en     km
en     km

សាលាដំបូងរាជធានីភ្នំពេញកាត់ទោសលោក កើត សារ៉ាយ ឱ្យជាប់ពន្ធនាគារ ៤ឆ្នាំ

Share

 

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះ សម្រេចផ្តន្ទាទោសលោក កើត សារ៉ាយ ឱ្យពន្ធនាគារចំនួន ៤ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល ពីបទ«ញុះញង់ និងបទមិនរាងចាលក្នុង​បទ​ល្មើសម​ជ្ឈិ​ម»។ យ៉ាងណាការសម្រេចផ្តន្ទាទោសនេះ អង្គការសិទ្ធិមនុស្ស ចាត់ទុកជារឿងអយុត្តិធម៌ និងជាការគំរាមកំហែងដល់សកម្មជនការពារសិទ្ធិមនុស្ស ហើយនិងសកម្មជនការពារសិទ្ធិដីធ្លីផ្សេងទៀត។

(កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍)

 

 

មុនសម្រេចការផ្តន្ទាទោសនេះ លោក កើត សារ៉ាយ ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ​ (KS​I​L​A​) ត្រូវបានតុលាការបើកសវនាការជំនុំជម្រះកាលពីដើមខែតុលាកន្លងទៅនេះ។ ការកាត់ទោសលើប្រធានសមាគមរូបនេះ បន្ទាប់ពីលោក​បាន​ធ្វើការ​អត្ថាធិប្បាយ​អំពី​ជម្លោះដីធ្លី​មួយ​ដែល​ពាក់ព័ន្ធ​នឹង​ដីសម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ ​សី​លា​ដា​ម៉ិ​ច​ ខូអិ​ល​ធី​ឌី​ ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ​។​

លោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់វិទ្យុស្ត្រីថា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកានេះតុលាការ សម្រេចឱ្យ​លោក​ ​កើត​ ​សា​រ៉ា​យ​ ​ ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុង​បទ​ល្មើសម​ជ្ឈិ​ម»។​

លោក សួស វិទ្យារ៉ាន់ឌី៖ «គាត់ផ្ដន្ទាទោសដាក់កំណត់ ៤ឆ្នាំ ពិន័យ ២លានរៀល។ ខ្ញុំសូមផ្ដល់ព័ត៌មានត្រឹមតែការសម្រេចរបស់ចៅក្រមប៉ុណ្ណឹងទេណា ហើយគាត់ផ្ដន្ទទោសប៉ុណ្ណឹង ហើយនិងពិន័យអី និងពីបទអីតែប៉ុណ្ណឹងទេ»។

រំលឹកបន្តិចថា លោក កើត សារ៉ាយ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ នៅមុខ​ការិយាល័យ​របស់​សមាគមលោក​ ​កាលពី​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​ក្រោយពេល​ដែល​លោក​បាន​និយាយទៅ​កាន់​សារ​ព័ត៌មាន​ ​អំពី​ជម្លោះ​ដីធ្លី​មួយ​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ ដែល​នៅ​ពេល​នោះ​អាជ្ញាធរ​បាន​ដុត​បំផ្លាញ​ផ្ទះសម្បែង​របស់​ពលរដ្ឋ​។​ ​លោក​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពី​បទ​ «ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ​យោង​តាម​មាត្រា​​៤​៩​៤​ ​និង​មាត្រា៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​។​ លោក​ក៏​ជាប់ចោទ​ពី​បទ​ «​មិន​រាងចាល​ក្នុង​បទ​ម​ជ្ឈិ​ម​បន្ទាប់ពី​ការ​ផ្តន្ទាទោស​បទ​ម​ជ្ឈិម​» ​យោង​តាម​មាត្រា​​៨​៨​ ​នៃ​ក្រមព្រហ្មទណ្ឌ​​ផង​ដែរ​​។​

ជុំវិញការផ្តន្ទាទោសរបស់សាលាដំបូងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ សម្តែងការសោកស្ដាយ និងខកចិត្តចំពោះការផ្ដន្ទាទោសមកលើលោក កើត សារ៉ាយ ខណៈសកម្មភាពរបស់លោក កើត សារ៉ាយ កន្លងមក ជាសកម្មភាពមនុស្សធម៌ សកម្មភាពការពារសិទ្ធិមនុស្ស ការពារប្រជាពលរដ្ឋដែលរងគ្រោះដីធ្លី និងជួយប្រឹក្សាស្វែងរកដំណោះស្រាយជូនពលរដ្ឋដែលរងគ្រោះ។

លោក អំ សំអាត៖ «ការផ្ដន្ទទោសហ្នឹងវាហាក់ដូចជាសកម្មភាពគំរាមកំហែងទៅលើលោក កើត សារ៉ាយ ក៏ដូចជាសកម្មជនសិទ្ធិមនុស្សផ្សេងទៀតដែលសកម្មនៅក្នុងការងារសង្គម ការងារការពារសិទ្ធិមនុស្ស។ អ៊‌ីចឹងវាជារឿងមួយមានការសោកស្ដាយ ហើយអ្វីដែលសំខាន់យើងមើលលើការជជែកដេញដោលនៅក្នុងអង្គសវនការ ក៏ដូចជាភស្ដុតាងដែលបានចាក់វីដេអូជាដើមនោះ វាមិនមែនភស្ដុតាងណាគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីពិរុទ្ធភាពនៃការប្រព្រឹត្តរបស់លោក កើត សារ៉ាយទេ ផ្ទុយទៅវិញជាសកម្មភាពការពារសិទ្ធិមនុស្ស សិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋ និងស្វែងរកដំណោះស្រាយ»។

លោកបន្ថែមថា ទោះបីសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសលោក កើត សារ៉ាយហើយក្ដី ប៉ុន្តែអង្គការសិទ្ធិមនុស្ស នៅមានក្ដីសង្ឃឹមថា សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នឹងផ្ដល់យុត្តិធម៌ជូនប្រធាន​សមាគមរូបនេះ នៅពេលលោក កើត សារ៉ាយបានប្ដឹងជំទាស់នឹងការសម្រេចផ្តន្ទាទោសរបស់សាលាដំបូង។

សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២​០​២​០​ លោក កើត ​សា​រ៉ា​យ​ ​រួម​ជាមួយ​សកម្មជន​សង្គម ៨​នាក់​ផ្សេងទៀត​ ​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​ ​និង​ចោទប្រកាន់​ពី​បទ​ «ញុះញង់​» ​ដោយសារ​អ្នក​ទាំងនោះ​ធ្វើការ​តវ៉ា​ដោយ​អហិង្សា​ ​ជំទាស់​នឹង​ការ​ចាប់ខ្លួន​មេដឹកនាំ​សហជីព​ ​លោក​ រ៉ុ​ង​ ​ឈុន​​។​ ​នៅ​ក្នុងករណីនេះ​ ​លោក​ ​សា​រ៉ា​យ​ ​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​ ១​៤​​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៥​០​០​​ដុល្លារ​ ​ហើយ​ព្យួរទោស​សាកល្បង​ចំនួន​ ​២​​ឆ្នាំ​៕

Share

ព័ត៌មានទាក់ទង