លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រជុំពិភាក្សាជាមួយតំំណាងអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយ។ រូបភាពពីក្រសួងបរិស្ថាន។
កន្លងមកក្រសួងបរិស្ថានបានបន្តធ្វើយុទ្ធនាការជាច្រើន តាមយុទ្ធសាស្ត្រដែលបានរៀបចំទុក ក្នុងនោះរួមមាន យុទ្ធសាស្ត្រ ភាពស្អាត ភាពបៃតង និងវីចីរភាព ដើម្បីធានាឱ្យបាននូវភាពស្អាត ទាំងក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។ ក្រៅតែទាញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្រសួងបរិស្ថានក៏បានទាញថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិលចូលរូមផងដែរ។ កញ្ញា ងិន ស៊ាងលីម រាយការណ៍
នារសៀលថ្ងៃចន្ទទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្នុងឱកាសជំនួបពិភាក្សាការងាររវាង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ប្រតិភូថ្នាក់ដឹកនាំគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល បានរួមគ្នាបង្ហាញការប្តេជ្ញាចិត្តចូលរួមដោះស្រាយបញ្ហាបរិស្ថាន និងចូលរួមអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន (២០២៣-២០២៨) ដែលជាការធានាឱ្យបាននូវភាពស្អាត ភាពបៃតង និងចីរភាព ដែលជាកត្តាចាំបាច់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា។
លោក អ៊ាង សុផល្លែត បានថ្លែងអំពីការសហការគ្នា រវាងតំណាងគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិល ធ្វើយ៉ាងណាជំរុញភាពស្អាតទាំងក្នុង និងក្រៅ ដែលជាការទាក់ទាញយ៉ាងសំខាន់ សម្រាប់ភ្ញៀវទេសចរណ៍ និងការវិនិយោគកាន់តែច្រើនឡើងមកប្រទេសកម្ពុជា ធ្វើឱ្យកម្ពុជាមានភាពល្បីរន្ទឺលើឆាកអន្តរជាតិ ពោលគឺផ្លាស់ប្តូរឥរិយាបថនៃការរស់នៅថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ក្នុងនោះលោកបានជំរុញឱ្យតំណាងគណបក្សនយោបាយ និងសម្ព័ន្ធអង្គការសង្គមស៊ីវិលទាំងអស់ ចូលរួមដាំដើមឈើឱ្យបានច្រើន ជាពិសេសចូលរួមដើមត្នោត ដើម្បីថែរក្សាវប្បធម៌ អត្តសញ្ញាណជាតិខ្មែរ បង្កើតគម្របបៃតងនៅកម្ពុជា ទុកឱ្យកូនចៅបន្ថែមទៀត។
រូបភាពពីក្រសួងបរិស្ថាន។
បើទោះបីជា តំណាងគណបក្សនយោបាយមាននិន្នាការផ្សេងៗគ្នាក៏ពិតមែន តែការងារវិស័យបរិស្ថានវិញបែរជាធ្វើឱ្យអ្នកមាននិន្នាការផ្សេងៗគ្នា ងាកមកធ្វើការជាមួយគ្នាទៅវិញ ដែលនេះបញ្ជាក់ឱ្យឃើញថា បរិស្ថានគ្មានការរើសអើងវណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយនោះឡើយ។ នេះក៏ជាលើកទី១ ដែលប្រជាពលរដ្ឋខ្មែរបានឃើញអំពីចំណុចស្របគ្នារវាងតំណាងគណបក្សនយោបាយដែលធ្លាប់តែមាននិន្នាការផ្សេងៗគ្នា តែអាចមកធ្វើការរួមគ្នា ដើម្បីលើកកម្ពស់ភាពស្អាត ភាពបៃតង និងចីរភាពនៅកម្ពុជា។
គួរបញ្ជាក់ថាមកទល់ពេលនេះ យុទ្ធនាការ «ពន្លកបៃតង» ដែលជាយុទ្ធនាការបន្ទាប់ ដោយគិតចាប់ពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានបន្តបណ្តុះកូនឈើសរុបចំនួន ៥៣៩ ១៣៣ ដើម។ ក្នុងនោះកូនត្នោតចំនួន ៣៥៥ ៩៥៤ ដើម កូនឈើព្រៃ ១៦៨ ០៩៣ ដើម និងកូនឈើហូបផ្លែចំនួន ១៥ ០៨៦ ដើម។ ដោយឡែក នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ តាមរយៈមន្ទីរបរិស្ថានខេត្ត កែប តាកែវ ត្បូងឃ្មុំ បាត់ដំបង មណ្ឌលគិរី និងខេត្តសៀមរាប បានបណ្តុះកូនឈើសរុបចំនួន ៤៩ ០៦៤ ដើម ដើម្បីត្រៀមទុកសម្រាប់ចែកជូនអាជ្ញាធរ និងប្រជាពលរដ្ឋយកទៅដាំនៅតាមមូលដ្ឋាន៕
អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម