en     km
en     km

ដំរីព្រៃចំនួន១ក្បាលស្លាប់ក្នុងរណ្តៅគ្រាប់បែកនៅមណ្ឌលគិរី កំពុងធ្វើកោសល្យវិច័យនៅឡើយ

Share

ក្រុមកោសល្យវិច័យ កំពុងស្រង់ដំរីចេញពីរណ្ដៅគ្រាប់បែក។ រូបភាពពីក្រសួងបរិស្ថាន។

ដំរីមួយក្បាលដែលអ្នកភូមិអូរអាមបានប្រទះឃើញស្លាប់នៅរណ្តៅគ្រប់បែកដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមនោះ គឺជាដំរីមួយក្នុងចំណោមហ្វូងដំរីដែលមានចំនួនពី១០-២០ក្បាល ដោយកន្លងមកពួកវាធ្លាប់បង្ហាញខ្លួននៅតំបន់នេះ ម្តងមកហើយ កាលពីខែមេសា កន្លងទៅ ហើយការស្លាប់នោះ បានបង្កជាចង្ងល់សម្រាប់មហាជន ថាស្លាប់ដោយសារតែជាប់ផុងខ្លួនក្នុងរណ្ដៅនេះ ឬមួយការរងការវាយប្រហារណាមួយពីមនុស្ស។​ កញ្ញា ងិន ស៊ាងលីម រាយការណ៍

 

 

អ្នកភូមិបានប្រទះឃើញដំរីព្រៃឬដំរីអាស៊ី ឈ្មោលចំនួន១ក្បាល អាយុប្រហែល៣០ឆ្នាំ និងមានទំងន់ប្រមាណ ៣តោនស្លាប់ នៅក្នុងរណ្ដៅគ្រាប់បែក ដែលបន្សល់ទុកតាំងពីសម័យសង្រ្គាមមួយកន្លែង ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤។ នេះបើយោងតាមក្រសួងបរិស្ថាន។

លោក ឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី បានឱ្យដឹងថា មន្រ្តីជំនាញបានសហការជាមួយមន្រ្តីអង្គការ WCS និងអាជ្ញាធរមូលដ្ឋាន បានអន្តរាគមន៍ស្រង់ដំរីព្រៃពីរណ្តៅដីរួចហើយនៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីធ្វើកោសល្យវិច័យ ដោយមន្រ្តីជំនាញនៃការិយាល័យសង្គ្រោះនិងព្យាបាលសត្វព្រៃ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគីរីផងដែរ។

ករណីក្នុងនោះក្រុមការងារជំនាញបានសន្និដ្ឋានជំហានដំបូងថា ដំរីព្រៃមួយក្បាលនេះប្រហែលជាជាប់ផុងមួយរយៈពេលមុននឹងស្លាប់ ក្នុងរយៈពេល១ថ្ងៃទៅ២ថ្ងៃ មុនពេលអ្នកស្រុកបានប្រទះឃើញ។ ក្រោយមកតាមរយៈការពិនិត្យដោយផ្ទាល់ឃើញថា សពដំរីមានស្នាមរបួសជើងមុខ ហើយជាដំរីមួយក្បាលនេះ គឺជាដំរីមួយក្នុងចំណោមហ្វូងដំរីដែលមានចំនួនពី១០-២០ក្បាល ដោយកន្លងមកពួកវាធ្លាប់បង្ហាញខ្លួននៅតំបន់នេះម្តងមកហើយ កាលពីខែមេសាកន្លងទៅ។

 

 

ជុំវិញករណីនេះ នៅរសៀលថ្ងៃទី៧ ក្រុមការងាររបស់វិទ្យុស្ត្រីបានទាក់ទងទៅ លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា ដើម្បីសុំការបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការស្លាប់ដំរីមួយក្បាលនេះ ប៉ុន្តែទូរសព្ទពុំមានអ្នកទទួល។

រីឯលោក សោម ស៊ីថា ប្រធានគម្រោងនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ក៏លោកពុំលើកទូរសព្ទដូចគ្នាដែរ។ វិទ្យុស្ត្រីក៏បានទាក់ទងទៅលោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមានៃអង្គការWCS ក៏ប៉ុន្តែលោកបានបដិសេដមិនឆ្លើយតបបាននោះទេ ដោយសារថ្ងៃនេះ លោកសម្រាកច្បាប់។ លោកបានរុញឲ្យទាក់ទងទៅខាងប្រធានរបស់លោកផ្ទាល់ និងខាងនាយកដែនជម្រកសត្វព្រៃ។

