសូមកុំដើរហួសដោយច្បាប់ និងសិទ្ធិដែលខ្លួនមានក្នុងនាមជាអ្នកសារព័ត៌មាន អ្នកសារព័ត៌មានមិនជាសមត្ថកិច្ច និងតុលាការឡើយ»។
យោងតាមរបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បង្ហាញថា ក្នុងរយៈពេល ៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញាកន្លងមកនេះ អ្នកសារព័ត៌មានចំនួន ៤៦នាក់ បានរងការយាយី។ ក្នុងចំណោមអ្នកសារព័ត៌មានទាំង ៤៦នាក់នេះ ក្នុងនោះមានអ្នកសារព័ត៌មានចំនួន ៤៣នាក់ប្រឈមការយាយីតាមផ្លូវតុលាការ ដែលរួមបញ្ចូលការកោះហៅមកសាកសួរ ការកោះហៅមកបង្ហាញខ្លួននៅតុលាការ និងការឃាត់ខ្លួន។ ក្រៅពីនេះ អ្នកសារព័ត៌មានចំនួន ៧នាក់ រងការបៀតបៀនលើរាងកាយ ៥នាក់ ប្រឈមការរឹតត្បិតក្នុងការបំពេញការងាររបស់ខ្លួន និងសារព័ត៌មានចំនួន៣ ត្រូវបានដកហូតអាជ្ញាបណ្ណ។
បន្ថែមពីនេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានចាត់ថ្នាក់ប្រទេសកម្ពុជានៅលេខ ១៥២ ក្នុងចំណោម ១៨០ប្រទេសនៅក្នុងឆ្នាំ២០២៤ ហើយចំណាត់ថ្នាក់នេះបង្ហាញថា ស្ថានភាពនៃសេរីភាពសារព័ត៌មាន គឺមិនល្អ៕