ទទឹមនឹងនេះ វិទ្យុស្ត្រីបានទាក់ទងទៅអ្នកនាំពាក្យក្រសួងបរិស្ថានជាបន្តរនៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ដដែលនេះ លោកបញ្ជាក់ថា ការស្លាប់របស់ដំរីមួយក្បាលនេះ ពុំមែនជាការជាប់អន្ទាក់នោះទេ។ វាអាចរអិលធ្លាក់ចូលរណ្តៅ ដោយសារមួយរយៈនេះមានភ្លៀងផង ភក់ច្រើនទៀត ទើបដំរីមួយក្បាលនេះជាប់ផុងមិនអាចឡើងមកលើបាន។ កន្លងមកនៅតំបន់នេះក៏ធ្លាប់មានដំរីធ្លាក់ចូលរណ្តៅបែបនេះដែរ ប៉ុន្តែខាងអ្នកជួយសង្គ្រោះបានជួយទាន់ពេលវេលា ប៉ុន្តែសម្រាប់មួយក្បាលនេះ ពុំមានអ្នកដឹងទេថា វាធ្លាក់តាំងតែពីពេលណា រហូតដល់អ្នកភូមិប្រទេះឃើញសាកសពនេះ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។

«វារអិលអីអ៊ីចឹងទៅ វាមិនអាចឡើងមករួចហាណាស់ ព្រោះកន្លងមកនៅតំបន់ក្នុងដែនជម្រកហ្នឹង វាមានរណ្តៅគ្រាប់ធំៗហាស! តាំងពីសម័យសង្គ្រាមមកហើយក៏មានដំរីហ្វូងដំរីជាប់ទាំងហ្វូងផង ក៏ប៉ុន្តែនៅតែពេលយើងដឹង យើងជួយសង្គ្រោះ។ បាទដូចនៅក្នុងឆ្នាំ២០២០កន្លងទៅក៏យើងជួយ១១ក្បាល ចេញបានដែរ។ ក្រោយមកនេះ គឺចង់អត់ដឹង ចង់និយាយថាគាត់ធ្លាក់ទៅ(ដំរី) អត់មាននរណាដឹងហើយទៅ ទើបតែអ្នកភូមិនគាត់ទៅមើលចំការ មើលអីទៅបានឃើញៗស្លាប់តែម្តងចង់និយាយអ៊ីចឹង ដោយសារតែប៉ុន្មានថ្ងៃហ្នឹងមានភ្លៀង មានអីច្រើននៅក្នុងតំបន់ភូមិនភាគឦសានហ្នឹង អ៊ីចឹងបានជាធ្វើឱ្យគាត់ធ្លាក់ហើយមិនអាចមានអ្នកជួយសង្គ្រោះបាន។»

លោកបានបន្តថា ដើម្បីឲ្យច្បាស់ចំពោះការស្លាប់របស់ដំរីមួយក្បាលនេះ ដោយសារមូលហេតុអ្វីឲ្យប្រាកដ គឺត្រូវធ្វើកោសល្យវិច័យដោយវះពិនិត្យមើលក្រពះ និងយកDNAទៅពិនិត្យនៅភ្នំតាម៉ៅបន្ថែមទៀត។ តែបច្ចុប្បន្នគឺមិនទាន់ដឹងលទ្ធផលនៅឡើយនោះទេ ព្រោះគ្រូពេទ្យសត្វទើបតែទៅដល់កន្លែងកោសល្យវិច័យកាលព្រឹកមិញ។

«ឥឡូវយើងកំពុងតែកោសល្យវិច័យ យើងធ្វើការវះពិនិត្យមើលទៅលើហ្នឹងខ្លាច។ ជួនកាលគាត់(ដំរី) មើលក្រពះមើលអី បង្ហាញឱ្យច្បាស់ថា គាត់ស្លាប់ដោយសារហត់ ឬអត់អាហារអីអ៊ីចឹងហាស! យើងទើបតែចាប់ផ្តើមធ្វើ ពេទ្យសត្វទើបទៅដល់ព្រឹកមិញយើងកំពុងតែត្រូវយកDNAមកពិនិត្យនៅភ្នំតាម៉ៅបន្ថែមទៀត គឺយកសំណាក់យកមកពិនិត្យហាស! ហ្នឹងហើយ។»

សូមបញ្ជាក់ថា ដំរីព្រៃ ឬដំរីអាស៊ី គឺជាប្រភេទសត្វដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជនៅលើសកលលោក។ នៅទូទាំងប្រទេសកម្ពុជា ដំរីអាស៊ីមានប្រមាណពី ៤០០ ទៅ ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ  និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ខេត្តរតនគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែបនៃប្រព័ន្ធអេកូទ្បូស៊ី៕

អត្ថបទដោយ៖ កញ្ញា ងិន ស៊ាងលីម។

Share

ព័ត៌មានទាក់ទង